Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

បើចង់បានសង្សារជានិសិត្សពេទ្យ គួរដឹងពីចំណុចទាំង១០នេះ

ក្រៅពីដឹងពីគន្លឹះសិក្សាឲ្យបានជោគជ័យ អ្នកក៏ត្រូវការយល់ដឹងផងដែរអំពីជីវិតស្នេហាព្រោះថាវាជាច្បាប់ធម្មជាតិដែលនរណាមិនអាចគេចបាន…ចៃដន្យមែនទែន…ក៏មានអត្ថបទនិយាយអំពីអ្វីដែលគិតថាអ្នកនឹងចង់ដឹងល្មម…មិនចង់ឲ្យពិបាកយល់ ក៏ព្យាយាមកែសម្រួលមកជាខ្លីៗ ហើយងាយយល់…ចង់ដឹងថាមានអ្វីខ្លះ? តាមដានជាមួយគ្នា…

អ្នករៀនពេទ្យអាចនិយាយបានថាមានភាពរវល់បន្តិច តែគាត់ក៏មានបេះដូង ហើយក៏ចេះមានស្នេហាដែរ អ្វីដែលសំខាន់នោះ តើអ្នកអាចមានសមត្ថភាពចាប់យកបេះដូងគាត់បានដែរ ឬទេ? ១០ចំណុចខាងក្រោមនេះ អាចបង្ហាញផ្លូវអ្នកបានខ្លះមុនពេលសម្រេចចិត្តយកសង្សារជានិស្សិតពេទ្យ ...

១. គាត់ជាអ្នកស្តាប់ level Pro. 
ពួកគាត់ចំណាយពេលស្តាប់អ្នកជំងឺ សាស្រ្តាចារ្យ ឬវេជ្ជបណ្ឌិត ដូចនេះគាត់ជាអ្នកស្តាប់ដ៏ជំនាញម្នាក់។ ដូចនេះបើអ្នក ចង់ចាប់យកបេះដូងរបស់គាត់ គឺត្រូវតែនិយាយឲ្យមានហេតុផល នោះគាត់នឹងព្យាយាមស្វែងយល់ពីអ្នក និងចៀសវាងនិយាយកាត់ខ្លីៗដូចជា ឆ្លើយហាសហា... ទេ... ឬLolជាដើម។  

២. ធ្វើគម្រោងរាប់អានគ្នាជាសង្សារយ៉ាងហោចណាស់ឲ្យបាន១០ឆ្នាំ
អ្នកត្រូវដឹងថា អ្នករៀនពេទ្យ ត្រូវចំណាយពេលយ៉ាងហោចណាស់ ១០ឆ្នាំសម្រាប់ការសិក្សា និងមិនមានពេលទំនេរច្រើនទេ។ ហេតុនេះហើយ អ្នកមិនសូវមានពេលនៅជាមួយគ្នាបានច្រើនដូចជាចូលកម្មពិធីផ្សេងៗដូចជា ទៅការពួកម៉ាក់ ឬចូលហាងកាហ្វេជាមួយគ្នាទេ..

៣. ឱកាសDateមិនសូវញឹកញាប់ប៉ុន្មានទេ
ព្រោះក្រៅពីពេលដ៏ពិសេសនេះ គាត់ត្រូវទៅរៀន ទៅយាមនៅពេទ្យ និងត្រៀមសម្រាប់ការប្រលងបន្តទៀត។ អ្នកគួរដឹងផងដែរថា និស្សិតពេទ្យគ្រប់រូបត្រូវ មើលមេរៀនយ៉ាងតិចណាស់៥០០ទំព័រដែរ មុនទៅរៀនក្នុងថ្នាក់ ជាពិសេសមុនពេលធ្វើតេស្តផ្ទាល់មាត់ជាដើម។

៤. អ្នកត្រូវទទួលស្គាល់ថាគាត់អាចដោះស្រាយគ្រប់បញ្ហាសុខភាពរបស់អ្នក
រាល់ការបញ្ចេញមតិរបស់អ្នកអាចនឹងខុសចំពោះបញ្ហាសុខភាពនានា ហើយអ្នកត្រូវស្របតាមគំនិតគាត់។ ពេលអ្នកមានរបួសតែបន្តិច អ្នកនឹងត្រូវបានព្យាបាលដោយគ្មានការតវ៉ា ព្រោះគាត់ព្យាយាមអនុវត្តជំនាញរបស់គេ។ 
 
៥. អ្នកត្រូវធ្វើខ្លួនធ្វើជាអ្នកជំងឺ 
និស្សិតត្រូវមានការអនុវត្តច្រើនដូចជារៀនចាក់ថ្នាំ ឬការនិយាយសួរសំនួរទៅកាន់អ្នកជំងឺដើម្បីធ្វើរោគវិនិច្ឆ័យជាដើម ដូចនេះអ្នកត្រូវដើរតួសំដែងជាមួយគាត់ទោះអ្នកខ្លាចម្ជុល ឬឈាមយ៉ាងណាក៏ដោយ។ 

៦. ត្រៀមខ្លួនស្តាប់ពាក្យដែលមិនចូលចិត្ត
និស្សិតពេទ្យអាចនិយាយពាក្យដូចជា ការបន្ទោបង់លាមក ទឹកនោម ផោម ឬការមានរដូវ បានយ៉ាងស្ទាត់ជំនាញ ស្របពេលអ្នកគិតថាមិនសូវសមរម្យ។ ប៉ុន្តែនេះជាអាជីពរបស់គាត់ដែលត្រូវនិយាយពាក្យទាំងអស់នោះ។  

៧. និស្សិតពេទ្យមានម៉ោងគេងមិនទៀងទាត់
អ្នកត្រូវដឹងថាការពួកគាត់ពេលខ្លះត្រូវរៀនផង យាមផង ពេលខ្លះទៀតត្រូវធ្វើការជាង២៤ម៉ោង ដែលតម្រូវឲ្យពួកគាត់ត្រូវគេងសងវិញ និងមិនអាចរំខានដំណេកគាត់បានទេ... អ្នកត្រូវដឹង...ពិសេសថ្ងៃចុងសប្តាហ៍។

៨. ត្រូវរៀនអត់ធ្មត់ចិត្តបន្តិច
និស្សិតពេទ្យអាចនឹងមានការស្រ្តេសពីការសិក្សា និងការយាមនៅពេទ្យជាដើម ពេលខ្លះគាត់មានភាពនឿយហត់ដែរ ជាមួយការប្រកួតប្រជែងច្រើនទៀតនោះ អាចនាំឲ្យមានអត្តចរិកកាចបន្តិច ដូចនេះបើអ្នកដាក់ចិត្តស្រឡាញ់គាត់ហើយត្រូវតែចេះអត់ធ្មត់។

៩. អាចទទួលបានការជំរុញទឹកចិត្តខ្ពស់
ពួកគាត់មានការជំរុញទឹកចិត្តខ្លួនឯងបានល្អ ហើយអ្នកក៏នឹងទទួលបានការជំរុញលើកទឹកចិត្តបែបនោះដែរ មិនថាការបំពេញការងារ ពុះពារការលំបាក គឺគាត់នឹងតែងតែនៅពីក្រោយអ្នកជានិច្ច។ អ្នកអាចមើលការខិតខំប្រឹងប្រែងរៀនសូត្ររបស់គាត់ក៏ដឹងដែរ។ 

១០. និស្សិតពេទ្យមានចិត្តស្មោះ 
ត្បិតតែពួកគាត់មិនមានពេលវេលាច្រើនសម្រាប់ដៃគូ ដោយហេតុការគោរពតួនាទី និងដើម្បីជួយមនុស្សដទៃទៀត (និយាយទៅគឺគាត់Work hard) តែគាត់ក៏ពូកែថែរក្សាចំណងស្នេហ៍របស់គាត់ដែរ។

តែប៉ុន្មានចំណុចនេះ ក៏ល្មមគ្រប់គ្រាន់ឲ្យអ្នកតៀមចិត្តត្រៀមកាយ ក៏ដូចជាស្វែងយល់ពីជីវិតស្នេហារបស់និស្សិតពេទ្យដែរ…ហើយសម្រាប់និស្សិតពេទ្យវិញ?  អ្វីដែលបានលើកឡើងហ្នឹង…ត្រឹមត្រូវដែរឬអត់?

