អារម្មណ៍ភ័យស្លន់ស្លោបណ្តាលមកពីបេះដូងឬ?
អារម្មណ៍ភ័យស្លន់ស្លោ និងបេះដូងលោតកន្រ្តាក់ញាប់គួរគិតដល់បញ្ហាអ្វីខ្លះ? ឬឲ្យតែអារម្មណ៍ភ័យស្លន់ស្លោ និងបេះដូងលោតកន្ត្រាក់ សុទ្ធតែជាជំងឺបេះដូងមែនទេ? ដើម្បីស្រាយចម្ងល់នូវសំណួរទាំងអស់នេះ អត្ថបទខាងក្រោមនេះអាចជាចម្លើយសម្រាប់មិត្តអ្នកអានបាន………
សំណួរ៖ ខ្ញុំបាទមានអាយុ ២២ឆ្នាំ កម្ពស់១ម៉ែត្រ៦៥ ទម្ងន់៥៨គីឡូក្រាម ជានិស្សិតរស់នៅភ្នំពេញ។ ខ្ញុំតែងតែឆាប់មានអារម្មណ៍ភ័យស្លន់ស្លោ ហើយជួនកាលពេលខ្លះមានអាការៈឈឺបន្តិចបន្តួចនៅលើទ្រូងផ្នែកខាងឆ្វេង និងបេះដូងលោតកន្ត្រាក់ញាប់បន្ទាប់ពីខ្ញុំមានគ្រោះថ្នាក់ដួលខ្ទប់ទ្រូងនៅលើដៃកង់សន្លប់កាលពី១ឆ្នាំមុន។ តើនេះជាសញ្ញាអ្វី? តើខ្ញុំគួរដោះស្រាយដោយវិធីណា?
ចម្លើយ៖ ជាទូទៅ ទាក់ទងនឹងទម្ងន់ និងកម្ពស់របស់ប្អូនមិនមានបញ្ហាលើសទម្ងន់ទេ ហើយរោគសញ្ញាដូចបានរៀបរាប់ខាងលើគឺមិនពាក់ព័ន្ធនឹងជំងឺបេះដូងនោះដែរ។ ផ្ទុយទៅវិញ ប្អូននៅក្មេងអាយុត្រឹមតែ២២ឆ្នាំ ការកើតជំងឺស្ទះសរសៃឈាមបេះដូងពិតជាករណីកម្រណាស់។ ដោយឡែក អាការៈឈឺបន្តិចបន្តួចនៅលើទ្រូងផ្នែកខាងឆ្វេង និងបេះដូងលោតកន្រ្តាក់ញាប់នោះ គឺគ្រាន់តែជាអាការៈឈឺផ្នែកខាងក្រៅ (Non Cardiac Chest Pain) ដែលបណ្តាលមកពីការឡើងជាតិអាស៊ីតនៅបំពង់អាហារ សាច់ដុំនៅដោះកន្ត្រាក់ ឬធ្វើសកម្មភាពខុសទំនងជាដើម។ ម៉្យាងវិញទៀតអាការៈបែបនេះក៏អាចបណ្តាលមកពីគ្រោះថ្នាក់ដួលខ្ទប់ទ្រូងកាលពី១ឆ្នាំមុនផងដែរ។ រីឯអាការៈភ័យស្លន់ស្លោវិញ វាអាចទាក់ទងនឹងបញ្ហាផ្លូវចិត្តរបស់ប្អូនច្រើនជាង។ ដូចបានជម្រាបខាងលើនេះ ប្អូនគួរតែទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យទូទៅ និងវេជ្ជបណ្ឌិតជំនាញចិត្តសាស្ត្រ ដើម្បីប្រឹក្សាអំពីផ្លូវចិត្តធ្វើឲ្យផ្លូវចិត្តមានសភាពនឹងនរ និងទទួលការព្យាបាលឲ្យបានទាន់ពេលវេលា។
បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ឯកទេសជំងឺបេះដូង ប្រធានអ៊ុយនីតេជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