Menu

ជំងឺឈាមក្រកកអាចព្យាបាលបានដែរឬទេ?


ជំងឺឈាមក្រកកអាចព្យាបាលបានដែរឬទេ?

ជំងឺហេម៉ូហ្វីលា សម្រាប់ប្រជាជនកម្ពុជាហាក់បីដូចជាកម្របានឮ និងស្គាល់ពីប្រភេទជំងឺនេះណាស់។ វាត្រូវបានគេហៅថាជាជំងឺឈាមក្រកក បណ្តាលមកពីតំណពូជប្រមាណ ៧០ភាគរយ និងកើតឡើងដោយឯកឯងប្រមាណ ៣០ភាគរយប៉ុណ្ណោះ។ ជាក់ស្តែងវាជាជំងឺមួយដ៏កម្រដែលអាចស្តែងមានឡើងលើមនុស្សម្នាក់តែប៉ុណ្ណោះក្នុងចំណោម ១០០០០នាក់ និងអាចកើតឡើងបានគ្រប់វ័យ ចាប់តាំងពីទារករហូតដល់វ័យចំណាស់ និងចាត់ទុកជាជំងឺមួយដែលតម្រូវឲ្យអ្នកជំងឺត្រូវរស់នៅជាមួយការព្យាបាលអស់មួយជីវិតផងដែរ។

និយមន័យ
ជំងឺហេម៉ូហ្វីលា (Hemophilia) គឺជាប្រភេទជំងឺឈាមក្រកក ឬបណ្តាលឲ្យហូរឈាមភាគច្រើនបង្កឡើងដោយកង្វះកត្តាឈាមកក។ អ្នកជំងឺមិនមានការហូរឈាមលឿនជាងធម្មតាទេ ប៉ុន្តែការហូរឈាមនេះអាចមានរយៈពេលយូរជាងធម្មតា។ តួយ៉ាង ជំងឺនេះត្រូវបានបែងចែកជា ២ប្រភេទគឺ ហេម៉ូហ្វីលា A មាននៅលើអ្នកជំងឺដែលមិនមានសារធាតុ ឬកង្វះកត្តាឈាមកកទី VIII (Clotting Factor ៨) និងហេម៉ូហ្វីលា B មាននៅលើអ្នកជំងឺដែលមិនមានសារធាតុ ឬកង្វះកត្តាឈាមកកទី IX (Clotting Factor ៩)។ យ៉ាងណាមិញ ជំងឺឈាមក្រកក ឬហេម៉ូហ្វីលាមាន ៣កម្រិតពីស្រាលទៅធ្ងន់ទៅតាមបរិមាណកត្តាឈាមកកទី VIII និងទីIX ដែលជាធម្មតាវាត្រូវមានក្នុងកម្រិតពី ៥០ ទៅ ១៥០ភាគរយនៅក្នុងឈាម ដើម្បីអាចបំពេញមុខងារបាន៖
- ជំងឺហេម៉ូហ្វីលាកម្រិតស្រាល៖ មានតែ ៥ ទៅ៣០ភាគរយនៃកម្រិតបរិមាណរបស់កត្តាឈាមកក។ ជាធម្មតាមិនស្តែងចេញជារោគសញ្ញាអ្វីនោះទេដោយមិនមានជាបញ្ហានៃការហូរឈាមឡើយ។ អ្នកជំងឺអាចប្រឈមមុខនឹងការហូរឈាមយូរជាងធម្មតា បន្ទាប់ពីការវះកាត់ ការប៉ះទង្គិច ឬស្នាមរបួសធ្ងន់ធ្ងរ
- ជំងឺហេម៉ូហ្វីលាកម្រិតមធ្យម៖ មានតែ ១ ទៅ៥ភាគរយនៃកម្រិតបរិមាណរបស់កត្តាឈាមកក។ ជាទូទៅការហូរឈាមអាចស្តែងមានឡើងបន្ទាប់ពីមានអាយុ ១០ឆ្នាំឡើងទៅ។ អ្នកជំងឺអាចប្រឈមមុខនឹងការហូរឈាមយូរជាងធម្មតា បន្ទាប់ពីការប៉ះទង្គិចមានស្នាមរបួសធ្ងន់ធ្ងរ ឬដកធ្មេញ ព្រមទាំងមានហូរឈាមម្តងម្កាលដោយគ្មានហេតុផលច្បាស់លាស់ ដូចជារោគសញ្ញាជាំ និងហើមសាច់ដុំ សន្លាក់ឈឺចាប់
- ជំងឺហេម៉ូហ្វីលាកម្រិតធ្ងន់៖ មានតិចជាង ១ភាគរយនៃកម្រិតបរិមាណធម្មតារបស់កត្តាឈាមកក។ ការហូរឈាមស្តែងចេញចាប់តាំងពីអាយុ ៤ ទៅ៦ខែឡើងទៅ ដោយគ្រាន់តែប៉ះទង្គិចបន្តិចបន្តួចឬដោយឯកឯង។ អ្នកជំងឺមានហូរឈាម ចេញជាំជារឿយៗ ឬអាចហូរឈាមម្តង ឬពីរដងក្នុងមួយសប្តាហ៍នៅក្នុងសាច់ដុំ ឬតាមសន្លាក់ជង្គង់សន្លាក់កែងដៃ បណ្តាលឲ្យហើម ឈឺចាប់ជាខ្លាំង។ 

