មិនថាពេលចាប់ផ្តើម ឬពង្រីកអាជីវកម្ម សុទ្ធតែត្រូវការយុទ្ធសាស្រ្តហិរញ្ញវត្ថុច្បាស់លាស់
នាថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០១៧ វេលាម៉ោង ១៧ និង ៣០ នាទី កន្លងទៅនេះ Park Café សហការជាមួយនឹង Educational Development Institute បានរៀបចំវេទិកាពិភាក្សាពាណិជ្ជកម្មថ្មីដែលផ្តោតទៅលើ «ការអភិវឌ្ឍយុទ្ធសាស្ត្រហិរញ្ញវត្ថុ ក្នុងការចាប់ផ្តើមអាជីវកម្ម និង ពង្រីកអាជីវកម្ម» ដើម្បីឆ្លើយទៅនឹងសំណួរថា «តើត្រូវធ្វើដូចម្តេចដើម្បីជម្រុញឲ្យអាជីវកម្មមួយអាចរីកចម្រើនទៅបាន និងដំណើរការយ៉ាងមានប្រសិទ្ធភាព?»
វេទិកាពិភាក្សានេះ បានធ្វើឡើងនៅភោជនីយដ្ឋាន ផាកកាហ្វេសាខាត្រសក់ផ្អែម ដែលមានអ្នកចូលរួមជិត៥០នាក់ និង វាគ្មិនកិត្តិយស៣រូបចូលរួមចែករំលែកបទពិសោធន៍គឺ៖
-លោក ប៉ិច បូឡែន អគ្គនាយកនៃក្រុមហ៊ុន Westline Education Group
- លោក គុយ វ៉ាត់ អគ្គនាយកនៃក្រុមហ៊ុន V-Trust Group
-លោក ម៉ៅ សាវិន ប្រធានផ្នែកវិនិយោគជាន់ខ្ពស់នៃ Emerging Markets Investment Advisers កម្ពុជា។
វេទិកាពិភាក្សានេះពោរពេញទៅដោយសក្តានុពលភាពដោយវាគ្មិននីមួយៗបានរៀបរាប់យ៉ាងក្បោះក្បាយអំពីដំណើរការនៃការធ្វើអាជីវកម្ម ក៏ដូចជាយុទ្ធសាស្ត្រសំខាន់ៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដែលអាជីវករគ្រប់រូបគួរយល់ដឹងក្នុងដំណាក់កាលធ្វើអាជីវកម្ម។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ«ការប្រៀបធៀបការធ្វើអាជីវកម្មជាមួយនឹងឡាន ដែលយើងត្រូវពិនិត្យមើលឲ្យគ្រប់ជ្រុងជ្រោយនូវលក្ខណៈសម្បត្តិរបស់ឡាន ក៏ដូចជាគ្រឿងម៉ាស៊ីនរបស់វា បើមិនដូច្នោះទេយើងនឹងមិនអាចទៅកាន់គោលដៅរបស់យើងបាននោះឡើយ»។ ជាមួយគ្នានេះដែរ សិក្ខាសាលាមួយនេះបានដំណើរការដោយរលូន និង រស់រវើកជាមួយនឹងការសួរសំណួរយ៉ាងស្វាហាប់ផងដែរពីសំណាក់អ្នកចូលរួម។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះអាចដំណើរការទៅបានក្រោមការឧបត្ថម្ភធំដោយធនាគារRHB ក្រុមហ៊ុន Coca Cola និងក្រុមហ៊ុនសន្តិសុខលីប្រា ព្រមទាំងសហការគាំទ្រដោយ CIC, YEAC និង JCI Cambodia ដោយមាន ហេលស៍ថាមខប Impact, F&B Pub និង សប្បាយ ជាដៃគូផ្សព្វផ្សាយ ហើយនិងការសហការឧបត្ថម្ភពីKofi ផងដែរ។
Park Café នឹងរៀបចំវេទិកាពិភាក្សាពាណិជ្ជកម្មដូចនេះជារៀងរាល់ខែ។ ដូច្នេះ ក្នុងករណីដែលលោកអ្នកមានបំណងអញ្ជើញចូលរួមក្នុងសិក្ខាសាលាបន្ទាប់ សូមធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ 012 232 823 ឬក៏ 077 676 423 ក្នុងការកក់សំបុត្រចូលរួម។