ប្រភព ៖ https://forum.facmedicine.com/threads/14-things-you-should-know-before-dating-a-med-student.22092/ 

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                  


អត្ថបទទាក់ទង

មើលទាំងអស់

នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៨ កន្លងទៅនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំឡើងនូវកម្មវិធីមួយស្តីពី សុខភាពបេះដូង «My Heart, Your Heart» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសុខភាពបេះដូង និងដើម្បីជំរុញដល់ប្រជាជនកម្ពុជាក្នុងការរស់នៅប្រកបដោយសុខភាពល្អ និងមានភាពសកម្ម។ កម្មវិធីដែលប្រព្រឹត្តឡើងពេញមួយព្រឹកនេះរួមមាន ការពិនិត្យ និងពិគ្រោះយោបល់ទាក់ទងនឹងសុខភាពបេះដូងជូនដល់សាធារណជនដែលអញ្ជើញចូលរួម ការធ្វើបទបង្ហាញ និងវេទិកាពិភាក្សាស្តីពីសុខភាពបេះដូង ក្រោមការចូលរួមពីគ្រូពេទ្យឆ្នើមពីររូបគឺ លោកសាស្ត្រាចារ្យ សុខ ជួរ វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា ព្រមទាំងលោកវេជ្ជបណ្ឌិត ថេង យូដាលីន វេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត។  ក្នុងឱកាសនេះផងដែរ លោក Robert Elliott  អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ តែងតែគាំទ្រយ៉ាងពេញទំហឹងលើការលើកកម្ពស់សុខភាព និងសុខុមាលភាព។ កម្មវិធីសុខភាពបេះដូងនាព្រឹកនេះបានផ្សារភ្ជាប់យ៉ាងល្អទៅនឹងគោលដៅរបស់យើងក្នុងការជួយធ្វើឲ្យការសម្រេចចិត្តរបស់ប្រជាជនកាន់តែមានភាពងាយស្រួល និងជីវិតរបស់ពួកគាត់កាន់តែប្រសើរឡើង។ បេះដូងជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ជីវិតរបស់យើង ហើយនៅពេលដែលបេះដូងមានសុខភាពល្អ គឺប្រៀបដូចជាយើងទទួលបានទ្រព្យដ៏មានតម្លៃបំផុតមួយផងដែរ។» លោក Robert បានបន្ថែមថា៖ «យើងប្តេជ្ញាក្នុងការជួយកសាងអនាគតដែលមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងពោរពេញដោយសុខភាពល្អជូនដល់គ្រួសារកម្ពុជា។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តនេះ យើងទើបតែបានសម្ពោធជាផ្លូវការនូវអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកាលពីខែកក្កដា ឆ្នាំនេះ ដែលអត្ថប្រយោជន៍នេះផ្តល់នូវការការពារផ្នែកហិរញ្ញវត្ថុរហូតដល់ ១០ ម៉ឺនដុល្លាអាមេរិក សម្រាប់ស្ថានភាពជំងឺធ្ងន់ធ្ងរនានារួមទាំងជំងឺបេះដូងផងដែរ។» លោកសាស្ត្រាចារ្យ សុខ ជួរ ក៏បានមានប្រសាសន៍ដែរថា៖ «កម្មវិធីនេះមានសារសំខាន់ណាស់សម្រាប់សាធារណជនដើម្បីយល់ដឹងឲ្យកាន់តែច្បាស់អំពីសុខភាពបេះដូង និងជំងឺសរសៃឈាមបេះដូង។ ទោះបីជាជំងឺបេះដូងមិនមែនជាជំងឺឆ្លងក៏ដោយ ប៉ុន្តែវាអាចប៉ះពាល់ដល់សុខភាព និងអាចបណ្តាលឲ្យអ្នកជំងឺមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។ ការសិក្សាយល់ដឹងបន្ថែមគឺជាគន្លឹះមួយនៃការការពារពីការកើតជំងឺបេះដូង។» ដោយឡែក ទឹកប្រាក់បរិច្ចាគសប្បុរសធម៌ពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ទៅកាន់សមាគមគ្រូពេទ្យបេះដូងកម្ពុជាដែលទទួលបាននាកម្មវិធីព្រឹកថ្ងៃទី ២៨ ខែតុលា នេះមានចំនួនជាទឹកប្រាក់សរុប ៥០០០ ដុល្លាអាមេរិក។ ទាក់ទងនឹងចំណុចនេះ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា៖ «ទឹកប្រាក់បរិច្ចាគសប្បុរសធម៌របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌានឹងត្រូវប្រើប្រាស់ដើម្បីជួយដល់សមាគមគ្រូពេទ្យបេះដូងកម្ពុជាក្នុងការអប់រំ និងលើកកម្ពស់ដល់ការយល់ដឹងអំពីសុខភាពបេះដូងទៅកាន់ប្រជាជនកម្ពុជា។ លើសពីនេះទៅទៀតទឹកប្រាក់សប្បុរសធម៌នេះនឹងជួយគាំទ្រដល់ការផ្តល់ការអប់រំបន្ថែមទៅកាន់វេជ្ជបណ្ឌិតកម្ពុជា ដូច្នេះយើងអាចជួយបង្កើនគុណភាពនៃការព្យាបាល និងអាចអនុញ្ញាតឲ្យគ្រូពេទ្យរបស់យើងផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់សហគមន៍ក្រីក្រផងដែរ។» គួររំលឹកផងដែរថា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១២ និងជាទីផ្សារចុងក្រោយរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងពិភពលោក។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានឈ្នះពានរង្វាន់អន្តរជាតិចំនួន ៣ ពីស្ថាប័ន Asia Pacific Customer Service Consotium (APCSC) ដែលរួមមានពានរង្វាន់ទំនាក់ទំនងល្អជាមួយអតិថិជនប្រចាំឆ្នាំ ពានរង្វាន់ភាពជាអ្នកដឹកនាំសកម្មភាពសង្គមប្រចាំឆ្នាំ និងពានរង្វាន់កិត្តិនាមក្រុមហ៊ុនឆ្នើមប្រចាំឆ្នាំ។  

ថ្ងៃមុន មាននិស្សិតពេទ្យមួយរូបបានចេញផ្សាយនូវ«បទចម្រៀងអង្រួនបេះដូងនិស្សិតពេទ្យ (Vol I)» (បើមិនទាន់អានទេ អាចចុចអាន ត្រង់នេះ បាន) !!! ក្រុមការងារ ក៏បានប្រមូលនូវមតិយោបល់ និងពាក្យណែនាំខ្លះៗរបស់ប្រិយមិត្តអ្នកអាន ជាពិសេសនិស្សិតពេទ្យដទៃទៀត ហើយចងក្រងជាវ៉ុលថ្មីនេះ... ចង់ដឹងថា វ៉ុលនេះ មានអ្វីប្លែកខ្លះ? ហើយអង្រួនបេះដូងដល់កម្រិតណានោះ? តោះ! អានខាងក្រោមជាមួយគ្នា… 1.ដាក់ Braceបេះដូង 2.មាន You, Meលែងត្រូវការ Ibuprofen 3.ជួសឈាម ជំពាក់ស្នេហ៍ 4.មានវ៉ាក់សាំងណាចាក់ឲ្យឈប់នឹកគេ? 5.សារភាពស្នេហ៍តាមវេជ្ជបញ្ជាបេះដូង 6.ត្រូវការអ្នកវាស់ចង្វាក់បេះដូង 7.ស្នេហាអូន/បង មិន resistance 8.ស្រលាញ់មនុស្សម្នាក់ មិនគិតពីក្រុមឈាម 9.ច្រណែនអ្នកថែបេះដូងYou មិនមែន Me 10.ពេលស្តារ មានគេនៅក្បែរ សែនកក់ក្តៅ 11.អូន/បង ជាVidalរបស់បង/អូន 12.ជួបស្នេហ៍ពេលរៀន Botanique 13.បានមើលត្រឹម Anatomy បង 14.ឃើញអូន/បង បង/អូនចង់លេប Para(cetamol) 15.You are my Ibu បើមានអ្វីចង់ចែករំលែកបន្ថែម អាចcommentខាងក្រោមនេះបាន បើបានច្រើន ក្រុមការងារនឹងចងក្រងជាវ៉ុលបន្ទាប់ផងដែរ…ហើយបើមានអ្នកចាប់អារម្មណ៍ចង់សរសេរជាបទចម្រៀងមែនទែននោះ កុំភ្លេចប្រាប់ដល់ក្រុមការងារឲ្យបានដឹងផង… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

