បោះជំរុំលេងជុំគ្នាម្តងហី?
ជិតដល់ខែដើរលេងទៀតហើយ មិនដឹងថាគួរទៅខាងណាមកណាទេ! តែមួយរយៈនេះល្បីថាការបោះតង់លេងនៅរមណីយដ្ឋាននានាពេញនិយមមែនទែន អញ្ចឹងបើបានទៅបោះតង់ជុំគ្នាជាមួយមហាមិត្ត ក្រុមការងារ ឬក្រុមគ្រួសារប្រាកដជាមានទឹកមាត់លេបមិនតិចដែរពេលគេសួរថា វិស្សមកាលតូចនេះបានទៅណាខ្លះ?
រយៈពេលឈប់សម្រាកក៏មិនយូរប៉ុន្មានដែរ ដូចនេះដំណើរកម្សាន្តទៅបោះតង់ក្នុងស្រុកយើងហ្នឹងហើយល្អបំផុត។ តែមិនច្បាស់ទេថាកន្លែងណាខ្លះនៅប្រទេសយើងដែលស័ក្តិសមនឹងការបោះតង់នេះ ព្រោះថាមិនមែនគ្រប់កន្លែងអាចផ្តល់នូវផាសុកភាពក្នុងការបោះតង់នោះទេ។
បើសួរថា ហេតុអ្វីបានជាគួរសាកបោះតង់លេងម្តង ចម្លើយគឺ…ប្រាកដណាស់ថាការគេងឆ្លងយប់នៅកណ្តាលធម្មជាតិនោះវាសឹងតែលែងមានទៅហើយ ដូចនេះទើបមនុស្សជាច្រើនចាត់ទុកថានេះជាបែបផែនថ្មីដែលអាចឲ្យពួកគេរីករាយ និងភ្ជាប់ខ្លួនជាមួយនឹងធម្មជាតិបាន។ ម្យ៉ាងទៀត បទពិសោធន៍នៃការអង្គុយជុំវិញភ្នក់ភ្លើង អង្គុយនិយាយគ្នាលេងដោយគ្មានអគ្គិសនីច្រើន និងការរំខានដោយសម្លេងដូចជានៅទីក្រុង ញ៉ាំអាហារក្រោមអាកាសធាតុធម្មជាតិ ស្រូបយកខ្យល់បរិសុទ្ធ បន្ទាប់ពីធ្វើដំណើរហត់អស់កម្លាំងមួយថ្ងៃពេញគឺពិតជាមានអារម្មណ៍សម្រាក និងស្ងប់ខ្លាំងណាស់។ អ្វីដែលសំខាន់គឺភាពឯកជនមួយបែប ដែលអ្នករាល់គ្នាមិនអាចបដិសេដថាមិនចង់បាន គឺការជជែកគ្នាគ្មានព្រំដែន ឬច្រៀងរាំ និងលេងល្បែងកំសាន្តដល់ពេលណាក៏បាន (តែប្រាកដថាមិនបានរកទីតាំងនៅជិតផ្ទះអ្នកស្រុកផង)។
ហើយបើសួរថា កន្លែងណាខ្លះដែលជាទិសដៅពេញនិយមរបស់អ្នកបោះតង់លេង ចម្លើយគឺ…
• តំបន់កោះ និងឆ្នេរ
អ្នកទាំងអស់គ្នាបានដឹងហើយថាខេត្តដែលជាប់ឆ្នេរនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកែប។ ដូចនេះចំពោះការបោះតង់នៅតំបន់ឆ្នេរ អ្នកអាចជ្រើសរើសឆ្នេរណាមួយដែលអ្នកពេញចិត្តរួច ធ្វើការបោះតង់នៅទីនោះ។ យ៉ាងណាមិញ ការបោះតង់គួរធ្វើនៅកន្លែងណាដែលមានភាពស្ងប់ស្ងាត់ និងមិនសូវអ៊ូអរ ទើបអ្នកមិនសូវមានការរំខានពីមជ្ឍដ្ឋានខាងក្រៅនិងអាចមានភាពសប្បាយរីករាយជាមួយនឹងមិត្តភក្តិរបស់អ្នក។
