៧វិធី ថែទាំសុខភាពផ្លូវចិត្តអ្នក
មនុស្សមួយចំនួនបានមើលរំលងលើបញ្ហាសុខភាពផ្លូវចិត្ត ប៉ុន្តែអ្នកមិនអាចមានសុខភាពល្អដោយគ្មានសុខភាពផ្លូវចិត្ល្អបានឡើយ។ ដូច្នេះ អ្នកគួរយល់ដឹងពីវិធីមួយចំនួនដើម្បីថែទាំសុខភាពផ្លូវចិត្តរបស់អ្នក។
៧ចំណុចខាងក្រោមនេះអាចជួយអ្នកបាន ៖
១. និយាយអំពីអារម្មណ៍របស់ខ្លួន
និយាយអំពី អារម្មណ៍របស់អ្នកគឺមិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ។ វាជាផ្នែកមួយដែលអាចធ្វើឲ្យយើងមានអារម្មណ៍ល្អ និងមានសុខភាពល្អ។ បង្ហាញអារម្មណ៍របស់ខ្លួនទៅកាន់អ្នកដទៃអាចឲ្យអ្នកធូរស្រាលក្នុងចិត្ត និងចៀសផុតពីរោគតានតឹង។
២. រៀនពីរបៀបក្នុងការដោះស្រាយជាមួយនឹងភាពតានតឹង
ព្យាយាមធ្វើអ្វីមួយដើម្បីរំសាយភាពតានតឹងរបស់អ្នកដូចជា ធ្វើយោគៈ ធ្វើលំហាត់ប្រាណ ដកដង្ហើមចូលជ្រៅៗ កម្សាន្ដជាមួយធម្មជាតិ ឬលេងជាមួយសត្វចិញ្ចឹមរបស់អ្នក។ ចូរចងចាំថាត្រូវសើចឲ្យបានច្រើន អ្នកស្រាវជ្រាវបានបង្ហាញថាសំណើចអាចបង្កើនប្រព័ន្ធការពារ សម្រាលការឈឺចាប់ សម្រាកកាយ និងជួយកាត់បន្ថយភាពតានតឹង។
៣ ហូបចុកល្អ
ខួរក្បាលរបស់អ្នកត្រូវការសារធាតុចិញ្ចឹមចម្រុះឲ្យបានគ្រប់គ្រាន់ដើម្បីអាចបំពេញមុខងារបានល្អ ក៏ដូចជាសរីរាង្គដទៃទៀតក្នុងរាងកាយដែរ។ របប-អាហារដែលល្អសម្រាប់សុខភាពរាងកាយរបស់អ្នកក៏ល្អសម្រាប់សុខភាពផ្លូវចិត្តផងដែរ។
៤ ចៀសវាងពីគ្រឿងស្រវឹង និងថ្នាំផ្សេងៗ
មនុស្សភាគច្រើនជារឿយៗប្រើប្រាស់គ្រឿងស្រវឹង ឬថ្នាំផ្សេងៗដើម្បីគ្រប់គ្រងអារម្មណ៍របស់ខ្លួន។ អ្នកខ្លះផឹកដើម្បីជម្នះការភ័យខ្លាច ភាពឯកា ឬកាត់បន្ថយភាពតានតឹងប៉ុន្តែក្នុងធាតុពិតគ្រឿងស្រវឹង និងថ្នាំផ្សេងៗធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញឡើង។
៥ គេងឲ្យបានគ្រប់គ្រាន់
ការគេងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាពផ្លូវចិត្ត។ នៅពេលដែលយើងគេងបានគ្រប់គ្រាន់ វាធ្វើឲ្យយើងកាន់តែងាយស្រួលរំសាយភាពតានតឹង ក្ដោបក្ដាប់ចំណងបញ្ហាបានល្អមានភាពសុទិដ្ឋិនិយម និងមានការចងចាំល្អ។ អ្នកអាចដឹងបានថាអ្នកគេងបានគ្រប់គ្រាន់នៅពេលដែលអ្នកគ្មានអារម្មណ៍ថាងងុយគេងនៅពេលថ្ងៃ។
៦ រក្សាទំនាក់ទំនង
គ្មានអ្វីល្អជាងការណាត់ជួបគ្នានោះទេ ប៉ុន្តែវាមិនមែនតែងតែអាចធ្វើបានដូច្នេះអ្នកអាចទូរស័ព្ទទៅរកពួកគេផ្ញើសារ ឬសន្ទនាតាមអុីនធើណេតជំនួសវិញ។ ការរក្សាទំនាក់ទំនងឲ្យបានល្អជាមួយពួកគេនិងជាផលល្អសម្រាប់អ្នក!
៧ ទទួលជំនួយនៅពេលអ្នកត្រូវការ
គ្មាននរណាម្នាក់ជាមនុស្សអស្ចារ្យទេ។ ពេលខ្លះយើងមានអារម្មណ៍នឿយហត់នៅពេលដែលអ្វីៗមិនទៅតាមគម្រោង ឬទទួលរងសម្ពាធណាមួយពីសំណាក់សង្គមគ្រួសារ និងការងារ។ បើសិនជាវាលើសលុបខ្លាំងពេកហើយអ្នកគិតថាអ្នកមិនអាចដោះស្រាយបានគួរសួររកជំនួយ។ គ្រួសារ ឬមិត្តភកិ្តរបស់អ្នកប្រហែលជាអាចជួយដោះស្រាយបាន៕
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