លក្ខណៈថា…គ្រាន់តែឃើញចំណងជើង ក៏ចង់ស្តាប់តែម្តង  នេះគ្រាន់តែជាvol 01ប៉ុណ្ណោះ…( Vol 02 ក៏នឹងមានចេញក្នុងពេលឆាប់ៗនេះហើយដែរ…) តោះ! ទៅអានលេងជាមួយគ្នា… 1. រៀនពេទ្យខ្វះស្នេហា ប្រៀបដូចដាក់ថ្នាំខ្វះដូស (dose) 2. សុំត្រឹមជាវ៉ាក់សាំងអូន/បង 3. បានទេ សុំធ្វើsupplementអូន/បង? 4. ហេតុអ្វីនឹកគេតែពេលខ្លួនឯងឈឺ? (ហៅគេថាខ្លួនឯង ហៅខ្លួនឯងថាគេ) 5. បង/អូនដាក់គ្រប់doseហើយ ម្តេចឡើយមកវិញ? 6. ស្នេហាអូន/បង គ្មានside-effect 7. សុំPassword សុំអេកូបេះដូង 8. សុំសិទ្ធិធ្វើអង់ទីក័រ 9. គ្មានអូន/បង ដូចគ្មានអុកស៊ីសែន 10. ស្តេតូខាងនេះ នឹកបេះដូងខាងនោះ 11. I think I need Vitamin U 12. ស្នេហាខុស Recepteur 13. អូន/បងជា stimulant របស់បង/អូន 14. បេះដូងអ្នកសល់ថតទំនេរទេ? 15. បេះដូងmurmurs ដោយសារអ្នក មិនមែនលំៗទេណា៎!!! បើមានអ្នកសហការ គិតរកថតបទចម្រៀងខ្លះៗជាមួយគ្នាហី? និយាយពីថា…ខំប្រមែប្រមូលគំនិតមិត្តភក្តិឡើងពេញហ្នឹង ទម្រាំតែបានប៉ុណ្ណឹងណា៎…ហើយបើមានអ្វីប្លែកជាងនេះទៀត ជួយcommentខាងក្រោមផង នឹងអាលបានធ្វើការជម្រុះ ដើម្បីចេញផ្សាយក្នុងvol 02 តែម្តង…

ជាធម្មតា ពេលដែលយើងកំពុងជិះកង់ ម៉ូតូ ឬ ដើរលេងក្នុងភ្នំពេញ យើងមិនសូវចាប់អារម្មណ៍ឃើញរូបគេគូរលើជញ្ជាំងនោះទេ។ ទាល់តែព្យាយាមរកមើលវាទើបឃើញ ដោយសារវាភាគច្រើនលាក់ខ្លួន សម្ងំនៅក្នុងប្លុកដែលមិនសូវមានមនុស្សរស់នៅ ឬនៅក្នុងផ្លូវតូចៗជាដើម។ មូលហេតុនេះហើយដែលធ្វើឲ្យសិល្បៈប្រភេទនេះខុសគេ ដោយសារយើងតែងជួបវាដោយមិនបានរំពឹងទុក ហាក់ដូចជាប្រទះឃើញរឿងសម្ងាត់មួយអញ្ចឹង។ តែបើអញ្ចឹង យើងធ្វើយ៉ាងណាទើបរកពួកវាឃើញ? អ្នកអាចធ្វើដូចពួកយើង ខ្ចប់នំចំនី និងទឹក ហើយដើររកពួកវាមួយរសៀលនៅថ្ងៃសម្រាកណាមួយ។ គ្រាន់តែបេសកកម្មដើររកពួកវាហ្នឹង ក៏សប្បាយទៅហើយ! តើអ្នកធ្លាប់បានឃើញគំនូរទាំងនេះនៅក្នុងទីក្រុងភ្នំពេញទេ? នេះតម្រុយខ្លះ៖ នៅជិតៗរាជវាំងយើងហ្នឹងឯង។ ខំប្រឹងរកមើលផ្ទះវីឡាចាស់មួយនៅលើផ្លូវសម្តេចសុធារស។ បន្ទាប់មក ដើរទៅផ្លូវ ២៤៤ និងផ្លូវតូចៗដែលនៅជិតៗនោះ។ បើរកឃើញ កុំភ្លេចផ្ញើររូបដែលអ្នកថតបានមកឲ្យយើងផង! អត្ថបទជាភាសាអង់គ្លេស ៖ Art Gallery in Your Streets  អត្ថបទដោយ ៖ Vayo -------------------------- វប្បធម៌វ៉ិបសាយ គឺជាវ៉ិបសាយទ្វេភាសានិយាយពីចំណេះដឹងដែលធ្វើឲ្យជីវិតយើងមានន័យជាងមុន! បើចង់អាន មើល និងស្តាប់បន្ថែម សូមចូលទៅកាន់៖ www.wapatoa.com Wapatoa is a bilingual website aims at providing content that makes life more meaningful! If you want to read, watch and listen more, go to wapatoa.com Facebook : វប្បធម៌ - Wapatoa

ស្នេហាជាច្បាប់ធម្មជាតិដែលមិនថាអ្នកនៅក្នុងវិស័យណា ឋានៈណា ប្រទេសណា វ័យណា នោះទេ គឺសុទ្ធតែមិនអាចចៀសវាងបាន គ្រាន់តែមានរសជាតិ និងសាច់រឿងផ្សេងៗពីគ្នា… ក្នុងនោះផងដែរ អ្នកនៅក្នុងវិស័យសុខាភិបាលខ្លះ ក៏តែងតែចូលចិត្តប្រើពាក្យបច្ចេកទេសមកប្រើប្រាស់ដើម្បីបង្ហាញពីក្តីស្រលាញ់របស់ខ្លួនចំពោះមនុស្សជាទីស្រលាញ់។ តែ…បើនិយាយជាមួយអ្នកនៅក្នុងវិស័យដូចគ្នា មិនអីនោះទេ តែបើអ្នកផ្សេងនោះ កុំភ្លេចបកប្រែ ឬពន្យល់ប្រាប់គេផង មិនអញ្ចឹងទេ ប្រាកដជាស្វីតតែឯងមិនខាន… ថ្ងៃមុន ទំនេរក៏searchលេងៗ ហើយក៏បានដូចចិត្តមែន…ឃ្លាខាងក្រោមនេះ ទម្រាំតែយល់ គឺថា…យកឲ្យបងប្រុស(មោទនភាពក្នុងនាមជាប្អូនរបស់វេជ្ជបណ្ឌិតមួយរូប XD) តោះ! អ្នកណាខ្លះអានយល់? ធ្លាប់ដែលនិយាយទៅកាន់នរណាអត់ហ្នឹង? អាចអានបានជាការកម្សាន្តជាមួយគ្នា.. 1.    Blood is red, Cyanosis is blue…I get Tachycardia when I think of you… 2.    I AORTA feel how much I Love you… 3.    Are you a Pleural Effusion?  Because I can’t breathe when you are around… 4.    You give me premature ventricular contractions… 5.    You make my Dopamine levels go all silly… 6.    From the AORTA to the APEX, I love you with my whole heart… 7.    You must be a red blood cell because you take the oxygen away from my lung & straight to m y heart... 8.    Are you Pulmonary Embolism? Because you take my breathe away… 9.    You must be Aphasia because you left me speechless… 10.    I need a shot of Love vaccine… 11.    I think you are suffering from a lack of Vitamin Me... 12.    Your calves must ache because you’ve been back-marching through my mind all day... 13.    Are you C-reactive protein? Cause you have acute phase... 14.    ICU in my dreams... 15.    Can I be your ophthalmologist ‘cause I can’t stop looking into your eyes... 16.    You’re the sinoatrial node of my heart. Without you, even a defibrillator won’t save me... 17.    I hope someday to be your emergency contact... 18.    I get all Kluver-Bucy around you... 19.    You must be my coronary artery because you’re wrapped around my heart... 20.    Do you have a band aid? Cos I just scraped my heart falling for you... 

