Menu

ចេះអានស្លាកសញ្ញាអាហារូបត្ថម្ភឬនៅ?


ចេះអានស្លាកសញ្ញាអាហារូបត្ថម្ភឬនៅ?

តើអ្នកធ្លាប់ចាប់អារម្មណ៍លើស្លាកអាហារូបត្ថម្ភ(Nutrition-Facts)ដ៏ស្មុគស្មាញមានលើផលិតផលអាហារដែលអ្នកប្រើប្រាស់ជាប្រចាំដែរឬទេ? ហើយអ្នកដឹងទេថាវាចាំបាច់យ៉ាងណាសម្រាប់អ្នក និងក្រុមគ្រួសារ?

ស្លាកព័ត៌មានអាហារូបត្ថម្ភគឺជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់ចង្អុលបង្ហាញពីការប្រើប្រាស់ផលិតផលនោះឲ្យបានត្រឹមត្រូវ និងវត្តមានសារធាតុចិញ្ចឹមដែលមានឥទ្ធិពលចំពោះសុខភាព។ ស្លាកអាហារទាំងនោះ ក៏ជាគន្លឹះដើម្បីឲ្យអ្នកមានភាពងាយស្រួលក្នុងការជ្រើសរើសផលិតផលអាហារដែលត្រូវនឹងអ្នកផងដែរ។ អ្នកអាចនឹងគិតថា វាពិបាកក្នុងការយល់បន្តិច តែ ហេលស៍ថាម នឹងបង្ហាញអ្នកថាការរៀនមើលស្លាកអាហារូបត្ថម្ភលើផលិតផលអាហារពិតជាចាំបាច់ ហើយក៏មិនស្មុគស្មាញដូចដែលអ្នកបានឃើញនោះទេ។
    1. រង្វាស់នៃការញ៉ាំ (Serving Size)
វាជាអ្នកប្រាប់ថាអ្នកគួរញ៉ាំម្តងក្នុងបរិមាណប៉ុណ្ណា និងអាចញ៉ាំបានប៉ុន្មានដងក្នុងមួយកញ្ចប់នៃផលិតផលនោះដោយប្រើប្រាស់ខ្នាតប្រៀបធៀបជាពែង ស្លាបព្រា ឬដុំជាដើម។    អ្នកគួរតែប្រុងប្រយ័ត្នលើរង្វាស់នេះ  ដើម្បីដឹងថាអ្នកគួរបែងចែកវាសម្រាប់ញ៉ាំប៉ុន្មានដង ចៀសវាងការញ៉ាំលើស ឬខ្វះនៃសារធាតុក្នុងអាហារ។
    2. កាឡូរី
កាឡូរីអាចវាស់ពីបរិមាណថាមពលដែលអ្នកទទួលបានពីការញ៉ាំម្តងៗ ឬមួយរង្វាស់(One serving)។ ការមើលបរិមាណកាឡូរី ក្នុងស្លាកព័ត៌មានអាហារូបត្ថម្ភ ពិតជាមានសារសំខាន់ អាចឲ្យអ្នកកំណត់ពីការទទួលបានបរិមាណកាឡូរីក្នុងមួយថ្ងៃ ដើម្បីអាចរក្សាទម្ងន់ ឬសម្រកទម្ងន់បាន។
ចំណាំ៖   បរិមាណទូទៅនៃកាឡូរីសម្រាប់មួយ
រង្វាស់៖ ៤០ កាឡូរី គឺកម្រិតទាប ១០០ កាឡូរី គឺកម្រិតមធ្យម និង៤០០ កាឡូរី ឬច្រើនជាងនេះ គឺកម្រិតខ្ពស់។
    3. សារធាតុចិញ្ចឹមដែលគួរញ៉ាំក្នុងបរិមាណកំណត់
ការញ៉ាំសារធាតុខ្លាញ់ដូចជាខ្លាញ់ឆ្អែត   (ពពួកខ្លាញ់មិនល្អ)  ខ្លាញ់មិនឆ្អែត (ពពួកខ្លាញ់ល្អ)  កូឡេស្តេរ៉ុល  និងសូដ្យូមច្រើនអាចបង្កហានិភ័យនៃជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺបេះដូង មហារីក លើសសម្ពាធឈាមជាដើម។   ដូចនេះ គួរតែជ្រើសរើសយកផលិតផលអាហារណាដែលមានធាតុខ្លាញ់ទាំងនេះ    ក្នុងកម្រិតមួយទាបបំផុតតាមដែលអាចធ្វើបាន។
