Menu

សូមប្រយ័ត្ន! ឱសថបំប៉នផ្លូវភេទបុរសនេះ ត្រូវបានហាមឃាត់ការនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយលក់


សូមប្រយ័ត្ន! ឱសថបំប៉នផ្លូវភេទបុរសនេះ ត្រូវបានហាមឃាត់ការនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយលក់

សេចក្តីជូនដំណឹងចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៨ របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) រៀងរាល់ថ្ងៃ មានគណនីហ្វេសប៊ុកចំនួន ៨ គឺ
១- បុរសពិត 
២- ក្រុមចេក 
៣- Srey DaDa Online Shop 
៤- Mrr Ly 
៥- Oun Tii Ta OnlineShop 
៦-Bopha 1 Online Shop 
៧- Srey Thom Online Shop  
៨- Vannak Love

កំពុងផ្សព្វផ្សាយលក់ផលិតផលឱសថបំប៉នផ្លូវភេទបុរសឈ្មោះ FORCE មួយកំប៉ុងមាន ៩០គ្រាប់នាំចូលពីប្រទេសបារាំង។ ផលិតផលឱសថបំប៉នផ្លូវភេទបុរសឈ្មោះ FORCE នេះពុំបានត្រួតពិនិត្យគុណភាពពុំបានចុះបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលឡើយ។ គណនីហ្វេសប៊ុកខាងលើបានផ្សព្វផ្សាយគ្មានមូលដ្ឋានវិទ្យាសាស្រ្តត្រឹមត្រូវនូវឱសថបំប៉នសុខភាព FORCE ដោយភូតកុហក និងបំផ្លើសហួសពីការពិតមានដូចជា ធ្វើឲ្យប្រដាប់ភេទបុរសធំជាងមុន រឹងជាងមុន ជំនួយដល់ក្រលៀន ក្រពេញប្រូស្តាត អាចជួយព្យាបាលអ្នកដែលមានបញ្ហាទឹកនោមផ្អែម ទឹកនោមប្រៃ លើសឈាម និងបញ្ហាក្រពះ ។ល។

ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិត (ដោយសារការគាំងបេះដូង) របស់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវឈប់ប្រើប្រាស់ផលិតផលឱសថបំប៉នផ្លូវភេទបុរស ជាពិសេសឱសថបំប៉នផ្លូវភេទបុរសឈ្មោះ FORCE ដោយផលិតផលនេះពុំបានត្រួតពិនិត្យគុណភាពគ្មានចុះបញ្ជិកា គ្មានក្រុមហ៊ុនស្របច្បាប់ និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។ ដូច្នេះ ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់គណនីហ្វេសប៊ុកទាំងអស់ខាងលើនេះត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយ លក់ ឬចែកចាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះ FORCE ខុសច្បាប់នេះជាបន្ទាន់។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកណាឬជនណា ដែលបាន ឬបន្ត នាំចូល ផ្សព្វផ្សាយលក់ ឬចែកចាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះFORCE នេះស្របតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងប្រើប្រាស់ លក់ ចែកចាយ ផលិតផលឱសថបំប៉នសុខភាពផ្លូវភេទបុរសឈ្មោះ FORCE គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលខាងលើ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋានឱសថ ចំណីអាហារ  បរិក្ខារពេទ្យ និងគ្រឿងសម្អាង។ 
សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ
០១១ ៥៧៤ ៧៨៧
០៩៥ ៣៥៩ ៣៩៩
០១២ ៩៨៣ ៣៣៤
០១២ ៨៩២ ០២២ ។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  


Share:

អត្ថបទទាក់ទង