មូលហេតុ
រហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានអ្នកវិទ្យាសាស្រ្តបានដឹងអំពីមូលហេតុ ឬកត្តាជំរុញពិតប្រាកដណាមួយនៃការកើតជំងឺហេម៉ូហ្វីលានេះឡើយ។ ប៉ុន្តែវាអាចទាក់ទងនឹងកត្តាប្រឈមមួយចំនួនដូចជា កត្តាតំណពូជ ៧០ភាគរយ មានន័យថាអាចឆ្លងពីឪពុកម្តាយទៅកូនតាមរយៈហ្សែន។ ហ្សែនប្រភេទនេះគឺមានសមត្ថភាពបង្អាក់ការសំយោគកត្តាឈាមកកទី VIII និងទី IX ហើយវានឹងបញ្ជូនព័ត៌មានកំណត់ការលូតលាស់របស់ទារករហូតដល់ពេញវ័យ។ ម៉្យាងទៀតជំងឺឈាមក្រកកអាចកើតឡើងដោយខ្លួនឯងដល់ទៅ ៣០ភាគរយ ដោយសារការផ្លាស់ប្តូរហ្សែនផ្ទាល់របស់សាមីខ្លួន។ ដោយហេតុថាជំងឺនេះកើតឡើងតាមរយៈហ្សែន នោះបុគ្គលដែលមានប្រវត្តិគ្រួសារមានផ្ទុក ឬកើតជំងឺឈាមក្រកកសុទ្ធតែមានហានិភ័យខ្ពស់ក្នុងការប្រឈមទៅនឹងការកកើតជំងឺ។ 