ហ្វេនតារាកូរ៉េប្រាកដជាទទួលបានដំណឹងដ៏សោកសៅមួយហើយ…នោះ គឺការស្លាប់របស់តារាK-popក្នុងវ័យ២៧ឆ្នាំ ដែលជាសិល្បករដ៏ល្បីឈ្មោះ និងមានសមត្ថភាព ដែលជាសមាជិកមួយរូបនៃក្រុមតារាកូរ៉េ Shinee ដែលមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈ គឺ Kim Jonghyun ក្រោយពេលដែលត្រូវបានរកឃើញសន្លប់នៅក្នុងបន្ទប់ស្នាក់នៅ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។ មានហេតុផលជាច្រើនដែលបណ្តាលឲ្យគ្រប់គ្នាគិតថានេះជាករណីធ្វើអត្តឃាត ជាក់ស្តែង បងស្រីរបស់គាត់បានទទួលសារដ៏រន្ធត់ពីគាត់ ដែលមានខ្លឹមសារជាភាសាអង់គ្លេសថា«It's been really hard up until now. Send me off please…» ដែលធ្វើឲ្យគាត់មានការព្រួយបារម្ភ និងផ្តល់ដំណឹង ព្រមទាំងសុំជំនួយសង្រ្គោះដល់ប្អូនប្រុសរបស់ខ្លួន… ក្រោយពីអានព័ត៌មានក្រៅប្រទេស និងក្នុងប្រទេសមួយចំនួន ខ្ញុំក៏បានរកឃើញហេតុផលមួយទៀតនោះ ដែលមានបង្ហាញនៅខាងក្រោមនេះ។ វាជាខ្លឹមសារនៃសំបុត្របណ្តាំដែល Jonghyunបានផ្ញើទៅកាន់មិត្តភក្តិជិតស្និទ្ធរបស់ខ្លួន ដែលធ្លាប់បានស្តាប់ និងដឹងរឿងរ៉ាវក្នុងចិត្តរបស់ខ្លួនកន្លងមក ព្រមទាំងបានសំណូមពរឲ្យបង្ហោះពីបំណងដែលមាននៅក្នុងបណ្តាំនេះ ក្រោយពេលដែលគាត់លែងមានវត្តមាននៅលើផែនដីនេះទៀត…គួរបញ្ជាក់ផងដែរថា បណ្តាំនេះត្រូវបានបកប្រែជាភាសាខ្មែរ និងមានប្រភពមកពីអត្ថបទព័ត៌មានមួយរបស់ Sabay ។ “ខ្ញុំបានឈឺចាប់គ្រាំចិត្ត។ ជំងឺផ្លូវចិត្តបានលេបត្របាក់ខ្ញុំបន្តិចម្ដងៗរហូតដល់រូបរាងកាយខ្ញុំទាំងមូល ហើយខ្ញុំមិនអាចជម្នះនឹងវាបាន។ ខ្ញុំស្អប់ខ្លួនឯង។ ខ្ញុំបានចាប់យកការចងចាំដែលបានបែកបាក់ទាំងប៉ុន្មាន ហើយប្រឹងប្រែងផ្សារភ្ជាប់ឲ្យវាជាប់គ្នាសាជាថ្មី តែខ្ញុំមិនទទួលបានចម្លើយអ្វីទាំងអស់។ ប្រសិនបើខ្ញុំមិនអាចជួយឲ្យខ្លួនឯងដកដង្ហើមបានស្រួលដូចគេផងនោះ ខ្ញុំគួរតែឈប់ដកដង្ហើមតែម្ដងទៅ វាល្អជាង។ ខ្ញុំបានសួរខ្លួនឯង ដែលមិនអាចទទួលខុសត្រូវចំពោះខ្លួនឯងបាន។ មានតែខ្លួនខ្ញុំតែម្នាក់គត់ ខ្ញុំពិតជាឯកោខ្លាំងណាស់។ វាពិតជាងាយស្រួលណាស់បើនិយាយពីទីបញ្ចប់នោះ។ វាពិតជាពិបាកក្នុងការបញ្ចប់វា។ ខ្ញុំរស់នៅរហូតមកដល់ពេលនេះព្រោះតែការលំបាកទាំងនេះ។ ខ្ញុំបានប្រាប់ខ្លួនឯងថាខ្ញុំចង់រត់គេច។ ត្រូវហើយ ខ្ញុំចង់រត់គេចចេញ ពីខ្លួនឯង ពីអ្នកទាំងអស់គ្នា។ ខ្ញុំបានសួរថា តើនរណានៅទីនោះ? គឺជាខ្ញុំ! គឺជាខ្ញុំទៀតហើយ! ហើយវានៅតែជាខ្ញុំដដែល។ ខ្ញុំបានសួរខ្លួនឯងថា ហេតុអីបានជាខ្ញុំនៅតែបន្តបាត់បង់ការចងចាំ? នេះក៏ព្រោះតែចរិតរបស់ខ្ញុំ ខ្ញុំយល់ហើយ ដូចនេះនៅទីបំផុតវានៅតែជាកំហុសរបស់ខ្ញុំទាំងអស់។ ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍ ប៉ុន្តែគ្មាននរណាអើពើនោះទេ។ ពួកគេមិនដែលទាំងជួបខ្ញុំផង ពួកគេមិនដឹងថាខ្ញុំកើតនៅលើលោកនេះផង។ ខ្ញុំបានសួរខ្លួនឯងថា ហេតុអីបានជាពួកគេរស់នៅ? ពួកគេគ្រាន់តែរស់ រស់បន្តដង្ហើមទៅមុខទៀត។ បើសិនជាអ្នកទាំងអស់គ្នាសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំរើសយកការស្លាប់ ខ្ញុំនឹងឆ្លើយថា ដោយសារខ្ញុំហត់នឿយខ្លាំងពេក។ ខ្ញុំទទួលរងការប៉ះទង្គិច ហើយខ្ញុំក៏បានគិតវាយ៉ាងល្អិតល្អន់ច្បាស់លាស់បំផុតដែរ។ ខ្ញុំដឹងថាខ្ញុំមិនអាចផ្លាស់ប្ដូរការឈឺចាប់នេះឲ្យទៅជាអ្វីដែលល្អឡើងវិញបាននោះទេ។ ការឈឺចាប់ វាអ៊ីចឹងឯង វាឈឺ។ ពួកគេបានស្ដីបន្ទោសខ្ញុំ កុំឲ្យខ្ញុំធ្វើរឿងបែបនេះ ហេតុអី? ហេតុអីខ្ញុំមិនអាចបញ្ចប់រឿងមួយតាមអ្វីដែលខ្ញុំចង់ធ្វើ? ពួកគេបានប្រាប់ខ្ញុំឲ្យរកដើមហេតុនៃការឈឺចាប់របស់ខ្ញុំ។ ខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ ខ្ញុំឈឺចាប់ដោយសារតែខ្លួនខ្ញុំ។ វាជាកំហុសរបស់ខ្ញុំ ហើយទាំងអស់នេះព្រោះតែខ្ញុំខ្វះខាតអ្វីមួយ។ លោកគ្រូពេទ្យ នេះជាអ្វីដែលលោកចង់ឮមែនទេ? អត់ទេ ខ្ញុំមិនបានធ្វើអ្វីខុសនោះទេ។ នៅពេលដែលសំឡេងដ៏ពីរោះបានស្ដីបន្ទោសមកលើចរិតរបស់ខ្ញុំ ខ្ញុំបានគិតថា ធ្វើជាគ្រូពេទ្យស្រួលអ៊ីចឹងសោះ។ មនុស្សដែលឆ្លងកាត់ការលំបាកខ្លាំងជាងខ្ញុំ ពួកគេរស់នៅធម្មតា មនុស្សដែលទន់ខ្សោយជាងខ្ញុំ ពួកគេនៅតែទ្រាំទ្ររស់នៅបាន។ ប្រហែលវាមិនមែនជាការពិតនោះទេ គ្មាននរណាម្នាក់ពិបាក និងទន់ខ្សោយជាងខ្ញុំ ហើយនៅបន្តរស់នៅបានទៀតនោះទេ។ ខ្ញុំនៅតែសួរខ្លួនឯងថាហេតុអ្វីខ្ញុំនៅតែព្យាយាមរាប់រយដងហើយ វានៅតែមិនបានផលល្អសម្រាប់ខ្លួនឯង។ វាសម្រាប់អ្នកទាំងអស់គ្នា សូមកុំនិយាយអ្វីទាំងអស់ បើសិនជាអ្នកមិនយល់ពីវានោះ។ រកមូលហេតុ ហេតុអីបានជាខ្ញុំទទួលរងភាពឈឺចាប់? ខ្ញុំបានប្រាប់ហើយថាហេតុអ្វី។ វាពិតជាខុសខ្លាំងណាស់មែនទេដែលត្រូវឈឺចាប់ខ្លាំងដោយសាររឿងនេះ តើខ្ញុំគួរតែមានហេតុផលដូចក្នុងរឿងច្រើនជាងនេះមែនទេ? ហេតុផលច្បាស់លាស់ជាងនេះ? ខ្ញុំបានប្រាប់អ្នកហើយ។ អ្នកមិនបានស្តាប់ឮទេ? អ្វីដែលអ្នកអាចឆ្លងកាត់បាន វាមិនតាមលងបន្លាចជីវិតអ្នកនោះទេ។ តតាំងជាមួយពិភពលោកដែលមិនមែនសម្រាប់ខ្ញុំ។ ជីវិតនៃកេរ្តិ៍ឈ្មោះមិនមែនសម្រាប់ខ្ញុំ។ នេះជាហេតុផលដែលខ្ញុំឈឺចាប់។ ព្រោះតែខ្ញុំល្បីល្បាញ។ ហេតុអ្វីខ្ញុំរើសយកផ្លូវនេះ? វាពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់។ វាជាចម្ងល់ដែលស្ថិតនៅជាមួយខ្ញុំជារៀងរហូត។ ខ្ញុំអាចនិយាយអ្វីបាន គ្រាន់តែប្រាប់ខ្ញុំថាខ្ញុំធ្វើវាបានល្អហើយ។ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ដែលខ្ញុំប្រឹងប្រែងបានយ៉ាងនេះ។ ទោះបីជាអ្នកមិនអាចញញឹមបានតែកុំកុហកខ្ញុំពេលខ្ញុំចេញទៅ។ អ្នកធ្វើវាបានល្អណាស់ អ្នកប្រឹងប្រែងខ្លាំងណាស់។ លាហើយ។" គ្រាន់តែអានហើយ ក៏មានអារម្មណ៍ថាសោកសៅ និងយល់ដឹងថា គាត់មានបញ្ហាជាច្រើនលាក់ទុកនៅក្នុងចិត្ត… យ៉ាងណាក៏ដោយ នរណាក៏មិនអាចចៀសផុតពីបញ្ហា ដែលត្រូវតែជួបប្រទះក្នុងរូបភាពផ្សេងៗគ្នានៅក្នុងដំណើរជីវិតនោះឡើយ។ វាជាការពិត ដែលពេលខ្លះ យើងពិបាកខ្លាំង…ពិបាកធ្វើចិត្តខ្លាំង…ពេលដែលអារម្មណ៍បែបនោះ កើតមានឡើងម្តងៗក៏ធ្វើឲ្យខ្លួនឯងលែងមើលឃើញពីតម្លៃនៃជីវិត ហើយទាមទារចង់ចាកចេញពីរឿងរ៉ាវគ្រប់យ៉ាងដោយមិនប្រឹងប្រែងអំពីដំណោះស្រាយ តែបែរជាចង់បញ្ចប់នូវជីវិតរបស់ខ្លួនទៅវិញ… រាល់ពេលដែលធ្លាក់ទឹកចិត្តម្តងៗ សូមគ្រប់គ្រងខ្លួនឯងឲ្យបាន មិនថាពិបាកប៉ុណ្ណានោះទេ…ត្រូវចាំថា…ជីវិតមួយនេះ យើងម្នាក់ៗជាអ្នកគ្រប់គ្រង ជាអ្នកដឹកនាំ…សូមផ្តល់តម្លៃដលល់ការរស់នៅ បើទោះជាមានរឿងអ្វីត្រូវប្រឈមក៏ដោយ…សូមគិតថា មានឱកាសប្រឈមនឹងបញ្ហា ប្រសើរជាមិនមានសូម្បីតែឱកាស… រឹងមាំឡើងណា៎!!! ក៏មានអត្ថបទណែនាំខ្លះៗពីអាយដុល…កុំភ្លេចអាន ដើម្បីផ្តល់កម្លាំងចិត្តបន្ថែមដល់ខ្លួនឯង តាមរយៈអត្ថបទ  បាក់ទឹកចិត្ត! សម្រាប់អ្នកចង់ស្វែងយល់អំពីទំនាក់ទំនងជំងឺធ្លាក់ទឹកចិត្ត និងការធ្វើអត្តឃាត ជាមួយនឹងអ្នកឯកទេសពិគ្រោះយោបល់ផ្លូវចិត្ត និងអ្នកចិត្តសាស្រ្ត អាចអានបានតាមរយៈអត្ថបទ នេះ ប្រភពអត្ថបទបណ្តាំ ៖ Sabay News

