Menu

តិចលោ មិនធ្លាប់ដឹងថា គ្រូពេទ្យសណ្តំសំខាន់បែបហ្នឹងសម្រាប់ការវះកាត់នីមួយៗ


តិចលោ មិនធ្លាប់ដឹងថា គ្រូពេទ្យសណ្តំសំខាន់បែបហ្នឹងសម្រាប់ការវះកាត់នីមួយៗ

ប្រសិនបើនិយាយអំពីការវះកាត់ណាមួយ អ្នកប្រាកដណាស់គិតដល់គ្រូពេទ្យវះកាត់ទាំងកម្រិតសិក្សា ការហ្វឹកហាត់ និងបទពិសោធន៏របស់គ្រូពេទ្យវះកាត់នោះមិនខាន ហើយអ្នកប្រហែលជាមិនគិតច្រើនដល់គ្រូពេទ្យសណ្ដំឡើយ ពោលគឺមិនបានគិតដល់កម្រិតសិក្សា ឬបទពិសោធន៍របស់គាត់ឡើយ ទាំងដែលការពិតគ្រូពេទ្យសណ្ដំ មានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យអ្នកជំងឺមានសុវត្ថិភាព និងផាសុកភាពមុន អំឡុងពេល និងក្រោយពេលវះកាត់…

នៅក្នុងអត្ថបទនេះផងដែរ លោក គ្រួច សុផល្លីដា (រ៉េស៊ីឌិនឯកទេសសណ្តំ  សង្គ្រោះបន្ទាន់ និង ជំងឺធ្ងន់) និងបច្ចុប្បន្នកំពុងសិក្សាអាហារូបករណ៍ស្រាវជ្រាវវេជ្ជសាស្ត្រសណ្តំ នៅសហរដ្ឋអាមេរិក ក៏បានផ្តល់កិត្តិយសបង្ហាញជូនមិត្តអ្នកអាននូវតួនាទី ក៏ដូចជាចំណុចសំខាន់ផ្សេងៗជាច្រើនអំពីគ្រូពេទ្យសណ្តំ.. 

តើគ្រូពេទ្យសណ្ដំជានរណា?
គ្រូពេទ្យសណ្ដំក៏ដូចជាគ្រូពេទ្យព្យាបាល និងគ្រូពេទ្យវះកាត់ដែរ។ ពួកគេមានឯកទេសទៅលើការសណ្ដំ ការគ្រប់គ្រងការឈឺចាប់(Pain management) និងជំងឺធ្ងន់ (Critical Care Medicine) និងមានចំណេះដឹងចាំបាច់សម្រាប់យល់ដឹង និងព្យាបាលខ្លួនមនុស្សទាំងមូល។ គួរបញ្ជាក់ផងដែរថា គ្រូពេទ្យសណ្ដំនៅសហរដ្ឋអាមេរិកទាមទារការសិក្សាពី ១២ទៅ១៤ឆ្នាំ រីឯប្រទេសបារាំង និងកម្ពុជាទាមទារការសិក្សា១០ ទៅ១២ឆ្នាំ។ 

តើគ្រូពេទ្យសណ្ដំមានតួនាទីសំខាន់អ្វីខ្លះ?
គ្រូពេទ្យសណ្ដំវាយតម្លៃ តាមដាន ព្យាបាលថែទាំ មុន អំឡុងពេល និងក្រោយការវះកាត់ ធ្វើការសណ្ដំ ដឹកនាំក្រុមសណ្ដំ ព្រមទាំងរក្សាសុវត្ថិភាពរបស់អ្នកជំងឺ។ 

មុនការវះកាត់  គ្រូពេទ្យសណ្ដំរួមជាមួយអ្នកជំងឺ និងគ្រូពេទ្យវះកាត់ នឹងធ្វើការពិនិត្យវាយតម្លៃសុខភាព ក៏ដូចជាសម្រេចទម្រង់នៃការសណ្ដំ និងតាមដានគ្រប់គ្រងសញ្ញាជីវិតអំឡុងពេលវះកាត់ រាប់ទាំងត្រូវប្រាកដថាបេះដូង និងសួតរបស់អ្នកជំងឺដំណើរការល្អ ពេលដែលមិនដឹងស្មារតី។ មិនត្រឹមតែប៉ុណ្ណោះ គ្រូពេទ្យសណ្ដំថែមទាំងព្យាបាលថែទាំអ្នកបន្ទាប់ពីការវះកាត់ទៀតផង គឺធ្វើឲ្យអ្នកមានផាសុកភាព និងបន្ថយការឈឺចាប់ ពេលអ្នកដឹងខ្លួនឡើងវិញ។ 

