Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

[លែងឆ្ងល់] ហេតុអ្វីស្រ្តីក្នុងវ័យអស់រដូវងាយទទួលរងពីជំងឺមហារីក?

ជំងឺមហារីកភាគច្រើន  កើតឡើងចំពោះមនុស្សដែលមានវ័យចំណាស់ មិនថាបុរស ឬស្រ្តីនោះទេ ចំណែកស្រ្តីដែលស្ថិតក្នុងវ័យអស់រដូវមានអត្រាប្រឈមទៅនឹង ជំងឺមហារីកខ្ពស់ជាង  ៣ដង  បើប្រៀបធៀបចំពោះស្រ្តីដែលពុំទាន់អស់រដូវ។  ជាទូទៅជំងឺមហារីក  អាចនឹងកើតមានឡើងក្នុងអត្រា ៦០% ចំពោះស្រ្តី ក្នុងចន្លោះ អាយុ ៤៨ឆ្នាំ ដល់ ៥១ឆ្នាំ ដែលជាទូទៅ សភាពជំងឺអាចស្តែងចេញជាដំណាក់កាលដំបូងដោយមិនបញ្ចេញជារោគសញ្ញាគួរឲ្យកត់សម្គាល់នោះទេ ហើយអត្រានោះ នឹងកើនឡើងប្រសិនបើអាយុរស់មធ្យមរបស់ស្រ្តីកាន់តែវែង (អាចមានអាយុដល់ទៅ ៧៥ឆ្នាំ ជាមធ្យម)។

តើប្រភេទជំងឺមហារីកណាខ្លះដែលកើតជាញឹកញាប់?
ចំពោះស្រ្តីដែលឈានចូលដល់វ័យក្រោយអស់រដូវ អាចនឹងមានការប្រឈមទៅនឹងជំងឺមហារីកជាញឹកញាប់ដូចជា៖
• មហារីកមាត់ស្បូន៖ មិនមែនជាជំងឺតពូជ តែវាបង្កឡើងដោយវីរុសប្រភេទ Human Papillomavirus (HPV) ដែលហែ្សនរបស់មេរោគ បានទៅភ្ជាប់ខ្លួនជាមួយហ្សែនមាននៅក្នុងកោសិកាមាត់ស្បូន ជាលទ្ធផលវាបង្កើតបានជាហែ្សនថ្មីមិនធ្លាប់មានពីមុនមកនៅក្នុងខ្លួនរបស់យើង ហើយអាចបញ្ចេញប្រូតេអ៊ីន E6 និងE7 ដែលជាភ្នាក់ងារយ៉ាងសំខាន់ក្នុងការបង្ករោគជាជំងឺមហារីក។
• មហារីកសុដន់៖ ជាជំងឺមហារីកដែលកើតមានឡើងដោយមានការប្រែប្រួលនៃហែ្សនពីរប្រភេទគឺ BRCA1 និងBRCA2 កាលណាស្រ្តីមានផ្ទុកនូវ​ ហែ្សនប្រភេទនេះ បង្កឲ្យមានហានិភ័យក្នុងការចម្លងទៅដល់កូន។ យ៉ាងណាមិញ គ្រប់បុគ្គលទាំងអស់ មិនសុទ្ធតែត្រូវឆ្លងជំងឺមហារីកសុដន់ពីម្តាយនោះទេ តែក្នុងករណីនេះ ពួកគេមានអត្រាដែលអាចកើត ខ្ពស់ជាងអ្នកដែលពុំមានប្រវត្តិកើតមហារីកសុដន់។
• ក្រៅពីជំងឺមហារីកទាំងពីរខាងលើ ស្រ្តីវ័យក្រោយអស់រដូវក៏អាចប្រឈមទៅនឹងជំងឺមហារីកផ្សេងទៀតដូចជា មហារីកក្រពះ  ពោះវៀនធំ ខួរក្បាល ឈាម ឬមហារីកឆ្អឹង  ដែលវានឹងអាចកើតឡើងជាទូទៅដូចទៅនឹងបុរសដែរ។

តើមានកត្តាអ្វីខ្លះបង្កជាជំងឺមហារីក?
ក្នុងសម័យបច្ចុប្បន្ន អ្នកវិទ្យាសាស្រ្តពុំទាន់កំណត់ឲ្យបានច្បាស់ពីមូលហេតុពិតប្រាកដនៃការបង្កជាជំងឺមហារីកនោះទេ តែគេអាចឃើញមានកត្តាមួយចំនួន ដូចជា៖
• ស្រ្តីក្នុងវ័យអស់រដូវ តែងមានបញ្ហាលើផ្លូវចិត្តដែលបង្កជា ស្ត្រេស។​ វាជាដើមចមមួយបង្កឲ្យហែ្សនក្នុងណៃ្វយ៉ូនៃកោសិកាមានការប្រែប្រួលប ង្កើតបានជាហែ្សនថ្មី ដែលអាចផលិតប្រូតេអ៊ីនជាភ្នាក់ងារនៃជំងឺមហារីក។​ យ៉ាងណាមិញ ការផលិតនូវហែ្សនដែលផ្លាស់ប្តូរនោះ គឺទាមទាររយៈពេលយូរ យ៉ាងហោចណាស់ ១៥ ទៅ ២០ឆ្នាំ។
• ចំពោះស្រ្តីដែលឆាប់មានរដូវ និងយូរក្នុងការអស់រដូវ ជាលក្ខខណ្ឌមួយដែលស្រ្តីអាចនឹងមានហានិភ័យខ្ពស់កើតមានជំងឺមហារីក ដោយសារស្រ្តីក្នុងលក្ខខណ្ឌ បែបនេះ ស្ថិតនៅក្រោមឥទ្ធិពលនៃអ័រម៉ូន Estrogen រយៈពេលយូរ។
• ជំងឺមហារីកអាចបង្កផងដែរ ពីពពួកបាក់តេរី វីរុសផ្សេងៗមួយចំនួន ក៏ដូចជាប៉ារ៉ាស៊ីតដែលមានក្នុងខ្ចៅ ខ្យង លៀសជាដើម។
• សារធាតុក្នុងបរិស្ថានជុំវិញ និងខ្យល់បរិយាកាស ដូចជាផ្សែងឡាន ម៉ូតូ សារធាតុរ៉ែដែលមានសារធាតុវិទ្យុសកម្ម និងពន្លឺព្រះអាទិត្យ ក៏ចូលរួមចំណែក បង្កឲ្យមានជំងឺមហារីកមួយចំនួនផ្សេងទៀតផងដែរ។  

វិធីសាស្រ្តការពារ កាត់បន្ថយការកើតមហារីក
វិធីសាស្រ្តដោយឡែក៖ ចំពោះស្រ្តីមិនទាន់មានគ្រួសារ គួរធ្វើការចាក់វ៉ាក់សាំង ចំពោះប្រភេទមហារីកដែលអាចធ្វើទៅបាន ដូចជាមហារីកមាត់ស្បូនជាដើម។ ចំពោះស្រ្តីក្នុងវ័យអស់រដូវ ត្រូវពិនិត្យតាមដាន និងរកមើលសញ្ញាដំបូងនៃជំងឺមហារីក (Early detection) ដូចជា ការរកមើលកោសិកា
មហារីកមាត់ស្បូន រយៈពេល ១ ឬ២ឆ្នាំម្តង និងការពិនិត្យសុដន់តាមវិធីសាស្រ្ត mammography រហូតដល់អាយុ ៧២ឆ្នាំ។
វិធីសាស្រ្តជារួម៖ កាត់បន្ថយបញ្ហាស្ត្រេស  ដោយចំណាយពេលវេលាសម្រាប់លំហែកាយ និងអារម្មណ៍ តាមរយៈការធ្វើលំហាត់ប្រាណបែបរាំ ឬយោគៈ គួរដើរឲ្យបាន ២០,០០០ជំហាន ក្នុងមួយសប្តាហ៍ កាត់បន្ថយការហូបអំបិល ខ្លាញ់ និងរក្សាទម្ងន់ឲ្យមានស្ថេរភាព។

បកស្រាយដោយ៖ សាស្ត្រាចារ្យ អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែត។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។


អត្ថបទទាក់ទង

មើលទាំងអស់

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី ការចាប់គូរអាហារដោយឆ្លាតវៃ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន។ អាហារូបត្ថម្ភល្អមិនមែនសំដៅលើការទទួលទានតែអាហារដែលកំពូល (Superfood) ឬវីតាមីនតែមួយមុខៗនោះទេ។ ផ្ទុយទៅវិញគឺជាការទទួលទានឱ្យមានតុល្យភាពចម្រុះមុខ ដើម្បីផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់រាងកាយសម្រាប់ការលូតលាស់ និងសុខុមាលភាពទូទៅ។ ការចាប់គូអាហារនឹងជួយឱ្យរាងកាយស្រូបយក និងប្រើប្រាស់សារធាតុចិញ្ចឹមទាំងនោះបានកាន់តែមានប្រសិទ្ធភាព។ វិទ្យាសាស្ត្រអាហារូបត្ថម្ភបានទទួលស្គាល់ថា ការរួមបញ្ចូលគ្នានៃអាហារមួយចំនួនអាចមានឥទ្ធិពលលើកម្រិតសារធាតុចិញ្ចឹមអាចត្រូវបានស្រូបយក និងប្រើប្រាស់ដោយរាងកាយ។ ដូចនេះ អ្នកក៏មានអំណាចអាចជម្រុញការស្រូបយកសារធាតុចិញ្ចឹមនៃសារពាង្គកាយខាងក្នុងបានផងដែរ តាមរយៈការផ្គួរផ្គងអាហារនីមួយៗដោយខ្លួនឯង។ វិធីមួយក្នុងចំណោមវិធីដែលងាយស្រួលបំផុតនោះ គឺការផ្លាស់ប្តូរមុខម្ហូប និងការទទួលទានអាហារសុខភាពចម្រុះឱ្យបានទៀងទាត់ ជាជាងការទទួលទានអាហារដដែលៗរាល់ថ្ងៃ។ តើអ្នកមានដឹងទេថាការផ្គូរផ្គងអាហារមួយចំនួនអាចផ្តល់អត្ថប្រយោជន៍ដល់រាងកាយច្រើនជាងការដែលអ្នកញ៉ាំអាហារទាំងនោះដាច់ដោយឡែកពីគ្នា? ការចាប់គូរអាហារឆ្លាតវៃទាំង ៥ យ៉ាង៖ បន្លែចម្រុះ ដូចជា ស្ពៃពួយឡេង ការ៉ុត ម្ទេសប្លោក និងប៉េងប៉ោះ មានផ្ទុកសារធាតុ Carotenoids មិនត្រឹមតែធ្វើឱ្យរុក្ខជាតិមានពណ៌ស្រស់ស្អាតប៉ុណ្ណឹងទេ ប៉ុន្តែវាក៏ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ សមាសធាតុនេះវារលាយក្នុងខ្លាញ់ មានន័យថាវានឹងត្រូវបានស្រូបយកបានល្អប្រសើរ នៅពេលញ៉ាំជាមួយជាតិខ្លាញ់ខ្លះ។ អ្នកអាចបន្ថែមជាតិខ្លាញ់ល្អបានតាមវិធីជាច្រើន៖ លាយប្រេងអូលីវលើសាឡាត់ បន្ថែមគ្រាប់ធញ្ញជាតិបន្តិចបន្តួចទៅក្នុងបន្លែឆ្អិន ឬបន្ថែមផ្លែបឺរជាដើម។ តាមរយៈការធ្វើបែបនេះ រាងកាយរបស់អ្នកអាចស្រូបយកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រយោជន៍ទាំងនេះបានកាន់តែប្រសើរ។ វីតាមីន C ជាមួយជាតិដែក ជួយទ្រទ្រង់ដល់ដំណើរអុកស៊ីសែន និងជួយដល់មេតាប៉ូលីសក្នុងការបំប្លែងអាហារជាថាមពល។ វីតាមីន និងជាតិដែកនេះមាននៅក្នុងប្រភពរុក្ខជាតិ និងសាច់សត្វ។ ជាតិដែកប្រភេទ Heme ដែលមាននៅក្នុង សាច់បក្សី ត្រី និងស៊ុត រាងកាយងាយស្រូបយកដោយមានប្រសិទ្ធភាព ខណៈដែលជាតិដែកប្រភេទ Non-heme ពីអាហាររុក្ខជាតិដូចជា សណ្តែក សណ្តែកបណ្តុះ ស្ពៃពួយឡេង និងធញ្ញជាតិ រាងកាយស្រូបយកបានតិចតែប៉ុណ្ណោះ។ វីតាមីន C ជួយបង្កើនការស្រូបយកជាតិដែកប្រភេទ Non-heme នេះ។ អ្នកអាចទទួលទានបន្ថែមវីតាមីន C រួមគ្នា តួយ៉ាងការទទួលទានប៉េងប៉ោះ ផ្លែក្រូច និងស្ត្របឺរី ដោយយកពួកវាទៅលាយបញ្ចូលនិងមុខម្ហូបដទៃដែលសម្បូរវីតាមីន C ស្រាប់ ដើម្បីជួយឱ្យរាងកាយរបស់អ្នកស្រូបយកជាតិដែកប្រភេទ Non-heme នេះបានដោយមានប្រសិទ្ធភាព។ អាហារក្រឡុកប្រូតេអ៊ីន ដែលមានបន្ថែមជាតិដែកមករួចស្រេច ក៏អាចជួយបំពេញតម្រូវការជាតិដែកបានដែរ ហើយនៅពេលចាប់គូជាមួយអាហារសម្បូរវីតាមីន C ជាតិដែកនឹងត្រូវបានស្រូបយកយ៉ាងល្អប្រសើរ។​ ដូច្នោះអ្នកអាចសាកបន្ថែមផ្លែឈើដូចជា ផ្លែម្នាស់ ស្ត្រប៊ឺរី ឬផ្លែស្វាយ ទៅក្នុងអាហារក្រឡុករបស់អ្នកបាន។ ការបន្ថែមបន្តិចបន្តួចទាំងនេះ អាចបង្កើតភាពខុសប្លែកគ្នា ក្នុងការបំពេញតម្រូវការសារធាតុចិញ្ចឹមប្រចាំថ្ងៃបាន។ តែបៃតង ជាមួយអាហារដែលសម្បូរវីតាមីន C តែបៃតងមានសមាសធាតុរុក្ខជាតិដ៏មានប្រយោជន៍ហៅថា Catechins ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការបន្ថែមក្រូចឆ្មារទៅក្នុងតែរបស់អ្នក ឬការទទួលទានវារួមជាមួយផ្លែឈើដែលសម្បូរវីតាមីន C (ដូចជា ក្រូច ស្ត្រប៊ឺរី ឬគីវី) ជួយឱ្យការស្រូបយកសមាសធាតុទាំងនេះមានភាពប្រសើរឡើង។ ប្រសិនបើអ្នកមានទម្លាប់ទទួលទានតែបៃតង ការចាប់គូវាជាមួយអាហារសម្រន់ដែលមានតុល្យភាព និងមានវីតាមីន C គឺរឹតតែល្អ។ ហើយប្រសិនបើអាហារសម្រន់របស់អ្នកមានជាតិប្រូតេអ៊ីន និងជាតិសរសៃ (Fiber) ច្រើនទៀត នោះវាកាន់តែប្រសើរព្រោះវានឹងជួយផ្តល់ថាមពលបានយូរ។ វីតាមីន D ជាមួយអាហារសម្បូរកាល់ស្យូម៖ វីតាមីន D ចាំបាច់សម្រាប់ជួយឱ្យរាងកាយស្រូបយកកាល់ស្យូម ដែលទ្រទ្រង់ដល់សុខភាពឆ្អឹង និងមុខងារសាច់ដុំ។ ត្រីដែលមានជាតិខ្លាញ់ដូចជា ត្រីសាល់ម៉ុន ត្រីបេកា និង ស៊ុតផ្តល់​​នូវវីតាមីន D បន្លែស្លឹកបៃតង អាហារធ្វើពីទឹកដោះគោ និងភេសជ្ជៈធ្វើពីរុក្ខជាតិដែលបន្ថែមសារធាតុចិញ្ចឹម ជួយផ្តល់នូវកាល់ស្យូម។ សម្រាប់អ្នកដែលមិនសូវទទួលទានសាច់ ផលិតផលដែលមានសារធាតុចិញ្ចឹម ឬអាហារបំប៉នដែលផ្តល់វីតាមីន D អាចជួយបំពេញចន្លោះខ្វះខាតទាំងនេះបាន។ នៅពេលរួមបញ្ចូលគ្នាជាមួយអាហារសម្បូរកាល់ស្យូម មិនថាពីប្រភពរុក្ខជាតិ ឬសត្វនោះទេ ពួកវាអាចជួយទ្រទ្រង់តម្រូវការរាងកាយរបស់អ្នកបាន។ មនុស្សពេញវ័យជាច្រើនមិនសូវទទួលទានប្រូតេអ៊ីន និងជាតិសរសៃបានគ្រប់គ្រាន់តាមតម្រូវការប្រចាំថ្ងៃនោះទេ សារធាតុទាំងពីរនេះសុទ្ធតែសំខាន់សម្រាប់ទ្រទ្រង់ភាពឆ្អែត។ ដូច្នេះការរួមបញ្ចូលប្រូតេអ៊ីនជាមួយអាហារដែលមានជាតិសរសៃខ្ពស់ អាចជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ហើយជាតិសរសៃក៏ជួយដល់សុខភាពប្រព័ន្ធរំលាយអាហារផងដែរ។ សរុបសេចក្តីមកវិញ អាហារូបត្ថម្ភល្អ មិនមែនជាច្បាប់ដ៏តឹងរ៉ឹង ឬការដេញតាមញ៉ាំតែអាហារកំពូល Superfood ណាមួយនោះទេ។ វាគឺជាការផ្តល់ឱ្យរាងកាយរបស់អ្នកនូវសារធាតុចិញ្ចឹមដែលវាត្រូវការឱ្យបានទៀងទាត់ តាមរបៀបដែលសមស្របនឹងរបៀបរស់នៅរបស់អ្នក។ ការទទួលទានអាហារចម្រុះមានន័យថា អ្នកនឹងទទួលបានអត្ថប្រយោជន៍ពីការចាប់គូអាហារទាំងនេះ។ ខណៈពេលដែលអាហារធម្មជាតិគឺជាអាហារចម្បងនៃរបបអាហារ ផលិតផលដែលបន្ថែមសារធាតុចិញ្ចឹម អាហារក្រឡុកប្រូតេអ៊ីន សុទ្ធតែអាចប្រើជារបស់ជំនួយបំពេញចន្លោះខ្វះខាត ជាពិសេសនៅពេលដែលអ្នកមមាញឹកហើយត្រូវការឱ្យរាងកាយអ្នកមានអាហារូបត្ថម្ភគ្រប់គ្រាន់។ អាហារូបត្ថម្ភ មិនមែនទាមទារភាពល្អឥតខ្ចោះនោះទេ ប៉ុន្តែវាទាមទារនូវភាពជាប់លាប់ក្នុងការអនុវត្ត។ តាមរយៈការរួមបញ្ចូលគ្នារវាងការចាប់គូអាហារ ជាមួយនឹងការជ្រើសរើសអាហារដែលផ្ដល់សុខភាពល្អ រួមមានប្រូតេអ៊ីនពី ប្រភពរុក្ខជាតិ និងសត្វ បន្លែផ្លែឈើ គ្រាប់ធញ្ញជាតិដែលសម្បូរជាតិសរសៃ និងខ្លាញ់ល្អ អ្នកនឹងនឹងទទួលបាននូវអាហារូបត្ថម្ភដែលប្រកបដោយនិរន្តរភាព ដើម្បីផ្ដល់ឱ្យរាងកាយនូវអ្វីដែលវាត្រូវការជាចាំបាច់ពីមួយថ្ងៃទៅមួយថ្ងៃ។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យ​របស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី របៀបដែលទឹកជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ។ ទឹកគឺជាកត្តាចម្បងបំផុតដែលជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានរលូន តាំងពីចំណុចចាប់ផ្ដើមរហូតដល់បញ្ចប់។ បច្ចុប្បន្ន ការយកចិត្តទុកដាក់លើសុខភាពប្រព័ន្ធរំលាយអាហារមានការកើនឡើងយ៉ាងខ្លាំង ដោយសារការរកឃើញថ្មីៗអំពី "មីក្រូជីវចម្រុះក្នុងពោះវៀន" (Gut Microbiome)។ វាគឺជាបណ្តុំបាក់តេរីដែលរស់នៅក្នុងបំពង់រំលាយអាហារ ហើយមានឥទ្ធិពលយ៉ាងខ្លាំងដល់ប្រព័ន្ធសុខភាពទូទៅនៃរាងកាយទាំងមូល។ អ្នកប្រហែលជាបានដឹងខ្លះស្រាប់មកហើយថា ដើម្បីរក្សាប្រព័ន្ធរំលាយអាហាររបស់អ្នកឱ្យមានសុខភាពល្អ ការទទួលទានប្រូបាយអូទិក (probiotics - បាក់តេរី "ល្អ") ក៏ដូចជា ព្រីបីយូទិក (prebiotics - "អាហារ" សម្រាប់ប្រូបាយអូទិក) និងជាតិសរសៃឱ្យបានគ្រប់គ្រាន់ គឺជារឿងសំខាន់ដែលអ្នកមិនគួរមើលរំលង។ ប៉ុន្តែមានរឿងមួយដែលសាមញ្ញនិងរឹតតែសំខាន់នោះគឺ៖ ទឹក។ ទឹកមានវត្តមាននៅក្នុងគ្រប់ជំហាននៃដំណើរការរំលាយអាហារ ហេតុដូច្នោះហើយទើបការរក្សាជាតិទឹកឱ្យបានគ្រប់គ្រាន់មានសារៈសំខាន់ខ្លាំងចំពោះសុខភាពរបស់អ្នក។ តើទឹកជួយដល់ការរំលាយអាហារយ៉ាងដូចម្តេច?  ចាប់ផ្តើមតាំងពីចំណុចដំបូងបំផុតនៃដំណើរការរំលាយអាហារ ទឹកគឺជាសមាសធាតុសំខាន់នៃទឹកមាត់។ ទឹកមាត់មានមុខងារជាច្រើនដូចជា៖ • វាជួយធ្វើឱ្យអាហារមានសំណើម ដែលបង្កភាពងាយស្រួលក្នុងការទំពា និងលេបចូល • ទឹកមាត់ក៏មានផ្ទុកអង់ស៊ីម ដែលវាដើរតួជាអ្នកបំបែកសារធាតុអាហារដូចជា ជាតិខ្លាញ់ និងកាបូអ៊ីដ្រាត តាំងពីដំបូងបំផុតមុនក្រពះទៅទៀត នៅពេលអាហារឆ្លងកាត់ចូលទៅក្នុងក្រពះ ទឹកក្រពះត្រូវបានបញ្ចេញមក។ទឹកទាំងនោះក៏មានផ្ទុកនូវអង់ស៊ីម ដែលនឹងចាប់ផ្តើម​បំបែកប្រូតេអ៊ីន និងកាបូអ៊ីដ្រាតនៅក្នុងអាហារដែលអ្នកញ៉ាំឱ្យទៅជាផ្នែកតូចៗ ទើបបញ្ជូនទៅកាន់ពោះវៀនតូច ដែលជាកន្លែងកើតមានការរំលាយអាហារភាគច្រើន។ ក្នុងដំណាក់កាលនេះ ទឹកក៏ត្រូវការជាចាំបាច់ផងដែរ ដើម្បីផលិតទឹករំអិលដែលស្រោបផ្នែកខាងក្នុងនៃក្រពះរបស់អ្នក ដែលជួយការពារពីអាស៊ីតក្រពះ។ គួរឱ្យកត់សម្គាល់ផងដែរថា វាមិនមែនជាការពិតនោះទេនូវការលើកឡើងមួយថា ការផឹកទឹកជាមួយអាហារនឹងធ្វើឱ្យទឹកក្រពះរាវខ្លាំង រហូតដល់វាមិនអាចធ្វើការងារបាន។​ តែផ្ទុយទៅវិញ ការមានជាតិទឹកគ្រប់គ្រាន់នឹងជួយជម្រុញដំណើរការនេះឱ្យកាន់តែល្អទៅវិញទេ។ របៀបដែលទឹកទ្រទ្រង់សុខភាពពោះវៀន នៅពេលអាហារផ្លាស់ទីតាមពោះវៀនតូច មានសកម្មភាពរំលាយអាហារជាច្រើនដែលទឹកជួយសម្របសម្រួល៖ • សារធាតុរាវ (ដែលបញ្ចេញពីក្នុងខ្លួន) កាន់តែច្រើន ត្រូវបានបញ្ចេញទៅក្នុងពោះវៀនតូច ពីស្រទាប់ផ្ទៃខាងក្នុងនៃពោះវៀនផ្ទាល់ ក៏ដូចជាពីលំពែង និងថ្លើមផងដែរ។ • អង់ស៊ីមធ្វើការដើម្បីពន្លឿនដំណើរការ និងជួយរៀបចំសម្របសម្រួលការស្រូបយកនៅដំណាក់កាលចុងក្រោយនៃការរំលាយអាហារ៖ អាស៊ីតអាមីណូពីប្រូតេអ៊ីន អាស៊ីតខ្លាញ់ពីជាតិខ្លាញ់ និងម៉ូលេគុលស្ករនីមួយៗពីកាបូអ៊ីដ្រាត។ • ការស្រូបយកសារធាតុចិញ្ចឹមភាគច្រើនកើតឡើងនៅក្នុងពោះវៀនតូច ហើយបន្ទាប់មកសារធាតុចិញ្ចឹមដែលរំលាយរួច នឹងឆ្លងកាត់ទៅកាន់ចរន្តឈាមរបស់អ្នក។ នៅពេលដំណើរការរំលាយអាហារបន្តនៅក្នុងពោះវៀនធំ ទឹកក៏មានសារៈសំខាន់ខ្លាំងផងដែរ៖ • ជាតិសរសៃរលាយ (Soluble fibers) ដែលអ្នកទទួលទាន (មាននៅក្នុងអាហារដូចជា អូត សណ្តែក និងបាឡេ) វានឹងរលាយក្នុងទឹក ហើយប៉ោង និងរីកមាឌ ដែលវានឹងជួយរាងកាយស្រូបយកជាតិស្ករយឺតៗ និងបញ្ជុះកូឡេស្តេរ៉ុល។ • ជាតិសរសៃមិនរលាយ (Insoluble fiber) ដែលអ្នកទទួលទាន (មាននៅក្នុងអាហារដូចជា គ្រាប់ធញ្ញជាតិ និងបន្លែភាគច្រើន) គឺនឹងចាប់យក និងបឺតយកទឹក ដែលវាជួយជំរុញដល់ការបន្ទោបង់ឱ្យបានទៀងទាត់។ គួរបញ្ជាក់ផងដែរថា ផ្នែកខាងក្រោមនៃពោះវៀន ក៏ជាកន្លែងដែលរាងកាយរបស់អ្នកស្រូបយកជាតិរ៉ែភាគច្រើនដែលអ្នកទទួលទាន ហើយទឹកនៅទីនោះជាអ្នកជួយសម្រួលដល់ការស្រូបយកនូវសារធាតុរ៉ែទាំងអស់នោះ។ ជាការពិតណាស់ ប្រព័ន្ធរំលាយអាហារដែលមានសុខភាពល្អ គឺពឹងផ្អែកលើការមានជាតិសរសៃគ្រប់គ្រាន់។ បន្ថែមពីនេះ ការហាត់ប្រាណក៏មានសារៈសំខាន់ផងដែរ នៅពេលអ្នកធ្វើចលនាសាច់ដុំឆ្អឹងអំឡុងពេលហាត់ប្រាណ អ្នកក៏កំពុងជំរុញសាច់ដុំ រលោង (Smooth muscle) នៃបំពង់រំលាយក្នុងពេលតែមួយ ដែលវានឹងជួយជំរុញការបន្ទោបង់មានភាពទៀងទាត់។ បើទោះបីជាអ្វីដែលលើកឡើងមកនេះសំខាន់កម្រិតណាក៏ដោយ ក៏សូមកុំភ្លេចរឿងដ៏សាមញ្ញបំផុតមួយគឺទឹក ហើយអ្នកត្រូវប្រាកដថាអ្នកទទួលទានជាតិទឹកបានច្រើន និងទៀងទាត់ជារៀងរាល់ថ្ងៃ ដើម្បីរក្សាប្រព័ន្ធរំលាយអាហារទាំងស្រុងឱ្យដំណើរការបានរលូន។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនងលំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពីរបៀបដែល "មីក្រូសរីរាង្គ" ក្នុងពោះវៀនជះឥទ្ធិពលមកលើសុខភាពទូទៅរបស់យើង ។ មានមនុស្សតិចណាស់ដែលដឹងថា រាងកាយរបស់យើងមិនមែនផ្សំឡើងទាំងស្រុងដោយកោសិកាតែម្យ៉ាងនោះទេ។ មីក្រូសរីរាង្គរាប់លានរស់នៅក្នុងពោះវៀនរបស់យើង ហើយចំនួនរបស់ពួកវា លើសពីចំនួនសរុបនៃកោសិកាផ្ទាល់ខ្លួនរបស់យើងទៅទៀត។ ប្រព័ន្ធអេកូឡូស៊ីខ្នាតតូចនេះ ដែលមានបាក់តេរី វីរុស មេរោគផ្សិត និងប្រូតូហ្សូអា ត្រូវបានអ្នកវិទ្យាសាស្ត្រហៅថា "ហ្សែនទីពីរ" ហើយវាជះឥទ្ធិពលយ៉ាងស្ងប់ស្ងាត់ដល់ការរំលាយអាហារ ប្រព័ន្ធភាពស៊ាំ អារម្មណ៍ និងសូម្បីតែមុខងារនៃការយល់ដឹងរបស់យើង។ បាក់តេរីក្នុងពោះវៀន (Gut microbiota) មិនមែនគ្រាន់តែជា "អ្នកដំណើរឆ្លងកាត់" ធម្មតានោះទេ ប៉ុន្តែគឺជាដៃគូរួមរស់ដែលបានវិវត្តន៍មកជាមួយមនុស្សអស់រាប់លានឆ្នាំមកហើយ។ នៅក្នុងពោះវៀនរបស់មនុស្សពេញវ័យដែលមានសុខភាពល្អ មានបាក់តេរីច្រើនជាង ១,០០០ ប្រភេទ ដែលមានទម្ងន់សរុបពី ១ ទៅ ២ គីឡូក្រាម ដែលស្មើនឹងទម្ងន់នៃថ្លើមមួយ។ មីក្រូសរីរាង្គទាំងនេះមានអន្តរកម្មជាមួយយើងតាមបណ្តាញដ៏ស្មុគស្មាញ៖ • ពួកវាជួយបំបែកជាតិសរសៃដែលពិបាករំលាយ និងបង្កើតអាស៊ីតខ្លាញ់ខ្សែខ្លី (ដូចជា Butyrate) ដើម្បីផ្តល់ថាមពលដល់កោសិកាពោះវៀន។ • សំយោគសារធាតុចិញ្ចឹម វីតាមីន K និងវីតាមីនក្រុម B។ • បង្ហាត់ប្រព័ន្ធភាពស៊ាំរបស់យើងឱ្យចេះបែងចែករវាងមិត្តនិងសត្រូវ។ • ចូលរួមក្នុងកិច្ចការគ្រប់គ្រងការរំលាយអាហារ (Metabolism) និងការឆ្លើយតបនឹងការរលាក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកវិទ្យាសាស្ត្របានរកឃើញថា ឥទ្ធិពលនៃបាក់តេរីក្នុងពោះវៀនមានវិសាលភាពលើសពីប្រព័ន្ធរំលាយអាហារទៅទៀត។ តាមរយៈ "Gut-brain axis" ប្រព័ន្ធទំនាក់ទំនងទ្វេទិសនេះអនុញ្ញាតឱ្យមីក្រូសរីរាង្គផលិតសារធាតុសរសៃប្រសាទដូចជា serotonin (ប្រហែល ៩០% ត្រូវបានផលិតនៅក្នុងពោះវៀន), dopamine និង GABA ដែលជះឥទ្ធិពលដោយផ្ទាល់ដល់ការឆ្លើយតបនៃអារម្មណ៍ និងភាពតានតឹង។ ការសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តី Nature Microbiology បានផ្សារភ្ជាប់សមាសភាពជាក់លាក់នៃពោះវៀនទៅនឹងហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។ ការសិក្សាមួយទៀតក៏បានរកឃើញថា បាក់តេរីក្នុងពោះវៀនរបស់អ្នកជំងឺ Parkinson មានភាពខុសគ្នាខ្លាំងពីមនុស្សដែលមានសុខភាពល្អ ដែលនេះបង្ហាញថាពោះវៀនអាចជាចំណុចចាប់ផ្តើមមួយនៃជំងឺប្រព័ន្ធសរសៃប្រសាទនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធអេកូឡូស៊ីដ៏តូចឆ្មានេះគឺងាយរងគ្រោះណាស់។មានកត្តាជាច្រើនដែលរបៀបរស់នៅក្នុងសម័យទំនើបនេះអាចបណ្តាលឱ្យមានអតុល្យភាពបាក់តេរី (ហៅតាមវេជ្ជសាស្ត្រថា Dysbiosis)៖ • របបអាហារ៖ របបអាហារបែបលោកខាងលិចដែលមានជាតិស្ករ និងខ្លាញ់ខ្ពស់ បានកាត់បន្ថយការទទួលទានជាតិសរសៃដែលចាំបាច់សម្រាប់បាក់តេរីមានប្រយោជន៍។ • ការប្រើប្រាស់ថ្នាំផ្សះហួសកម្រិត៖ ថ្នាំផ្សះដែលមានប្រសិទ្ធភាពខ្លាំងនិងទូលំទូលាយនឹងបោសសម្អាតមីក្រូសរីរាង្គយ៉ាងច្រើនដោយមិនរើសមុខនោះឡើយ។ • សម្ពាធផ្លូវចិត្តរ៉ាំរ៉ៃ៖ ស្ថានភាពស្ត្រេសបន្តបន្ទាប់ផ្លាស់ប្តូរការជ្រាបនៃពោះវៀន និងសមាសធាតុបាក់តេរី។ • ការគេងមិនគ្រប់គ្រាន់៖ រំខានដល់ចង្វាក់ជីវសាស្រ្ត (Circadian rhythm) និងប៉ះពាល់ដល់វដ្តមេតាប៉ូលីសនៃបាក់តេរី។ • ការធ្វើអនាម័យលើសកម្រិត៖ កាត់បន្ថយឱកាសសម្រាប់ការទាក់ទងជាមួយជាមួយមីក្រូសរីរាង្គចម្រុះដទៃទៀតនៅក្នុងបរិស្ថាន។ ផលប៉ះពាល់លើសុខភាព និងការថែទាំ អតុល្យភាពបាក់តេរី​ (Dysbiosis) នេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយជំងឺជាច្រើន។ ជំងឺប្រព័ន្ធរំលាយអាហារដូចជា ជំងឺរលាកពោះវៀន និងរោគសញ្ញាពោះវៀនដែលងាយរងរំញោច (IBS) មានទំនាក់ទំនងនឹងការប្រែប្រួលបាក់តេរីជាក់លាក់។ មនុស្សដែលធាត់លើសទម្ងន់ជាទូទៅមានភាពចម្រុះនៃបាក់តេរីក្នុងពោះវៀនទាប ហើយផ្ទុយទៅវិញមានប្រសិទ្ធភាពក្នុងការស្រូបយកថាមពលខ្ពស់ជាង។ សូម្បីតែជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង ជំងឺអាលែហ្សី និងសូម្បីតែសុខភាពសរសៃឈាមបេះដូង ក៏អាចរងឥទ្ធិពលពីបាក់តេរីទាំងនេះដែរ ។ ដូច្នោះតើយើងគួរថែរក្សា "ប្រព័ន្ធអេកូឡូស៊ីដ៏តូចឆ្មា" នេះដោយរបៀបណា?  1. របបអាហារចម្រុះគឺជាមូលដ្ឋានគ្រឹះ៖ មីក្រូសរីរាង្គផ្សេងៗគ្នាចូលចិត្តអាហារខុសៗគ្នា ដូច្នេះភាពចម្រុះនៃរបបអាហារគឺជាគន្លឹះក្នុងការរក្សាភាពចម្រុះនៃបាក់តេរី។ បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងសណ្តែកដែលសម្បូរជាតិសរសៃគឺជា "ប្រេងឥន្ធនៈ" សម្រាប់បាក់តេរីមានប្រយោជន៍ ។ អាហារផ្អាប់ដូចជា យ៉ាអួ បន្លែផ្អាប់ និងតែ Kombucha សម្បូរទៅដោយប្រូបាយអូទិក (Probiotics) សកម្ម។ សារធាតុ Polyphenols (ដែលមានក្នុងផ្លែប៊ឺរី តែ និងសូកូឡាខ្មៅ) ក៏មានប្រសិទ្ធភាពជាប្រេបាយអូទិក (Prebiotics) ផងដែរដែលដើរតួជាស្បៀងសម្រាប់ជួយទ្រទ្រង់ដល់បាក់តេរីល្អៗដែលមានស្រាប់នៅក្នុងខ្លួន។ 2. ប្រើប្រាស់ថ្នាំផ្សះដោយឈ្លាសវៃ៖ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យឱ្យបានពេញលេញ និងជៀសវាងការប្រើប្រាស់ដែលមិនចាំបាច់។ 3. គ្រប់គ្រងសម្ពាធផ្លូវចិត្ត និងការគេង៖ ការធ្វើសមាធិ ការហាត់ប្រាណបានទៀងទាត់ និងការរក្សាកាលវិភាគចូលដំណេកឱ្យទៀងទាត់ សុទ្ធតែជួយរក្សាសុខភាពពោះវៀនរបស់អ្នក។ 4. ធម្មជាតិ៖ ចេញទៅក្រៅផ្ទះខ្លះដើម្បីជួយឱ្យមានអន្តរកម្មរវាងអតិសុខមប្រាណចម្រុះក្នុងបរិស្ថាន ដែលអាចមានប្រយោជន៍ដល់​ការលូតលាស់នៃប្រព័ន្ធភាពស៊ាំ និងភាពចម្រុះនៃបាក់តេរីក្នុងខ្លួនយើងបាន។ ការប្រើប្រាស់អាហារបំប៉ន អាហារជួយចិញ្ចឹមប្រព័ន្ធអេកូឡូស៊ីខាងក្នុងខ្លួនរបស់យើង ក៏ប៉ុន្តែមនុស្សនៅក្នុងយុគសម័យថ្មីនេះ ជាទូទៅខ្វះការទទួលទានជាតិសរសៃ។ កត្តានានាដូចជាជីវិតដ៏មមាញឹក ប្រញ៉ាប់ប្រញាល់ របបអាហារគ្មានតុល្យភាព និងការថមថយនូវសកម្មភាពក្រៅផ្ទះ ធ្វើឱ្យរបបអាហារប្រចាំថ្ងៃតែមួយមុខពិបាកឆ្លើយតបទៅនឹងតម្រូវការរាងកាយជាក់ស្តែង។ អាហារបំប៉ន "ប្រូបាយអូទិក​ (Probiotic)" អាចចូលទៅក្នុងពោះវៀនដោយផ្ទាល់ដើម្បីបំពេញបន្ថែមបាក់តេរីមានប្រយោជន៍។ចំណែក "ប្រេបាយអូទិក (Prebiotics)" (ជាចម្បងគឺជាតិសរសៃរលាយ) គឺមានលក្ខណៈទូទៅជាង ដោយវាផ្តល់អាហារូបត្ថម្ភដល់បាក់តេរីមានប្រយោជន៍ដែលមានស្រាប់។ ទឹកប្រទាលកន្ទុយក្រពើជួយសម្រួលបរិស្ថានក្នុងក្នុងពោះវៀនៗ និងជួយជម្រុញការរីកលូតលាស់នៃប្រូបាយអូទិក។ ការរួមបញ្ចូលគ្នានេះរួមគ្នាបង្កើតបរិស្ថានអេកូឡូស៊ី ដែលកាន់តែអំណោយផលដល់ការលូតលាស់នៃមីក្រូសរីរាង្គចម្រុះ ដោយហេតុនេះបង្កើនតុល្យភាព និងភាពធន់នៃមីក្រូជីវសាស្ត្រពោះវៀន ដែលជះឥទ្ធិពលជាវិជ្ជមានដល់សុខភាព និងភាពស៊ាំទាំងមូល។ សរុបមក ស្នូលនៃសុខភាពពោះវៀនគឺសុខភាពរបស់បាក់តេរី ហើយការរក្សាតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីមីក្រូសរីរាង្គ គឺជាការវិនិយោគដ៏សំខាន់បំផុតមួយដែលយើងអាចធ្វើបានសម្រាប់សុខភាពខ្លួនឯង។ ការរក្សាបាក់តេរីក្នុងពោះវៀនឱ្យបានល្អ ស្មើរនឹងការស្រឡាញ់ខ្លួនឯង។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពីអត្ថប្រយោជន៍នៃម្សៅប្រូតេអ៊ីន និងការរៀបចំអាហារក្រឡុកដែលមានជីវជាតិល្អ។ ប្រូតេអ៊ីនមានមុខងារសំខាន់ៗជាច្រើន ក្រៅពីជាផ្នែកមួយនៃគ្រឿងបង្គុំនៃសក់ ស្បែក ក្រចក សរីរាង្គ និងសាច់ដុំ វាក៏ជួយជំរុញការលូតលាស់សាច់ដុំ និងជួយគ្រប់គ្រងចំណង់អាហារផងដែរ។ បច្ចុប្បន្ននេះ មានអាហាររូបត្ថម្ភប្រូតេអ៊ីនជាច្រើនរួមមាន៖ ម្សៅប្រូតេអ៊ីន អាហារក្រឡុករួចជាស្រេច និងប្រូតេអ៊ីនបារ (protein bars)។ ទោះបីជាផលិតផលទាំងនេះផ្តល់ភាពងាយស្រួលក៏ដោយ ក៏ពួកវាមិនមែនសម្រាប់ប្រើជំនួសអាហារដែលមានជាតិប្រូតេអ៊ីនសុខភាពទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ ប្រូតេអ៊ីនទាំងនេះគឺប្រើដើម្បីជួយបំពេញបន្ថែមជីវជាតិបំប៉ន  ពីលើការទទួលទានទូទៅរបស់អ្នក ដើម្បីជួយឱ្យអ្នកអាចសម្រេចបាននូវតម្រូវការ និងគោលដៅសុខភាពរបស់អ្នក។ តើម្សៅប្រូតេអ៊ីនមានតួនាទីអ្វីខ្លះ? ម្សៅប្រូតេអ៊ីនគឺជាប្រភពប្រូតេអ៊ីនដែលប្រមូលផ្តុំ និងត្រូវបានផលិតចេញពីប្រភពផ្សេងៗគ្នា៖ ប្រូតេអ៊ីន Whey៖ ផលិតចេញពីទឹកដោះគោ ប្រូតេអ៊ីនពីរុក្ខជាតិ៖ ជាធម្មតាផលិតចេញពីសណ្តែកសៀង ឬការលាយបញ្ចូលគ្នានៃប្រូតេអ៊ីនរុក្ខជាតិផ្សេងទៀតដូចជា អង្ករ Quinoa សណ្តែកបារាំងជាដើម។ ផលិតផលទាំងនេះភាគច្រើនផ្តល់ប្រូតេអ៊ីនប្រហែល ២០ ឬ ៣០ ក្រាមក្នុងការទទូលទានម្តង។ ប្រូតេអ៊ីនក្នុងទម្រង់ជាម្សៅ អនុញ្ញាតឱ្យអ្នកអាចគ្រប់គ្រងបរិមាណប្រូតេអ៊ីនដែលអ្នកត្រូវការបានដោយងាយស្រួល ដោយគ្រាន់តែលាយចូលក្នុងអាហារដូចជា អាហារក្រឡុក, smoothies, Oatmeal, យ៉ាអួជាដើម។ តើអ្វីទៅជាអត្ថប្រយោជន៍នៃម្សៅប្រូតេអ៊ីន? មានការស្រាវជ្រាវជាច្រើនដែលគាំទ្រដល់អត្ថប្រយោជន៍ប្រូតេអ៊ីន៖ ការកសាងសាច់ដុំ៖ ប្រូតេអ៊ីនជួយទ្រទ្រង់កម្លាំងសាច់ដុំ និងកសាងម៉ាសសាច់ដុំបន្ទាប់ពីការហ្វឹកហាត់។ ការសិក្សាលើអត្តពលិកបានរកឃើញថា ប្រូតេអ៊ីនសណ្តែកសៀង និងប្រូតេអ៊ីន whey មានប្រសិទ្ធភាពស្មើគ្នាក្នុងការកសាងសាច់ដុំ ។ ការគ្រប់គ្រងចំណង់អាហារ៖ អាហាររូបត្ថម្ភប្រូតេអ៊ីនជួយឱ្យមានអារម្មណ៍ឆ្អែតបានយូរ និងជួយទប់ស្កាត់ចំណង់អាហារ និងគ្រប់គ្រងការឃ្លានបាន។ ការសម្រកទម្ងន់៖ ចំពោះអ្នកដែលលើសទម្ងន់ ឬធាត់ ការប្រើប្រាស់ប្រូតេអ៊ីននឹងនាំឱ្យមានការកាត់បន្ថយទម្ងន់ខ្លួន និងខ្លាញ់សរុប។ សុខភាពមនុស្សចាស់៖ ចំពោះមនុស្សចាស់ វាមានប្រសិទ្ធភាពក្នុងការដើរតួជាអ្នកការពារ និងទប់ទល់នឹងជំងឺសាច់ដុំចុះខ្សោយ (sarcopenia) ឬការបាត់បង់ម៉ាសសាច់ដុំ។ របៀបប្រើប្រាស់ និងការរក្សាទុក ជាការពិតណាស់អ្នកមិនអាចរំលងប្រភពប្រូតេអ៊ីនដើមនោះទេដូចជា ត្រី បសុបក្សី សាច់គ្មានខ្លាញ់ និងប្រូតេអ៊ីនពីរុក្ខជាតិ។ ម្សៅប្រូតេអ៊ីនគឺជាវិធីដ៏ងាយស្រួលក្នុងការបញ្ចូលបន្ថែមនូវប្រូតេអ៊ីនទៅក្នុងរបបអាហារនានា ដូចជា អាហារក្រឡុក ស៊ុប នំដុត និង Cereal ជាដើម។ អត្តពលិក និងអ្នកហាត់ប្រាណក៏អាចប្រើប្រាស់វាសម្រាប់ការឡើងទម្ងន់ ឬការស្តារកម្លាំងឡើងវិញក្រោយការហាត់ប្រាណបានផងដែរ។ ការរក្សាទុក៖ រក្សាទុកម្សៅប្រូតេអ៊ីននៅក្នុងកន្លែងត្រជាក់ និងស្ងួតដើម្បីធានាថាគុណភាពរបស់វានៅស្រស់។ ការរក្សាទុកបានត្រឹមត្រូវ វាអាចទុកបានជាច្រើនខែ ប៉ុន្តែសូមយកចិត្តទុកដាក់លើកាលបរិច្ឆេទផុតកំណត់នៅលើកញ្ចប់ផងដែរ។ រៀបចំអាហារក្រឡុកងាយៗ សម្រាប់ការប្រើប្រាស់ ចំនួនស្លាបព្រាដែលត្រូវប្រើគឺអាស្រ័យលើការណែនាំលើសម្បកកញ្ចប់ ព្រោះម៉ាកនីមួយៗអាចមានបរិមាណខុសៗគ្នា។ រៀបចំបែបងាយៗ រៀបចំគ្រឿងផ្សំ និងម៉ាស៊ីនក្រឡុក បន្ថែមទឹក ឬទឹកដោះគោតាមការណែនាំលើកញ្ចប់ ដាក់ម្សៅប្រូតេអ៊ីនតាមការណែនាំ ដាក់ទឹកកក ៣ ទៅ ៥ ដុំ ក្រឡុកឱ្យម៉ដ្ឋ ជាការស្រេច អ្នកអាចបន្ថែមអាហាររូបត្ថម្ភបន្ថែមទៀតបានទៅតាមតម្រូវការជាក់ស្តែង។ វិធីបង្កើនជីវជាតិបន្ថែម៖ ផ្លែឈើ និងបន្លែ៖ ក្រៅពីផ្លែប៊ឺរី ឬចេក អ្នកអាចសាកល្បងជាមួយ ផ្លែគីវី គ្រាប់ទទឹម ក្រុមផ្លែត្រសក់ស្រូវ ឬឱឡឹកបាន។ បន្លែដូចជា ការ៉ុត ល្ពៅ ក៏ជាជម្រើសដ៏ល្អផងដែរ។ ខ្លាញ់ដែលមានប្រយោជន៍៖ គ្រាប់ធញ្ញជាតិដូចជា flax, hemp, chia ឬគ្រាប់ផ្កាឈូករ័ត្ន ជួយបន្ថែមជាតិរ៉ែ និងអាស៊ីតខ្លាញ់អូមេហ្គា-៣។ អ្នកក៏អាចរកគ្រាប់ធញ្ញជាតិដទៃទៀតដូចជា អាល់ម៉ុន, គ្រាប់រីករាយ (pistachio) ឬផ្លែបឺរ វាជួយផ្តល់នូវកាកសរសៃ ជាតិសង្កសីល្អៗផងដែរ។ កាកសរសៃ (Fiber)៖ ស្រូវអូត (oats), ផ្លែប៉ោម និងបន្លែបៃតង ជួយបង្កើនកាកសរសៃដែលជួយឱ្យឆ្អែតបានយូរ និងជួយដល់សម្រួលដល់ប្រព័ន្ធបញ្ចេញចោល។ គ្រឿងទេស និងរុក្ខជាតិ៖ អ្នកអាចបន្ថែមរសជាតិជាមួយ cinnamon, ខ្ញី ឬជីអង្កាម (mint)បន្ថែមបាន។ បន្ថែមសំបកក្រូចឆ្មារ ឬសំបកក្រូចពោធិ៍សាត់ស្រស់ៗ បន្តិចបន្តួច នឹងជួយបន្ថែមរសជាតិស្រស់ស្រាយ ហើយវាក៏មានផ្ទុកនូវប្រេងដែលមានអត្ថប្រយោជន៍ចំពោះសុខភាពផងដែរ។ ការគាំទ្រប្រព័ន្ធរំលាយអាហារ៖ អាចដាក់បន្ថែមយ៉ាអួទៀតក៏បាន ដែលវាសម្បូរទៅដោយប្រូបាយអូទិក (probiotics) ជួយដល់សុខភាពរំលាយអាហារ។ ខ្ញី និងជីអង្កាមក៏ត្រូវបានគេស្គាល់ថាជួយដល់ដំណើរការរំលាយអាហារផងដែរ។ ការបន្ថែមគ្រឿងផ្សំផ្សេងៗអនុញ្ញាតឱ្យអ្នកទទួលបានជម្រើសអាហារូបត្ថម្ភដែលសម្បូរបែប និងឆ្ងាញ់សម្រាប់សុខភាពប្រចាំថ្ងៃ។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យ​របស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី វិធីសាស្រ្តក្នុងការ​កសាង​សាច់ដុំ​ប្រកប​ដោយ​ប្រសិទ្ធភាព តួនាទី​នៃ​ប្រូតេអ៊ីន របប​អាហារ និង​ការ​ហាត់ប្រាណ។ ​មនុស្ស​ភាគច្រើនយល់​ថា​ ​ដើម្បី​កសាង​សាច់ដុំ ពួក​គេចាំបាច់​ត្រូវតែ​​ញ៉ាំ​ប្រូតេអ៊ីន។ជាការពិត ប្រូតេអ៊ីនពិតជាសំខាន់ ប៉ុន្តែ​ប្រូតេអ៊ីន​តែ​ឯង​មិន​គ្រប់គ្រាន់​ទេ។អ្នក​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​ និង​ទម្លាប់​ហាត់ប្រាណ​របស់​អ្នក​ផង​ដែរ។ ហេតុអ្វីបានជាប្រូតេអ៊ីនតែមួយមិនគ្រប់គ្រាន់ ភាគច្រើនគេនិយម​គិត​ថា ​ការ​កសាង​សាច់ដុំ​គឺមក​ពីប្រូតេអ៊ីន​ទាំងអស់។ ​ជាការពិតដែលប្រូតេអ៊ីន​គឺ សំខាន់​សម្រាប់​ការ​ជួសជុល និង​ការ​លូតលាស់​សាច់ដុំ តែអ្នក​ក៏​ត្រូវការ កាឡូរី​គ្រប់គ្រាន់ និង របប​អាហារ​ដែល​មាន​តុល្យភាពផង​ដែរ។ ការ​កាត់បន្ថយ​កាឡូរី​ច្រើន​ពេក​នឹង​បង្ខំ​ឱ្យ​រាងកាយ​របស់​អ្នក​ដុត​ប្រូតេអ៊ីន​សម្រាប់ ថាមពល ជំនួស​ឱ្យ​ការកសាង​សាច់ដុំទៅវិញ។ 1. បំពេញ​ថាមពល​ដោយ​កាបូអ៊ីដ្រាត មនុស្ស​ជាច្រើន​ជៀសវាង​កាបូអ៊ីដ្រាត ប៉ុន្តែ​វា​គឺ​ជាគន្លឹះ​សម្រាប់​ថាមពល។បើ​គ្មាន​កាបូអ៊ីដ្រាត​គ្រប់គ្រាន់​ទេ រាងកាយ​របស់​អ្នក​អាច​នឹង​ដុត​បំផ្លាញ​ប្រូតេអ៊ីន​សម្រាប់​ថាមពល​ជំនួស​វិញ។ ប្រភព​កាបូអ៊ីដ្រាត​ល្អ​អាច​រក​បាន​នៅ​ក្នុង៖ • គ្រាប់​ធញ្ញជាតិ • សណ្តែក • ផ្លែឈើ • បន្លែ សូមទទួលទាន​កាបូអ៊ីដ្រាត​ដែល​មាន​គុណភាព ​ដើម្បី​ផ្តល់​ថាមពល​ដល់​ការ​ហាត់ប្រាណ​របស់​អ្នក និង​ការពារ​សាច់ដុំ ។ 2. ទទួលទានខ្លាញ់​ល្អ​ចំពោះ​សុខភាព ខ្លាញ់​ទ្រទ្រង់​ថាមពល និង​រចនាសម្ព័ន្ធ​កោសិការួម​ទាំង​កោសិកា​សាច់ដុំ​ផង​ដែរ។ ពួកវាជួយ​ផ្តល់ជា​ថាមពល​ដល់​ការ​ហាត់ប្រាណ​ និង​ជួយ​ឱ្យ​រាងកាយ​របស់​អ្នក​ស្រូប​យក​សារធាតុចិញ្ចឹម។ ប្រភព​ល្អៗនៃខ្លាញ់ល្អ: • គ្រាប់​ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ • ​ខ្លាញ់ត្រី • ប្រេង​អូលីវ • ផ្លែ​បឺរ (Avocado) បរិមាណ​ខ្លាញ់​ល្អ​ចំពោះ​សុខភាព​ក្នុង​កម្រិត​មធ្យមមួយ គឺ​ចាំបាច់​សម្រាប់​អ្នក។ 3. ពេល​វេលា​ និងការ​ទទួល​ទាន​ប្រូតេអ៊ីន ប្រូតេអ៊ីន​គឺសំខាន់​សម្រាប់​ការ​លូតលាស់​សាច់ដុំ ប៉ុន្តែពេល​វេលាដែល​អ្នក​ញ៉ាំ ​ក៏​សំខាន់​ដូចទៅនឹងបរិមាណដែល​អ្នក​ញ៉ាំ​ដែរ។ ការ​ហាត់ប្រាណ​ពង្រឹង​កម្លាំង និង​ប្រូតេអ៊ីន សុទ្ធតែ​ជំរុញ​ការ​សំយោគ​ប្រូតេអ៊ីន​សាច់ដុំ (MPS) ដូច្នេះ​ការមិនញ៉ាំសម្រុក ហើយ​បែងចែក​ការ​ទទួល​ទាន​ឱ្យ​បាន​ស្មើៗ​គ្នា​នៅរាល់ពេលញ៉ាំអាហារម្តងៗ នឹងជួយ​រក្សា MPS ឱ្យ​សកម្ម​ពេញ​មួយ​ថ្ងៃ។ អាហារ​សម្រន់​ពេល​ចូល​គេង​ដែល​មាន​ប្រូតេអ៊ីន​ប្រហែល ២៥ ក្រាមក៏​អាច​ជួយ​បង្កើន​ការ​ស្តារ​ឡើង​វិញ​ក្នុង​ពេល​យប់​ផង​ដែរ។ សូម​ប្រើ​ទាំង​ប្រូតេអ៊ីនដែលចេញពី​រុក្ខជាតិ និង​សត្វ សម្រាប់​ស្ថេរភាពនៃការ​បញ្ចេញ​អាស៊ីត​អាមីណូ។ ប្រូតេអ៊ីន Whey រំលាយ​បាន​លឿន ខណៈ​ដែល Casein រំលាយ​​យឺតជាងដែល​ផ្តល់​នូវ​ការ​ទ្រទ្រង់​​ការ​ជួសជុល​សាច់ដុំ។  គន្លឹះ​របប​អាហារ និង​អាហារូបត្ថម្ភ​ល្អ​បំផុត​សម្រាប់​ការ​កសាង​សាច់ដុំ 1. របៀប​បែងចែក​ការ​ទទួល​ទាន​ប្រូតេអ៊ីន និងថាតើគួរទទួលទាន​ញឹកញាប់​ប៉ុណ្ណា ជាដំបូងអ្នកត្រូវរៀបចំ​ផែនការរបប​អាហារ​របស់​អ្នកឱ្យនៅ​ជុំវិញ​ការ​ហាត់ប្រាណ​របស់អ្នក ញ៉ាំអាហារ​សំខាន់ៗ​បី​ពេល​នឹងប្រកបដោយ​តុល្យភាព និង អាចបន្ថែមអាហារ​សម្រន់​ដែលសម្បូរទៅដោយប្រូតេអ៊ីន​ពីរ​មុខ។ នៅក្នុងរបបទាំង៣ពេលនោះ សូមប្រាកដថាវាមានទាំងប្រូតេអ៊ីន និង​កាបូអ៊ីដ្រាត ដើម្បី​ផ្តល់​ថាមពល និងជួយ​ទ្រទ្រង់​ការ​ជួសជុល​សាច់ដុំរបស់អ្នក។ ការ​បែងចែក​ការ​ទទួល​ទាន​ប្រូតេអ៊ីន​ឱ្យ​បាន​ស្មើៗ​គ្នា​បែបនេះ វានឹងជួយរក្សា​ការ​សំយោគ​ប្រូតេអ៊ីន​សាច់ដុំ (MPS) ឱ្យ​សកម្ម​ពេញ​មួយ​ថ្ងៃ។ សូម​កុំសម្រុកញ៉ាំ​ប្រូតេអ៊ីនតែមួយពេលៗ។ 2. តើ​គួរ​ទទួលទាន​អ្វី​មុន​ពេល​ហាត់ប្រាណ សូម​ចាប់ផ្តើម​ការ​ហាត់ប្រាណ​របស់​អ្នក​ដោយ​ការរក្សាជាតិ​ទឹក និង មានថាមពល​គ្រប់គ្រាន់។ សូម​ផឹក​ទឹក​ប្រហែល ពីរ​កែវ ពីរ​ទៅ​បី​ម៉ោង​មុន​ពេល​ហាត់ប្រាណ ហើយ​មួយ​កែវ​ទៀតចន្លោះពី ១៥ ទៅ ២០ នាទី មុន​ពេល​ហាត់ប្រាណ។ ប្រសិន​បើ​អ្នក​មាន​ពេល​វេលាច្រើនប្រហែល ពីរ​បី​ម៉ោងមុន​ពេល​ហ្វឹកហាត់ សូម​ញ៉ាំអាហារ​ដែល​មាន​តុល្យភាព ដូចជា ស៊ុត យ៉ាអួ នំបុ័ង​គ្រាប់​ធញ្ញជាតិ ឬ​ផ្លែឈើ​ជាមួយ​ទឹកដោះគោ ឬ​ ទឹក​សណ្តែកជាដើម។ ហើយប្រសិន​បើ​អ្នក​ញ៉ាំ​អាហារនៅជិត​ពេល​ហាត់ប្រាណ សូមញ៉ាំ​អ្វី​ដែល​ងាយស្រួល​រំលាយ​ដូចជា ប្រូតេអ៊ីន​ក្រឡុក ​ព្រោះវាមានរួម​បញ្ចូល​ទាំង​ប្រូតេអ៊ីន និង​កាបូអ៊ីដ្រាត​ពី​គ្រឿងផ្សំ​ដូចជា ផ្លែឈើ និងបន្លែ។ 3. តើ​គួរ​ញ៉ាំ​អ្វី​ក្រោយ​ពេល​ហាត់ប្រាណ បន្ទាប់​ពី​ការ​ហាត់ប្រាណ សាច់ដុំ​របស់​អ្នក​ត្រូវ​ការ​កាបូអ៊ីដ្រាត និងប្រូតេអ៊ីន​ដែល​មាន​គុណភាព ១០–២០ ក្រាម ដើម្បី​ជួយ​ជួសជុល និង​ស្តារ​ឡើង​វិញ។  ជម្រើស​ល្អៗ​រួម​មាន៖ • យ៉ាអួ​មួយ​កំប៉ុង • នំបុ័ង​សាំងវិច​សាច់​ទួរគី ឬ​ប៊ឺ​គ្រាប់​ផ្លែឈើ • Smoothie ឬ​ទឹកសណ្តែក • Cereal ជាមួយ​ផ្លែឈើ 4. អាហារ​សម្រន់​ល្អ​នៅ​ចន្លោះ​អាហារ សូម​ជ្រើសរើស​អាហារ​សម្រន់​ដែល​មាន តុល្យភាព​រវាង​ប្រូតេអ៊ីន និង​កាបូអ៊ីដ្រាត។ ជម្រើស​ដែល​ងាយស្រួល​រួម​មាន៖ • ប្រូតេអ៊ីនបារ (Protein bars) • យ៉ាអួ ឬ​ឈីស​ (cottage cheese)  • ស៊ុត​ស្ងោរ​ជាមួយ • បន្លែ​ឆៅ​ 5. របៀប​កសាង​សាច់ដុំ​ដោយ​មិន​បង្កើន​ខ្លាញ់ ដើម្បី​កសាង​សាច់ដុំ សូម​ញ៉ាំ​បន្ថែម​លើសធម្មតាបន្តិច ប៉ុន្តែ​កុំ​ញ៉ាំ​ច្រើន​ហួសហេតុ។ ការ​ញ៉ាំ​ច្រើន​ហួសហេតុ ទោះបី​ជា​អាហារ​ល្អ​ចំពោះ​សុខភាព​ក៏ដោយ នឹង​បន្ថែម​ជាតិ​ខ្លាញ់ច្រើន។ សូម​ជ្រើសរើស ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ដូចជា ត្រី សាច់​បក្សី តៅហ៊ូ និង​សណ្តែក បូក​រួម​ទាំង កាបូអ៊ីដ្រាត​ដែល​សម្បូរ​ដោយ​សារធាតុចិញ្ចឹម ដូចជា ផ្លែឈើ បន្លែ និង​គ្រាប់​ធញ្ញជាតិ ជំនួស​ឱ្យ​បង្អែម ឬ​ម្សៅ​ដែល​គេ​ចម្រាញ់។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី មូលហេតុដែល​យើង​ត្រូវ​ការ​ប្រូតេអ៊ីន និងរបៀបដែលអាស៊ីតអាមីណូធ្វើការនៅក្នុងខ្លួនរបស់យើង និងសារៈសំខាន់របស់ប្រូតេអ៊ីន។ តស់ មកស្វែងយល់​អំពី​អាស៊ីត​អាមីណូ ប្រភេទ​ផ្សេងៗ​នៃ​ប្រូតេអ៊ីន​ក្នុង​អាហារ និង​របៀប​ដែល​រាងកាយ​របស់យើង​ប្រើប្រាស់​អាស៊ីត​អាមីណូ​ដើម្បី​ផលិត​ប្រូតេអ៊ីន។ តើ​អ្វី​ទៅ​ជា​អាស៊ីត​អាមីណូ? តើវា​មាន​ប៉ុន្មាន​ប្រភេទ?  ប្រូតេអ៊ីន ​ដែល​អ្នក​ទទួលទាន (និង​ប្រូតេអ៊ីន​ដែល​មាន​ក្នុង​ខ្លួន​របស់​អ្នក​រួច​ហើយ) គឺកើត​ឡើងចេញ​ពី​ឯកតា​តូចៗ​ហៅ​ថា អាស៊ីត​អាមីណូ។ គេ​តែង​ហៅ​អាស៊ីត​អាមីណូ​ថា​ជា «សារធាតុផ្សំ » (building blocks)។ មាន​អាស៊ីត​អាមីណូ ២០ ប្រភេទ ​អាច​ត្រូវ​បាន​ចង​ភ្ជាប់​គ្នា​ដើម្បី​បង្កើត​ជា​ប្រូតេអ៊ីន ទាំង​ប្រូតេអ៊ីន​ដែល​អ្នក​ទទួលទាន និង​ប្រូតេអ៊ីន​ដែល​ត្រូវ​បាន​ផលិត​ដោយ​រាងកាយ​របស់​អ្នក។ ប្រភេទនៃ​ប្រូតេអ៊ីន​ផ្សេងៗគ្នាក្នុង​អាហារ​មាន​ប្រភេទ​អ្វីខ្លះ? អាហារ​ផ្សេងៗ​គ្នា​មាន​ផ្ទុក​ប្រូតេអ៊ីន​ផ្សេងៗ​គ្នា (ហើយ​ជាធម្មតា​មាន​ច្រើន​ជាង​មួយ)។ ឧទាហរណ៍៖    * ទឹកដោះគោ ឬ​យ៉ាអួ មាន​ប្រូតេអ៊ីន​ហៅថា កាសេអ៊ីន (casein) និង​វ៉េ(whey) ។    * សាច់ ត្រី ឬ​បសុបក្សី មាន​ប្រូតេអ៊ីន​ហៅថា កូឡាជែន (collagen) និង​មីយ៉ូស៊ីន (myosin) ។    * សណ្តែក​មាន​ប្រូតេអ៊ីន​ហៅថា លេគូមីន (legumins) ។    * ស៊ុត​មាន​ប្រូតេអ៊ីន​ជាច្រើន​រួម​មាន អាវីឌីន (avidin) និង​អូវ៉ាល់ប៊ូមីន(ovalbumin) ។ ប្រូតេអ៊ីន​នីមួយៗ​មាន​លក្ខណៈ​ពិសេស ដោយសារ​វា​ត្រូវ​បាន​បង្កើត​ឡើង​ពី​លំដាប់​អាស៊ីត​អាមីណូ​ប្លែកៗ ​រៀងៗ​ខ្លួន។ នៅ​ពេល​ដែល​ប្រូតេអ៊ីន​ត្រូវ​បាន​រំលាយ និង​ស្រូប​យក​ហើយ អាស៊ីត​អាមីណូ​ទាំងនោះ​អាច​ត្រូវ​បាន​ប្រើប្រាស់​ជា សារធាតុផ្សំ (building blocks) សម្រាប់​ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​ខ្លួន​របស់​អ្នក។ តើ​អាស៊ីត​អាមីណូ​បង្កើត​ជា​ប្រូតេអ៊ីន​ក្នុង​ខ្លួន​របស់​អ្នក​ដោយ​របៀប​ណា? នៅ​ពេល​អាហារ​ប្រូតេអ៊ីន​ធ្វើ​ដំណើរ​តាម​បំពង់​រំលាយ​អាហារ វា​ត្រូវ​បាន​បំបែក​ទៅ​ជា អាស៊ីត​អាមីណូ​នីមួយៗ រួច​ត្រូវ​បាន​ស្រូប​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម។ រាងកាយ​របស់​អ្នក​ប្រើប្រាស់សារធាតុផ្សំ​ទាំងនេះ​ដើម្បី​ផលិត​ប្រូតេអ៊ីន​ក្នុង​ខ្លួន​ប្រមាណ ៥០,០០០ ប្រភេទ​ផ្សេងៗ​គ្នា ដែល​នីមួយៗ​មាន​រចនាសម្ព័ន្ធ (និង​មុខងារ) ជាក់លាក់​របស់​វា។ ប្រូតេអ៊ីន​ទាំងនេះ​មាន​ចាប់ពី អង់ស៊ីម ដែល​ជួយ​ពន្លឿន​ប្រតិកម្ម​គីមី​ក្នុង​រាងកាយរហូត​ដល់ អ័រម៉ូន ដែល​ដើរតួដូចជា​អ្នក​នាំសារធាតុ​គីមី។ ប្រូតេអ៊ីន​ផ្សេងទៀតជួយ​គាំទ្រ​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ឬ​បញ្ចួន​សារធាតុចិញ្ចឹមហើយ​ក៏​មាន​ប្រូតេអ៊ីន​ដែល​ផ្តល់​រចនាសម្ព័ន្ធ​ដល់​ឆ្អឹង ស្បែក សក់ ក្រចកនិង​សាច់ដុំ​របស់​អ្នក​ផង​ដែរ។ នៅ​ពេល​ដែល​អាស៊ីត​អាមីណូ​ចូល​ក្នុង​ចរន្ត​ឈាមហើយពួកវា​ក្លាយ​ជា «អាង​អាស៊ីត​អាមីណូ» (amino acid “pool”)នៅក្នុង​ជាលិកា និង​សារធាតុ​រាវ​របស់​រាងកាយ​ដែល​អាច​ប្រើប្រាស់​បាន​តាម​តម្រូវការ។ ហេតុអ្វី​បាន​ជា​អ្នក​ត្រូវ​ការ​ប្រូតេអ៊ីន​រាល់​ថ្ងៃ? ការ​ទទួលទាន​ប្រូតេអ៊ីន​ក្នុង​បរិមាណ និង​ប្រភេទ​ត្រឹមត្រូវ​រាល់​ថ្ងៃ​មាន​សារៈសំខាន់ ពីព្រោះ​ប្រសិនបើ​អ្នកកង្វះ​ប្រូតេអ៊ីន ក្នុង​របប​អាហារ​ជា​ប្រចាំ រាងកាយ​របស់​អ្នក​នឹងចាប់ផ្តើមបំបែក​ប្រូតេអ៊ីន​ដែល​មាន​ក្នុង​ខ្លួនស្រាប់ដើម្បី​ផ្គត់ផ្គន់​នូវ​អាស៊ីត​អាមីណូ​ដែល​ចាំបាច់​សម្រាប់​ផលិត​ប្រូតេអ៊ីន​ក្នុង​ខ្លួន​។ ​ដំណើរការ​នៃ​ការកសាង​ឡើង (building up) និង បម្លែង (breaking down) នេះ​កើតឡើង​​គ្រប់ពេលវេលា ដំណើរការ​នេះ​ដំណើរការបានល្អនឹងមានតុល្យភាព​បាន​លុះត្រាតែ​មាន អាស៊ីត​អាមីណូ​គ្រប់គ្រាន់។ ប្រូតេអ៊ីន​ពេញលេញ និង​មិន​ពេញលេញ មាន​អាស៊ីត​អាមីណូ ៩ ប្រភេទ ក្នុង​ចំណោម ២០ ប្រភេទ ដែលគេចាត់ទុកថា​ «ចាំបាច់» ហើយវាចាំបាច់ត្រូវតែបានមកពី​របប​អាហារ​ ពីព្រោះ​រាងកាយ​របស់​អ្នក​មិន​អាច​ផលិត​វា​បាន​ទេ។ ប្រូតេអ៊ីន​ពេញលេញ ប្រូតេអ៊ីន​ពី​​សត្វ​មាន​ផ្ទុកនូវ​អាស៊ីត​អាមីណូ​ចាំបាច់​ទាំងអស់ ដូច្នេះ​ពួកវា​ត្រូវ​បាន​គេ​ហៅថា «ប្រូតេអ៊ីនពេញលេញ» ​រួមមាន៖    * សាច់    * ត្រី    * បសុបក្សី    * ស៊ុត    * ទឹកដោះគោ និង​ផលិតផល​ទឹកដោះគោ សណ្តែកសៀង និង​អាហារ​ប្រូតេអ៊ីន​ដែល​បាន​មកពី​សណ្តែកសៀងដូចជា​តៅហ៊ូ ទឹកដោះគោ​ សណ្តែកសៀង ឬ​ម្សៅ​ប្រូតេអ៊ីន​សណ្តែកសៀង ក៏​ត្រូវ​បាន​ចាត់ទុកថា​ជា​ប្រូតេអ៊ីន​ពេញលេញ​ផង​ដែរ។ ប្រូតេអ៊ីន​មិន​ពេញលេញ លើកលែងតែ​សណ្តែកសៀង ប្រូតេអ៊ីន​រុក្ខជាតិ​ខ្វះ​អាស៊ីត​អាមីណូ​ចាំបាច់ឬអាច​ច្រើនជាងហ្នឹង ដូច្នេះ​ពួកវា​ត្រូវ​បាន​ចាត់ទុកថា «ប្រូតេអ៊ីនមិន​ពេញលេញ» ដែល​រួមមាន៖    * សណ្តែក    * សណ្ដែកបាយ (Lentils)    * គ្រាប់ធញ្ញជាតិ (Nuts)    * គ្រាប់ធញ្ញជាតិ​ទាំងមូល (Whole grains) សម្រាប់អ្នក​​តម​សាច់​ ពួកគេអាច​ទទួលទាន​អាហារ​ចម្រុះ​ច្រើនមុខ​ដើម្បី​ធានា​ថា​ពួកគេ​ទទួល​បាន​អាស៊ីត​អាមីណូ​ចាំបាច់​ពេញលេញ​ក្នុង​របប​អាហារ​របស់​ពួកគេ។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២១ ភ្នំពេញ - កម្ពុជា៖ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រជាជាតិទាំង ១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយរហូតមកដល់បច្ចុប្បន្ន ប្រទេសនេះកំពុងស្ថិតក្នុងដំណើរការប្រែក្លាយទៅជាប្រទេសអភិវឌ្ឍន៍មួយ។ ផ្អែកតាមធនាគារទិន្នន័យពិភពលោក (World Data Bank) បានបង្ហាញថា សហគមន៍ជនបទមានប្រហែល ៧៧% នៃចំនួនប្រជាជន។ ប្រជាជនដែលរស់នៅតាមតំបន់ជនបទ ជា​ពិសេសស្ត្រី បាននឹងកំពុងជួបការលំបាកក្នុងជីវិតរស់នៅប្រចាំថ្ងៃទាក់ទងនឹងកង្វះលទ្ធភាពទទួលបានអនាម័យ​ កង្វះទឹកស្អាត និងកង្វះផលិតផលអនាម័យផ្ទាល់ខ្លួន។ ហើយចំនួនប្រជាជននេះជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្មេងស្រីដែលកំពុងចូលរៀនតាមសាលានានា។ បញ្ហានេះត្រូវបានលើកឡើងនៅក្នុងការសិក្សាស្រាវជ្រាវកន្លងមកដែលធ្វើឡើងដោយកញ្ញា និច ជា (Nich Chea) នៅក្នុងនិក្ខេបបទរបស់នាងក្រោមចំណងជើងថា “ឧត្តមសិក្សានៅកម្ពុជា”  ដែលបានគូសបញ្ជាក់ថាប្រមាណជាង ៤៣% នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យនៅកម្ពុជាមិនមានទឹកស្អាត ហើយប្រមាណជាង ៣៤% គ្មានបង្គន់អនាម័យ។ ជាចុងក្រោយ បញ្ហានេះនាំឱ្យមានអត្រាបោះបង់ការសិក្សារបស់ក្មេងស្រីស្ថិតក្នុងកម្រិតមួយខ្ពស់ បន្ទាប់ពីពេញវ័យ ដោយត្រូវមានកន្លែងលាងសម្អាត នៅពេលដែលមករដូវ ។ ដោយបានកំណត់ និង     យល់ច្បាស់ថា បញ្ហាគម្លាតនៃការអប់រំ និងបញ្ហាអនាម័យ ចាំបាច់ត្រូវតែដោះស្រាយនៅក្នុងប្រទេស ដូច្នេះហើយ LIBRESSE® បានប្តេជ្ញាអនុវត្តកម្មវិធីផ្សព្វផ្សាយអប់រំ តាមរយៈការសាងសង់បង្គន់អនាម័យនៅតាមសាលារដ្ឋដែលខ្លួនបានជ្រើសរើស។ រហូតមកទល់ពេលនេះ សាលារដ្ឋមួយដែលទទួលបានការបញ្ជាក់ថានឹងត្រូវសាងសង់បង្គន់អនាម័យ គឺវិទ្យាល័យព្រះនរោត្តមរណឬទ្ធិគន្ធបុប្ផា ដែលមានទីតាំងនៅភូមិឃ្លោយទី ១ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ការធ្វើបែបនេះគឺដើម្បីឱ្យសិស្សស្រីមានលទ្ធភាពប្រើប្រាស់បន្ទប់ទឹកស្អាត និងអនុវត្តអនាម័យបានត្រឹមត្រូវ ។ ការថែទាំងសុខភាព និងអនាម័យ គឺមានសារៈសំខាន់សម្រាប់ក្មេងស្រីទាំងនេះ ដើម្បីឱ្យពួកគេផ្តោតការយកចិត្តទុកដាក់ចំពោះសិក្សារហូតដល់ចប់។ តាមរយៈការទទួលបានការអប់រំ និងបំណិនជីវិតចាំបាច់នានា ក្មេងស្រីទាំងនេះអាចប្រើប្រាស់សក្តានុពលរបស់ខ្លួនបានយ៉ាងពេញលេញ និងបំពេញតួនាទីរបស់ពួកគេនៅក្នុងសង្គម ហើយជាចុងក្រោយ អាចរស់នៅក្នុងជីវភាពមួយតាមបំណងប្រាថ្នា​របស់ខ្លួន ទាំងសម្រាប់ពួកគេផ្ទាល់ ក៏ដូចជាសម្រាប់ក្រុមគ្រួសាររបស់ពួកគេ ។ LIBRESSE® ជឿជាក់ថា ស្ត្រីចាំបាច់ត្រូវទទួលបានការបង្ហាត់បង្រៀនតាំងពីតូច ដើម្បីចេះទទួលខុសត្រូវចំពោះផ្នែកសុខភាព V-zone របស់ខ្លួន ដែលនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការតស៊ូមតិរបស់ខ្លួនក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់បង្គន់អនាម័យនៅតាមសាលារដ្ឋដែលបានជ្រើសរើសជាពិសេសសម្រាប់ក្មេងស្រីកម្ពុជា។ មិនមានអ្វីដែលមានផាសុកភាពជាងនេះទេសម្រាប់ស្ត្រី ជាពិសេសក្នុ​ងអំឡុងពេលមករដូវ ដែលត្រូវមានការយកចិត្តទុកដាក់ឱ្យបានត្រឹមត្រូវ ហើយការមានបង្គន់អនាម័យនៅតាមសាលារបស់ពួកគេ គឺប្រៀបបាននឹងការបំពេញនូវសេចក្តីត្រូវការរាងកាយរបស់ពួកគេបានត្រឹមត្រូវ។ LIBRESSE® គឺជាម៉ាកយីហោថែទាំសម្រាប់សុភាពនារីដែលយល់ពីស្ត្រីបានយ៉ាងច្បាស់ ដោយយីហោនេះជឿជាក់ថាក្មេងស្រីមិនមែនកើតមកដោយមានភាពខ្មាសអៀនចំពោះរាងកាយ និងបរិវេណឯកជនរបស់ពួកគេទេ។ ផ្ទុយទៅវិញ ពួកគេបានផ្លាស់ប្តូរផ្នត់គំនិតសង្គមដែលដាក់កម្រិតលើទំនុកចិត្តរបស់ពួកគេ នៅពេលពួកគេចម្រើនវ័យ ។ ដូច្នេះក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ( និង ៤០ ឆ្នាំនៅទូទាំងពិភពលោក) LIBRESSE® នឹងខិតខំផ្តល់ទំនុកចិត្តដល់ស្ត្រីនៅក្នុងជីវិតសង្គម និងទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ។ ក្នុងនាមជាបងស្រីដ៏ក្លាហាន LIBRESSE® ខិតខំលុបបំបាត់ភាពសង្ស័យចំពោះខ្លួនឯង ការខ្មាសអៀន និងភាពមិនសុខស្រួលដែលធ្វើឱ្យស្ត្រីត្រឡប់មកបង្កើតពិភពនៃទំនុកចិត្ត V-zone ។ នេះត្រូវបានធ្វើឡើងដោយចូលទៅកាន់ចំណុចស្នូលនៃមណ្ឌលសុខភាព V-zone ដោយនឹងមានការអនាម័យយ៉ាងត្រឹមត្រូវ ។   LIBRESSE® គាំទ្រយ៉ាងពេញទំហឹងចំពោះការជំរុញពង្រឹងភាពអង់អាចដល់ស្ត្រី តាមរយៈការចូល      រួមរបស់សង្គម និងការមានវិធីសាស្រ្តជាប្រព័ន្ធបន្ថែមទៀត ពីព្រោះវាឆ្លុះបញ្ចាំងពីគុណតម្លៃរបស់ក្រុមហ៊ុន ។ យុទ្ធនាការ​នេះមានការផ្តួចផ្តើមឡើងដោយ LIBRESSE® ដែលត្រូវបានទទួលស្គាល់តាមរយៈ “ពានរង្វាន់ទីផ្សារឆ្លើយតបចំពោះយែនឌ័រ” “Gender-responsive Marketplace Award” ដែលត្រូវបានប្រគល់ជូនដល់ក្រុមហ៊ុន Vinda Group Southeast Asia (Malaysia) ដែលជាក្រុមហ៊ុនមេរបស់ LIBRESSE® ។   អំពី LIBRESSE®​ LIBRESSE® គឺជាម៉ាកយីហោថែទាំសម្រាប់សុភាពនារី ដែលយល់ច្បាស់ពីធាតុពិតក្នុងនាមជានារី ។ ម៉ាកយីហោនេះគាំទ្រដល់ស្ត្រីឱ្យដើរតាមគន្លងជីវិតរបស់ខ្លួន និងអបអរសាទចំពោះស្ត្រីដែលមានរូបរាង និងដងខ្លួនខុសៗគ្នា។ ក្រៅពីផលិតផលប្រកបដោយគុណភាព និងគួរជាទីទុកចិត្តសម្រាប់សុភាពនារី LIBRESSE® ក៏ប្តេជ្ញាចិត្តផងដែរចំពោះគំនិតផ្តួចផ្តើមសម្រាប់ជីវិតរស់នៅជាប្រក្រតីក្នុងពេលមករដូវប្រចាំខែ ដូចជាយុទ្ធនាការអំពីការមករដូវ គឺ ចូរទទួលយកការពិត និងការមករដូវ (Let’s Get Real and Period) ។   អំពីសម្ព័ន្ធក្រុមហ៊ុន Vinda Group ចាប់តាំងពីពេលចាប់ផ្តើមដំបូងរបស់ខ្លួនក្នុងឆ្នាំ ១៩៨៥ រហូតដល់បច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុន Vinda Group បានក្លាយជាក្រុមហ៊ុនធំជាងគេមួយសម្រាប់ផលិតផលអនាម័យនៅអាស៊ី និងមានបុគ្គលិកជិត ១ ម៉ឺននាក់។ ការលក់ត្រូវបានធ្វើឡើងក្រោមស្លាកយីហោផលិតផលថែទាំខ្លួនសំខាន់ៗ ដូចជា Vinda, Drypers, TENA, Dr P, Libresse, VIA, Tempo, Tork, Libero និង Sealer ។ Vinda មានទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងហុងកុង ហើយត្រូវបានចុះបញ្ជីនៅលើផ្សារហ៊ុនហុងកុង (លេខកូដហ៊ុន: 3331.HK) ។

