សក់ជ្រុះដែលមិនដុះវិញ
គ្រប់គ្នាជ្រុះសក់ជាប្រចាំ ខ្លះជ្រុះហើយដុះវិញជាធម្មតា ឬប្រើរយៈពេលយូរទើបដុះវិញតាមវដ្តនៃសក់ ប៉ុន្តែចុះបើសក់អ្នកជ្រុះហើយមិនដុះវិញនោះ តើអ្នកគួរធ្វើយ៉ាងណា? ចង់ដឹងច្បាស់ តាមដានការធ្វើបទសម្ភាសន៍របស់ហេលស៍ថាម លើប្រធានបទ «Cicatricial Alopecia» ជំងឺជ្រុះសក់ដែលមិនដុះវិញ ជាមួយលោកវេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសខាងជំងឺសើស្បែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
តើអ្វីទៅជាការជ្រុះសក់មិនដុះវិញ ឬ Cieatricial Alopecai?
ការជ្រុះសក់មិនដុះវិញ ដែលភាសាអង់គ្លេសហៅថា Cicatricial Alopecia ឬ scarring alopecia មកពីពាក្យ Cicatricial មានន័យថាផ្លែឬសម្លាក រីឯalopecia ជាការជ្រុះសក់។ ដូចនេះ Cicatricia Alopecia ជាជំងឺជ្រុះសក់មួយប្រភេទមានលក្ខណៈជាផ្លែឬសម្លាកនៅលើស្បែកក្បាល ផ្តើមចេញដោយការបំផ្លាញទៅលើគល់សក់ហើយជំនួសដោយជាលិកាសម្លាក ឬផ្លែដែលធ្វើឲ្យស្បែកក្បាលក្រិន ហើយសក់លែងដុះតែម្តង។
ជាទូទៅ Cicatricial Alopecia ចែកចេញជាពីរទម្រង់ផ្សេងទៀត៖
•Primary Cicatricial Alopecia ជាការរលាកទៅលើគល់រោមតែម្តងសំដៅលើមូលហេតុណាក៏ដោយធ្វើឲ្យមានបញ្ហាលើគល់រោមផ្ទាល់។
•Secondary Cicatricial Alopecia មិនសំដៅលើគល់រោមប៉ុន្មាននោះទេ វាអាចមានដូចជាការរលាកភ្លើង ការប្រើកាំរស្មីលើមហារីក ដែលបណ្តាលឲ្យខូចស្បែកកន្លែងនោះ។
ចំពោះទម្រង់ Primary Cicatricial Alopecia ក៏មានបែងចែកជា ៣ប្រភេទទៀត ដោយពឹងផ្អែកលើការច្រឹបសាច់យកទៅមើល(Biopsy)៖
⊕ ប្រភេទកោសិកា lymphocytes ជួបប្រទះច្រើនជាងគេ មាន៤ជំងឺ៖
•Discoid Lupus Erythematosus
•Lichen Planopilaris ចែកចេញជាជំងឺ៣ទៀតគឺ Classic Lichen, Planopilaris Frontal Fibrosing Alopecia និង Graham Little Syndrome
•Classic Pseudopelade
•Central Centrifugal Alopecia
⊕ ប្រភេទកោសិកា Neutrophil មាន៣ជំងឺ៖
•Keratosis follicularis spinulosa decalvans
•Folliculitis decalvans
•Dissecting cellulitis
⊕ ប្រភេទកោសិកាទាំងពីរ Lymphocyte និង Neutrophil ដែលហៅថា mixed មានជំងឺ៣សំខាន់គឺ៖
•Folliculitis keloidalis
•Folliculitis necrotisan
•Erosive follicular dermatosis
តើមានមូលហេតុអ្វីខ្លះដែលបណ្តាលឲ្យសក់ជ្រុះហើយមិនដុះឡើងវិញ?
មូលហេតុដែលធ្វើឲ្យសក់ជ្រុះហើយមិនដុះវិញនេះមិនទាន់មានការសិក្សាណាមួយត្រូវបានបង្ហាញនៅឡើយទេគ្រាន់តែមានករណីសង្ស័យថាអាចបណ្តាលមកពីការថយចុះនូវអង់ស៊ីមម៉្យាងហៅថា Peroxisome Proliferator activated receptor Gama ដែលអង់ស៊ីមនេះជួយការពារកុំឲ្យខូចគល់សក់។ បើកាលណាអង់ស៊ីមមួយនេះថយចុះបង្កឲ្យក្រពេញខ្លាញ់បំបែកខ្លួនធ្វើមុខងារមិនបានល្អក្លាយទៅជាកកខ្លាញ់នាំឲ្យកោសិកា lymphocyte និង neutrophilមានប្រតិកម្មនៅកន្លែងនោះបណ្តាលឲ្យបំផ្លាញគល់រោម។ បញ្ហានេះហាក់ដូចជាគ្មានកត្តាជម្រុញអ្វីផ្សេងទៀតនោះទេ ដូចបានបញ្ជាក់ខាងលើ ការជ្រុះសក់ក្នុងករណីនេះកើតលើប្រជាជនមានសុខភាពល្អលើជនជាតិអាមេរិកស្បែកខ្មៅ និងមានកើតច្រើនលើបុរសស្ត្រីនៅវ័យកណ្តាល។
តើរោគសញ្ញានៃជំងឺជ្រុះសក់មិនដុះវិញនេះស្តែងចេញដូចម្តេចខ្លះ?
រោគសញ្ញាមានការស្តែងចេញខុសៗពីគ្នាទៅតាមប្រភេទជំងឺ ដូចជា ជំងឺលើកោសិកា Lymphocyte កោសិកាNeutrophil និងកោសិកាទាំងពីរចូលគ្នាតែម្តង។ ដំបូងអ្នកជំងឺអាចមានចេញជា រមាស់ ក្រហម ក្តៅអ្នកខ្លះមានវាលម្តុំៗ ទាល់តែច្រឹបស្បែកយកទៅពិនិត្យទើបដឹង រីឯអ្នកខ្លះទៀតមានការដូរពណ៌ស្បែកតែម្តង (depigmentation) អាចមានឡើងពណ៌ទៅជាខ្មៅជាដើម។
តើការធ្វើរោគវិនិច្ឆ័យជំងឺជ្រុះសក់ប្រភេទនេះមានវិធីណាខ្លះ?
លោកអ្នកគួរធ្វើការណាត់ជួបគ្រូពេទ្យបើអ្នកមានសញ្ញារមាស់ ក្រហម ក្តៅ ទ្រាំមិនបាននោះគ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យដោយផ្អែកលើសញ្ញាគ្លីនិកបន្ទាប់មកទើបច្រឹបយកសាច់ទៅធ្វើវិភាគ ដើម្បីបែងចែកថាស្ថិតនៅក្នុងប្រភេទណាមួយ។
តើអាចព្យាបាលបានដោយវិធីណាខ្លះ?
ការព្យាបាលអាចសង្ឃឹមបានជោគជ័យច្រើន បើធ្វើឡើងខណៈពេលវាស្ថិតក្នុងទម្រង់សកម្ម មានន័យថា នៅត្រង់គល់រោមមិនទាន់ត្រូវបានបំផ្លាញអស់។
ក្នុងនោះដែរ គេអាចប្រើពពួកថ្នាំប្រឆាំងការរលាកដូចជា di-hydrochloroquine ពពួក corticosteroid ឬពពួកថ្នាំលេបតាមមាត់ cyclosporine ដើម្បីទប់កុំឲ្យកោសិកាមានប្រតិកម្មខុស។ ម៉្យាងទៀត អាចប្រើថ្នាំលាបនៅហ្នឹងកន្លែង ប្រភេទ steroid ពពួក corticosteroid ពពួក immuno modulator ហៅថា TACROLIMUS។ ក្រៅពីនេះគេក៏មានព្យាបាលដោយចាក់ពពួក triamcinolone ក្នុងគោលការណ៍បំបាត់កុំឲ្យមានការបំផ្លាញនៅគល់រោមតាមរយៈតួនាទី២ យ៉ាងប្រឆាំងនឹងការរលាកផង និង ទប់កុំឲ្យកោសិកាមានប្រតិកម្មខុសផង។
បើអ្នកទុកបញ្ហាជ្រុះសក់នេះឲ្យហួសពេល ក្លាយជា ជាលិកាផ្លែ ឬ សម្លាក (scars tissue) ការព្យាបាលឲ្យសក់ដុះវិញមិនអាចធ្វើបាននោះទេ គ្រូពេទ្យអាចត្រឹមធ្វើការវះកាត់ ជំនូសដោយចិតសក់ពីម្តុំណាមួយមកដាក់ជំនួសបានមួយចំនួន ប៉ុន្តែការធ្វើបែបនេះបានចំពោះតែទំហំតូចៗប៉ុណ្ណោះ។
ករណីអ្នកជំងឺមិនទទូលការព្យាបាលឲ្យបានទាន់ពេលវេលាទេ នោះគាត់អាចនឹងប្រឈមជាមួយបញ្ហាទំពែកមួយជីវិតតែម្តង ម៉្យាងវិញទៀតវាអាចប៉ះពាល់ខាងផ្លូវចិត្ត មានការរើសអើងពីសង្គមអាចឈានរហូតដល់អាចសម្លាប់ខ្លួនបានទៀតផង។
យោងតាមការរៀបរាប់ខាងលើដោយសារតែមូលហេតុរបស់វាយើងមិនអាចដឹងច្បាស់ ដូចនេះហើយយើងមិនអាចធ្វើការការពារបាននោះទេ ប៉ុន្តែបើដឹងបានទាន់ពេលវានឹងកាត់បន្ថយការជ្រុះកាន់តែប្រសើរ។
ប្រជាជនយើងជាទូទៅស្ថិតនៅអាយុកំពុងពេញវ័យទាំងស្ត្រីទាំងបុរស ប្រសិនបើមានបញ្ហាជ្រុះសក់ខុសធម្មតាជាពិសេសមានរមាស់ មានក្រហម មានបញ្ហាក្តៅក្បាល ឬមានហើម គួរមកជួបពិគ្រោះជាមួយគ្រូពេទ្យ ព្រោះកាលណាព្យាបាលបានទាន់ពេលវេលាអាចចៀសវាងនូវផលវិបាកទៅថ្ងៃក្រោយ។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