ចង់ក្លាយជាEarly Bird ក្រោកហាត់ប្រាណអត់?
ហាត់ប្រាណពេលព្រឹក មិនមែនល្អជាងពេលល្ងាចនោះទេ ប៉ុន្តែវាជាសកម្មភាពដែលធ្វើឲ្យថ្ងៃរបស់អ្នកចាប់ផ្តើមយ៉ាងល្អ ដោយធ្វើឲ្យអ្នកស្រស់ស្រាយ និងសកម្មបានពេញមួយថ្ងៃ។ សម្រាប់អ្នកដែលមានពេលល្ងាចដ៏មមាញឹក ឬក៏មិនចង់ខកខាន happy- hour ប្រាកដជាព្យាយាមស្រឡាញ់ការហាត់នៅពេលព្រឹកជាង។
តែអ្នកណាខ្លះដែលបានសន្យាជាមួយខ្លួនឯងម្តងហើយម្តងទៀតថានឹងក្រោកពីព្រឹកទៅហាត់ប្រាណ ជាពិសេសនៅពេលដែលមេឃនៅងងឹតនៅឡើយជាមួយអាកាសធាតុចុះត្រជាក់បែបនេះ?
សូម្បីតែគេងនោះក៏មិនងាយក្រោកបានផង តែដែលកាន់តែខូចចិត្តនោះគឺ នៅពេលដែលទម្លាប់ហាត់ប្រាណពេលព្រឹកត្រូវបានបាត់ទៅវិញ នៅពេលដែលអ្នកផ្អាកមួយរយៈពិសេសនៅខែត្រជាក់។ ដូចនេះទើបអ្នកត្រូវរកល្បិចខ្លះៗដើម្បីអាចសម្រេចការសន្យានេះឡើងវិញមិនថានៅកាលៈទេសៈណាក៏ដោយ។
1. បង្កើតជាសកម្មភាពភ្លាមក្រោយពីភ្ញាក់ភ្លាម
ដាក់នាឡិការោទ៍នៅឆ្ងាយពីគ្រែគេង ហើយក្រោយពីក្រោកទៅបិទ អ្នកត្រូវប្រញាប់បើកអំពូលភ្លើង ឬបង្អួចភ្លាមព្រោះពន្លឺអាចធ្វើឲ្យអ្នកពិបាកគេងទៅវិញ។ បន្ទាប់មក ត្រូវមានសកម្មភាពជាបន្តបន្ទាប់ដូចជាបើកចម្រៀងដែលធ្វើឲ្យអ្នកកន្ត្រាក់អារម្មណ៍ ធ្វើការងារផ្ទះបន្តិច និងប្រញាប់លុបមុខ ព្រមទាំងកម្តៅសាច់ដុំជាដើម។
2. យកភាពត្រជាក់មកជាការកម្តៅសាច់ដុំ
ខណៈពេលដែលអ្នកក្រោកហើយ និងមុនពេលអ្នកបានអូសទាញដោយភួយដ៏កក់ក្តៅវិញ សូមចេញទៅក្រៅបន្ទប់ ឬផ្ទះដើម្បីឲ្យខ្យល់ត្រជាក់នៅពេលព្រឹកមកប៉ះស្បែកមុខរបស់អ្នករហូតផ្តល់អារម្មណ៍ថាស្វាងដល់អ្នក។
3. ធ្វើអ្វីដែលអ្នកចូលចិត្ត
ការហាត់នៅកន្លែងស្អាតៗជាមួយនឹងទិដ្ឋភាពពេលព្រឹក រួមជាមួយប្រភេទហាត់ប្រាណដែលអ្នកចូលចិត្ត ពិតជាធ្វើឲ្យអ្នកគ្មានលេសគេចវេស ។ កុំភ្លេចត្រៀម playlist បទចម្រៀងដែលអ្នកចូលចិត្តផងដែរ (Dizzy ដោយ Taylor swift និង ស្មារតីកីឡា ព្រមទាំង Jailbreak ដោយក្មេងខ្មែរ ស្ថិតក្នុង playlist ដែលអ្នកគួរតែសាកល្បង)។
4. រៀបចំទុកគ្រប់យ៉ាងជាមុន
មិនថាសម្លៀកបំពាក់ ស្បែកជើងកីឡា ចំណីទ្រាប់ពោះ និងទឹកជាដើម គួរតែត្រូវបានរៀបចំរួចជាស្រេចតាំងពីយប់ ដូចនេះក្រោកឡើងអ្នកមិនចាំបាច់ខ្វល់អំពីសម្ភារៈដែលត្រូវប្រើប្រាស់សម្រាប់ហាត់ប្រាណនោះទេ។
5. ធ្វើឲ្យវាងាយៗ (កុំឲ្យវាជាសម្ពាធ)