ការព្យាបាលជំងឺតាមបែបបុរាណនៅប្រទេសកម្ពុជាត្រូវបានអនុវត្តធ្វើឡើងតាំងពីសម័យអង្គរ ហើយវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយរហូតមកដល់បច្ចុប្បន្ននេះ។ ជារឿយៗ វាត្រូវបានអនុវត្តដោយគ្រូឱសថបុរាណដែលគេហៅថា “គ្រូខ្មែរ” ដែលតែងតែជាអ្នកដែលត្រូវបានគេស្គាល់នៅក្នុងសង្គម។ ការអនុវត្តការព្យាបាលបែបបុរាណនៅតែជាការពេញនិយមសម្រាប់ប្រជាជន ដែលរស់នៅក្នុងតំបន់ជនបទ។ ទោះបីជាយ៉ាងណាក៏ដោយការចងក្រងឯកសារអំពីការអនុវត្តការព្យាបាលទាំងនេះគឺមិនទាន់ បានរៀបចំបានត្រឹមត្រូវនោះទេ។ ការស្រាវជ្រាវនេះ មានគោលបំណងក្នុងការធ្វើការអង្កេតលើម៉ូដែលការព្យាបាលជំងឺបែបបុរាណដែលត្រូវបានអនុវត្តដោយគ្រូឱសថបុរាណ នៅខេត្តកោះកុង ប្រទេសកម្ពុជា។ ក្នុងអំឡុងខែមេសា ឆ្នាំ២០១៨ គ្រូឱសថបុរាណចំនួន ៤ រូប ដែលរស់នៅក្នុងខេត្តកោះកុង ត្រូវបានធ្វើការសម្ភាសបែបស៊ីជម្រៅទៅលើ ៤ ចំណុច ដែលរួមមាន ការអង្កេតអំពីប្រភេទខុសៗគ្នានៃការអនុវត្តការព្យាបាលជំងឺបែបបុរាណ ការយល់ដឹងរបស់សហគមន៍ វិធីនៃការអនុវត្ត និងបទដ្ឋានសង្គម ដែលពាក់ព័ន្ធនឹងការអនុវត្តការព្យាបាលជំងឺបែបបុរាណ។ បច្ចេកទេសនៃការជ្រើសរើសគ្រូឱសថបុរាណត្រូវបានធ្វើឡើងដោយសំណាកបែប Snowball សម្រាប់ការស្រាវជ្រាវនេះ។ បច្ចេកទេសនៃការជ្រើសរើសគ្រូសំណាកបែប Snowball នេះ គឺតែងតែត្រូវបានគេយកមកអនុវត្តនៅក្នុងការសិក្សាស្រាវជ្រាវបែបគុណភាព ក្នុងការធ្វើការជ្រើសប្រភេទសំណាកអ្នកចូលរួមណាដែលមានការលំបាកក្នុងការស្វែងរក។ បន្ទាប់ពីបានប្រមូលទិន្នន័យរួចហើយតាមរយៈការសម្ភាស ដោយប្រើសំណួរបែបសំណួរបើក និងការថតចម្លងទុកទិន្នន័យត្រូវបានរៀបចំឡើងវិញ និងចែកចំណាត់ថ្នាក់តាមវិធីសាស្ត្រ Theme-wise ជាមួយនឹងសម្រង់ឃ្លាប្រយោគដែលពាក់ព័ន្ធ។ បន្ទាប់មកយើងធ្វើការកំណត់លេខកូដ ដោយផ្អែកលើគោលបំណងនៃការស្រាវជ្រាវ។ គោលគំនិតណាដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាត្រូវបានបញ្ចូលទៅក្នុង Sub-theme ឬ Theme ជាមួយគ្នាបន្ទាប់មក លេខកូដចំពោះ Theme នីមួយៗត្រូវបានកំណត់។ បន្ទាប់ពីធ្វើការដាក់លេខកូដរួចហើយ ទិន្នន័យទាំងនោះត្រូវបានបកប្រែទៅជាភាសាអង់គ្លេស ហើយធ្វើការវិភាគបែប Thematic analysis។ លទ្ធផលនៃការសិក្សាបានបង្ហាញថាគ្រូឱសថបុរាណធ្វើការអនុវត្តការព្យាបាលជំងឺតាមម៉ូដែលអសាសនា និងម៉ូដែលសាសនា។ គ្រូឱសថបុរាណអនុវត្តការព្យាបាលជំងឺឲ្យអ្នកជំងឺនៅក្នុងគេហដ្ឋានរបស់ខ្លួន។ ការព្យាបាលជំងឺដោយបាលីភ្ជាប់ជាមួយនឹងការប្រើប្រាស់រុក្ខជាតិឱសថត្រូវបានអនុវត្តយ៉ាងទំលំទូលាយ។ គ្រូឱសថបុរាណធ្វើការសូត្របាលីទៅតាមសៀវភៅគម្ពីរនៅក្នុងដំណើរការនៃការព្យាបាល ដោយទាមទារយ៉ាងខ្លាំងនូវជំនឿ ឬការជឿរបស់អ្នកជំងឺ ដើម្បីឲ្យការព្យាបាលមានប្រសិទ្ធភាព។ គ្រូឱសថបុរាណពេលខ្លះ គាត់ធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺតាមរយៈការធ្វើការទំនាក់ទំនងជាមួយដួងព្រលឹងស័ក្តិសិទ្ធិ។ ការព្យាបាលជំងឺរបស់អ្នកជំងឺនៅតាមគេហដ្ឋានផ្អែកលើបទពិសោធន៍រយៈពេលយូររបស់គ្រូឱសថបុរាណ ក្នុងការព្យាបាលជំងឺ ជាមួយនឹងការប្រើប្រាស់រុក្ខជាតិឱសថនៅក្នុងតំបន់។ តម្លៃនៃការព្យាបាលជំងឺគឺអាស្រ័យលើស្ថានភាពជំងឺ។ សរុបរួម ការព្យាបាលជំងឺតាមបែបបុរាណគឺត្រូវបានអនុវត្តជាទូទៅសម្រាប់ការថែទាំសុខភាពជាបឋមនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា ជាពិសេសនៅក្នុងចំណោមប្រជាជនដែលមានកម្រិតជីវភាពទាប។ ការអង្កេតទៅលើម៉ូដែលនៃការព្យាបាលជំងឺបែបបុរាណគួរតែត្រូវបានបន្តធ្វើ ដើម្បីឲ្យយល់អំពីយន្តការនៃការព្យាបាលជំងឺឲ្យកាន់តែស៊ីជម្រៅជាងនេះ។ អ្នកនិពន្ធដែលជានិស្សិត និងសាស្ត្រាចារ្យមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ ប្រទេសកម្ពុជា៖ កែវ សំអែល ពា ពិដោរ នី ច័ន្ទសីហា សឿន សុវណ្ណនេត្រ តាន់ គីមចេង លី មល្លិកា ជា ស៊ីន  អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