យន្តការនៃជំងឺ
ជាក់ស្តែងជំងឺហេម៉ូហ្វីលា កើតមានឡើងទាក់ទងនឹងក្រូម៉ូសូមភេទ X ដែលមានន័យថាបើក្រូម៉ូសូមភេទ X មានផ្ទុកហ្សែនមានជំងឺនោះមានន័យថាបុគ្គលមានជំងឺឈាមក្រកក។ ដោយសារយន្តការបែបនេះហើយទើបបុរសដែលមានក្រូម៉ូសូមភេទ X តែមួយតែងតែមានជំងឺឈាមក្រកក ស្តែងចេញជារោគសញ្ញាហូរឈាម ចំណែកឯស្រ្តីដែលមានក្រូម៉ូសូមភេទ X ចំនួនពីរ គ្រាន់តែផ្ទុកហ្សែនជំងឺតែប៉ុណ្ណោះមិនមានរោគសញ្ញាហូរឈាមឡើយ។ ករណីដែលឪពុកមានជំងឺឈាមក្រកក ប៉ុន្តែម្តាយគ្មានជំងឺនោះកូនប្រុសទាំងអស់នឹងគ្មានជំងឺនេះទេ ចំណែកឯកូនស្រីទំាងអស់គ្រាន់តែមានផ្ទុកហ្សែនជំងឺហេម៉ូហ្វីលាប៉ុន្តែមិនបណ្តាលឲ្យកើតជំងឺឈាមក្រកកទេ។ ប្រសិនបើម្តាយជាអ្នកផ្ទុកហ្សែនជំងឺហេម៉ូហ្វីលាវិញ កូនប្រុសរបស់គាត់អាចមានជំងឺឈាមក្រកក ៥០ភាគរយ និងកូនស្រី ៥០ភាគរយអាចជាអ្នកផ្ទុកហ្សែនជំងឺហេម៉ូហ្វីលាបន្ត។

រោគសញ្ញា
រោគសញ្ញានៃជំងឺហេម៉ូហ្វីលាទាំង ២ប្រភេទ អាចស្តែងឡើងដូចគ្នារួមមាន៖
- មានជំាធំៗនៅលើសារពាង្គកាយ
- ការហូរឈាមក្នុងសាច់ដុំ សន្លាក់ ពិសេសហើមនៅលើសន្លាក់ជង្គង់ សន្លាក់កែងដៃ និងកជើង ធ្វើឲ្យពិបាកក្នុងការធ្វើចលនា ឈឺចាប់
- ការហូរឈាមយូរជាងធម្មតា បន្ទាប់ពីមុតអ្វីមួយពេលដកធ្មេញ ឬពេលវះកាត់
- ការហូរឈាមយូរជាងធម្មតា បន្ទាប់ពីគ្រោះថ្នាក់និងប៉ះទង្គិច ជាពិសេសក្នុងពេលមានរបួសស្នាមនៅសួត ពោះ និងក្បាល
- ហូរឈាមភ្លាមៗដោយឯកឯងនៅក្នុងខ្លួនដោយគ្មានមូលហេតុច្បាស់លាស់ ដូចជាឈាមច្រមុះ និងឈាមតាមអញ្ចាញធ្មេញជាដើម។

ការធ្វើរោគវិនិច័្ឆយ
ជាធម្មតា ក្រុមគ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យដោយផ្អែកទៅលើគោលការណ៍ ២យ៉ាងដូចជា៖
- ផ្អែកលើរោគសញ្ញា៖ សាកសួរពីប្រវត្តិគ្រួសារដែលធ្លាប់មានជំងឺ ហេម៉ូហ្វីលា
- ផ្អែកលើតេស្តមន្ទីរពិសោធន៍៖ គ្រូពេទ្យធ្វើការបូមឈាមរបស់អ្នកជំងឺទៅពិនិត្យដើម្បីបញ្ជាក់ពីស្ថានភាព ឬកំណត់រកប្រភេទនៃជំងឺហេម៉ូហ្វីលាដែលជាតេស្តអាចបញ្ជាក់កាន់តែច្បាស់ថាជាជំងឺឈាមក្រកកមែន ឬយ៉ាងណា ហើយប្រភេទអ្វី។

