Menu

ការថែទាំសម្រន់សម្រាប់ជំងឺមហារីកដំណាក់កាលចុងក្រោយ


ការថែទាំសម្រន់សម្រាប់ជំងឺមហារីកដំណាក់កាលចុងក្រោយ

ជំងឺមហារីក ជាជំងឺមិនឆ្លងចម្បងទី២ដែលសម្លាប់ប្រជាជនកម្ពុជា ព្រោះថាទម្រាំដឹងថាខ្លួនមានជំងឺដ៏កាចសាហាវនេះភាគច្រើននៃអ្នកជំងឺគឺហួសពេលក្នុងការព្យាបាលឲ្យជាសះស្បើយទៅហើយ។ អ្នកជំងឺនៅដំណាក់កាលចុងក្រោយនេះទទួលរងការឈឺចាប់យ៉ាងខ្លាំង ដែលពិបាក និងមិនអាចពិពណ៌នាបានអំពីទំហំនៃការឈឺចាប់ឲ្យអ្នកដទៃ ឬមនុស្សជាទីស្រឡាញ់របស់ពួកគាត់បានដឹងឡើយ។ នៅពេលដែលការព្យាបាលមិនអាចជាសះស្បើយបាន ការថែទាំបំបាត់ការឈឺចាប់ និងការថែទាំសម្រន់គឺមានសារសំខាន់ណាស់សម្រាប់អ្នកជំងឺមហារីកក្នុងដំណាក់កាលចុងក្រោយដោយផ្តល់ឲ្យពួកគាត់រស់នៅប្រកបដោយគុណភាព និងមានភាពសុខស្រួល។

និយមន័យការថែទាំសម្រន់
ការថែទាំសម្រន់ (Palliative care) គឺសំដៅទៅលើការលើកកម្ពស់គុណភាពជីវិតរបស់អ្នកជំងឺដែលប្រឈមការបាត់បង់ជីវិតទាំងផ្នែកផ្លូវកាយ ផ្លូវចិត្ត សង្គម និងជំនឿសាសនា។ គោលបំណងចម្បងមិនមែនដើម្បីព្យាបាលឲ្យជាសះស្បើយនោះទេ ប៉ុន្តែដើម្បីការពារ និងកាត់បន្ថយការឈឺចាប់ បំបាត់រោគសញ្ញារំខានផ្សេងៗដូចជាពិបាកដកដង្ហើម ក្អក ដង្ហក់។ល។ អ្នកជំងឺដែលត្រូវការការថែទាំសម្រន់ អ្នកជំងឺដែលស្ថានភាពជំងឺរបស់ពួកគាត់ធ្ងន់ធ្ងរហើយមិនអាចធ្វើការព្យាបាលឲ្យជាសះស្បើយបានជាពិសេសគឺជំងឺមហារីក។ អ្នកជំងឺផ្សេងទៀតដែលអាចទទួលបានការថែទាំសម្រន់ផងដែរគឺអ្នកជំងឺខ្សោយសរីរាង្គដំណាក់កាលចុងក្រោយ ដូចជាជំងឺក្រិនថ្លើមធ្ងន់ធ្ងរដែលអាចវិវឌ្ឍជាទាចទឹក និងជំងឺខ្សោយផ្លូវដង្ហើមធ្ងន់ធ្ងរដែលនាំឲ្យមានទឹកក្នុងសួតជាដើម។

ផលប្រយោជន៍នៃការថែទាំសម្រន់
ការថែទាំសម្រន់ពិតជាផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់អ្នកជំងឺ និងគ្រួសាររបស់គាត់ដែលក្នុងនោះមានដូចជា៖
• ផ្នែករាងកាយ៖ ជួយកាត់បន្ថយការឈឺចាប់ខ្លាំងពិបាកក្នុងការដកដង្ហើម ពិបាកបន្ទោបង់ និងរោគសញ្ញារំខានផ្សេងទៀតដែលអាចកើតឡើងពីជំងឺមហារីកផ្ទាល់ ឬការឈឺចាប់អំឡុងពេលព្យាបាល (ចាក់ថ្នាំគីមី ឬបាញ់កាំរស្មី)
• ផ្នែកអារម្មណ៍៖ អាចជួយអ្នកជំងឺឲ្យរួចផុតពីជំងឺផ្លូវចិត្តដូចជា ជំងឺបាក់ទឹកចិត្ត (Depression) ឬជំងឺថប់បារម្ភ (Anxiety) ជាដើម
• ផ្នែកសង្គម៖ អាចទទួលបានការលើកទឹកចិត្តពីក្រុមគ្រូពេទ្យជំនាញ ក្រុមគ្រួសារមិត្តភក្តិ និងអ្នករាប់អានទាំងអស់ឡើងវិញ
• កាត់បន្ថយការចំណាយថវិកាពីការព្យាបាលដែលគ្មានប្រយោជន៍ចំពោះអ្នកជំងឺពីព្រោះក្នុងដំណាក់ចុងក្រោយនេះពុំអាចមានការព្យាបាលណាធ្វើឲ្យពួកគាត់បានជាសះស្បើយឡើយ
• រក្សាបាននូវពេលវេលាចុងក្រោយដ៏មានតម្លៃដើម្បីឲ្យអ្នកជំងឺបំពេញការងារដែលគាត់ចង់ធ្វើជាពិសេសការចំណាយពេលវេលាជាមួយគ្រួសារជាទីស្រឡាញ់របស់គាត់។ 

ដើម្បីផ្តល់ជូនអ្នកជំងឺនូវការថែទាំដ៏ប្រសើរ គឺតម្រូវឲ្យមានការចូលរួមពីក្រុមវេជ្ជបណ្ឌិតឯកទេស និងក្រុមការងារដែលមានជំនាញជាច្រើនទៀតដូចជា៖
• វេជ្ជបណ្ឌិតឯកទេសថែទាំសម្រន់៖ ធ្វើការពិនិត្យពិគ្រោះ ចេញវេជ្ជបញ្ជាផ្តល់ថ្នាំ និងតាមដានស្ថានភាពជំងឺ
• គិលានុបដ្ឋាក៖ ចូលរួមជាមួយវេជ្ជបណ្ឌិតក្នុងអំឡុងពេលពិគ្រោះជំងឺ ផ្តល់ថ្នាំទៅតាមវេជ្ជបញ្ជា និងពន្យល់ការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវដល់អ្នកជំងឺ ឬក្រុមគ្រួសារ
• អ្នកធ្វើការសង្គម៖ ផ្តល់ប្រឹក្សាផ្នែកផ្លូវចិត្តដល់អ្នកជំងឺឬ/និងក្រុមគ្រួសារអ្នកជំងឺដែលប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរ
• ឱសថការី៖ គ្រប់គ្រងស្តុកថ្នាំ តាមដានការប្រើប្រាស់ថ្នាំប្រចាំថ្ងៃ ធ្វើរបាយការណ៍ប្រើប្រាស់ថ្នាំប្រចាំខែ។  

បញ្ហាប្រឈមផ្សេងៗ
គួរបញ្ជាក់ផងដែរថា មានការលំបាកមួយចំនួនដែលកំពុងប្រឈមប្រចាំថ្ងៃរបស់ក្រុមការងារបច្ចេកទេសវេជ្ជសាស្រ្តនៃអង្គការបំបាត់ការឈឺចាប់គ្មានព្រំដែនដែលមានដូចជា៖
• ពិបាកក្នុងការតាមដាន និងថែទាំអ្នកជំងឺជាប្រចាំ ព្រោះអ្នកជំងឺភាគច្រើននៅតាមទីជនបទដាច់ស្រយាលហើយដែលមិនមែនជាតំបន់គ្របដណ្តប់របស់អង្គការ DSF
• ពិបាកក្នុងការទាក់ទង ដើម្បីមកពិគ្រោះជំងឺ និងទទួលថ្នាំ ឬតាមដានព័ត៌មានផ្សេងៗ
• កង្វះថវិការបស់អ្នកជំងឺដើម្បីធ្វើដំណើរមកពិគ្រោះជំងឺ និងទទួលថ្នាំ នៅទីក្រុងភ្នំពេញ
• ធនធានមនុស្សសម្រាប់បម្រើការងារនេះនៅមានកម្រិតនៅឡើយ
• ដោយថវិកាមានកំណត់ជាមូលហេតុអង្គការ DSFមិនអាចពង្រីកសកម្មភាពថែទាំសម្រន់ដល់ផ្ទះអ្នកជំងឺឲ្យបានគ្រប់ខេត្ត ក្រុង។

សម្រាប់អ្នកជំងឺដែលស្ថិតក្នុងដំណាក់កាលចុងក្រោយ សូមកុំអស់សង្ឃឹមទោះបីជំងឺមិនអាចព្យាបាលឲ្យជាសះស្បើយក៏ដោយ ប៉ុន្តែនៅមានការថែទាំសម្រន់ដែលអាចផ្តល់ឲ្យក្នុងរយៈពេលចុងក្រោយដោយភាពសុខស្រួល។ ចំពោះក្រុមគ្រួសារអ្នកជំងឺ ត្រូវយកចិត្តទុកដាក់ និងមើលថែអ្នកជំងឺឲ្យបានល្អ ដើម្បីធានាឲ្យបាននូវទំនាក់ទំនង និងភាពស្និទ្ធស្នាល។ សម្រាប់ប្រជាជនគ្រប់រូបគួរតែពិនិត្យសុខភាពឲ្យបានទៀងទាត់ដើម្បីអាចដឹងពីស្ថានភាពជំងឺរបស់ខ្លួនបានឆាប់ និងទទួលបានការព្យាបាលទាន់ពេលវេលា។

"ការថែទាំសម្រន់ផ្តោតសំខាន់លើ គុណភាពជីវិតជាជាងបរិមាណជីវិត"

អង្គការ DSF បង្កើតនៅឆ្នាំ១៩៩៦ ជាអង្គការតែមួយគត់ដែលធ្វើសកម្មភាពផ្តល់ការថែទាំសម្រន់ដល់អ្នកជំងឺមហារីកដំណាក់កាលចុងក្រោយក្នុងពេលបច្ចុប្បន្ន។ប្រសិនបើអ្នកបានស្គាល់អ្នកជំងឺមហារីកដំណាក់កាលចុងក្រោយ ដែលមិនអាចព្យាបាលឲ្យជាសះស្បើយបាន ហើយកំពុងរស់នៅជាមួយការឈឺចាប់ដោយសារជំងឺរបស់គាត់ និងអស់សង្ឃឹមក្នុងជីវិត សូមទាក់ទងមកកាន់អង្គការបំបាត់ការឈឺចាប់គ្មានព្រំដែនតាមរយៈលេខទូរស័ព្ទ ០២៣ ២១៤ ៩៥៤ ដើម្បីទទួលបានការថែទាំសម្រន់។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ម៉េង ឡាង ឯកទេសជំងឺទូទៅ និងជំនាញថែទាំសម្រន់នៃអង្គការបំបាត់ការឈឺចាប់គ្មានព្រំដែន (DSF)

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

 

Share:

អត្ថបទទាក់ទង