Menu

ភេសជ្ជៈប៉ូវកម្លាំងដែលគេពេញនិយមហ្នឹង ផ្តល់ផលប៉ះពាល់ឬទេ?


ភេសជ្ជៈប៉ូវកម្លាំងដែលគេពេញនិយមហ្នឹង ផ្តល់ផលប៉ះពាល់ឬទេ?

ភាពមមាញឹករបស់សិស្សនិសិ្សតមិនថាជាការងារផ្ទះ ឬការងារស្រាវជ្រាវ ដែលតម្រូវឲ្យធ្វើទាំងថ្ងៃ និងយប់ ឬត្រូវឆ្លៀតបំពេញការងារក្រៅម៉ោងបន្ថែម ព្រមទាំងការងារដែលធ្វើមិនចេះចប់ របស់អ្នកធ្វើការពេញម៉ោង ទាំងក្នុងការិយាល័យ និងការចេញក្រៅធ្វើបេសកកម្មយ៉ាងច្រើនទៀត ធ្វើឲ្យពេលវេលាមួយថ្ងៃរបស់យើងម្នាក់ៗសឹងតែមិនគ្រប់គ្រាន់ក្នុងការសម្រាក ហេតុនេះមិនមានអ្វីគួរឲ្យឆ្ងល់ឡើយ ដែលការប្រើប្រាស់ភេសជ្ជៈជំនួយកម្លាំងមានការពេញនិយមខ្លាំងបែបនេះ។ ប៉ុន្តែ រហូតមកដល់បច្ចុប្បន្ន នៅតែមានមន្ទិលជាច្រើនទាក់ទងនឹងប្រសិទ្ធភាព ព្រមទាំងសុវត្ថិភាពក្នុងការប្រើប្រាស់ភេសជ្ជៈដ៏ពេញនិយមនេះ ដែលទាមទារឲ្យអ្នកគ្រប់គ្នាធ្វើការស្វែងយល់បន្ថែម។

តើភេសជ្ជៈប៉ូវកម្លាំងគឺជាអ្វី?
វាត្រូវបានស្គាល់ថាជាផលិតផលសម្រាប់បង្កើនភាពស្វាហាប់ ដាស់ស្មារតី ព្រមទាំងសកម្មភាព ជាមួយនឹងការជួយបង្កើនថាមពល។ សារធាតុចម្បងពីរត្រូវបានប្រើប្រាស់ក្នុងភេសជ្ជៈប៉ូវកម្លាំងគឺ ស្ករ និងកាហ្វេអីុន ហើយក្រៅពីនោះមានសារធាតុមួយចំនួនទៀតរួម-មាន អេហ្វេដ្រីន តូរីន យិនស៊ីន វីតាមីនបេ គីងកូ ក្រេអាទីនជាដើម  ដែលត្រូវបានរកឃើញបន្ថែមផងដែរក្នុងភេសជ្ជៈនេះ ទៅតាមរូបមន្តរបស់ម៉ាកយីហោនីមួយៗ  ក្នុងគោលបំណងបន្ថែមអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់អ្នកបរិភោគ  ដូចជាដើម្បីជួយក្នុងការសម្រកទម្ងន់ កសាងសាច់ដុំឲ្យរឹងមាំ កាត់បន្ថយស្ត្រេស និងភាពងងុយ បង្កើនថាមពល និងជំនួយការចងចាំ។

បើយោងតាមព្រឹត្តបត្រព័ត៌មានដែលបានចុះផ្សាយដោយសមាគមឱសថការីកម្ពុជាបានបង្ហាញថា មូលហេតុដែលអ្នកប្រើប្រាស់ជ្រើសរើសភេសជ្ជៈនេះគឺដោយសារតែពួកគេជឿថាភេសជ្ជៈប៉ូវកម្លាំងអាចជួយបង្កើនថាមពល កាត់បន្ថយភាពអស់កម្លាំង រក្សាលំនឹងផ្លូវចិត្ត បង្កើនល្បឿនរំលាយអាហារ និងផ្តល់ភាពស្រស់ស្រាយឲ្យពួកគេបាន។ តាមរយៈការសិក្សាដដែលនេះ ក៏បង្ហាញផងដែរថា ការប្រើប្រាស់ភេសជ្ជៈប៉ូវកម្លាំងទទួលបានការពេញនិយមក្នុងការប្រើប្រាស់យ៉ាងខ្លាំងដោយសិស្សនិសិ្សត អ្នកធ្វើការដែលមមាញឹកខ្លាំង អ្នកធ្វើដំណើរ អ្នកដែលធ្វើការបញ្ចេញពលកម្មខ្លាំង និងជាពិសេសគឺអ្នកបើកបរផ្លូវឆ្ងាយ។