ការព្យាបាល
នាពេលបច្ចុប្បន្ន ជំងឺឈាមក្រកកនេះមិនអាចត្រូវព្យាបាលឲ្យជាសះស្បើយនោះទេ ប៉ុន្តែការព្យាបាលជំងឺឈាមក្រកកត្រូវព្យាបាលអស់មួយជីវិត។ ការព្យាបាលត្រូវធ្វើឡើងដោយធានាឲ្យអ្នកជំងឺឈាមក្រកកអាចមានជីវិតរស់នៅ និងមានសកម្មភាពដូច ឬប្រហាក់ប្រហែលនឹងមនុស្សធម្មតាផងដែរ ដោយគ្មានការហូរឈាម ចៀសវាងពិការភាព ឬបាត់បង់ជីវិត។ ដោយឡែក វិធីសាស្រ្តក្នុងការព្យាបាលអ្នកជំងឺឈាមក្រកកមាន ២យ៉ាងរួមមាន៖
- វិធីសាស្រ្តទី១៖ កត្តាឈាមកក ទីVIII និងទីIX ត្រូវបានគេចាក់បញ្ចូលទៅក្នុងប្រព័ន្ធឈាមដើម្បីបង្គ្រប់វិញនូវការបាត់បង់នូវសារធាតុប្រូតេអ៊ីនកំណកឈាម។ ការព្យាបាលភ្លាមៗនឹងជួយកាត់បន្ថយការឈឺចាប់ និងការខូចខាតសន្លាក់សាច់ដុំ និងសរីរាង្គផ្សេងៗទៀត។ ប្រសិនបើការហូរឈាមត្រូវបានព្យាបាលទាន់ពេលវេលានោះ ការហូរឈាមត្រូវបានបញ្ឈប់ ហើយការប្រើប្រាស់សារធាតុ ឬកត្តាឈាមកកក៏អស់តិច។ ជាក់ស្តែង ថ្នាំសម្រាប់បង្រ្គប់កត្តាឈាមកកនេះមាននៅក្នុងប្រទេសកម្ពុជាហើយ តែវាមានតម្លៃថ្លៃ។
- វិធីសាស្រ្តទី២៖ គេអាចប្រើប្រាស់ប្លាស្មាស្រស់ដែលរក្សាឲ្យកក បន្ទាប់មកចាក់បញ្ចូលទៅក្នុងខ្លួនរបស់អ្នកជំងឺដើម្បីបំបាត់ការហូរឈាម មិនថាអ្នកជំងឺហេម៉ូហ្វីលាប្រភេទ A ឬ Bឡើយ។ យ៉ាងណាមិញ វិធីសាស្រ្តបែបនេះ ត្រូវបានគេឈប់ប្រើប្រាស់ទៅហើយសម្រាប់ប្រទេសជឿនលឿន ដោយសារវាអាចប្រឈមទៅនឹងការឆ្លងមេរោគ។ 

ក្រៅពីវិធីសាស្រ្តខាងលើ ក៏មានវិធីសាស្ត្រចម្បងបន្ទាប់បន្សំមួយចំនួនទៀតក្នុងការព្យាបាលជំងឺឈាមក្រកករួមមាន៖
- ការស្អំទឹកកក៖ ដើម្បីបញ្ចៀសការហូរឈាម ហើមសាច់ដុំ ឬសន្លាក់ និងបន្ថយនូវការឈឺចាប់ រួមជាមួយការផ្អាកធ្វើចលនា និងរុំដោយបង់យឺតផងជាការ
ល្អ
- ការព្យាបាលដោយចលនា៖ ដើម្បីកុំឲ្យសន្លាក់រឹងគាំង ឬខូច និងជួយរាងកាយអ្នកជំងឺមិនឲ្យឈឺចាប់ ពិសេសមិនឲ្យរាងកាយពិការ។ បើគ្មានការព្យាបាលទេអ្នកជំងឺឈាមក្រកកកម្រិតធ្ងន់អាចជួបការលំបាកក្នុងការទៅសាលារៀន ឬធ្វើការជាប្រក្រតី ហើយពួកគេអាចនឹងក្លាយជាមនុស្សបាត់បង់កាយសម្បទា ពិបាកក្នុងការធ្វើដំណើរ ការធ្វើចលនា ឬអាចស្លាប់ក្នុងវ័យក្មេងក៏មាន។