ចំណាំ៖ អាហារដែលបញ្ជាក់ថា Fat–freeឬ   Low-fat មិនមានន័យថា គ្មានកាឡូរីទេ ដូចនេះគួរមើលបរិមាណកាឡូរីឡើងវិញ។
    4.សារធាតុចិញ្ចឹមដែលគួរញ៉ាំឲ្យបានគ្រប់គ្រាន់
វាជាសារធាតុដែលសរីរាង្គត្រូវការក្នុងបរិមាណតិចតួចតែមិនអាចខ្វះវាបានទេ។  ការញ៉ាំពពួកកាកសរសៃ (Fiber) ដូចជា វីតាមីនA  វីតាមីនC កាល់ស្យូម និងដែក អាចជួយកែតម្រូវសុខភាពរបស់អ្នកឲ្យមានភាពប្រសើរឡើង ប៉ុន្តែលុះត្រាតែវាស្ថិតក្នុងបរិមាណកំណត់មួយប៉ុណ្ណោះ។
    5.យល់អំពីកំណត់សម្គាល់ដែលមាននៅខាងក្រោមនៃស្លាកអាហារ
តួលេខបញ្ជាក់ពី កម្រិតប្រើប្រាស់ក្នុងមួយថ្ងៃនៃសារធាតុនីមួយៗ   ទៅតាមបរិមាណកាឡូរីនៃរបបអាហារទូទៅ ដែលទិន្នន័យនេះមិនមានការផ្លាស់ប្តូរពីផលិតមួយទៅផលិតផលមួយទេ។
ចំណាំ៖ ពាក្យ   មានន័យថា អ្នកគួរតែទទួលបរិមាណនៃសារធាតុនោះឲ្យទាបជាងការណែនាំ និងពាក្យ   មានន័យថាអ្នកគួរទទួលបរិមាណនៃសារធាតុនោះយ៉ាងតិចឲ្យស្មើការណែនាំ។
    6. ភាគរយបរិមាណសារធាតុចិញ្ចឹមប្រចាំថ្ងៃ (The Percent Daily Value (%DV))
%DV អាចឲ្យដឹងអំពីភាគរយនៃសារធាតុចិញ្ចឹមដែលអ្នកទទួលបានក្នុងការបរិភោគម្តងៗ (One serving) បើធៀបនឹងបរិមាណដែលអ្នកគួរតែទទួលបានសរុបក្នុងមួយថ្ងៃ។ ដូចនេះ អ្នកអាចដឹងបានថា    អ្នកទទួលបានប៉ុន្មានភាគរយនៃសារធាតុចិញ្ចឹមនីមួយៗនៅពេលដែលអ្នកបរិភោគវាម្តង និងដឹងថាគួរបន្ថែមសារធាតុទាំងនោះតាមរយៈអាហារផ្សេងៗក្នុងបរិមាណប៉ុន្មានទៀតទើបគ្រប់គ្រាន់។ តាមរយៈ%DVវាក៏បានបង្ហាញផងដែរថា មួយរង្វាស់នៃផលិតផលអាហារ មានបរិមាណសារធាតុចិញ្ចឹមខ្ពស់ ឬទាប (%DV <5% មានន័យថា មានបរិមាណសារធាតុចិញ្ចឹមទាប និង%DV ≥២០% មានន័យថា មានបរិមាណសារធាតុចិញ្ចឹមខ្ពស់)។

បើអ្នកចេះមើលស្លាកអាហារូបត្ថម្ភ អ្នកពិតជាងាយស្រួលក្នុងការជ្រើសរើសផលិតផលដែលល្អ និងត្រឹមត្រូវ ប៉ុន្តែដើម្បីប្រាកដថាអ្នកទទួលបានផលិតផលដែលមានសុវត្ថិភាព   កុំភ្លេចផងដែរក្នុងការស្វែងរកព័ត៌មាននានានៅលើកញ្ចប់ ឬកំប៉ុងដូចជាថ្ងៃបរិច្ឆេទប្រើប្រាស់ និងការទទួលស្គាល់គុណភាពនៃផលិតផលជាដើម។


Share:

អត្ថបទទាក់ទង