តើការប្រើប្រាស់ភេសជ្ជៈប៉ូវកម្លាំងផ្តល់ផលប៉ះពាល់ដែរឬទេ?
ការលាយភេសជ្ជៈប៉ូវកម្លាំងជាមួយស្រា ឬអាល់កុល ជារូបភាពមួយដែលឃើញមានជាញឹកញាប់ពីសំណាក់អ្នកប្រើប្រាស់ ដោយសារវាធ្វើឲ្យអ្នកពិសាស្រាមិនដឹងស្រវឹង  និងអាចពិសាបានកាន់តែច្រើន  ដែលទង្វើនេះត្រូវបានណែនាំឲ្យចៀសវាងព្រោះវាអាចបង្កនូវហានិភ័យមួយចំនួនដល់សុខភាព។ រីឯការពិសាភេសជ្ជៈដែលមានផ្ទុកនូវកាហ្វេអ៊ីនត្រឹមកម្រិត ១០០ទៅ ២០០មីលីក្រាមក្នុងមួយថ្ងៃអាចប្រឆាំងនឹងការអស់កម្លាំងបាន ផ្ទុយទៅវិញបរិមាណដ៏ច្រើននៃកាហ្វេអ៊ីនដដែលនេះ អាចធ្វើឲ្យអ្នកមានការពិបាកក្នុងការគេង ជាលទ្ធផលនាំឲ្យមានអាការៈអស់កម្លាំងទៅវិញ ថែមទាំងអាចឈឺពោះ រាក និងឈឺក្បាលផងដែរ។ ដោយឡែក ការប្រើប្រាស់ហួសកម្រិតនូវភេសជ្ជៈនេះ ត្រូវបានដឹងថាអាចបង្កឲ្យមានការឆាប់មួម៉ៅ និងការលើសសម្ពាធឈាមទៀតផង។

តើអ្នកគួរពិសាភេសជ្ជៈប៉ូវកម្លាំងយ៉ាងដូចម្តេច?
•កម្រិតក្នុងការពិសាត្រឹមមួយ ឬពីរកំប៉ុងយ៉ាងច្រើនក្នុងមួយថ្ងៃសម្រាប់មនុស្សពេញវ័យដែលមានសុខភាពធម្មតា
•កុំលាយភេសជ្ជៈប៉ូវកម្លាំងជាមួយភេសជ្ជៈផ្សេងទៀតពិសេសគឺស្រា ឬអាល់កុល
•កុំពិសាភេសជ្ជៈនេះនៅមុន និងអំឡុងពេលការធ្វើសកម្មភាពរាងកាយខ្លាំងក្លាដូចជាការហាត់ប្រាណ ឬធ្វើការងារដែលត្រូវធ្វើសកម្មភាពនិងតម្រូវឲ្យបាត់បង់ជាតិទឹកខ្លាំង
•ត្រូវជ្រើសរើសផលិតផលដែលមានបង្ហាញព័ត៌មានអំពីសារធាតុផ្សំ និងសារធាតុចិញ្ចឹមត្រឹមត្រូវលើកំប៉ុង
•ចៀសវាងប្រើសម្រាប់ក្មេង មនុស្សវ័យជំទង់ ឬអ្នកមានបញ្ហាសុខភាពផ្សេងៗពិសេសទាក់ទងនឹងបេះដូ
•កម្រិតការញ៉ាំចំពោះស្រ្តីមានផ្ទៃពោះ និងកំពុងបំបៅដោះ
•កម្រិតការញ៉ាំកាហ្វេអីុន និងជាតិស្ករដែលមាននៅក្នុងអាហារ ឬភេសជ្ជៈដទៃទៀត។

ទោះជាភេសជ្ជៈប៉ូវកម្លាំងនៅតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក អ្នកប្រើប្រាស់ទាំងអស់ក៏ត្រូវតែប្រាកដផងដែរថាបានធ្វើការជ្រើសរើសផលិតផល និងប្រើប្រាស់ឲ្យបានត្រឹមត្រូវដើម្បីសុវត្ថិភាព ចៀសផុតពីផលរំខាននានា។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


Share:

អត្ថបទទាក់ទង