Menu

៩ចំណុចដែលត្រូវពិចារណាពេលរើសក្លិបហាត់ប្រាណ


៩ចំណុចដែលត្រូវពិចារណាពេលរើសក្លិបហាត់ប្រាណ

ប្រជាជនកម្ពុជាហាក់យល់ដឹងច្រើនពីបញ្ហាសុខភាព ទើបយើងសង្កេតឃើញថាប្រជាជនទាំងក្មេង ទាំងចាស់ ហាក់ងាកទៅរកការហាត់ប្រាណជាប្រចាំនៅតាមទីសាធារណៈ និងក្លិបហាត់ប្រាណឯកជន។ ហេលស៍ថាម សូមលើកយក ៩ចំណុចដែលអ្នកគួរពិចារណាក្នុងការរើសក្លិបហាត់ប្រាណ៖

1.    តម្លៃ
ទោះអ្នកមានជីវភាពណាក៏ដោយ ការសន្សំសំចៃនៅតែជារឿងល្អមួយ។
•ការបញ្ចុះតម្លៃពិសេស៖ អ្នកមិនគួរឲ្យរំលងនូវឱកាសបុណ្យនានាឡើយព្រោះក្លិបហាត់ប្រាណ នីមួយៗ តែងមានការបញ្ចុះតម្លៃពិសេសក្នុងឱកាសបុណ្យទាំងនោះ ។
•ការចុះជាសមាជិករយៈពេលវែង៖ សម្រាប់អ្នកទើបតែចូល អ្នកមិនគួរចុះជាសមាជិករយៈពេលវែងដូចជា ១ឆ្នាំ ២ឆ្នាំ ភ្លាមៗនោះទេ។ អ្នកគួរសាកល្បងហាត់នៅក្លិបនោះឲ្យបានមួយរយៈសិន ដើម្បីដឹងថាអ្នកពិតជា ពេញចិត្តនឹងក្លិបនោះពិតប្រាកដមែន។
 
2. ប្រភេទអ្នកចូលចិត្តទៅក្លិប
ក្លិបនីមួយៗតែងមានប្រភេទអ្នកទៅផ្សេងៗគ្នាដូចជាក្លិបខ្លះ សម្បូរដោយ ប្រុសៗ ខ្លះដោយស្រីៗ ជាដើម។
•ប្រសិនបើអ្នកជាស្រី៖ អ្នកប្រហែលមិនចង់ឲ្យប្រុសៗជាច្រើនសម្លឹងមើលអ្នកពេលអ្នកកំពុងហាត់ប្រាណនោះទេ ដែលធ្វើឲ្យអ្នកអៀន ឬមិនហ៊ានសាកល្បងហាត់ឧបករណ៍ថ្មីៗជាដើម។
•ចំនួនអ្នកទៅក្លិបនោះ៖ អ្នកក៏គួរតែសង្កេតមើលថាក្លិបនោះមានអ្នកហាត់ប៉ុន្មាននាក់ដែរជាពិសេសពេលល្ងាច និងថ្ងៃចុងសប្តាហ៍ព្រោះ អ្នកប្រហែលជាមិនចង់អង្គុយរង់ចាំឧបករណ៍ ហាត់ប្រាណដែលអ្នកចង់ប្រើនោះទេ។

3. ឧបករណ៍ហាត់ប្រាណ
ពេលរើសកន្លែងហាត់ប្រាណ អ្នកគួរដើរមើលមួយជុំក្លិបនោះ តើក្លិបនោះមានឧបករណ៍ហាត់ប្រាណ គ្រប់គ្រាន់ដែរឬទេ  ជាពិសេសឧបករណ៍ដែល អ្នកចូលចិត្តហាត់។

4. សេវាកម្មបន្ថែម
ក្លិបហាត់ប្រាណមួយចំនួនមានការផ្តល់ជូនសេវាកម្មបន្ថែមដូចជាកន្លែងក្មេងលេង ការម៉ាស្សា ធ្វើសរសៃ ឬសាឡនផងដែរ។ ក្រៅពីនេះ អ្នកក៏អាចសាកសួរថាក្លិបនោះមានអ្នកប្រឹក្សាយោបល់ពីចំណីអាហារផ្សេងៗដែរឬទេជាពិសេសសម្រាប់អ្នកចង់សម្រកទម្ងន់ ឬចង់បានសាច់ដុំ ៦កង់ជាដើម។

5.ទីតាំង
អ្នកគួរជ្រើសរើសយកក្លិបហាត់ប្រាណណាដែលនៅក្បែរផ្ទះ សាលា ឬកន្លែងធ្វើការរបស់អ្នក បើមិនដូច្នោះទេ អ្នកទំនងជាមិនអាចទៅហាត់ប្រាណបានទៀងទាត់ទេ ឬខ្ជិលទៅហាត់ប្រាណតែម្តង ជាពិសេសក្នុងក្រុងភ្នំពេញដែលមានការកកស្ទះចរាចរណ៍ច្រើនផងដែរ។

6. ភាពស្អាត និងអនាម័យ
ក្លិបហាត់ប្រាណក៏ជាកន្លែងដែលអ្នកសម្រាកអារម្មណ៍ពីការងារ និងបញ្ចេញស្រេ្តសផងដែរ  ដូច្នេះហើយក្លិបហាត់ប្រាណត្រូវជាកន្លែងដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។ អ្វីដែលអ្នកគួរសង្កេតមានដូចជា ឧបករណ៍ហាត់ប្រាណរប៉ាត់រប៉ាយឬទេ ឧបករណ៍ដែលខូចមានអ្នកធ្វើឬទេ ក្លិបនោះមានធុំក្លិនអាក្រក់ឬទេ កន្សែងបោកបានស្អាតឬទេ ឬសំរាមទុកដាក់មានរបៀបជាដើម។

7. ម៉ោងដែលបំរើការ
អ្នកខ្លះចូលចិត្តហាត់ពេលព្រឹក ខ្លះក៏ចូលចិត្តហាត់ពេលល្ងាច ដូច្នេះអ្នកត្រូវពិនិត្យឲ្យច្បាស់ថាក្លិបនោះបើកពីពេលណាដល់ពេលណា។ ដោយឡែក អ្នកក៏គួរសួរពីកាលវិភាគបិទក្នុងកម្មវិធីបុណ្យផ្សេងៗផងដែរ ព្រោះជួនកាលបើថ្ងៃបុណ្យផ្សេងៗ យើងក៏អាចទៅហាត់ប្រាណលេងផងដែរ។

8. គ្រូបង្ហាត់
គ្រូបង្ហាត់ក្នុងក្លិបហាត់ប្រាណក៏ជាកត្តាសំខាន់មួយផងដែរ ព្រោះបើមានគ្រូត្រឹមត្រូវ នោះយើងនឹងហាត់បានត្រូវតាមការណែនាំ និងឆាប់ទទួលបានលទ្ធផលផងដែរ។

9. ការផ្តល់ជូនពិសេសៗសម្រាប់សមាជិក
ក្លិបហាត់ប្រាណមួយចំនួនមានការសហការណ៍ជាមួយហាងផ្សេង ដូច្នេះប័ណ្ណសមាជិកដែលអ្នកកាន់អាចនឹងទទួលបានការបញ្ចុះតម្លៃផ្សេងៗ ឬទទួលបានសេវាកម្មមួយចំនួនដោយឥតគិតថ្លៃផងដែរ។


Share:

អត្ថបទទាក់ទង