តើស្ករអាចបណ្តាលឲ្យកើតជំងឺមហារីកមែនទេ?
ស្ករជាសារធាតុម៉្យាងដែលសឹងតែអាចមានក្នុងអាហារគ្រប់ប្រភេទ និងទទួលបានការពេញនិយមជាខ្លាំង។ ប៉ុន្តែ តើស្ករដែលយើងតែងបរិភោគរាល់ថ្ងៃពិតជាអាចបង្កឲ្យមានជំងឺមហារីកមែនទេ? ម៉្យាង តើប្រភេទស្ករទាំងអស់សុទ្ធតែអាចបង្កជាជំងឺមហារីក?
សំណួរ៖ សំណួរមួយដែលតែងត្រូវបានចោទសួរពីសារធារណជននោះគឺ តើការបរិភោគស្ករមានទំនាក់ទំនងជាមួយជំងឺមហារីកដែរឬទេ?
ចម្លើយ៖ ការឆ្លើយតបទៅនឹងសំណួរនេះគឺមិនងាយស្រួលនោះទេ។ ជាក់ស្តែងការសិក្សាបែបវិទ្យាសាស្ត្របានបង្ហាញថា ការបរិភោគស្ករបរិមាណច្រើនលើសលប់ និងរយៈពេលយូរអាចបង្កជាការកកើតខ្លាញ់ក្នុងរាងកាយកាន់តែច្រើនឡើងៗដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកច្រើនប្រភេទ (មហារីកសុដន់ ឬមហារីកពោះវៀនធំ...)។ អាហារដែលសម្បូរស្ករអាចជំនួសតួនាទីសំខាន់ៗរបស់អាហារដែលសម្បូរទៅដោយជីវជាតិ (មានដូចជាវីតាមីន ជាតិរ៉ែ អាហារប្រភេទសរសៃ) ក្នុងការប្រឆាំងនឹងជំងឺមហារីកនៅក្នុងរាងកាយរបស់យើង។ កោសិកាទាំងអស់នៅក្នុងរាងកាយ រួមបញ្ចូលទាំងកោសិកាមហារីក ជាប្រភេទកោសិកាដែលប្រើប្រាស់ស្ករសម្រាប់បង្កើតថាមពលដើម្បីដំណើរការមុខងារប្រចាំថ្ងៃនានា។ រាងកាយរបស់យើងមានតួនាទីសំខាន់ក្នុងការត្រួតពិនិត្យកម្រិតជាតិស្ករក្នុងឈាមដូច្នេះគ្រប់កោសិកាទាំងអស់សុទ្ធតែអាចទទួលបានការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់ និងមានស្ថេរភាព។
តើស្ករបានមកពីណា?
ស្ករ ឬហៅម៉្យាងទៀតថា កាបូហាយដ្រេត ត្រូវបានរកឃើញក្នុងធម្មជាតិនៅក្នុងប្រភេទអាហារដូចជាបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ សណ្តែក សណ្តែកបាយ និងប្រភេទអាហារដែលមានសារធាតុទឹកដោះគោមួយចំនួនទៀត។ ស្ករក៏ត្រូវបានគេបន្ថែមក្នុងអាហារដូចជា ភេសជ្ជៈផ្អែម គ្រាប់ធញ្ញជាតិកែច្នៃ ស្ករគ្រាប់ នំដុត និងបង្អែមជាដើម ។
តើយើងគួរចៀសវាងការបរិភោគស្ករគ្រប់ប្រភេទឬទេ?
វាពិតជាពិបាកណាស់ក្នុងការចៀសវាងការបរិភោគគ្រប់ប្រភេទស្ករនៅក្នុងអាហាររបស់ពួកយើង។ បើទោះបីយើងអាចកាត់ផ្តាច់អាហារដែលមានបរិមាណស្ករទាំងនោះបានពិតមែន ក៏ដំណើរការក្នុងរាងកាយរបស់យើងនឹងបំបែកស្ករស្តុកទុកក្នុងសាច់ដុំ និងការបំបែកខ្លាញ់ស្តុកទុក ដើម្បីបង្កើតស្ករ ដែលកោសិកាផ្សេងៗត្រូវការ។ ប្រសិនបើករណីនេះកើតឡើង យើងអាចបាត់បង់ម៉ាស់សាច់ដុំ ទម្ងន់ កម្លាំង និងថាមពលរបស់រាងកាយទាំងមូល។ ក្នុងអំឡុងពេលព្យាបាលមហារីក ការបាត់បង់ទាំងនេះអាចបណ្តាលឲ្យមានការពន្យារពេលការព្យាបាល និងពន្យារពេលការជាសះស្បើយនៃជំងឺផងដែរ។
ហេតុនេះសម្រាប់អ្នកជំងឺមហារីក គួរតែត្រូវបានផ្តល់អនុសាសន៍ឲ្យ៖
- បរិភោគ បន្លែ ផ្លែឈើ គ្រាប់់ធញ្ញជាតិ សណ្តែកនិងសណ្តែកបាយ ដែលសុទ្ធតែជាប្រភេទអាហារផ្ទុកទៅដោយស្ករធម្មជាតិ និងមានសារធាតុប្រឆាំងជំងឺមហារីក មានដូចជា វីតាមីន ជាតិរ៉ែ និងPhytochemicals ផ្សេងៗទៀត។
- កាត់បន្ថយនូវប្រភេទអាហារដែលបន្ថែមស្ករខាងក្រៅនានា។
តើអ្នកជំងឺមហារីកអាចកាត់បន្ថយការទទួលទានស្ករបន្ថែមតាមរបៀបណា?
1) អានស្លាកព័ត៌មានអាហារដើម្បីកំណត់ពីបរិមាណស្ករបន្ថែម៖ ដោយអ្នកអាចស្វែងរកពាក្យស្ករស (Sugar) ស្ករពណ៌ត្នោត (Brown Sugar) ស្កររាវ ស្ករដុំ (Icing Sugar) ស្ករអំពៅ (Cane Sugar) សេរ៉ូពោតដែលមានបរិមាណខ្ពស់ Fructose (High Fructose Corn Syrup) ទឹកឃ្មុំ ទឹកផ្លែឈើដែលមានកំហាប់ខ្ពស់, Molasses, Agave syrup, Maple syrup, Maltodextrin, Maltsyrup, Demerara។ ឈ្មោះផ្សេងទៀតសម្រាប់សម្គាល់ស្ករ គឺពាក្យទាំងឡាយណាដែលបញ្ចប់ដោយ "ose" ដូចជា Sucrose, Fructose, Glucose, Glucose-fructose, Maltose, Dextrose, និង Galactose។ ប្រសិនបើពាក្យទាំងនេះត្រូវបានបញ្ចូលក្នុងតារាងគ្រឿងផ្សំនៅផ្នែកខាងលើបំផុត នេះមានន័យថាស្ករជាសារធាតុចម្បងដែលត្រូវបានប្រើប្រាស់ក្នុងផលិតផលដែលអ្នកកំពុងបរិភោគ។
2) កម្រិតការទទួលទានភេសជ្ជៈដែលមានជាតិស្ករច្រើន៖ ឧទាហរណ៍ ភេសជ្ជៈផ្អែមដែលគ្មានជាតិអាល់កុល កាហ្វេ ឬតែដែលបន្ថែមស្ករ និងភេសជ្ជៈផ្តល់ថាមពលនានា។ សូមជ្រើសរើសភេសជ្ជៈដែលគ្មានផ្ទុកស្ករបន្ថែម (Added Sugar) តាមដែលអាចធ្វើបាន។ កាហ្វេ តែដែលគ្មានស្ករ ទឹកសុទ្ធ និងទឹកដោះគោគឺជាជម្រើសល្អសម្រាប់អ្នក។ ប្រសិនបើអ្នកត្រូវការកាល់ឡូរីបន្ថែម សូមព្យាយាមទទួលទានភេសជ្ជៈដែលផ្តល់កាល់ឡូរីខ្ពស់បែបធម្មជាតិនិងសុខភាពល្អ ដែលរួមមាន ផ្លែឈើទាំងមូល ប្រូតេអីុន និងអាហារប្រភេទសរសៃ។
3) បន្ថយបរិមាណអាហារកែច្នៃ៖ ជាធម្មតា អាហារកែច្នៃតែងមានកម្រិតស្ករច្រើន ដូច្នេះអ្នកគួរជំនួសប្រភេទអាហារទាំងនេះ ដោយអាហារសុខភាពវិញ។
4) រីករាយជាមួយបង្អែមនៅក្នុងឱកាសពិសេស និងបរិមាណតិច៖ ផ្លែឈើផ្អែមធម្មជាតិគឺជាជម្រើសល្អប្រចាំថ្ងៃ។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅព្រមទាំងជាប្រធានផ្នែកជំងឺមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយ