ឧបករណ៍ធ្វើតេស្ដរហ័សរកកូវីដ-១៩ ( RapidTest ) ប្រើពេល ១៥នាទីដឹងលទ្ធផលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅតាមទីតាំងសង្ស័យសំខាន់ៗ នៃប្រទេសកម្ពុជា!

ខណ:ដែលប្រទេសកម្ពុជាកំពុងតែមានការរីករាលដាលជំងឺកូវីដ-១៩ មានសន្ទុះកើនឡើងជាលំដាប់នោះ
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាល នឹងអនុវត្ដការធ្វើតេស្ដរហ័សរកកូវីដ-១៩ ជាមួយឧបករណ៍តេស្តរហ័សត្រឹមតែ១៥នាទី នឹងដឹងលទ្ធផលភ្លាម ។
លោកជំទាវយក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបន្ថែមថា ក្រសួងនឹងចាប់ផ្ដើមអនុវត្ដនូវឧបករណ៍ធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដែលមានឈ្មោះថា « COVID-19 Ag RAPID TEST DEVICE » នៅគ្រប់ទីតាំងដែលសង្ស័យទាំងអស់ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្ត ក្រុង ដែលមានហានិភ័យខ្ពស់។
ក្រសួងសុខាភិបាល បានសម្រេចជ្រើសយកឧបករណ៍តេស្ដរហ័សនេះ ដើម្បីធ្វើតេស្ដរកមេរោគកូវីដ-១៩ នៅគ្រប់ទីកន្លែងដែលសង្ស័យ ដោយក្រសួងពិនិត្យឃើញថាឧបករណ៍នេះអាចជួយ ឲ្យការពិនិត្យធ្វើតេស្តលើសំណាក់ដែលមានការសង្ស័យលើមេរោគកូវីដ-១៩ លឿនរហ័ស មានគុណភាព និងប្រសិទ្ធភាពទៀតផង។ ក្នុងនោះនៅតាមខណ្ឌនីមួយៗ នឹងមានទីតាំងមណ្ឌលសុខភាពមួយចំនួន ដើម្បីយកសំណាកធ្វើតេស្ដ និងដឹងលទ្ធផលភ្លាមៗតែម្ដង ដោយចំណាយពេលត្រឹមតែ១៥នាទី ប៉ុណ្ណោះ។
លោកជំទាវ យក់ សម្បត្ដិ បានបញ្ជាក់ទៀតថា បន្ទាប់ពីឃើញនូវប្រសិទ្ធិភាព នៃឧបករណ៍តេស្ដរហ័សនេះ កាលពីម្សិលមិញ ខណ:ដែលយើងបានយកទៅធ្វើតេស្ដដល់អ្នកសង្ស័យកូវីដ-១៩ នៅផ្សារដើមគរ ក្នុងចំណោមអ្នកសង្ស័យជាង ៩៤០នាក់ យើងរកឃើញអ្នកវិជ្ជមានរហូតដល់ទៅ៩១នាក់ ហើយយើងបានយកមកផ្ទៀងផ្ទាត់ជាមួយម៉ាស៊ីនធំ នៅវិទ្យាស្ថានប៉ាស្ទ័រ គឺឃើញលទ្ធផលដូចគ្នា ដូច្នេះក្រសួងសុខាភិបាល នឹងចាប់ផ្ដើមអនុវត្ដតែម្ដងនៅថ្ងៃនេះ។
សូមជម្រាបជូនថា ឧបករណ៍សម្រាប់ធ្វើតេស្តរកមេរោគកូវីដ-១៩នេះ កន្លងមក ក្រៅតែពីនៅវិទ្យាស្ថានប៉ាស្ទ័រ មាននៅពីរខេត្តផ្សេងទៀត គឺខេត្តសៀមរាប និងខេត្តព្រះសីហនុ៕
ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