គ្រេច ឬថ្លោះក អាចជាការឈឺចាប់បែបសាមញ្ញ និងកើតឡើងនៅទីតាំងជាក់លាក់ ហើយភាគច្រើនតែងបាត់ទៅវិញដោយខ្លួនឯង។ យ៉ាងណាមិញអ្នកក៏គួរដឹងពីគន្លឹះមួយចំនួនសម្រាប់ណែនាំដល់អ្នកដែលត្រូវការជំនួយដើម្បីអាចសម្រាលអាការៈឈឺចាប់នោះឲ្យបានកាន់តែឆាប់រហ័ស។ អ្វីគួរដឹង? អាការៈគ្រេច ឬថ្លោះក បណ្តាលមកពីការកន្រ្តាក់នៃសាច់ដុំធំមួយដែលស្ថិតនៅផ្នែកចំហៀងនៃក ហើយតែងកើតមានឡើងក្នុងករណី៖ • នៅពេលព្រឹក និងភ្លាមៗពេលងើបពីដំណេក។ វាជាការឈឺចាប់ធម្មតាដែលបណ្តាលមកពីទីតាំងគេងនៅពេលយប់មិនបានល្អ ឬធ្វើកាយវិការខុសប្រក្រតីណាមួយ • សម្រាប់កុមារ៖ សញ្ញាថ្លោះក អាចជាប់ពាក់ព័ន្ធនឹងជំងឺរលាកត្រចៀក ឬឈឺទ្រូងជាដើម • ប្រសិន ការឈឺចាប់កើតមានជាប្រចាំ និងកាន់តែខ្លាំងឡើងបន្តិចម្ដងៗថែមទាំងមានរួមបញ្ចូលសញ្ញាដូចជា ឈឺក្បាល ឬវិលមុខទៀតនោះ វាអាចជាករណីធ្ងន់ធ្ងរ ឬបញ្ហាសរសៃប្រសាទណាមួយ។ អ្វីគួរធ្វើ? ដើម្បីកាត់បន្ថយការឈឺចាប់បណ្ដាលមកពីអាការៈគ្រេច ឬថ្លោះក អ្នកអាចណែនាំវិធីសាស្រ្តណាមួយដូចខាងក្រោម៖ • ស្អំកន្លែងឈឺចាប់ ដោយប្រើកន្សែងជ្រលក់ទឹកក្ដៅឧណ្ហៗ ឬងូតទឹកក្ដៅឧណ្ហៗ • ប្រើប្រាស់ឱសថប្រភេទជាក្រែមសម្រាប់លាប ដូចជា Décontractyl baume ឬ Algésal suractivé • ឬអាចប្រើប្រាស់ឱសថក្រោមទម្រង់ជាគ្រាប់ រួមមាន៖ - Décontractyl (Synthélabo) ២៥០mg៖ សម្រាប់មនុស្សពេលវ័យ ដោយអាចលេបម្ដង ២ គ្រាប់ បីដងក្នុងមួយថ្ងៃ - Ibuprofène ២០០mg៖ អាចលេបម្ដង២គ្រាប់ បីដងក្នុងមួយថ្ងៃ • ចំពោះឧបករណ៍រុំក អាចផ្ដល់ឲ្យអ្នកជំងឺបានប្រសិនពួកគេទាមទារចង់ប្រើប្រាស់ ប៉ុន្តែមិនអាចធានាបានពីប្រសិទ្ធភាពនោះទេ។ ប្រសិនអាការៈថ្លោះក នៅតែអូសបន្លាយជាប្រចាំ អ្នកគួរណែនាំឲ្យអ្នកជំងឺទៅទទួលការពិនិត្យពីសំណាក់វេជ្ជបណ្ឌិតឯកទេស។ ប្រភពយោង៖ Le vademecum de la Médication officinale អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

មណ្ឌលសុខភាពគឺជាទីកន្លែងមួយដែលសហគមន៍ទៅទទួលសេវាសុខភាព។ មន្រ្តីមណ្ឌលសុខភាពផ្តល់ជូនសេវាសុខភាពដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់សហគមន៍។ ការងាររបស់មណ្ឌលសុខភាពជាមួយនឹងឃុំ សង្កាត់ គឺដើម្បីរក្សាសហគមន៍ឲ្យមានសុខភាពល្អ និងរស់នៅក្នុងជីវិតប្រកបដោយសុខុមាលភាព។ តើមណ្ឌលសុខភាពផ្ដល់ជូនសេវាសំខាន់ៗអ្វីខ្លះ? ១. សេវាសុខភាពម្តាយ ទារក កុមារ និងសុខភាពបន្តពូជ៖ • ការថែទាំមុនពេលសម្រាល • ការសម្រាលធម្មតា និងការសម្រាលដោយមានអន្តរាគមន៍ • ការថែទាំក្រោយសម្រាល • ការចាក់ថ្នាំបង្ការដល់កុមារ និងម្តាយ/ស្រ្តី • អាហារូបត្ថម្ភ • ការថែទាំទារកទើបនឹងកើត • ការបង្ការការឆ្លងមេរោគអេដស៍ពីម្តាយទៅកូន • សមាហរណកម្មទទួលបន្ទុកពិនិត្យព្យាបាលជំងឺកុមារ (សពជក) • ការពន្យារកំណើត និងសុខភាពបន្តពូជរបស់មនុស្សពេញវ័យ។ ២. សេវាផ្នែកជំងឺឆ្លង • ជំងឺកាមរោគ • ជំងឺអេដស៍ • ជំងឺរបេង • ជំងឺឃ្លង់ • ជំងឺគ្រុនចាញ់/ ជំងឺគ្រុនឈាម • ជំងឺផ្តាសាយបក្សី។ ៣. សេវាផ្នែកជំងឺមិនឆ្លង និងបញ្ហាសុខភាពផ្សេងទៀត • ជំងឺលើសឈាម • ជំងឺទឹកនោមផ្អែម • ជំងឺមហារីកសុដន់/ មហារីកមាត់ស្បូន • សុខភាពផ្លូវចិត្ត • សុខភាពមាត់ធ្មេញ • ការថែទាំភ្នែក • ការវះកាត់ និងការថែទាំរបួស។ ៤. ការផ្តល់សេវាទៅសហគមន៍ • ការផ្តល់ថ្នាំបង្ការដល់ស្រ្តី និងកុមារ • ការផ្តល់គ្រាប់ថ្នាំជីវជាតិអាដល់កុមារដែលមានអាយុពី ៦ ទៅ៥៩ខែ • ការផ្តល់ថ្នាំគ្រាប់ជាតិដែក និងអាស៊ីតហ្វូលិកដល់ស្រ្តីមានផ្ទៃពោះ និងថ្នាំទម្លាក់សត្វល្អិតដល់ស្រ្តីមុន និងក្រោយពេលសម្រាល • ការផ្តល់សេវាពន្យារកំណើត • ការស្រាវជ្រាវជំងឺរបេង • ការធ្វើតេស្ត និងព្យាបាលជំងឺគ្រុនចាញ់ឆាប់រហ័ស • ការថែទាំមុនសម្រាល និងក្រោយសម្រាល • ការតាមដានការលូតលាស់របស់កុមារដែលមានអាយុក្រោម ៥ឆ្នាំ • ការអប់រំ និងលើកកម្ពស់សុខភាព។ ៥. សេវាអប់រំ និងលើកកម្ពស់សុខភាពផ្សេងទៀតមណ្ឌលសុខភាពបានផ្តល់សេវាអប់រំសុខភាពនានាទាក់ទងនឹងជំងឺឆ្លង ជំងឺមិនឆ្លង និងបញ្ហាសុខភាពផ្សេងៗទៀតដូចជា គ្រឿងញៀន ការផ្តាច់ទម្លាប់ប្រើប្រាស់ថ្នាំជក់ និងគ្រឿងស្រវឹងជាដើម។ តើត្រូវបង់សេវាប៉ុន្មាននៅពេលទៅមណ្ឌលសុខភាពទាំងនោះ? នៅគ្រប់មណ្ឌលសុខភាពទាំងអស់នឹងមានបិទតារាងតម្លៃសេវាជាប់ទៅនឹងជញ្ជាំងក្នុងមណ្ឌលសុខភាពនោះ។ តម្លៃសេវារបស់មណ្ឌលសុខភាពអាចខុសគ្នាបន្តិចបន្តួចទៅតាមខេត្ត និងស្រុកនីមួយៗដោយយោងទៅតាមកម្រិតចំណូលចំណាយរបស់មណ្ឌលសុខភាព លក្ខខណ្ឌជីវភាពរបស់ប្រជាជន (តាមរយៈគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ស្រុកប្រតិបត្តិមន្ទីរសុខាភិបាលខេត្ត ឬក្រសួងសុខាភិបាល)។ ការបង់ថ្លៃសេវាសុខភាពនឹងត្រូវបានលើកលែងចំពោះអ្នកជំងឺណាដែលមានប័ណ្ឌក្រីក្រ។ ប្រសិនបើអ្នកជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម អ្នកក៏អាចទទួលបានគ្រប់សេវាទាំងអស់ផងដែរ ដោយពុំមានចេញប្រាក់សម្រាប់បង់ថ្លៃអ្នកប្រើប្រាស់ឡើយ។ គោលការណ៍ណែនាំប្រតិបត្តិការ សេវាបង្ការ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីការពារអ្នក និងគ្រួសាររបស់អ្នកពីការធ្លាក់ខ្លួនឈឺ និងដើម្បីធានាថាគ្រួសាររបស់អ្នកមានសុខភាពល្អ។ ចូរចងចាំថា ”ការការពារប្រសើរជាងព្យាបាល” ចូរថែទាំគ្រួសាររបស់អ្នកឲ្យមានសុវត្ថិភាព និងសុខភាពល្អ។ សូមសម្គាល់ថា៖ ប្រសិនបើអ្នកមិនមានសៀវភៅសុខភាពមាតា ឬកុមារទេសូមកុំបារម្ភ ព្រោះមណ្ឌលសុខភាពនឹងចេញសៀវភៅថ្មីឲ្យអ្នក។ វាជាការសំខាន់ប្រសិនបើអ្នកមានសៀវភៅតាមដានសុខភាពជាប់មកជាមួយដើម្បីឲ្យពេទ្យអាចមើលប្រវត្តិអ្នកជំងឺ។ តើយើងទាក់ទងទៅកាន់មណ្ឌលសុខភាពបានដោយរបៀបណា? គ្រប់មណ្ឌលសុខភាពទាំងអស់ត្រូវបើកបម្រើការ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍។ ចូរទៅកាន់មណ្ឌលសុខភាពដើម្បីជួបគ្រូពេទ្យប្រចាំការ។ គ្រប់មណ្ឌលសុខភាពទាំងអស់សុទ្ធតែបានចាត់ចែងមន្ត្រីប្រចាំការគ្រប់ពេលសម្រាប់ទទួលអតិថិជន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

អ្នកស្រាវជ្រាវមកពី University of Michigan Rogel Cancer Center បានរាយការណ៍ពីសញ្ញាណនៃលទ្ធផលដំបូងបន្ទាប់ពីការធ្វើតេស្តគ្លីនិកទៅលើឱសថថ្មីមួយសម្រាប់ជំងឺមហារីកលំពែង។ តេស្តគ្លីនិកដំណាក់កាលដំបូងនេះ ត្រូវបានគេពិសោធទៅលើឱសថ AZD1175 ដែលបង្កើតឡើងដើម្បីទប់ស្កាត់អង់ស៊ីមម្យ៉ាងឈ្មោះថា Wee1 ដែលមានសមត្ថភាពទៅជួសជុល DNA របស់កោសិកាមហារីកឲ្យរស់ឡើងវិញ បើទោះបីបានធ្វើការព្យាបាលដោយការបាញ់កាំរស្មី និងឱសថគីមីក៏ដោយ។ ជាក់ស្ដែងការព្យាបាលដោយកាំរស្មីអុិច និងថ្នាំគីមីដែលមានឈ្មោះថា Gemcitabine គឺជាវិធីសាស្រ្តព្យាបាលស្តង់ដាសម្រាប់ជំងឺមហារីកលំពែង។ វិធីសាស្រ្តទាំងពីរមានសមត្ថភាពទៅបំផ្លាញ DNA របស់កោសិកាមហារីក យ៉ាងណាមិញ កោសិកាមហារីកលំពែងបែរជាមានឥទ្ធិពលខ្លាំងក្លាក្នុងការជួសជុលភាពខូចខាតទាំងនោះឡើងវិញដែលជាហេតុធ្វើឲ្យប្រសិទ្ធភាពនៃការព្យាបាលត្រូវបានថយចុះ។ ដូច្នេះដើម្បីរារាំងសមត្ថភាពកោសិកាមហារីកពីការការពារខ្លួនពីឥទ្ធិពលរបស់កាំរស្មីអុិច និងថ្នាំគីមីទើប AZD1775 ត្រូវបានបង្កើតឡើងពីសំណាក់អ្នកស្រាវជ្រាវ។ តេស្តខាងលើត្រូវបានធ្វើឡើងចំពោះអ្នកជំងឺមហារីកលំពែងចំនួន ៣៤ រូប ដោយតម្រូវឲ្យពួកគេប្រើប្រាស់ឱសថ AZD1775 បន្ថែមទៀតស្របពេលទទួលបានការព្យាបាលដោយថ្នាំគីមី Gemcitabine។ គោលដៅនៃការសិក្សា គឺដើម្បីកំណត់ពីកម្រិតដូសខ្ពស់បំផុតនៃ AZD1775 ដែលអាចយកមកប្រើប្រាស់បានក្នុងពេលជាមួយគ្នា។ ដំណើរការនៃការពិសោធបានបង្ហាញពីលទ្ធផលល្អច្រើនជាងការរំពឹងទុកទៅលើការពន្យារជីវិតរស់របស់អ្នកជំងឺដោយអត្រារស់ជាមធ្យមឃើញមានកើនឡើងដល់ទៅ ២២ខែ បើប្រៀបធៀបទៅលើការប្រើប្រាស់ឱសថ Gemcitabine តែមួយមុខដោយអត្រាអាយុរស់មានត្រឹមតែ ១២ ទៅ១៤ខែប៉ុណ្ណោះ។ ការបន្ថែមឱសថ AZD1175 ជាមួយការព្យាបាលតាមកាំរស្មីអុិច និងថ្នាំគីមី អាចផ្ដល់ផលវិជ្ជមានទៅលើអត្រានៃអាយុរស់របស់អ្នកជំងឺ ដែលគួរតែត្រូវបានធ្វើការសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅបន្តទៀត នេះបើយោងតាមប្រសាសន៍របស់អ្នកដឹកនាំផ្នែកស្រាវជ្រាវ Kyle Cuneo។ ម្យ៉ាងទៀតប្រសិនការសិក្សាកាន់តែមានភាពជាក់លាក់នោះវាអាចកាត់បន្ថយភាពស៊ាំរបស់កោសិកាមហារីកទៅលើវិធីសាស្រ្តព្យាបាលទាំងពីរ (កាំរស្មីអុិច និងឱសថគីមី)។ គួរបញ្ជាក់ផងដែរ ជំងឺមហារីកលំពែង មានសមត្ថភាពអាចរីករាលដាលទៅកាន់ផ្នែកផ្សេងៗក្នុងរាងកាយដែលអត្រារស់បាន ៥ឆ្នាំ មានត្រឹមតែ ៩% តែប៉ុណ្ណោះ ចំណែកការស្រាវជ្រាវខាងលើកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ ដែលទាមទារឲ្យមានការសិក្សាវិភាគជាច្រើនទៀត។ ប្រភពយោង៖ https://www.sciencedaily.com/releases/2019/08/190814113934.htm អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