នេះជាសំណួរដ៏ពេញនិយមចំពោះសុភាពនារីមួយចំនួនតូច ហើយពេលខ្លះមានអារម្មណ៍ច្រណែនចំពោះសុភាពនារីផ្សេងទៀតដែលមិនធ្លាប់ស្គាល់សោះថាតើការឈឺចាប់នេះមានរសជាតិបែបណា។ ចង់ដឹងថាតើមកពីមូលហេតុអ្វីឲ្យពិតប្រាកដ និងអាចបង្កជាហានិភ័យចំពោះសុខភាពដែរឬទេ? ចម្លើយទាំងនេះមានក្នុងករណីសិក្សារបស់មិត្តអ្នកអានយើងម្នាក់ដែលតែងកើតមានបញ្ហានេះដូចគ្នា៖ សំណួរ៖ នាងខ្ញុំមានអាយុ ២៤ឆ្នាំ កម្ពស់ ១ម៉ែត្រ៥៥ ទម្ងន់៤៥គីឡូក្រាមសព្វថ្ងៃជានិស្សិត។ អំឡុងពេលមករដូវម្តងៗខ្ញុំតែងមានអាការៈចុកពោះខ្លាំង ពិបាកក្នុងការទ្រាំ ពេលខ្លះលេបថ្នាំបំបាត់ការឈឺចាប់តែមិនបាត់ហើយអាការៈបែបនេះកើតឡើងជារៀងរាល់ខែ។ តើអាការៈបែបនេះអាចប៉ះពាល់ទៅថ្ងៃក្រោយដែរឬទេ? បណ្តាលមកពីមូលហេតុអ្វី? មានវិធីការពារដែរឬទេ? ចម្លើយ៖ ភាសាបច្ចេកទេសវេជ្ជសាស្រ្តដែលត្រូវបានប្រើប្រាស់សម្គាល់លក្ខខណ្ឌឈឺចាប់ក្នុងអំឡុងពេលមករដូវនេះគឺ Dysmenorrhea។ មូលហេតុចម្បងដែលបណ្តាលឲ្យមានការឈឺចាប់គឺបណ្តាលមកពីបម្រែបម្រួលសារធាតុម៉្យាងដែលមានលក្ខណៈដូចអ័រម៉ូនឈ្មោះថា prostaglandins ដែលមានតួនាទីក្នុងការកន្រ្តាក់ជញ្ជាំងស្បូន ដើម្បីបង្ហូរកម្រាស់ឈាមរដូវចេញមកក្រៅ។ ប្រសិនបើកម្រិត prostaglandins កើនឡើងខ្ពស់ នោះការឈឺចាប់នឹងកើនឡើងបន្ថែមជាមួយការឈឺរមួលមួយកម្រិតទៀត។ ការឈឺចាប់នេះអាចប្រែប្រួលពីស្រ្តីម្នាក់ទៅស្រ្តីម្នាក់ទៀត ដែលជាទូទៅការឈឺនេះនឹងកាន់តែមានភាពធូរស្រាលនៅពេលស្ត្រីមានវ័យកាន់តែចាស់ ឬបន្ទាប់ពីសម្រាលបុត្ររួច។ តាមពិត មានលក្ខខណ្ឌមួយចំនួនតូចទៀតដែលអាចបណ្តាលឲ្យមានការឈឺចាប់នេះផងដែរ ដែលជាទូទៅ ការព្យាបាលទៅលើឫសគល់នៃបញ្ហាទាំងនោះអាចបញ្ឈប់រោគសញ្ញាឈឺចាប់បាន។ លក្ខខណ្ឌបង្កទាំងនោះរួមមាន៖ • Endometriosis៖ ជាការឡើងក្រាស់នៃភ្នាសស្បូនខាងក្រៅតួស្បូនតួយ៉ាងដូចជានៅដៃស្បូនដែលបណ្តាលឲ្យមានការឈឺចាប់រ៉ាំរ៉ៃ និងធ្ងន់ធ្ងរ ជាងការឈឺចាប់នៃការមករដូវធម្មតា។ • Uterine fibroids៖ មានលក្ខណៈជាការលូតលាស់ប្រភេទកោសិកាមិនមែនមហារីកនៅតាមជញ្ជាំងស្បូន ដែលអាចបណ្តាលឲ្យមានការឈឺចាប់ត្រង់ទីតាំងដែលមានបញ្ហាតែម្តង។ • Adenomyosis៖ ជាលក្ខខណ្ឌដែលកើតមាននៅពេលដែលភ្នាសតួស្បូនចាប់ផ្តើមរីករាលដាលចូលក្នុងជញ្ជាំងស្បូន។ • Pelvic inflammatory disease៖ ជាប្រភេទជំងឺរលាកតំបន់អាងត្រគាកដែលជាការបង្ករោគនៅនឹងសរីរាង្គបន្តពូជ បណ្ដាលមកពីបាក់តេរីតាមរយៈការរួមភេទ។ • Cervical stenosis៖ កើតឡើងនៅពេលមាត់ស្បូនរួមតូចដែលបង្អាក់ដល់លំហូរឈាមរដូវ បង្កឲ្យមានការឈឺចាប់កាន់តែខ្លាំងដោយសារការកើនឡើងសម្ពាធក្នុងតួស្បូន។ ករណីភាគច្រើន ការឈឺរមួលក្នុងអំឡុងពេលមករដូវជាសញ្ញាណវិជ្ជមានបែបធម្មជាតិនៃប្រតិកម្មរបស់រាងកាយចំពោះការដាច់ចេញនៃភ្នាសស្បូន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការឈឺចាប់នេះបានរំខានចំពោះសកម្មភាពប្រចាំថ្ងៃ ឬប្រសិនបើកម្រិតនៃការឈឺចាប់កាន់តែខ្លាំងឡើងៗ ជាពិសេសបន្ទាប់ពីអ្នកមានអាយុលើសពី ២៥ ឆ្នាំ អ្នកចាំបាច់ជួបប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តីនៃ Women-Baby’s Center Anna អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពេលខ្លះ បើសិនជាមិនអាចចៀសវាងបាន គឺមានតែកាត់បន្ថយការរំខានតែប៉ុណ្ណោះ។ ដូចគ្នានេះដែរ គ្មានមិត្តនារីណាអាចចៀសពីការមករដូវនោះទេ គឺមានតែការស្វែងយល់អំពីវិធីសាស្រ្តកាត់បន្ថយថ្ងៃនៃការមករដូវ ឬនិយាយដោយសាមញ្ញងាយយល់ថា យល់ដឹងអំពីគន្លឹះដែលជួយឲ្យកង្វល់ប្រចាំខែរបស់ខ្លួនឆាប់ចប់ ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយ ដូចថ្ងៃធម្មតាៗនៅក្នុងខែនីមួយៗដែរ។ ក្រៅពីការប្រើប្រាស់ថ្នាំមួយចំនួន (យើងសូមមិនធ្វើការណែនាំក្នុងអត្ថបទនេះ ព្រោះការប្រើប្រាស់ថ្នាំមួយចំនួនគួរតែត្រូវបានប្រឹក្សាយោបល់ជាមួយនឹងឱសថការី ឬអ្នកវិជ្ជាជីវសុខាភិបាលជាមុនសិន ដើម្បីធានាបាននូវសុវត្ថិភាពប្រើប្រាស់) ក៏មានវិធីងាយៗមួយចំនួនខាងក្រោមនេះ ដែលមិត្តនារីអាចធ្វើបាន បើសិនជាអ្នកចង់ឲ្យវដ្តរដូវរបស់អ្នកឆាប់អស់នោះ… វីតាមីន C វីតាមីន C ដែលមាននៅក្នុងបន្លែ និងផ្លែឈើដូចជា ក្រូច ឃីវី ក្រូចឆ្មារ ត្របែក ល្ហុង ស្រ្តប៊ឺរី ផ្កាស្ពៃបៃតង។ល។ ពិតជាជួយបន្ថយថ្ងៃនៃវដ្ដរដូវរបស់អ្នកប៉ុន្តែអ្នកគួរតែទទួលទានក្នុងបរិមាណសមស្របបានហើយ ព្រោះបើញ៉ាំច្រើនពេក គឺអាចប្រឈមនឹងបញ្ហាសុខភាពផ្សេងៗ រួមមានរាក ជាដើម។ វីតាមីន D និងកាល់ស្យូម វីតាមីន D និងកាល់ស្យូម ក៏ជាចំណែកមួយនៃការសម្រាលការឈឺចាប់ពេលមករដូវហើយក៏ធ្វើឲ្យវដ្តរដូវអ្នកឆាប់ចប់ទៀតផង ហើយវត្តមានរបស់វា គឺមាននៅក្នុងអាហារដូចជា  ទឹកដោះគោ បន្លែស្លឹកបៃតង តៅហ៊ូ ត្រី ស៊ុត ផ្សិត។ល។ អាហារមានជាតិហឹរ រសជាតិហឹរនៅក្នុងអាហារនឹងមានឥទ្ធិពលលើដំណើររបស់ឈាម ហើយកម្តៅពីអាហារទាំងនោះ នឹងជំរុញឲ្យឈាមរដូវធ្វើដំណើរចេញពីក្នុងរាងកាយបានលឿនផងដែរ។  ជាតិអុីយ៉ូត តាមពិតទៅ មិនថាក្នុងរបបអាហារប្រចាំថ្ងៃ ឬអំឡុងពេលមករដូវនោះទេ បរិមាណអុីយ៉ូត ឬអំបិលគួរតែត្រូវបានកំណត់ក្នុងម្ហូបអាហារដែលអ្នកទទួលទានហើយការចៀសវាងអាហារបែប Fast food ជាវិធីដ៏ល្អមួយ។ ទឹក អ្នកទទួលទានបរិមាណទឹកកាន់តែច្រើន លំហូរនៃចរន្តឈាមនឹងកាន់តែរលូនផងដែរ ហេតុនេះហើយ អ្នកគួរតែទទួលទានទឹកឲ្យបានច្រើនតាមដែលអាចធ្វើបានក្នុងអំឡុងពេលមករដូវ។ យ៉ាងណាមិញ អ្នកគួរតែចៀសវាងភេសជ្ជៈកំប៉ុង និងកាហ្វេអុីន អំឡុងពេលនេះ ព្រោះវាអាចបង្កជាអាការៈឈឺចាប់ និងបញ្ហាសុខភាពផ្សេងៗ។ ខ្ញី ខ្ញីមិនត្រឹមតែជួយអ្នកឲ្យឆាប់អស់រដូវទេ វាថែមទាំងសម្រាលដល់ការឈឺចាប់ពេលមករដូវទៀតផង ដូចនេះហើយ សូមកុំរំលងការទទួលទានខ្ញី ដែលអ្នកអាចញ៉ាំជាម្ហូបជាមួយបាយ ឬញ៉ាំជាទឹកខ្ញីតែម្តងក៏បានដែរ។ កម្តៅ កម្តៅ នឹងជួយសម្រួលដល់ការឈឺចាប់ ហើយក៏ជាហេតុនាំឲ្យឈាមរដូវចេញពីរាងកាយបានរហ័សផងដែរហេតុនេះហើយ អ្នកអាចសាកល្បងប្រើថង់ស្អំទឹកក្តៅរបស់អ្នកបាន។ លំហាត់ប្រាណ ប្រហែលជាគិតថា ពិបាកបន្តិច ព្រោះភាគច្រើនអ្នកមានអារម្មណ៍ថា អស់កម្លាំងហើយក៏មិនចង់ធ្វើអ្វីដែរតែការធ្វើលំហាត់ប្រាណស្រាលៗដូចជា ការដើរត្រឹកៗ ការដើរលើម៉ាស៊ីន…គួរតែត្រូវបានធ្វើ បើសិនជាអាចព្រោះការសិក្សាបានបញ្ជាក់ថា អ្នកដែលមានរាងកាយរឹងមាំ និងសកម្ម មានចំនួនថ្ងៃនៃវដ្ដរដូវតិច ជាងអ្នកដែលទម្រន់ ហេតុនេះហើយបើទោះជាអ្នកមិនអាចធ្វើបានក្នុងពេលវដ្ដរដូវ អ្នកក៏គួរតែមានទម្លាប់ធ្វើលំហាត់ប្រាណជាប្រចាំផងដែរ។ អត្ថបទ​៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ក្រៅពីថែរក្សាសម្ផស្ស សុភាពនារីទាំងឡាយក៏តែងតែមានការព្រួយបារម្ភចំពោះបញ្ហាសុខភាពនៅតំបន់ពិសេស របស់ខ្លួន។ ក្នុងនោះបន្ថែមពីលើការថែទាំដោយការស្លៀកពាក់ប្រកបដោយផាសុកភាព និងការលាងសម្អាតប្រកបដោយអនាម័យ មិត្តនារីក៏ចាំបាច់ត្រូវយកចិត្តទុកដាក់ចំពោះរបបអាហាររបស់ខ្លួនផងដែរ។ ពពួកប្រូប៊ីយ៉ូទិច និងយ៉ាអ៊ួធម្មជាតិ ក្រុមអាហារដែលមានប្រូប៊ីយ៉ូទិចពីធម្មជាតិ គឺពិតជាមានគុណប្រយោជន៍ក្នុងការថែរក្សាសុខភាពទ្វារមាសរបស់មិត្តនារី។ ចំណែកឯយ៉ាអ៊ួធម្មជាតិវិញក៏ប្រៀបបានជារនាំងការពារបញ្ហាឆ្លងរោគផ្សេងៗ ព្រមទាំងប្រយុទ្ធប្រឆាំងនឹងជំងឺមួយចំនួនផងដែរ។ ផ្លែប៊័រ ជាមួយនឹងបិរមាណច្រើននៃប៉ូតាស្យូម និង វីតាមីនB6 ផ្លែប៊័រជាជំនួយដ៏ល្អក្នុងការផលិតទឹករំអិលធម្មជាតិសម្រាប់ការពារភាពស្ងួតនៅតំបន់ទ្វារមាស។ ដំឡូងជ្វា ដំឡូងជ្វាសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមជាច្រើនរួមមានវីតាមីនA C និង B សារធាតុសរសៃ ម៉ាញេស្យូម និងប៉ូតាស្យូមដែលជួយពង្រឹងសុខភាពទ្វារមាស ក៏ដូចជាបង្កើននូវសារធាតុប្រឆាំងអុកស៊ីតកម្ម។ គ្រាប់ល្ពៅ និងគ្រាប់ធញ្ញជាតិ ជាមួយនឹងវីតាមីនE និងសារធាតុស័ង្កសី ការទទួលទានគ្រាប់ល្ពៅនឹងជួយឲ្យមិត្តនារីមានវដ្ដរដូវទៀងទាត់ និងមិនមានបញ្ហារំខាន ឬរមាស់នៅតំបន់ពិសេសរបស់ខ្លួន។ ម្យ៉ាងទៀត វាក៏បង្ការបញ្ហាស្ងួត និងអាការៈឈឺចាប់ពេលមករដូវផងដែរ។ ខ្ទឹមស ខ្ទឹមសមិនត្រឹមតែបង្ការបញ្ហាធ្លាក់ស រមាស់ និងក្លិនមិនល្អប៉ុណ្ណោះទេ វាក៏ជួយការពារទ្វារមាសពីការឆ្លងមេរោគ ជាពិសេសមេរោគផ្សិតទៀតផង។ ផលិតផលសណ្តែក សារធាតុដែលមាននៅក្នុងផលិតផលសណ្តែក ជំរុញដំណើរផលិតទឹករំអិលធម្មជាតិ និងការពារអាការៈឈឺចាប់ក្នុងពេលមករដូវ។ បន្លែបៃតង បរិមាណដ៏ច្រើននៃវីតាមីនA និងC នៅក្នុងបន្លែបៃតងជួយជំរុញដំណើរចលនាក្នុងឈាម បង្ការពីមេរោគឆ្លងនិងការពារបញ្ហាស្ងួតនៅតំបន់ទ្វារមាស។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣​​ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ស្ទើរតែគ្រប់មធ្យោបាយពន្យារកំណើតទាំងអស់តែងតែបង្កឲ្យមានផលរំខានបន្តិចបន្តួចដែលអាចប្រែប្រួលពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត។ ករណីខាងក្រោមបានរៀបរាប់ពីផលរំខាននៃការដាក់កងក្នុងដើមដៃដែលអ្នកគួរដឹង។ សំណួរ៖ បងស្រីខ្ញុំមានអាយុ ៣៧ឆ្នាំ ភេទស្រី ទម្ងន់ ៥៦គីឡូក្រាម មុខរបរជាស្រ្តីមេផ្ទះ។ គាត់បានដាក់កងនៅក្នុងដើមដៃ បានរយៈពេលប្រហែលកន្លះខែមក ស្រាប់តែមានអាការៈធ្លាក់ឈាមមកតិចៗរហូត ហើយរដូវរបស់គាត់ក៏មកមិនទៀងទាត់ដូចមុនដែរ ជួនកាលមួយខែមកម្តង ឬមួយខែមក ៣ ទៅ៤ដងក៏មាន។ ខ្ញុំចង់សួរថា តើអាការៈនេះបណ្តាលមកពីបញ្ហាអ្វីទៅ? ហើយបង្កគ្រោះថ្នាក់ដល់សុខភាពដែរឬទេ? ចម្លើយ៖ ការហូរឈាមតិចៗ (អាចធ្លាក់នៅចន្លោះវដ្តរដូវ) គឺជាផលរំខានដែលតែងកើតមានឡើងជាញឹកញាប់ចំពោះស្ត្រីដែលកំពុងប្រើប្រាស់វិធីសាស្ត្រពន្យារកំណើតដោយដាក់កងក្នុងដើមដៃ។ ក្នុងចំណោមស្រ្តី ១០នាក់ មានស្រ្តីម្នាក់ដែលនឹងអាចបញ្ឈប់ការប្រើប្រាស់វិធីសាស្រ្តនេះវិញ ដោយសារការហូរឈាមមិនប្រក្រតី ប៉ុន្តែមិនមែនគ្រប់ស្រ្តីទាំងអស់សុទ្ធតែមានបញ្ហានេះទេ ហើយស្ត្រីភាគច្រើនដែលមានបញ្ហានេះនឹងបាត់ទៅវិញក្នុងរយៈពេលប៉ុន្មានខែក្រោយ។ តាមពិត ការហូរឈាមតិចៗបន្ទាប់ពីបានដាក់កងនៅដៃលើកដំបូងមិនបង្កជាគ្រោះថ្នាក់ ឬជាបញ្ហាដែលគួរឲ្យព្រួយបារម្ភនោះទេ ប៉ុន្តែប្រសិនបើបងស្រីរបស់អ្នកយល់ថា វាពិតជារំខានខ្លាំងសម្រាប់គាត់នោះការដាក់កងក្នុងដើមដៃមិនមែនជាជម្រើសរបស់គាត់ឡើយ។ គាត់អាចពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីស្វែងរកវិធីសាស្ត្រសមស្របដទៃទៀត។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តី Women-Baby’s Center Anna អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលសថាម ប្រូ​ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ធ្លាប់មានការណែនាំជាច្រើនរួចមកហើយពីប្រភេទអាហារ និងលំហាត់ប្រាណដែលអ្នកគួរធ្វើអំឡុងពេលមករដូវ។ ស្របពេលដែលអ្នកកំពុងតែអនុវត្តទៅតាមការណែនាំទាំងអស់នោះ អ្នកក៏គួរស្វែងយល់ផងដែរពីការចៀសវាងមួយចំនួន រួមបញ្ចូលទាំងរបបអាហារ និងលំហាត់ប្រាណផងដែរ។ ចង់ដឹងថាគួរចៀសវាងទៅលើអ្វីខ្លះ អត្ថបទខាងក្រោមអាចជាការបកស្រាយសម្រាប់អ្នកអំឡុងពេលមករដូវម្ដងៗ។ អាហារដែលស្រ្តីមិនគួរទទួលទានអំឡុងពេលមករដូវ ប្រភេទអាហារកែច្នៃ អាហារប្រភេទនេះជាជម្រើសមួយដែលងាយស្រួលនិងឆាប់រហ័ស ប៉ុន្តែវាអាចធ្វើឲ្យអាការៈរបស់អ្នកកាន់តែយ៉ាប់ទៅបាន។ ជាក់ស្ដែងអាហារកំប៉ុង ឬនំចំណិតដំឡូងកំប៉ុងដែលមានផ្ទុកសារធាតុសូដ្យូមក្នុងបរិមាណច្រើន សុទ្ធតែជាប្រភេទអាហារដែលអាចបណ្តាលឲ្យស្ត្រីជួបបញ្ហាមិនស្រួល ឈឺចុកចាប់ ធុំក្លិន ហើមពោះពិសេសអាចឲ្យលំហូរឈាមមិនបានល្អផងដែរ។ អាហារមានជាតិស្ករ នំខេក ស្ករគ្រាប់ អាហារសម្រន់ និងបណ្តាអាហារផ្អែមដទៃទៀតជាជម្រើសដែលគ្មានគុណប្រយោជន៍ចំពោះសុខភាពនិងមិនគួរទទួលទានជាពិសេសអំឡុងពេលមករដូវ និងនៅពេលដែលអ្នកមិនចង់ធាត់។ ម្យ៉ាងទៀតអាហារទាំងនេះ អាចបណ្តាលឲ្យការឈឺចាប់អំឡុងពេលមករដូវកាន់តែអាក្រក់។ ក្នុងករណីនេះដែរ សុភាពនារីទាំងឡាយដែលចង់ទទួលទានរបស់ផ្អែមៗក្រៅពីអាហារសម្រន់ ឬនំទាំងនោះ អ្នកអាចជ្រើសរើសអាហារ និងផ្លែឈើមួយចំនួនជំនួសវិញដូចជា ឪឡឹក ស្វាយទុំ ចេកទុំ និងផ្លែល្ហុងជាដើម។ អាហារហឹរ អ្នកគួរចៀសវាងអាហារដែលមានជាតិហឹរជាដាច់ខាតប្រសិនឈាមរដូវមានលក្ខណៈច្រើន អស់កម្លាំងខ្លាំង និងឈឺចុកចាប់ ពីព្រោះជាតិហឹរក្នុងអាហារនឹងកាន់តែធ្វើឲ្យមានខ្យល់ក្នុងពោះ និងហើមពោះទៅវិញ។ យ៉ាងណាមិញចំពោះអ្នកដែលមានវដ្ដរដូវធម្មតា អាចបន្តការញ៉ាំអាហារហឹរបាន ប៉ុន្តែត្រូវស្ថិតក្នុងកម្រិតសមស្របដែលមិនប៉ះពាល់ដល់សុខភាពក្រពះ។ ពិសាគ្រឿងស្រវឹង សម្ពាធឈាម អំឡុងពេលមករដូវនឹងមានការថយចុះដែលជាហេតុធ្វើឲ្យផលរំខាននៃគ្រឿងស្រវឹងកាន់តែមានឥទ្ធិពលអាក្រក់មកលើខ្លួនរបស់អ្នក។ ជាក់ស្ដែង ថាមពលរាងកាយរបស់អ្នកនឹងបន្តចុះខ្សោយប្រសិនអ្នកពិសាគ្រឿងស្រវឹងក្នុងពេលជាមួយគ្នានៃវដ្តរដូវ។ ម៉្យាងទៀត សារធាតុអាល់កុលក៏អាចធ្វើឲ្យកើនឡើងនៃលំហូរឈាមដែលធ្វើឲ្យអ្នកបាត់បង់ឈាមកាន់តែច្រើន។ ជាតិកាហ្វេអុីន អ្នកត្រូវចៀសវាងការទទួលទានជាតិកាហ្វេអុីន និងផលិតផលដូចជាសូកូឡា សូដា តែ និងកាហ្វេនៅក្នុងអំឡុងពេលមានរដូវ ព្រោះជាតិកាហ្វេអុីនអាចបង្រួមសរសៃឈាម និងនាំឲ្យខ្សោះជាតិទឹក ដែលអាចបណ្តាលឲ្យមានបញ្ហាឈឺក្បាល ស្លេកស្លាំង អស់កម្លាំង និងការថប់អារម្មណ៍ទៀតផង។ លំហាត់ប្រាណដែលស្រ្តីមិនគួរធ្វើអំឡុងពេលមករដូវ មិនប្រាកដថាលំហាត់ប្រាណទំាងអស់សុទ្ធសឹងតែល្អនោះទេអំឡុងពេលមករដូវ  តែវាក៏អាចផ្តល់ផលរំខានទៅដល់អ្នកវិញផងដែរ ជាពិសេសប្រភេទលំហាត់ប្រាណដូចជា៖ លំហាត់ប្រាណដែលប្រើកម្លាំងខ្លាំង ឬរយៈពេលយូរ ការធ្វើលំហាត់ប្រាណដោយប្រើកម្លាំងខ្លាំង ឬរយៈពេលយូរអាចធ្វើឲ្យប៉ះពាល់ដល់រាងកាយរបស់អ្នកអំឡុងពេលមករដូវ។ នេះបើយោងតាមការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងកាសែត Journal of Physiotherapy and Physical Rehabilitation បានបង្ហាញថាការធ្វើលំហាត់ប្រាណខ្លាំងក្លារយៈពេល ៦០នាទីក្នុងអំឡុងពេលមករដូវនោះ  វាអាចមានផលវិបាកកាន់តែខ្លាំងដល់សុខភាព ហើយការឈឺចាប់និងហូរឈាមក៏កើតមានកាន់តែខ្លាំងផងដែរ។ កីឡាយោគៈបែបដាំក្បាលចុះក្រោម (Inversion-type poses) កីឡាយោគៈបែបនេះត្រូវបានណែនាំឲ្យចៀសវាងដោយសារវាជាប្រភេទកាយវិការដែលមានលក្ខណៈប្រឆាំងទៅនឹងលំហូរឈាមរបស់វដ្តរដូវ ដែលអាចរំខាន ឬបញ្ឈប់លំហូរឈាម ថែមទាំងអាចប៉ះពាល់ដល់មុខងារបន្តពូជទៀតផង។ បន្ថែមពីនោះ ស្បូន របស់អ្នកនឹងស្ថិតនៅទីតាំងបញ្រ្ចាស់ ដែលបណ្តាលឲ្យចរន្តឈាមរត់ទៅកាន់ស្បូនមិនអាចប្រព្រឹត្តទៅបានល្អ។ ការលើកទម្ងន់ ឬធ្វើការធ្ងន់ ការបញ្ចេញកម្លាំងច្រើននៅក្នុងអំឡុងពេលមករដូវអាចធ្វើឲ្យមានផលប៉ះពាល់កាន់តែខ្លាំងសម្រាប់សុខភាព ព្រោះរាងកាយមិនអាចធន់នឹងការធ្វើសកម្មភាពធ្ងន់បានឡើយ។ ដូច្នោះហើយ អ្នកគួរតែរក្សាតុល្យភាពនៃការងារនិងយកពេលសម្រាកឲ្យបានច្រើន។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨២ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Top