ដូចនេះ អ្នកអាចទៅតំបន់កោះដូចជា កោះតាគាវ កោះរ៉ុង និងកោះរ៉ុងសន្លឹម កោះឋានសួគ៌ នៅក្រុងព្រះសីហនុ កោះទន្សាយនៅកែប និងឆ្នេរបាក់ខ្លង ដែលមានទីតាំងនៅខេត្តកោះកុងជាដើម។
• តំបន់ផ្សេងទៀត
ជាពិសេសគឺតំបន់ធម្មជាតិដូចជា តំបន់ភ្នំ និង តំបន់ព្រៃជាដើម ដែលមិនត្រឹមទេសភាពស្រស់ស្អាតជាមួយនឹងរុក្ខជាតិនិងដើមឈើ អាកាសធាតុក៏ត្រជាក់ល្អផងដែរ។ ប៉ុន្តែចំពោះតំបន់ព្រៃដូចជាមិនសូវមានភាពពេញនិយមប៉ុន្មានទេដោយសារតែតំបន់ខ្លះជាតំបន់ហាមឃាត់។ ប៉ុន្តែចំពោះតំបន់ធម្មជាតិ និងតំបន់ភ្នំ និងទឹកធ្លាក់វិញក៏មានផងដែរដូចជា ដាក់ដាមនៅខេត្តមណ្ឌលគិរី និងជីផាត់នៅខេត្តកោះកុងជាដើម។
• តាម Resorts មួយចំនួន
រមណីយដ្ឋានស្រស់ស្អាត និងពោរពេញដោយធម្មជាតិជាច្រើនគឺជាទិសដៅដែលពេញនិយមបំផុតផងដែរ ដោយសារទេសភាពដ៏ទាក់ទាញ ផាសុកភាព ក៏ដូចជាសុវត្ថិភាព ព្រមទាំងមានភាពងាយស្រួលដល់អ្នកមកបោះជំរុំទាំងអស់។ អ្នកប្រាកដជាបានស្គាល់ខ្លះហើយអំពីរមណីយដ្ឋានទាំងនោះ ដែលរួមមាន វីគីរីរម្យនៅខេត្តកំពង់ស្ពឺ កោះហាននៅស្ទឹងត្រែង ក្តាតឡាតង់ខេត្តកំពត ពិចនិចរីសតនៅពិចនិលក្រុងព្រះសីហនុ និងបឹងប្រទាក់ក្រឡាខេត្តកំពត-ល-។
មិនខ្វះទេ តំបន់ជាច្រើនទៀតនៅប្រទេសកម្ពុជាដែលរង់ចាំស្វាគមន៍អ្នកដែលចូលចិត្តការបោះជុំរុំ ហើយអ្នកពិតជាមិនអាចរង់ចាំបានទេក្នុងការទៅទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៅទីនោះផ្ទាល់។ ដោយឡែក ក្រៅពីការរើសទីតាំង មានកត្តាមួយចំនួនទៀតដែលត្រូវគិតដល់ផងដែរដូចជា អាកាសធាតុ ឧតុនិយម សុវត្ថិភាព ផាសុកភាព និងព័ត៌មាននានាអំពីការបោះជុំរុំជាដើម។
ទាន់នៅប៉ុន្មានខែនេះ នៅអំណោយផលដល់ការបោះតង់នៅឡើយ ព្រោះវាមិនសូវមានភ្លៀង ហើយក៏មិនសូវក្តៅខ្លាំង ដូចនេះ ហេតុអ្វីត្រូវរង់ចាំដល់ខែ ឬឆ្នាំក្រោយៗទើបសម្រេចចិត្តនោះ?