គន្លឹះដើម្បីក្លាយទៅជាអ្នកទំនាក់ទំនងសាធារណៈដោយជោគជ័យ
ការងារទំនាក់ទំនងសាធារណៈ ឬហៅកាត់ជាភាសាអង់គ្លេសថា PR (Public Relations) គឺជាការងារមួយដែលទាមទារនូវជំនាញនិយាយ និង ការទំនាក់ទំនងល្អ ដើម្បីរកវិធីសាស្ត្រទាក់ទាញអតិថិជន និងសាធារណជនឲ្យស្គាល់ស្លាកយីហោរបស់ក្រុមហ៊ុនឬផលិតផលរបស់ខ្លួន។ លោក ធិន ឌីម៉ង់ ជាបុគ្គលិកទំនាក់ទំនងសាធារណៈនៅសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) នឹងចែករំលែកបទពិសោធន៍ពីគន្លឹះមួយចំនួនដល់មិត្តអ្នកអាន ដើម្បីក្លាយខ្លួនទៅជាអ្នកទំនាក់ទំនងសាធារណៈម្នាក់ដោយជោគជ័យ។
តើការងារទំនាក់ទំនងសាធារណៈគឺជាអ្វី? មានទំនួលខុសត្រូវការងារអ្វីខ្លះ?
ដូចជាមួយនឹងឈ្មោះរបស់វា ការងារទំនាក់ទំនងសាធារណៈគឺជាការងារមួយត្រូវចាំបាច់ធ្វើការជិតស្និទ្ធជាមួយនឹង អតិថិជនរបស់ក្រុមហ៊ុន ដោយផ្សារភ្ជាប់នូវទំនាក់ទំនងល្អរវាងក្រុមហ៊ុននិងដៃគូសហការ និងផ្សព្វផ្សាយឈ្មោះស្ថាប័នខ្លួនទៅកាន់សាធារណជនផងទាំងឡាយ បានស្គាល់ និងអាចមកទទួលយកសេវាកម្មរបស់ក្រុមហ៊ុនផងដែរ។ ទំនួលខុសត្រូវដែលសំខាន់បំផុតគឺការផ្តល់ព័ត៌មានដែលក្បោះក្បាយ និងពេញលក្ខណៈនៃក្រុមហ៊ុនទៅកាន់អតិថិជន និងសាធារណជន។ ក៏ដូចគ្នានេះដែរ អ្នកទំនាក់ទំនងសាធារណៈត្រូវមានអត្តចរិក និងការនិយាយស្តីសមរម្យ ដើម្បីរក្សានូវគុណតម្លៃរបស់ខ្លួន និងកិត្តិយសរបស់ក្រុមហ៊ុនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទំនាក់ទំនងសាធារណៈ ត្រូវរក្សារឲ្យបាននូវព័ត៌មានផ្ទៃក្នុងរបស់ស្ថាប័នខ្លួនឲ្យបានភ្ជាប់ភ្ជួន និងមិនត្រូវផ្តល់ព័ត៌មានមិនជាក់លាក់ ទៅកាន់សាធារណជន ឬក៏ស្ថាប័នដទៃឡើយ ជាស់វាងមានការយល់ច្រឡំ និងអាចប៉ះពាល់ស្ថាប័នខ្លួន។
តើអ្នកទំនាក់ទំនងសាធារណៈគួរមាន និងធ្វើអ្វីខ្លះ?