បញ្ហាក្លិនមាត់ អាចជាប់ពាក់ព័ន្ធនឹងកត្តាបង្កជាច្រើន។ ជាក់ស្ដែង ក្រៅពីណែនាំឲ្យធ្វើការជួបពិគ្រោះជាមួយទន្តពេទ្យ អ្នកក៏អាចផ្ដល់ជាគន្លឹះផ្សេងទៀតសម្រាប់ពួកគេដើម្បីបំបាត់បញ្ហានេះ និងបង្កើនទំនុកចិត្តឡើងវិញ។ អ្វីគួរដឹង? ករណី ៩០% នៃបញ្ហាក្លិនមាត់ អាចបណ្តាលមកពីសំណល់អាហារ ឈាម កោសិកាក្នុងមាត់ ឬបាក់តេរី ដែលកើតមានឡើងនៅក្នុងលក្ខខណ្ឌដូចជា៖ - ដង្កូវស៊ីធ្មេញ ជំងឺនៅបណ្ដូលធ្មេញ រលាកអញ្ចាញធ្មេញ ការដាក់ធ្មេញមិនបានល្អ និងស្ងួតមាត់ជាដើម - ជំងឺនៅប្រព័ន្ធរំលាយអាហាររួមមាន រលាកក្រពះ ឬរលាកបំពង់អាហារ - មហារីកបំពង់កដំណាក់កាលចុងក្រោយ។ អ្វីគួរធ្វើ? សម្រាប់បញ្ហាក្លិនមាត់ភាគច្រើន (៩០%) ត្រូវបានណែនាំឲ្យជួបពិគ្រោះជាមួយទន្តពេទ្យ ប៉ុន្តែស្របពេលជាមួយគ្នាអ្នកក៏អាចណែនាំនូវគន្លឹះខ្លះៗដូចជា៖ - ជំនួសច្រាសដុសធ្មេញធម្មតាទៅជាប្រភេទច្រាសដើរដោយម៉ាស៊ីនដែលមានមុខងារអាចបាញ់ទឹកបាន (Waterpeek) ឬអាចប្រើប្រាស់សរសៃអំបោះទាក់ធ្មេញដែលមានសារធាតុសម្លាប់មេរោគប្រភេទ Corsodyl (Smithkline Beecham) - ប្រើប្រាស់ថ្នាំដុសធ្មេញដែលរួមផ្សំទៅដោយ ស័ង្កសី និងក្លរ ឬអាចលេបថ្នាំស័ង្កសី (Rubozine) ៣គ្រាប់ក្នុងមួយថ្ងៃ។ ប្រសិនបញ្ហាក្លិនមាត់មិនជាប់ពាក់ព័ន្ធនឹងសុខភាពមាត់ធ្មេញ អាចណែនាំអ្នកជំងឺឲ្យទៅពិនិត្យជាមួយវេជ្ជបណ្ឌិតជំនាញទូទៅ។   ចំណាំ៖ សូមកុំច្រឡំបញ្ហាក្លិនមាត់នេះ ទៅនឹងអ្នកជំងឺទឹកនោមផ្អែមបណ្តាលមកពីកង្វះអាំងស៊ុយលីនដែលអាចឲ្យមានក្លិនដូចទៅនឹងទឹកថ្នាំលាងក្រចកចេញតាមច្រមុះ។ ប្រភពយោង៖ Le vademecum de la Médication officinale អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ការកំណត់ពីប្រសិទ្ធភាពនៃថ្នាំគីមីក្នុងការព្យាបាលជំងឺមហារីក អាចនឹងត្រូវវាស់វែងបានតាមរយៈឧបករណ៍ថ្មីមួយ នេះបើយោងតាមការសិក្សាស្រាវជ្រាវពី Journal Microsystems & Nanoengineering។ ឧបករណ៍នេះត្រូវបានបង្កើតឡើងជាមួយភាពជាក់លាក់ដល់ទៅ ៩៥.៩% ក្នុងការរាប់កោសិកាមហារីកនៅរាល់ពេលឆ្លងកាត់ជាមួយអេឡិចត្រូត។ ប្រធានផ្នែកនិពន្ធ លោក Mehdi Javanmard ដែលមានតួនាទីជាសាស្រ្តាចារ្យជំនួយប្រចាំ Department of Electrical and Computer Engineering នៅឯ Ruters University-New Brunswick បានឲ្យដឹងថា “ពួកយើងបានបង្កើតឧបករណ៍នេះឡើង ដែលអាចសន្និដ្ឋានបានថាតើអ្នកជំងឺអាចឆ្លើយតបជាវិជ្ជមានទៅលើវិធីសាស្រ្តព្យាបាលជំងឺមហារីក ឬយ៉ាងណា”។ បន្ថែមពីនោះបច្ចេកវិទ្យានេះជាការបញ្ចូលគ្នានៃ Artificial intelligence និង Biosensors ព្រមទាំងរួមផ្សំទៅដោយបរិមាណតិចតួចនៃសារធាតុរាវដែលមានសមត្ថភាពចាប់បានពីភាពប្រែប្រួល ឬភាពស៊ាំរបស់កោសិកាមហារីកអំឡុងពេលព្យាបាលដោយថ្នាំគីមី។ ក្រុមការងារ Ruters បានធ្វើតេស្តជាដំបូងតាមរយៈការប្រើប្រាស់សំណាកកោសិកាមហារីកដែលបានព្យាបាលជាមួយកំហាប់ថ្នាំផ្សេងៗគ្នា។ ជាលទ្ធផលឧបករណ៍នេះអាចចាប់បានកោសិកាមហារីកដែលនៅរស់ ដោយមើលទៅលើភាពប្រែប្រួលនៃចរន្តអេឡិចត្រូតរាល់ពេលឆ្លងកាត់ប្រហោងដ៏តូចនៃសារធាតុរាវ។ ចំណែកជំហានបន្ទាប់ ការធ្វើតេស្តនឹងធ្វើឡើងទៅលើសំណាកដុំមហារីករបស់អ្នកជំងឺផ្ទាល់ ដើម្បីកំណត់ពីប្រសិទ្ធភាពនៃថ្នាំព្យាបាលណាមួយមុនពេលអ្នកជំងឺអាចចាប់ផ្ដើមទទួលបានការព្យាបាល។  ជាមួយលទ្ធផលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្មីនេះនឹងអាចបង្កើនអន្តរាគមន៍បន្ថែមសម្រាប់អ្នកជំងឺមហារីក ក៏ដូចជាគ្រប់គ្រងនិងកំណត់ស្ថានភាពជំងឺឲ្យបានកាន់តែប្រសើរឡើង។ ប្រភពយោង៖ https://www.sciencedaily.com/releases/2019/07/190716150007.htm អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨២ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Top