Menu

យុទ្ធនាការ “FIT FOR  HOPE by AIA” រួមគ្នាលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់


យុទ្ធនាការ “FIT FOR  HOPE by AIA” រួមគ្នាលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់

យុទ្ធនាការ និងព្រឹត្តិការណ៍ជាច្រើនទូទាំងពិភពលោកត្រូវបានប្រារព្ធឡើងសម្រាប់ខែតុលាដែលជាខែសម្រាប់ការលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់។ បូពណ៌ផ្កាឈូកគ្រប់ទំហំលេចចេញរូបរាងនៅគ្រប់ទីកន្លែងទាំងនៅតាមបណ្តាញអ៊ីនធើណែត និងតាមទីតាំងនានា។ កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីជំងឺមហារីកសុដន់ និងដើម្បីរៃអង្គាសថវិកាសម្រាប់ការស្រាវជ្រាវ និងព្យាបាលជំងឺនេះបានធ្វើឡើងគ្រប់សណ្ឋាន។  នៅក្នុងប្រទេសកម្ពុជាឆ្នាំនេះ យុទ្ធនាការ “FIT FOR HOPE by AIA” បានទទួលអ្នកចូលរួមយ៉ាងច្រើនលើសលប់ បានប្រមូលផ្ដុំគ្នានៅទីលានកោះពេជ្រដោយបានទទួលថវិកាបរិច្ចាគចំនួន ៣០,០០០ដុល្លារ សម្រាប់បុព្វហេតុមួយនេះ។

មហារីកសុដន់ គឺជាប្រភេទជំងឺមហារីកដែលកើតឡើងច្រើនបំផុតចំពោះស្រ្តីទូទាំងពិភពលោក។ ជាក់ស្តែង នៅក្នុងប្រទេសកម្ពុជា បញ្ហាទាក់ទងនឹងជំងឺនេះគឺកាន់តែធ្ងន់ធ្ងរដោយការយល់ដឹងនៅមានកម្រិតទាប និងកង្វះធនធានសម្រាប់ការព្យាបាលដែលបណ្តាលឲ្យមានករណីជាច្រើនមិនអាចព្យាបាលបានដោយសារតែការធ្វើរោគវិនិច្ឆ័យឲ្យដឹងពីជំងឺនេះ ត្រូវបានធ្វើឡើងក្នុងដំណាក់កាលធ្ងន់ធ្ងរ។ ថ្លែងក្នុងកម្មវិធីនោះដែរ លោកវេជ្ជបណ្ឌិត ព្រាប ឡី  ប្រធានផ្នែកវះកាត់នៃមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹមបានលើកឡើងថា “រហូតដល់៧០% នៃអ្នកជំងឺដែលមកទទួលការព្យាបាលនៅមន្ទីរពេទ្យយើងខ្ញុំគឺស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរទៅហើយ។ ប្រសិនបើគាត់មកកាន់មន្ទីរពេទ្យឲ្យបានឆាប់ជាងនេះគឺពិតជាអាចជួយបានច្រើន”។ លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា” ក្នុងករណីខ្លះដៃគូ ឬសមាជិកគ្រួសាររបស់ពួកគាត់ផ្ទាល់តែម្តងដែលបានរារំាងមិនឲ្យអ្នកជំងឺមកមន្ទីរពេទ្យ ព្រោះពួកគាត់គិតថាការពិនិត្យសុដន់ដោយអ្នកដទៃជារឿងមិនសមរម្យទាល់តែសោះ។ ក្រោមហេតុផលនេះហើយដែលបង្ហាញឲ្យឃើញថា យុទ្ធនាការ “FIT FOR HOPE by AIA” ពិតជាមានសារសំខាន់ណាស់ក្នុងការលើកកម្ពស់ការយល់ដឹងដល់ប្រជាជនកម្ពុជា ហើយយើងខ្ញុំពិតជាអរគុណខ្លាំងណាស់ដែលមានយុទ្ធនាការនេះឡើង”។

ព្រឹត្តិការណ៍ “FIT FOR HOPE by AIA” បានប្រារព្ធនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៨ ក្រោមការរៀបចំដោយ អេ អាយ អេ ខេមបូឌា និងមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម បានសហការជាមួយភាគីជាច្រើន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ រួមនឹងសកម្មភាពដូចជា៖
• សកម្មភាពផ្សព្វផ្សាយចំពោះបណ្តាបុគ្គលិក និងទីប្រឹក្សាផែនការជីវិត AIA ព្រមទាំងអ្នកសហសេវិកនានា
• ការផ្សព្វផ្សាយ និងគាំទ្រលើបណ្តាញសង្គម ដោយតារាល្បីៗ និងបណ្តាញសារព័ត៌មានផ្សេងៗ
• សិក្ខាសាលាផ្តោតលើការលើកកម្ពស់ការយល់ដឹង និងកត្តាប្រឈមនៃជំងឺមហារីកសុដន់ដល់និសិ្សតសាកលវិទ្យាល័យរាប់រយនាក់
• សកម្មភាពផ្សព្វផ្សាយនៅតាមទីផ្សានានា និងសាកលវិទ្យាល័យមួយចំនួន។