ដើម្បីក្លាយជាអ្នកទំនាក់ទំនងសាធារណៈមួយដ៏ល្អមួយដល់ស្ថាប័នខ្លួន អ្នកត្រូវជាបុគ្គលម្នាក់ដែលមានចំណេះដឹងខ្ពស់ ចូលចិត្តអានសៀវភៅដើម្បីបង្កើនចំណេះដឹង និងត្រូវតាមដានព័ត៌មានក្នុងសង្គមឲ្យច្រើន ដើម្បីដឹងថាមានព្រឹត្តិការណ៍អ្វីខ្លះបាន និងកំពុងកើតឡើងផងដែរ។ បន្ថែមពីនេះអ្នកទំនាក់ទំនងសាធារណៈ ក៏ត្រូវចេះប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដូចជា Facebook ជាដើម ព្រោះថាពេលខ្លះអ្នកនឹងអាចផ្សព្វផ្សាយ ឬផ្តល់ព័ត៌មានរបស់ស្ថាប័នខ្លួនទៅកាន់សាធារណជន ដែលកំពុងប្រើប្រាស់បណ្តាញសង្គមនេះ។ ជាមួយគ្នានេះដែរ អ្នកគួរចូលរួមកម្មវិធី ឬសកម្មភាពសង្គមផ្សេងៗ ដើម្បីបានចូលរួមបង្កើតចំណងមិត្តភាព ឬក៏ដូចជាផ្សព្វផ្សាយព័ត៌មានរបស់ស្ថាប័នខ្លួនទៅកាន់ក្រុមគោលដៅណាមួយដែលអ្នកអាចគិតថាពួកគេនឹងអាចក្លាយជាអតិថិជនប្រើប្រាស់សេវាកម្ម ឬផលិតផលរបស់ស្ថាប័នអ្នក។ ចំនុចបន្ថែមពីនេះគឺ អ្នកត្រូវស្គាល់បណ្តាសារព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានឲ្យបានច្រើន ព្រោះថាពួកគេអាចជួយផ្សព្វផ្សាយស្ថាប័នអ្នកទៅកាន់សាធារណជនជាច្រើននាក់ ដែលតាមដានសារព័ត៌មាននោះ។ ដូច្នេះអ្នកត្រូវធ្វើជិតស្និទ្ធជាមួយអ្នកសារព័ត៌មាន និងផ្តល់នូវព័ត៌មានជាក់ច្បាស់ដល់ពួកគេ ដើម្បីផ្សព្វផ្សាយបន្តទៅកាន់សាធារណជន ឲ្យបានយល់ដឹង និងស្គាល់ស្ថាប័នអ្នក។
គេថា ការងារទំនាក់ទំនងសាធារណៈ គឺមានជំនាញបញ្ចុះបញ្ចូល និងវិធីសាស្ត្រក្នុងការនិយាយពីរឿងរបស់ក្រុមហ៊ុនឲ្យជ្រាបចូលទៅដល់ចិត្តរបស់អតិថិជន និងដៃគូ។ តើជាទូទៅបងមានសិល្បវិធីបែបណាដើម្បីធ្វើវា?
ការបញ្ចុះបញ្ចូលក្នុងវិស័យជំនួញគឺមានតែពន្យល់យ៉ាងណាអំពីសេវាកម្មផ្សេងៗដើម្បីឲ្យដៃគូរសហការឲ្យបានយល់ច្បាស់ដោយទាមទារនូវ ឯកសារយោង និងរបាយការណ៍ស្តីអំពីក្រុមហ៊ុនដើម្បីបង្កើនទំនុកចិត្តថាគាត់នឹងពិតជាអាចទទួលបានអ្វីដែលបានលើកឡើង។ ចំណុចដែលសំខាន់មួយទៀតនោះគឺត្រូវនិយាយពីអ្វីដែលដៃគូសហការនឹងទទួលបានបន្ទាប់ពីជាវសេវាកម្ម ឬចាប់ផ្តើមសហការជាមួយគ្នា។ ការពន្យល់នេះទាមទារឲ្យអ្នកត្រូវពន្យល់ម្តងមួយៗ ដោយក្បោះក្បាយ និងផ្តល់ទំនុបចិត្តដល់អតិថិជន។ មិនត្រឹមតែផ្តល់ព័ត៌មាននោះទេ អ្នកត្រូវយកចិត្តទុកដាក់លើអតិថិជនរបស់យើង ដោយនូវផ្តល់សេវាកម្មដល់ពួកគាត់ឲ្យបានល្អ យកចិត្តទុកដាក់លើពួកគាត់រហូតដល់ពួកគាត់ពេញចិត្តនឹងសេវាកម្មរបស់ស្ថាប័នអ្នក។
តើទុក្ខលំបាក ក៏ដូចជាឧបសគ្គអ្វីខ្លះដែលលោកធ្លាប់ជួបប្រទះក្នុងរយៈពេលដែលបងបានធ្វើការងារនេះ?
អ្វីដែលមានភាពលំបាកនោះគឺនៅពេលដែលត្រូវទាក់ទងក្រុមហ៊ុនថ្មីៗដែលមិនមែនជាដៃគូសហការ ឬអតិថិជនចាស់របស់ក្រុមហ៊ុនយើង ដោយសារតែយើងត្រូវផ្តល់ព័ត៌មានឲ្យបានក្បោះក្បាយ និងលម្អិតជាទីបំផុតដើម្បីចៀសវាងការយល់ច្រលំក្នុងកត្តាណាមួយ។ ក្នុងនេះដែរ នៅមានក្រុមហ៊ុនថ្មីៗមួយចំនួនទទួលយល់ព័ត៌មានខុស ក្នុងនាមយើងជាអ្នកទំនាក់ទំនងសាធារណៈត្រូវមានភាពអំណត់ដោយផ្តល់នូវព័ត៌មានដដែលនោះដល់គាត់។ រីឯចំណុចលំបាកមួយទៀតនោះគឹ លក្ខខណ្ឌភាសា។ ដោយសារតែប្រទេសរីកចម្រើន និងជាទីផ្សារសេរីផងនោះ សហគ្រិនឬអ្នកជំនួញជាច្រើនជាជនជាតិបរទេស ដែលចាំបាច់ត្រូវប្រើប្រាស់ភាសាអង់គ្លេសដើម្បីទំនាក់ទំនង។ ការប្រើប្រាស់ភាសាដទៃក្នុងការទំនាក់ទំនងមិនមែនជារឿងងាយស្រួលឡើយ ក្នុងករណីដែលសហគ្រិនមិននិយាយភាសាអង់គ្លេសដែលទាមទារវត្តមានអ្នកបកប្រែមកចូលរួម។ ដែលសកម្មភាពបែបនេះអាចបង្កឲ្យមានការទទួលព័ត៌មានខុសជាដើម។ លើសពីនេះទៀត ពេលខ្លះអ្នកទំនាក់ទំនងសាធារណៈត្រូវធ្វើដំណើរ និងចំនាយពេលវេលាច្រើនដើម្បីទៅជួបអតិថិជន ពេលខ្លះក៏មិនសូវបានឈប់សម្រាកផងដែរ។
ជាមួយគ្នានេះ ការងារទំនាក់ទំនងសាធារណៈក៏មានជាការរៀបចំកម្មវិធីផងដែរ។ តើបងអាចចែករំលែកបទពិសោធន៍ពីការរៀបចំកម្មវិធីដើម្បីទទួលបានភាពជោគជ័យនិងប្រកបដោយភាពរលូន?
ជាការពិតណាស់ ការងាររៀបចំកម្មវិធីគឺជាការងារដែលត្រូវការមនុស្សជាច្រើនចូលរួមជួយ គឺមិនអាចបានទេក្នុងការធ្វើវាឡើងតែម្នាក់ឯង។ ដូចនេះ កត្តាដែលសំខាន់នោះគឺមានអ្នកចូលរួមច្រើន និងការគ្រប់គ្រងក្រុមឲ្យមានប្រសិទ្ធិភាព។ កម្មវិធីមួយអាចធ្វើឡើងបានដោយភាពជោគជ័យនិងរលូនទាល់តែសមាជិកក្នុងក្រុមសហការគ្នា មានភាពសាមគ្គីក្រុម ទទួលបានព័ត៌មានច្បាស់លាស់ពីក្រុមមួយទៅក្រុមមួយ និងចៀសវាងការទទួលបានព័ត៌មានខុស ដែលសកម្មភាពទាំងនេះត្រូវធ្វើនៅមុនពេលកម្មវិធីចាប់ផ្តើម។ ប្រសិនបើមានបញ្ហាអ្វីកើតឡើង អ្នកត្រូវរាយការណ៍ទៅកាន់ប្រធានក្រុមរបស់អ្នក ដើម្បីឲ្យមានការសិក្សា និងដោះស្រាយបញ្ហានោះ ជៀសវាងមានបញ្ហាពេលមានកម្មវិធី។ ដូច្នេះនៅពេលដែលកម្មវិធីបានមកដល់ សមាជិកម្នាក់ៗនឹងច្បាស់អំពីតួនាទីរបស់ខ្លួន និងចូលរួមធ្វើការសហការគ្នាយ៉ាងសកម្ម។
អនុសាសន៍
កត្តាដែលសំខាន់ដែលអ្នកធ្វើការងារសាធារណៈត្រូវចេះគឺបត់បែនតាមកាលៈទេសៈ និងមានភាពឈ្លាសវៃ។ ការបត់បែននេះពេលខ្លះគឺតម្រូវឲ្យយើងធ្វើការសម្រេចចិត្តដោយខ្លួនឯងទៅលើរឿងមួយចំនួនដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើង។ ម្យ៉ាងវិញទៀត អ្នកត្រូវត្រៀមខ្លួនជានិច្ចក្នុងការដោះស្រាយបញ្ហាពីព្រោះថាអាចនឹងមានបញ្ហាកើតឡើងគ្រប់ពេល។