ផលវិបាក
ប្រសិនបើអ្នកជំងឺមិនបាន ឬយឺតយ៉ាវក្នុងការទទួលបានការព្យាបាលត្រឹមត្រូវ នោះអ្នកជំងឺអាចនឹងមានផលវិបាកធ្ងន់ធ្ងរដែលអាចធ្វើឲ្យអ្នកជំងឺស្តែងចេញមានអាការៈហើម ជាំនៅលើសារពាង្គកាយ ឬបង្កឲ្យមានការហូរឈាមនៅតាមសន្លាក់ និងធ្វើឲ្យមានការឈឺចាប់ខ្លាំងបំផុត ពិសេសអាចបណ្តាលឲ្យសន្លាក់ខូច និងរឹងជាប់គាំង។ នៅពេលមានការប៉ះទង្គិច ឬគ្រោះថ្នាក់លើសរីរាង្គរបស់អ្នកជំងឺ វាអាចឲ្យអ្នកជំងឺក្លាយជាពិការ ឬរហូតដល់បាត់បង់ជីវិតយ៉ាងរហ័សក៏មានផងដែរ បើមានការប៉ះទង្គិចក្បាល។

វិធីសាស្រ្តការពារ
ជំងឺហេម៉ូហ្វីលាមិនឆ្លងតាមការហូបអាហារ ការរួមភេទ និងទំនាក់ទំនងផ្សេងៗទេ។ ដើម្បីការពារចម្លងតពូជនៃជំងឺហេម៉ូហ្វីលា អ្នកគួរអនុវត្តវិធីសាស្រ្តមួយចំនួនដូចខាងក្រោម៖
- ចំពោះអ្នកដែលមានប្រវត្តិគ្រួសារមានជំងឺឈាមក្រកកត្រូវទៅពិនិត្យសុខភាពតើអ្នកជាអ្នកផ្ទុកឬទេ?
- ចំពោះស្រ្តីមានផ្ទៃពោះជាអ្នកផ្ទុកត្រូវមកពិនិត្យកូនក្នុងផ្ទៃថាតើកូននោះមានជំងឺហេម៉ូហ្វីលាឬទេ?
- អ្នកជំងឺនេះ ត្រូវចៀសវាងការប្រើប្រាស់ថ្នាំអាស្ពីរីន ឬអ៊ីប៊ុយប្រូហ្វែន
- ចៀសវាងការប្រើម្ជុលចាក់ក្នុងសាច់ដុំ
- ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញបើមានសញ្ញាការហូរឈាមខុសប្រក្រតី ។

សូមប្រជាជនទាំងអស់ ជាពិសេសបុគ្គលដែលមានសមាជិកធ្លាប់មានប្រវត្តិកើតជំងឺ នេះត្រូវមកពិនិត្យសុខភាពឲ្យបានជាប្រចាំតាមក្បួនវេជ្ជសាស្រ្ត បើទោះបីជាអ្នកមិនទាន់ឈឺក៏ដោយ។ ម៉្យាងវិញទៀតអ្នកគួរស្វែងរកការព្យាបាលនៅកន្លែងណា ដែលអាចមានលទ្ធផលដែលមានប្រសិទ្ធភាព និងមានគ្រូពេទ្យជំនាញក្នុងការព្យាបាលជាជាងទទួលការព្យាបាលមិនបានត្រឹមត្រូវដែលអាចប៉ះពាល់ដល់អាយុជីវិតចំណាយពេលវេលា និងថវិកាច្រើន។

បកស្រាយដោយ៖ សាស្រ្តាចារ្យវេជ្ជបណ្ឌិត ជាន សុផល ឯកទេសរោគកុមារវិទ្យា និងលោហិតសាស្រ្ត នៅមន្ទីរពេទ្យកុមារជាតិ

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


Share:

អត្ថបទទាក់ទង