ជំនាញដែលសហគ្រិនមិនគួរមើលរំលង
សហគ្រិនភាពជាក្តីប្រាថ្នារបស់បុគ្គលមិនតិ ចនោះទេក្នុងសម័យថ្មីនេះ ជាក់ស្តែងណាស់ គ្រប់គ្នាសុទ្ធតែចង់ឲ្យអាជីវកម្មរបស់ខ្លួនមានភាពរលូន និងកាត់បន្ថយនូវហានិភ័យផ្សេងៗ។ តើមានជំនាញអ្វីខ្លះដែលមិនអាចមើលរំលងបានក្នុងនាមជាសហគ្រិនមួយរូប?
លោកបណ្ឌិត ឃឹម លាង ដែលជាប្រធានផ្នែកអភិវឌ្ឍធនធានមនុស្ស និងផ្នែកផ្លាស់ប្តូរវប្បធម៌នៅមជ្ឃមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក៏បានផ្តល់ជូនបទសម្ភាសន៍ជាមួយហេលស៍ថាមចែករំលែកនូវចំណេះដ៏មានគុណតម្លៃសម្រាប់បុគ្គលជាសហគ្រិនពេលបច្ចុប្បន្ន ឬចង់ក្លាយជាសហគ្រិននាពេលខាងមុខ…
តើសហគ្រិនគួរមានលក្ខណៈសម្បត្តិបែបណាខ្លះ?
-ស្គាល់ពីខ្លួនឯងឲ្យបានច្បាស់ ៖ ត្រូវសួរខ្លួនឯងថា ហេតុអ្វីចង់ក្លាយជាសហគ្រិន? ដោយមានការរៀបចំគោលដៅជីវិត និងបែងចែកពេលវេលា ព្រមទាំងការងារឲ្យបានច្បាស់លាស់។ ម្យ៉ាងទៀត ត្រូវស្គាល់ចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនឯង ជាពិសេសដឹងថាខ្លួនពូកែ ឬមានជំនាញអ្វីខ្លះ?
-មានចំណេះដឹង និជំនាញគ្រប់គ្រាន់លើផ្នែកពាក់ព័ន្ធ ៖ ការគ្រប់គ្រងហិរញ្ញវត្ថុ ការស្វែងរក និងគ្រប់គ្រងទីផ្សារ។ល។ ហើយក៏មិនអាចរំលងបាននូវព័ត៌មានសង្គម តំបន់ និងសកលលោក ដើម្បីប្រមូលព័ត៌មានសំខាន់ៗសម្រាប់អាជីវកម្មរបស់ខ្លួន។
-មានផែនការច្បាស់លាស់ ៖ ត្រង់នេះ គឺផ្តោតលើគម្រោងអាជីវកម្ម ដែលនឹងដាក់ចេញជារូបរាងក្នុងពេលសមស្របណាមួយ ក្រោយការរៀបចំយ៉ាងល្អិតល្អន់ ត្រួតពិនិត្យ និងប្រឹក្សាជាមួយអ្នកមានបទពិសោធន៍។
តើមានជំនាញអ្វីខ្លះដែលសហគ្រិនគួរតែស្វែងយល់?
តាមការពិតទៅ ជំនាញដែលត្រូវបណ្តុះបណ្តាលអាស្រ័យលើពេលវេលា និងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ព្រោះថាបុគ្គលមួយចំនួនមានជំនាញខ្លះដែលខ្លាំងហើយស្រាប់ ដូចនេះត្រូវបណ្តុះបណ្តាលនូវចំណុចខ្វះខាតរបស់ខ្លួន តែជាទូទៅ សហគ្រិនគួរតែមានជំនាញដូចខាងក្រោម ៖
-គំនិតច្នៃប្រឌិត និងការបង្កើតថ្មី ៖ គុណប្រយោជន៍នឹងផ្តល់ជូនស្ទើរតែគ្រប់ផ្នែកទាំងអស់នៃជំនួញរបស់អ្នក ប្រសិនបើអ្នកមានផ្នត់គំនិតទូលំទូលាយក្នុងការបង្កើតថ្មី
-ការធ្វើទីផ្សារ ៖
រាប់បញ្ចូលទាំងដំណាក់កាលមុន អំឡុងពេលនិងក្រោយប្រឡូកចូលទៅក្នុងទីផ្សារគោលដៅតាមរយៈការសិក្សា វិភាគ គ្រប់គ្រង ពុះចំណែក អភិវឌ្ឍ ។ល។
-ជំនាញគ្រប់គ្រង ៖ មានផ្នែកជាច្រើននឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក រួមមានធនធានមនុស្ស សម្ភារៈ ហានិភ័យជាដើម
-គណនេយ្យ និងហិរញ្ញវត្ថុ ៖
ចំណេញ ឬខាត តិចតួច ឬច្រើនក៏អាស្រ័-យលើកម្រិតនៃការយល់ដឹងពីជំនាញទាក់ទងនឹងប្រាក់កាសនេះដែរ។
តើជំនាញសហគ្រិនភាពមានភាពចាំបាច់សម្រាប់បុគ្គលណាខ្លះ?
ជាពិសេសសម្រាប់បុគ្គលដែលមានភាពខ្វះខាតខាងបទពិសោធន៍ក្នុងការចាប់ផ្តើមអាជីវកម្ម រួមមានបុគ្គលិកបម្រើការងារតាមបណ្តាក្រុមហ៊ុននានា សិស្សនិស្សិតសិក្សាជំនាញនេះ ឬផ្សេងៗ ព្រមទាំងម្ចាស់អាជីវកម្មជាលក្ខណៈគ្រួសារដែលពុំទាន់មានប្រព័ន្ធច្បាស់លាស់ជាដើម។
ទោះស្ថិតនៅក្នុងវ័យ ឬមានកម្រិតចំណេះដឹងប៉ុណ្ណា សុទ្ធតែអាចទាញប្រយោជន៍បានដូចគ្នា ប៉ុន្តែគ្រាន់តែស្ថិតនៅក្នុងរូបភាពផ្សេងៗពីគ្នា តួយ៉ាងសហគ្រិនដែលមានចំណេះដឹងយូរឆ្នាំហើយ ត្រូវពង្រឹងការយល់ដឹងលើការគ្រប់គ្រងធនធានមនុស្ស (ដឹងពីចិត្តសាស្រ្ត និងរឿងរ៉ាវគ្រប់យ៉ាង ព្រោះថាប្រាក់ចំណូលក៏អាស្រ័យលើបុគ្គលិកដែរ) ព្រមទាំងធនធានផ្សេងៗ។
ភាពជោគជ័យក្រោយការបណ្តុះបណ្តាល៖
-យល់ដឹងច្បាស់ពីអ្វីជាសហគ្រិនភាព តាមរយៈការស្វែងយល់ពីទ្រឹស្តីជាសកលដែលអាចអនុវត្តបានពិតៗ បទពិសោធន៍អាជីវកម្មពីបុគ្គលដែលបានឆ្លងកាត់រួច ការចុះទៅសិក្សាផ្ទាល់ពីស្ថាប័ន ក៏ដូចជាទីតាំងអាជីវកម្មមួយចំនួន
-មានការត្រៀមខ្លួនរួចរាល់សម្រាប់ការឈានជើងចូលប្រឡូកក្នុងវិស័យជំនួញ
-មានសមត្ថភាពក្នុងការគ្រប់គ្រងអាជីវកម្ម ឬជំនួញប្រកបដោយស្ថេរភាពនិងភាពរីកចម្រើនរុងរឿង
សារសម្រាប់អ្នកអាន៖
អ្នកដែលចង់ចាប់ផ្តើមប្រកបរបររកស៊ីដំបូង គួរតែមានការស្វែងយល់ពីព័ត៌មានឲ្យបានច្រើន ដើម្បីត្រៀមខ្លួនទុកជាមុនជានិច្ច ដោយចៀសវាងដាច់ខាតនូវការសម្លឹងមើលភាពជោគជ័យរបស់គេ ហើយក៏ជ្រួលជ្រើមតាមគេ ព្រោះវាមានភាពប្រថុយប្រថានខ្ពស់មែនទែន។
បន្ទាប់មក ត្រូវតែចាប់ផ្តើមឲ្យបានរហ័សបន្តិច ព្រោះសហគ្រិនជាទូទៅមានភាពឆ្លាតវៃ និងឆ្លៀតឱកាសនិយម គឺ«ចង់ធ្វើអ្វីត្រូវធ្វើឲ្យហើយ កុំទុកឡើយឲ្យគេធ្វើមុន»។ សហគ្រិនទាំងអស់អាចទទួលបានការបណ្តុះបណ្តាលនៅCJCC ផ្ទាល់តែម្តង (ឆមាសទី១ចាប់ពីខែមេសាដល់ខែកញ្ញា និងឆមាសទី២ គឺចាប់ពីខែតុលា) ដែលជាកន្លែងមួយដែលអាចកែប្រែនូវអ្វីដែលបានគិតឲ្យទៅជាការពិត តាមរយៈការតម្រង់ទិស និងការត្រៀមខ្លួនរួចរាល់ជាសហគ្រិន។