Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជំងឺទឹកនោមផ្អែមជាឃាតករលាក់មុខ

តើជំងឺទឹកនោមផ្អែមជាអ្វី?
ជាជំងឺរ៉ាំរ៉ៃដែលមានកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ និងមិនឆ្លង ហើយមិនអាចព្យាបាលឲ្យជាសះស្បើយទេ តែអាចបង្ការបាន។ ចំណែកកត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមរួមមាន៖
 • ទម្លាប់នៃការទទួលទានអាហារមិនមានសុខភាព
 • កង្វះកាយវប្បកម្ម (សកម្មភាពរាងកាយ)
 • លើសទម្ងន់ ឬធាត់
 • ការជក់បារី
 • កម្រិតជាតិស្ករក្នុងឈាមមិនធម្មតា អំឡុងពេលមានផ្ទៃពោះ
 • ការវិវឌ្ឍនៃអាយុកាល ចាស់ជរា អាយុច្រើន
 • ប្រវត្តិគ្រួសារ។

តើខ្ញុំមានជំងឺទឹកនោមផ្អែមទេ?
ដើម្បីដឹងថាអ្នកមានជំងឺទឹកនោមផ្អែម ឬមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ មានរោគសញ្ញាសំខាន់ៗបី ដូចខាងក្រោម៖
 • នោមញឹកញាប់
 • ផឹកទឹកច្រើន
 • ហូបច្រើន។

រោគសញ្ញាទូទៅ
ការស្រកទម្ងន់ អស់កម្លាំង មានអារម្មណ៍ងងុយគេង បន្ទាប់ពីបរិភោគអាហារ។ដោយឡែកក៏មានរោគសញ្ញាដទៃទៀតដូចជា៖
 • ព្រឹលភ្នែក
 • រមាស់នៅតំបន់ប្រដាប់បន្តពូជ
 • ការរលាកអណ្តាត
 • ស្ពឹកដៃជើង ការព្យាបាលរបួសមិនងាយសះស្បើយ និងការបង្ករោគលើស្បែក។

តើខ្ញុំត្រូវទៅមណ្ឌលសុខភាពនៅពេលណា?
 • ពិគ្រោះជាមួយគ្រូពេទ្យ គិលានុបដ្ឋាយិកា ដើម្បីធ្វើតេស្តកម្រិតជាតិស្ករនៅក្នុងឈាម ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបានទាន់ពេល។
 • ប្រសិនបើអ្នកមានអាយុ៤០ឆ្នាំឡើង ទោះជាមិនមានរោគសញ្ញាដូចខាងលើ  ឬមានរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ ការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលទាន់ពេលអាចបង្ការ ឬពន្យារផលវិបាកដែលកើតឡើងនៅក្នុងផ្នែកជាច្រើននៃរាងកាយ និងបន្ថយការប្រឈមនៃការស្លាប់មុនអាយុ។ ផលវិបាកនៃជំងឺទឹកនោមផ្អែមរួមមាន៖
  • គ្រោះថ្នាក់សរសៃឈាមខួរក្បាល
  • ងងឹតភ្នែក
  • គាំងបេះដូង
  • ជំងឺខ្សោយតម្រងនោម
  • កាត់អវយវៈ (ជើង)។

តើអាចទប់ស្កាត់ជំងឺទឹកនោមផ្អែមយ៉ាងដូចម្តេច?
ដើម្បីបង្ការ ឬពន្យារពេលនៃការចាប់ផ្តើមជំងឺទឹកនោមផ្អែមប្រភេទទី ២ និងផលវិបាករបស់វាអ្នកគួរតែ៖
 • ថែរក្សាទម្ងន់រាងកាយឲ្យមានសុខភាពល្អ (មិនឲ្យធាត់)
 • ហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទី
 • ទទួលទានអាហារដែលមានសុខភាពល្អ អាហារចម្រុះ ទទួលទានផ្លែឈើ និងបន្លែឲ្យបានច្រើន
 • ចៀសវាងអាហារ ភេសជ្ជៈដែលមានជាតិស្ករ និងជាតិខ្លាញ់ឆ្អែត
 • ចៀសវាងការជក់បារី និងការពារពីការស្រូបផ្សែងបារី។

តើគេអាចគ្រប់គ្រងជំងឺទឹកនោមផ្អែមដោយរបៀបណា?
ប្រសិនបើអ្នករកឃើញថាកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកមានកម្រិតខ្ពស់សូមទៅជួបគ្រូពេទ្យដើម្បីព្យាបាលឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទោះបីជាអ្នកមិនមានរោគសញ្ញាក៏ដោយ ការខូចខាតដល់សរីរាង្គអាចបង្កើនការស្លាប់បាន។  ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម អ្នកអាចចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រងស្ថានភាពរបស់អ្នក។ ដោយអ្នកត្រូវ៖
 • លេបថ្នាំឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ
 • ទទួលទានអាហារតាមរបបកំណត់ និងលេបថ្នាំឲ្យបានទៀងទាត់តាមពេលវេលាកំណត់
 • ត្រូវដឹងពីអ្វីដែលអ្នកគួរធ្វើនៅពេលអ្នកមានកម្រិតជាតិស្ករក្នុងឈាមថយចុះ
 • ធ្វើការហាត់ប្រាណឲ្យបានទៀងទាត់
 • ចៀសវាងការជក់បារី និងបពា្ឈប់ការប្រើគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់
 • តាមដានកម្រិតជាតិស្ករក្នុងឈាមនៅផ្ទះ (ប្រសិនបើអាចធ្វើបាន)។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


អត្ថបទទាក់ទង

មើលទាំងអស់
Top