កុំដាក់គោលដៅខ្ពស់ ឬTo-do list វែងពេករហូតវាក្លាយជាសម្ពាធធ្វើឲ្យអ្នកមិនចង់ក្រោកទៅវិញ។ គួរកំណត់ជាការហាត់ត្រឹមរយៈពេលសមរម្យត្រឹម១៥ ទៅ៣០នាទី ឬការរត់ចម្ងាយខ្លីៗជាដើម។
6. ដាក់ម៉ោងរោទ៍ច្រើន ហើយធ្វើឲ្យពួកវាមានឥទ្ធិពល
នៅម៉ោងរោទ៍នីមួយៗមានភ្ជាប់ជាមួយនឹងឃ្លាជម្រុញទឹកចិត្ត ដូចជាម៉ោងរោទ៍ទី១ ជាមួយនឹងឃ្លាថា ខ្ញុំអាចធ្វើបាន ហើយម៉ោងរោទ៍បន្ទាប់គឺ ខ្ញុំនឹងធ្វើវា និងចុងក្រោយគឺ ខ្ញុំធ្វើវាបានហើយ។ វាអាចនឹងរំខានបន្តិចប៉ុន្តែ វាក៏ល្អជាងការចុចប៊ូតុង snooze ឲ្យដាស់អ្នកម្តងហើយម្តងទៀត រហូតអ្នកអាចច្រឡំចុចបិទ។
7. ផឹកទឹកមួយកែវពេញ ក្រោយពេលភ្ញាក់ពីគេង
បើគិតថាមិនទាន់ស្វាង វិធីនេះអាចនឹងប្រសិទ្ធភាព ព្រោះថាចង់មិនចង់ ជាដំណើរការធម្មតា អ្នកនឹងត្រូវចូលបន្ទប់ទឹកបន្ទាប់ពីនេះ។ តែអ្នកមិនចង់រំខានដោយការចូលបន្ទប់ទឹកពេលហាត់ប្រាណដូចគ្នា ដូចនេះអាចញ៉ាំតិចជាងនេះ និងចូលបន្ទប់ទឹកម្តងទៀតមុនពេលហាត់។
8. ធ្វើឲ្យការក្រោកពីព្រលឹមទៅជាទម្លាប់
ហាត់ប្រាណវាអាចធ្វើឲ្យអ្នកក្លាយជាមនុស្សស្រឡាញ់ពេលព្រឹក ព្រោះអ្នកអាចចំណាយពេលវេលានៅសល់បានយ៉ាងរីករាយ ដូចជាណាត់ញ៉ាំអាហារពេលព្រឹកជាមួយមិត្តភក្តិ ផឹកកាហ្វេ មើលសៀវភៅ ឬទេសភាពនៅក្រៅបង្អួច ទៅសាលា ឬកន្លែងធ្វើការមុនម៉ោងដើម្បីត្រៀមខ្លួន ចៀសវាងការប្រញាប់ដែលអាចបំផ្លាញថ្ងៃរបស់អ្នកទៅវិញ។
9. មានអ្នកជុំវិញខ្លួនជម្រុញទឹកចិត្ត
ណាត់មិត្តភក្តិដែលមានទម្លាប់ចូលចិត្តហាត់ប្រាណព្រឹករហូតអាចហៅបានថាញៀននឹងការហាត់ប្រាណ ហើយពួកគេតឹងតែងបំផុតនឹងការខកខានហាត់ប្រាណ។ អ្នកក៏អាចប្រាប់ឲ្យមិត្តដទៃទៀតពីយប់តាមFacebook ឬ IG ថាអ្នកនឹងក្រោកហាត់ពេលព្រឹក ហើយធ្វើការភ្នាល់គ្នាថានឹងប៉ាវអាហារពេលព្រឹកបើសិនអ្នកអាចធ្វើវាបាន។
10. តាំងចិត្តធ្វើឲ្យបានម្តង
អ្នកគួរជម្រុញអូសទាញខ្លួនឯងឲ្យក្រោកហាត់ពេលព្រឹកបានម្តង ហើយនៅលើកក្រោយៗ ទោះវានឹងមិនងាយស្រួលជាងមុន តែមានលើកទី១ ក៏នឹងមានលើកទី២ ទី៣ជាបន្តបន្ទាប់ ព្រោះអ្នកដឹងហើយថាអ្នកធ្លាប់ធ្វើវាបាន។
គិតទៅនៅពេលយើងកំពុងបែកញើស ស្របពេលដែលអ្នកដទៃនៅគេងនៅឡើយ វាជាមោទនភាពមួយដែរ នេះមិនទាន់គិតដល់អត្ថប្រយោជន៍ជាច្រើនទៀតផង ដូចនេះ យប់នេះគេងឲ្យឆ្អែតដើម្បីក្រោកពីព្រលឹមហាត់ប្រាណ ហើយអ្នកនឹងអរគុណខ្លួនឯងនៅពេលក្រោយ ហើយក៏កុំភ្លេចត្រៀមរង្វាន់ឲ្យខ្លួនឯងណា៎…