យុទ្ធនាការនេះ បានសម្រេចបញ្ចប់នៅក្នុងថ្ងៃនេះផ្ទាល់ដោយមានកម្មវិធីជាច្រើនទៀតផងដែរដូចជា៖
• ការពិនិត្យ និងពិគ្រោះពីជំងឺមហារីកសុដន់ដោយឥតគិតថ្លៃ ដោយគ្រូពេទ្យជំនាញជូនដល់សាធារណៈជនប្រមាណ១,៣០០នាក់
• ក្បួនដើរដង្ហែរសប្បុរសធម៌ពណ៌ផ្កាឈូកហៅថា Pink Walk ដែលមិនធ្លាប់មានពីមុនមកបានទទួលការចូលរួមពីមនុស្សចំនួនជិត២,០០០នាក់ ដែលក្នុងនោះមានសកម្មភាពសប្បាយរីករាយជាច្រើននៅតាមផ្លូវ
• ការរំាហ្សូមបា ដែលមានអ្នកចូលរួមប្រហែល ៨០០នាក់
• ការសន្ទនាណែនាំ និងលើកទឹកចិត្តពីអ្នកដែលបានជាសះស្បើយពីជំងឺមហារីកសុដន់ ធ្វើឡើងមុនការប្រគំតន្រ្តីដែលមានតារាល្បីៗនៅកម្ពុជា និងបានទាក់ទាញអ្នកទស្សនាជាង ២០,០០០នាក់បន្ថែមទៀត។

ដោយឡែក លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា “យើងខ្ញុំរីករាយណាស់ដែលឃើញមនុស្សជាច្រើនរួមគ្នាលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់រួមគ្នាសង្គ្រោះជីវិតមនុស្ស។ យើងខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងដែលបានផ្តល់ការពិនិត្យ និងពិគ្រោះយោបល់ពីជំងឺមហារីកសុដន់ដោយឥតគិតថ្លៃដល់មនុស្សប្រមាណ៣០០០នាក់នៅថ្ងៃនេះ។ ប្រាំពីរដងច្រើនជាងកាលដែលយើងបានផ្តល់ជូនក្នុងឆ្នាំមុន”។ លោកបានបន្ថែមជាមួយនឹងការសង្កត់ធ្ងន់លើកំណើននៃឥទ្ធិពលវិជ្ជមាននៃយុទ្ធនាការនេះថា “ដោយមានការចូលរួមបរិច្ចាគពីដៃគូរបស់យើងគឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ធនាគារកម្ពុជាសាធារណៈ និងក្រុមហ៊ុនជាច្រើនទៀត ព្រមទាំងសប្បុរសជនដ៏សន្ធឹកសន្ធាប់ យុទ្ធនាការ “FIT FOR HOPE by AIA” នៅឆ្នាំនេះ បានទទួលថវិកាបរិច្ចាគសរុបចំនួន ៣០,០០០ដុល្លារអាមេរិកសម្រាប់ទ្រទ្រង់កម្មវិធីមហារីកសុដន់របស់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម គឺច្រើនជាងបីដង បើធៀបនឹងថវិកាប្រមូលបានឆ្នាំមុន។ ជាមួយយុទ្ធនាការនេះ យើងអាចជួយសង្គ្រោះជីវិតបានកាន់តែច្រើន តាមរយៈកម្មវិធីអប់រំតាមសហគមន៍ និងការព្យាបាលរបស់មន្ទីរពេទ្យនេះ”។

លោកស្រី ហាក់ សំអាត  អ្នកជាសះស្បើយពីជំងឺមហារីកសុដន់ និងជាអ្នកស្មគ្រ័ចិត្តមិត្តអប់រំមិត្តម្នាក់នៅមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម បានលើកឡើងដោយក្តីរីករាយនៅក្នុងវគ្គចែករំលែកបទពិសោធន៍មុនការប្រគំតន្រ្តីថា “ សូមអរគុណដល់យុទ្ធនាការ FIT FOR HOPE by AIA ព្រោះដោយសារយុទ្ធនាការនេះ ក្រុមស្មគ្រ័ចិត្តមិត្តអប់រំមិត្តរបស់យើងអាចមានសម្ភារៈអប់រំគ្រប់គ្រាន់សម្រាប់មនុស្សជិត២លាននាក់នៅទូទាំងប្រទេស។ ថវិកាដ៏ច្រើននេះអាចអនុញ្ញាតឲ្យយើងជួយដល់មនុស្សដែលត្រូវការជំនួយពិតប្រាកដប្រមាណជាង ៤,០០០នាក់ឲ្យទទួលបានការធ្វើរោគវិនិច្ឆ័យដោយវិទ្យុសាស្រ្ត (X-Ray) ឬជួយមនុស្សច្រើនជាង ១,៣០០នាក់ឲ្យទទួលបានការធ្វើរោគវិនិច្ឆ័យដោយការវិភាគរកកោសិកាមហារីក។ យើងខ្ញុំត្រេកអរណាស់ ដែលការងាររបស់យើងអាចផ្តល់នូវការយល់ដឹងពីការសង្គ្រោះជីវិតដ៏ធំធេង និងលទ្ធផលទទួលបានការថែទាំសុខភាពសម្រាប់ប្រជាជនដែលមានតម្រូវការចាំបាច់”។

គួរបញ្ជក់ផងដែរថា យុទ្ធនាការមួយនេះ មានការគាំទ្រពីសាលារាជធានីភ្នំពេញ និងការចូលរួមពីតំណាងក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រោមការរៀបចំដោយក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួររេន ម.ក (“អេ អាយ អេ ខេមបូឌា”) និងមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម (“SHCH”)។ 

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង