៧យ៉ាងត្រៀមខ្លួនកាត់ស្រ្តេសម្នាក់ឯង
វិស្សមកាលតូចជិតមកដល់ហើយ អ្នកមានគម្រោងទៅណាហើយឬនៅ? សម្រាប់អ្នកចង់សាកល្បងរៀនធ្វើដំណើរដោយឯករាជ្យ និងមានរសនិយមបែបផ្សងព្រេងប្រាកដជាធ្លាប់ឮអំពី ដំណើរកម្សាន្តតែម្នាក់ឯង ហើយវាក៏គួរតែដល់ពេលដែលត្រូវសាកល្បងដែរ។
ដើរលេងម្នាក់ឯងមានអីមិនល្អ ចេះច្រើនហើយចំណាយអស់តិចទៀត ប៉ុន្តែគ្រាន់ត្រូវត្រៀមច្រើនបន្តិច និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ ដូចនេះ ថ្ងៃនេះក្រុមការងារហេលស៍ថាមនឹងប្រាប់អំពីតិកនិចក្នុងការត្រៀមខ្លួនធ្វើដំណើរកម្សាន្តនេះ ដើម្បីធានាថាអ្នកនឹងទទួលបានបទពិសោធន៍ក្នុងការធ្វើដំណើរដ៏ល្អនៅពេលចាប់ផ្តើម។
អ្វីជា Solo Trip?
ដំណើរកម្សាន្តម្នាក់ឯង ឬហៅថា Solo Trip (សូឡូទ្រីប) ជាការធ្វើដំណើរទៅកាន់ទីកន្លែងផេ្សងៗតែម្នាក់ឯង។ នៅក្នុងកាលៈទេសៈខ្លះ មិនប្រាកដថាទាល់តែទៅម្នាក់ឯងរហូតទេ អ្នកអាចនឹងចូលរួមជាមួយអ្នកដទៃដែលអ្នកមិនធ្លាប់ស្គាល់នៅដំណើរផ្លូវរបស់អ្នកផងដែរ។ ការធ្វើដំណើរកម្សាន្តនេះអាចឲ្យអ្នករៀនអំពីជីវិតបានកាន់តែទូលាយ ចេះបត់បែនតាមកាលៈទេសៈ និងការដោះស្រាយជាមួយនឹងបញ្ហាកើតឡើងនៅពេលធ្វើដំណើរជាដើម។ ប៉ុន្តែនៅក្នុងបរិបទនៃប្រទេសកម្ពុជាបច្ចុប្បន្ន ការធ្វើដំណើរនេះមិនសូវមានភាពពេញនិយមប៉ុន្មានទេ ខណៈពេលដែលវាជារឿងធម្មតាសម្រាប់ជនបរទេស។
គន្លឹះដែលត្រូវអនុវត្តមុនពេលចាប់ផ្តើម Solo Trip ពិតប្រាកដ
១ ដើរជាក្រុមតូចៗលក្ខណៈគ្នាឯង៖
សាកល្បងដំណើរកម្សាន្តមួយដែលមានគ្នាមិនលើសពី៣នាក់ មុននឹងឈានដល់ការដើរតែម្នាក់ឯង។ ជាមួយមិត្តត្រឹមម្នាក់ឬពីរនាក់ ធ្វើឲ្យអ្នកចាប់ផ្តើមមានទំនួលខុសត្រូវជាងមុនទៅលើរឿងផ្សេងៗដូចជា រឿងគេង ឬញ៉ាំជាដើម ហើយអ្នកក៏ចាប់ផ្តើមប្រុងប្រយ័ត្នជាងមុនខណៈដែលអ្នកមានគ្នាតិច។
២ ដើរជាក្រុមជាមួយអ្នកដទៃ៖
អ្នកក៏អាចចាប់ផ្តើមដោយចូលរួមធ្វើដំណើរកម្សាន្តជាមួយនឹងក្រុមរៀបចំដំណើរកម្សាន្តសិន ដោយហេតុថានឹងមានមនុស្សប្លែកមុខជាច្រើន។ នេះជាពេលដែលអ្នកត្រូវរៀនអំពីការសម្របខ្លួននឹងមជ្ឈដ្ឋានប្លែកជាមួយអ្នកដទៃ ប្រាស្រ័យទាក់ទង និងការសុំជំនួយនៅពេលដែលត្រូវការផងដែរ។