គ្រូពេទ្យសណ្ដំក៏មានតួនាទីសំខាន់ផងដែរនៅក្នុងការព្យាបាលថែទាំអ្នកជំងឺដែលបានវះកាត់រួច ឬទម្រង់ការតូចដែលមិនចាំបាច់ឲ្យអ្នកជំងឺសន្លប់ដូចជាស្ត្រីសម្រាលកូនដែលត្រូវដឹងខ្លួន និងទាមទារឲ្យមានការបន្ថយការឈឺចាប់។ គ្រូពេទ្យថ្នាំសណ្ដំក៏ជួយដល់អ្នកជំងឺដែលមានការឈឺចាប់ខ្លាំង ដោយសារការរងរបួស ឬការឈឺចាប់រុំារ៉ៃ ដោយសារការឈឺក្បាល បញ្ហាឆ្អឹងខ្នង មហារីក ។ល។ 

តើគ្រូពេទ្យសណ្ដំធ្វើអ្វីខ្លះ សម្រាប់ការវះកាត់មួយ?
-មុនពេលវះកាត់ ៖ 
ប៉ុន្មានថ្ងៃ ឬសប្ដាហ៍មុនពេលវះកាត់ គ្រូពេទ្យសណ្ដំរបស់អ្នកនឹងជួយអ្នកដើម្បីប្រាកដថាអ្នកស័ក្តិសមនឹងទទួលការវះកាត់នោះដោយសួរអ្នកលម្អិតពីបញ្ហាសុខភាពរបស់អ្នក ពិនិត្យរាងកាយ និងពិនិត្យលទ្ធផលតេស្តផ្សេងៗ ។ គ្រូពេទ្យសណ្ដំនឹងឆ្លើយសំណួររបស់អ្នកដែលទាក់ទងនឹងការសណ្ដំ។ អ្នកជំងឺត្រូវប្រាប់គ្រូពេទ្យសណ្ដំពីបញ្ហាសុខភាពរបស់អ្នកទាំងអស់ ដូចជាជំងឺបេះដូង ជំងឺទឹកនោមផ្អែម ហឺត និងថ្នាំសង្កូវផ្សេងៗដែលដែលអ្នកកំពុងប្រើ ព្រមទាំងប្រវត្តិបញ្ហាដែលទាក់ទងសណ្ដំពីមុន។ អ្នកជំងឺគួរប្រើប្រាស់ពេលនេះ ដើម្បីយល់ដឹងពីការថែទាំដោយសុវត្ថិភាព និង ផាសុកភាពសម្រាប់ការវះកាត់។ ជាចុងបញ្ចប់នឹងមានជំនួបគ្រូពេទ្យដើម្បីសម្រេចនូវគម្រោងទម្រង់សណ្ដំដែលសមស្របសុវត្ថិភាពសម្រាប់ការវះកាត់។ 
-អំឡុងពេលវះកាត់ ៖ 
គ្រូពេទ្យសណ្តំនឹងគ្រប់គ្រងការឈឺចាប់របស់អ្នក តាមដានយ៉ាងដិតដល់លើការសណ្ដំ ដំណើរការសញ្ញាជីវិតដែលអាចធ្វើការជាក្រុម ឬម្នាក់ឯង។ គ្រូពេទ្យសណ្ដំនឹងគ្រប់គ្រង និងដោះស្រាយបញ្ហាដែលកើតឡើងពេលវះកាត់ដូចជា ការឡើងចុះសម្ពាធឈាម បញ្ហាផ្លូវដង្ហើមមិនប្រក្រតី ឡើងចុះជាតិស្ករ ការប្រែប្រួលចង្វាក់បេះដូង វិបត្តិហូរឈាម.....
-ក្រោយការវះកាត់ ៖ 
នៅផ្នែកក្រោយសណ្ដំ គ្រូពេទ្យសណ្ដំ និងគិលានុបដ្ឋាកសណ្ដំ និងធ្វើការថែទាំតាមដានការភ្ញាក់ពីសណ្ដំទៅលើការដកដង្ហើម ចរន្តឈាមរត់ ស្មារតី កម្រិតអុកស៊ីសែន។ គ្រូពេទ្យសណ្ដំ ជាមនុស្សម្នាក់ដែលសម្រេចថាអ្នកភ្ញាក់ពីសណ្ដំទាំងស្រុង នឹងបញ្ចូនទៅផ្ទះ (សម្រាប់ទម្រង់ការតូចតាច) ទៅបន្ទប់ធម្មតា ឬទៅផ្នែកជំងឺធ្ងន់។ 

តើអ្វីជាទម្រង់នៃការសណ្ដំដែលគ្រូពេទ្យសណ្ដំនឹងផ្ដល់ដល់អ្នកជំងឺ? 
ជាទូទៅ គ្រូពេទ្យសណ្ដំទទួលបន្ទុក និងផ្ដល់ទម្រង់សណ្ដំដូចខាងក្រោម៖
-ការសណ្ដំអ្នកជំងឺទាំងស្រុង (General Anesthesia) ៖ 
តាមរយៈថ្នាំឧស្ម័ន (Anesthtic gas) ថ្នាំចាក់តាមសរសៃនឹងធ្វើឲ្យអ្នកជំងឺបាត់ស្មារតី ដែលត្រូវបានប្រើប្រាស់នៅពេលវះកាត់ធំៗ ដូចជាវះកាត់ខួរក្បាល ទ្រូង បេះដូង .....។ 
-ការឲ្យអ្នកជំងឺគេង(Monitored Anesthesic or sedation) ៖ 
ទម្រង់នេះគឺធ្វើឲ្យអ្នកជំងឺសម្រាក (Relaxed) ក្នុងកម្រិតផ្សេងៗនៃស្មារតី។ ផ្អែកទៅលើទម្រង់ការ (Prodedure) កម្រិតនៃការឲ្យគេង គឺមានកម្រិតពីរាក់ៗ (អ្នកជំងឺដឹងខ្លួនតិចៗមិនអាចនិយាយបាន តែគ្មានការឈឺចាប់) ទៅដល់កម្រិតជ្រៅ(ធ្វើឲ្យអ្នកជំងឺមិនដឹងខ្លូន ពេលទទួលទម្រង់ការ) គេប្រើទម្រង់សណ្ដំនេះសម្រាប់ទម្រង់ដែលមិនសូវធ្ងន់ធ្ងរ(Minimally Invasive Procedure) ដូចជាការឆ្លុះក្រពះ ពោះវៀន។
- ការស្ពឹកតាមតំបន់ (Regional Anesthesia) ៖ 
ថ្នាំស្ពឹកនឹងធ្វើឲ្យអ្នកស្ពឹកតាមផ្នែកនៃរាងកាយ ដូចជា ផ្នែកក្រោមចង្កេះ តាមរយៈការចាក់ម្ជុលម្យ៉ាងហៅថា ការតេទែ(catheter)។ អ្នកនឹងដឹងខ្លួនធម្មតាដោយមិនទទួលការឈឺចាប់ ឬដឹងពីតំបន់នោះឡើយ។ ការស្ពឹកតាមតំបន់នេះមានដូចជា វិធីស្ពឹកដោយចាក់ឆ្អឹងខ្នង(Spinal Block) អេពីឌៀរ៉ាល់ (Epidural) នឹងការចាក់តាមតំបន់ដៃ ប្រអប់ដៃជើង...។ គេប្រើក្នុងការសម្រាលដោយមិនមានការឈឺចាប់(painfree delivery) ការវះយកកូន (c-section) ការវះកាត់ដៃជើង ឬផ្នែកខាងក្រោមពោះ...។
-ការស្ពឹកក្នុងកន្លែង(Local Anesthesia) ៖  
ការចាក់ថ្នាំស្ពឹកទៅកន្លែងតូចណាមួយនៃរាងកាយដែលមានទម្រង់ការនោះ។ អ្នកនឹងដឹងខ្លួនធម្មតា តែគ្មានអារម្មណ៏ថាឈឺចាប់ឡើយ។  គេប្រើក្នុងការវះកាត់របួសស្បែកតិចតួច វះកាត់គីសលើស្បែក ការដកធ្មេញ...

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 


Share:

អត្ថបទទាក់ទង