ប៉ុន្មានឃ្លាពីរឿង«ទឹកចិត្តម្តាយសម័យថ្មី»ដែលអ្នកគួរពិចារណា...
មិនដឹងថាមានមិត្តអ្នកអានប៉ុន្មាននាក់ដែលបានទស្សនាស្នាដៃនិពន្ធថ្មីសម្រាប់ដើមឆ្នាំ២០១៧នេះ ពីអ្នកនិពន្ធជើងចាស់ប្រកបដោយទេពកោសល្យ និងមានកិត្តិនាមល្បីល្បាញនោះ លោកស្រី ពាន់ ភួងបុប្ផា គឺរឿង«ទឹកចិត្តម្តាយសម័យថ្មី»…
ជាខ្សែរឿងមួយដែលបានបង្ហាញពីរឿងរ៉ាវជីវិតនៃអ្នកម្តាយ៣រូបដែលស្ថិតនៅក្នុងឋានៈខុសគ្នា តែអ្វីដែលដូចគ្នា គឺទឹកចិត្តស្រលាញ់ដ៏មហិមារបស់ពួកគាត់ដែលមានចំពោះកូនៗរបស់ខ្លួន ដោយខិតខំប្រឹងប្រែងរាល់ថ្ងៃពីព្រលឹមទល់ព្រលប់ មិនគិតគូរពីខ្លួនឯង គឺដើម្បីតែចង់ឲ្យកូនល្អ ខ្ពង់ខ្ពស់ និងរស់នៅដោយសុខស្រួល។ មិនថាត្រូវលះបង់អ្វី ក៏មិនដែលរអ៊ូរទាំ ឬរួញរាឡើយ…
មានពាក្យពេចន៍ដ៏មានខ្លឹមសារខ្លះ ដែលលោកអ្នកគួរតែយល់ដឹង និងពិចារណា…
«នៅពេលដែលមានកូន អ្នកនឹងយល់អារម្មណ៍ជាម្តាយ»
គ្មានអ្វីច្បាស់លាស់ និងពិតប្រាកដជាងការឆ្លងកាត់ដោយផ្ទាល់ឡើយ…ធ្លាប់តែឃើញគេជាម្តាយ មានតួនាទីច្រើនរាប់មិនអស់ទាំងក្នុងផ្ទះ និងក្រៅផ្ទះ ហើយក៏មាអារម្មណ៍ថាហត់នឿយ និងខ្វាយខ្វលច្រើនណាស់។ ដូចដែលបានលើកឡើងខាងដើមដែរ គឺទាល់តែយើងក្លាយជាម្តាយរបស់គេ ទើបអាចយល់ពីទឹកចិត្ត និងទំនួសខុសត្រូវជាច្រើនរបស់ម្តាយ។
«ធ្វើជាម្តាយគេ មិនថាក្នុងឋានៈណានោះទេ គឺសុទ្ធតែលំបាកដូចគ្នា»
ព្រោះថា…មនុស្សគ្រប់រូបសុទ្ធតែអាចជាអ្នកបង្កើតកំហុស ហើយអ្នកដឹងទេថា មានមនុស្សស្រីម្នាក់ដែលតែងតែបារម្ភ និងមើលថែទាំអ្នកគ្រប់កាលៈទេសៈ។ មិនថាគាត់មានប្រាក់ច្រើន ឬតិចនោះទេ បើកូនប្រុស ឬស្រីមានបញ្ហា គាត់ក៏មិនអាចនៅសោយសុខ ឬសប្បាយចិត្តឡើយ…
«អាក្រក់ ឬល្អ កូននៅតែជាកូន»
មិនប្រកាន់ថា កូនបានធ្វើអ្វីខុស កូនបានខុសឆ្គងខ្លាំងប៉ុណ្ណា ម្តាយក៏មិនដែលប្រកាន់ទោសលើកូនឡើយ គឺមានតែចិត្តស្រលាញ់ និងបារម្ភទ្វេដង…គាត់ខំអត់ទ្រាំ ខាំមាត់សង្កត់ចិត្ត ស្តីបន្ទោសឲ្យអ្នកដទៃ ក៏មិនដែលនឹកគិតចង់បោះបង់កូនរបស់ខ្លួនទេ បើទោះជាកូនជាអ្នកធ្វើអ្វីខុសឆ្គងក៏ដោយ។
«ពេលឃើញកូនឈឺ ម៉ែឈឺជាងកូនទៅទៀត»
រាល់ពេលដែលមានគេធ្វើបានផ្លូវកាយ ឬចិត្តរបស់កូន តាមរយៈការប្រើហិង្សាជាពាក្យសម្តី ឬកម្លាំងកាយ ម្តាយពិតជាមានអារម្មណ៍ឈឺចាប់ ពឺតផ្សាជាពន់ពេក គឺឈឺលើសកូនទៅទៀត។ ដើម្បីកូន ម្តាយក៏ហ៊ានធ្វើរឿងគ្រប់យ៉ាង ដើម្បីការពារសុវត្ថិភាពរបស់កូន ទោះបីជាកូនធំហើយក៏ដោយ….
«ម៉ែជាអ្នកខុស ឲ្យម៉ែសុំទោស…»
កូនមិនដែលធ្វើខុសនោះទេ…ម្តាយក៏តែងតែបន្ទោសខ្លួនឯងជាញឹកញាប់ដែលមិនអាចមើលថែ និងចិញ្ចឹមកូនបានល្អ ទើបបានជាកូនធ្វើអាចធ្វើរឿងខុសឆ្គង។ មិនថារឿងតូច ឬធំ គាត់ក៏មិនព្រមស្តីបន្ទោសលើកូនឡើយ គឺអ្វីគ្រប់យ៉ាង គាត់ព្រមទទួលយកទាំងអស់…
«ទុកដាក់កូនចៅ គឺរៀបចំសុភមង្គលគ្រួសារ មិនមែនធ្វើជំនួញទេ»
ជីវិតគូ មែនមែនជារឿងលេងសើចនោះទេ…ទោះបីជាយ៉ាងណាក៏ដោយ ម្តាយរបស់អ្នកបានពន្លឺថ្ងៃមុនអ្នក ហើយក៏បានជួប និងស្គាល់មនុស្សច្រើនជាងអ្នក ហេតុនេះហើយ ការសម្លឹងមើល និងជ្រើសរើសយកកូនប្រសាររបស់គាត់ ត្រូវតែធ្វើឡើងដោយធានាថាកូននឹងមានក្តីសុខក្នុងជីវិតអាពាហ៍ពិពាហ៍…
តាមការពិតទៅ នៅមានគតិរឿងជាច្រើនទៀត ដែលត្រូវបានបង្ហាញ និងបង្កប់នៅក្នុងរឿងអប់រំមួយនេះ…ប្រសិនបើមានឱកាស គួរតែឆ្លៀតទៅទស្សនាណា៎!!! ហើយត្រូវចាំថា«ម្តាយជានារីតែម្នាក់គត់ ដែលនឹងបារម្ភ ស្រលាញ់ និងមើលថែអ្នកគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់គាត់…»