៣ ស្វែងយល់ពីទីកន្លែង៖
មិនថាអ្នកទៅកម្សាន្តនៅទីណាជាមួយអ្នកណា ចាប់ពីពេលនេះទៅ អ្នកត្រូវចាប់ផ្តើមរៀនសង្កេត សាកសួរ ឬស្រាវជ្រាវពីទីកន្លែងទាំងនោះឲ្យដឹងថាអ្វីខ្លះដែលគួរដឹងនៅពេលធ្វើដំណើរមកម្នាក់ឯង ដែលជាពិសេសគឺទាក់ទងនឹងភូមិសាស្ត្រ ផ្លូវធ្វើដំណើរ កន្លែងស្នាក់នៅ កន្លែងញ៉ាំ ក៏ដូចជាសុវត្ថិភាពជាដើម។
៤ រៀនឯករាជ្យលើខ្លួនឯង៖
អ្នកត្រូវបង្វឹកខ្លួនឯងជាមុនដោយត្រូវរៀនធ្វើអ្វីដោយខ្លួនឯង និងទៅណាមកណាម្នាក់ឯងដូចជា ដើរផ្សារម្នាក់ឯង ញ៉ាំអីម្នាក់ឯង មើលកុនម្នាក់ឯង ឬចម្អិនម្ហូបខ្លួនឯងជាដើម។ អ្នកប្រាកដជាមានអារម្មណ៍ថាសេដ(sad) ប៉ុន្តែនេះជាអ្វីដែលអ្នកនឹងត្រូវធ្វើនៅពេលដែលអ្នកធ្វើដំណើរកម្សាន្តតែម្នាក់ឯង។
៥ ប្រាកដចិត្តថាអ្នករឹងមាំ៖
ភាពរឹងមាំសំដៅដល់សុខភាព ការថែទាំខ្លួន ព្រមទាំងការចេះការពារខ្លួនជាដើម។ ដូចនេះ អ្នកគប្បីហ្វឹកហាត់ទាំងផ្លូវកាយ និងស្មារតីឲ្យបានល្អ ត្រៀមវិធី និងសម្ភារៈសម្រាប់ការពារខ្លួន លេខទំនាក់ទំនងដែលចាំបាច់ (បងប្អូន លេខប៉ូលីស) និងរៀនវិធីសង្គ្រោះបឋមខ្លះៗជាដើម។
៦ សាកសួរគន្លឹះពីរៀមច្បង៖
ការសួរនាំពីរៀមច្បងដែលធ្លាប់បានឆ្លងកាត់នូវដំបូន្មានផ្សេងៗអំពី Solo Trip មិនត្រឹមអាចឲ្យយើងដឹងពីការត្រៀមខ្លួនបានល្អនោះទេ ថែមទាំងអាចឲ្យយើងបើកភ្នែកកាន់តែធំនៅពេលដែលឮពីបទពិសោធន៍ដ៏គួរចាប់អារម្មណ៍របស់ពួកគេ។
៧ ចាប់់ផ្តើមដំណាក់កាលសាកល្បង៖
បន្ទាប់ពីមានអារម្មណ៍ថាមានទំនុកចិត្តជាងមុនអ្នកអាចចាប់ផ្តើមសាកល្បងធ្វើដំណើរកម្សាន្តទៅកាន់តំបន់ជិតៗដែលអ្នកធ្លាប់បានស្គាល់ក្នុងរយៈពេលខ្លី អាចត្រឹមកន្លះ ឬ១ថ្ងៃសិន។ ការធ្វើបែបនេះ គឺដើម្បីបណ្តុះភាពជឿជាក់ និងដកពិសោធន៍ថាអ្នករួចរាល់សម្រាប់ Solo Trip ដ៏ពិតប្រាកដ។
ជាចុងបញ្ចប់ វាក៏ជាពេលដែលអ្នកគួរតែទៅរុករកទីតាំងដែលអ្នកចង់ទៅ និងចាប់ផ្តើមបំពេញបំណងប្រាថ្នាក្នុងការធ្វើដំណើរមើលពិភពលោកខាងក្រៅដោយខ្លួនឯង ព្រមទាំងរីករាយនឹងរូបភាពថ្មីៗ និងអារម្មណ៍ដ៏អស្ចារ្យតាមរយៈ Solo Trip។