Menu

តើមានអ្វីកើតឡើងពេលរាងកាយអ្នកខ្វះ ឬលើសវីតាមីនសេ?


តើមានអ្វីកើតឡើងពេលរាងកាយអ្នកខ្វះ ឬលើសវីតាមីនសេ?

វីតាមីនសេ គឺជាវីតាមីនសារវន្តមួយក្នុងចំណោមវីតាមីនជាច្រើន ដែលមានន័យថារាងកាយរបស់យើងមិនអាចខ្វះវាបាន ដោយសារតែវាមានទំនាក់ទំនងយ៉ាងចាំបាច់ក្នុងដំណើរការនៃរាងកាយ ក៏ប៉ុន្តែរាងកាយរបស់យើងបែរជាមិនអាចធ្វើការផលិតវាបាន។  ដូចនេះ ដើម្បីបំពេញតម្រូវការវីតាមីនសេរបស់រាងកាយ ចាំបាច់ត្រូវទទួលយកតាមរយៈអាហារ ឬឱសថបំប៉នពីខាងក្រៅ។  

វីតាមីនសេ​ ដែលជាប្រភេទវីតាមីនរលាយនៅក្នុងទឹកត្រូវបានរកឃើញក្នុងបន្លែ និងផ្លែឈើជាច្រើនប្រភេទ ដោយក្នុងនោះរួមមានដូចជា ផ្លែក្រូច ស្ត្រប៊េរី គីវី ម្ទេសប្លោក ប្រូខូលី និងផ្ទីជាដើម។ ស្របពេលដែលវត្តមានរបស់វាអាចរកឃើញមាននៅក្នុងម្ហូបអាហារ ក៏ប៉ុន្តែការបំពេញតម្រូវការវីតាមីនសេ តាមរយៈឱសថបំប៉នក៏ត្រូវបានណែនាំផងដែរ ដោយសារវីតាមីនសេដែលមានក្នុងការអាហារ អាចនឹងទទួលរងការខូចខាត និងថយចុះតាមរយៈដំណើរការក្នុងការចម្អិន ឬរក្សាទុកមិនបានត្រឹមត្រូវ។

ផលប៉ះពាល់ ឬហានិភ័យនៃកង្វះវីតាមីនសេក្នុងរាងកាយនឹងបង្ហាញឡើងក្នុងរយៈពេល ជាច្រើនសប្តាហន៍ និងអាចបង្ករហូតដល់គ្រោះថ្នាក់ដល់អាយុជិវិតប្រសិនកង្វះវីតាមីនសេ បន្តឡើងរហូតដល់ 5 ទៅ 6ខែ។ សម្រាប់តម្រូវការបរិមាណនៃវីតាមីនដែលត្រូវបានណែនាំនាពេលបច្ចុប្បន្នគឺ 75មីលីក្រាមក្នុងមួយថ្ងៃសម្រាប់ស្ត្រី និង 90 មីលីក្រាមក្នុងមួយថ្ងៃសម្រាប់បុរស។ ការទទួលទានលើសកម្រិតនៃវីតាមីនសេ ជាទូទៅនឹងត្រូវបានសម្របសម្រួលដោយស្វ័យប្រវត្តិពីរាងកាយ ក៏ប៉ុន្តែត្រូវស្ថិតក្នុងបរិមាណកំណត់មួយ ដែលត្រូវបានកំណត់ត្រឹម 2 ក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ ដោយសារតែផលរំខានដែលអាចកើតមានចំពោះប្រព័ន្ធក្រពះពោះវៀន។

ជាការពិត បរិមាណវីតាមីនសេដែលត្រូវបានទទួលទានទាំងអស់មិនសុទ្ធតែត្រូវបានស្រូបចូល និងប្រើប្រាស់ក្នុងរាងកាយឡើយ ដោយវាអាស្រ័យទៅលើបរិមាណនៃការទទួលទាន​។​ ជាទូទៅ បរិមាណដែលត្រូវបានស្រូបចូលយកទៅប្រើប្រាស់គឺ 70 ទៅ 90%​ នៃវីតាមីនសេដែលត្រូវបានទទួលទានពី 30 ទៅ 180 មីលីក្រាម។ ចំពោះការទទួលទានវីតាមីនសេចាប់ពី 1 ក្រាមក្នុងមួយថ្ងៃ នោះអត្រានៃការស្រូបចូលនឹងធ្លាក់ចុះទាបជាង 50%  ហើយ បរិមាណដែលនៅសេសសល់នឹងត្រូវបានបញ្ចេញចោលទៅតាមទឹកនោមវិញ តែក្នុងករណីពិសេសខ្លះ ភាពលើសលុបនៃវីតាមីនសេ ក៏អាចបង្កហានិភ័យជាគ្រួសក្នុងតម្រងនោមផងដែរ។

ជារួមមក វីតាមីនសេគួរត្រូវបានប្រើប្រាស់ក្នុងបរិមាណដែលសមស្របតាមតម្រូវការប្រចាំថ្ងៃប៉ុណ្ណោះ ដើម្បីទទួលបានសារប្រយោជន៍សំខាន់ៗជាច្រើនចំពោះសុខភាព​ និងសម្រស់យ៉ាងពេញលេញ ព្រមទាំងចៀសវាងពីហានិភ័យនានាកើតឡើងពីកង្វះខាត ឬភាពលើសលុបនៃ វីតាមីនសេដោយមិនដឹងខ្លួន។ 

 

©2020 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ ។


Share:

អត្ថបទទាក់ទង