App ទាំង៦ដែលនិស្សិតពេទ្យ និងគ្រូពេទ្យគួរតែមាន
រៀនពេទ្យ គឺជាមុខវិជ្ជាដ៏លំបាកបំផុតមួយ ព្រោះថាវា គឺជាការសិក្សាពីវិធីក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការបង្ការជំងឺជាដើម។ ដោយសារតែការចងចាំគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងជំនាញមួយនេះ ដូច្នេះហើយស្មាតហ្វូនឬថេប្លេតបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការព្យាបាលក៏ដូចជាក្នុងការសិក្សាវិជ្ជាពេទ្យមួយនេះ ដែលអនុញ្ញាតឲ្យនិស្សិតពេទ្យ និងគ្រូពេទ្យអាចចូលទៅទាញចូលទិន្នន័យនិងព័ត៌មានដែលមានលក្ខណៈត្រឹមត្រូវនិងទាន់សម័យ ការគណនាផ្សេងៗ និងឯកសារយោង។
ស្មាតហ្វូន គឺជាផ្នែកមួយដែលមិនអាចខ្វះបាននៃវេជ្ជសាស្ត្រសម័យទំនើប។ ខាងក្រោមនេះគឺជាការជ្រើសរើសយក App សិក្សាល្អៗទាំង៦ដែលនិស្សិតពេទ្យនិងគ្រូពេទ្យគួរមាននៅក្នុងស្មាតហ្វូន។
Medscape សម្រាប់ iOS, Android
លក្ខណៈពិសេសនៃ App មួយនេះគឺមានដូចជាព័ត៌មានវេជ្ជសាស្ត្រ ព័ត៌មានទាក់ទងនឹងថ្នាំ ការធ្វើបទបង្ហាញគ្លីនិកនិងព្យាបាល។ ព័ត៌មាននៅក្នុងកម្មវិធីមួយនេះមានភាពត្រឹមត្រូវនិងអាចយកជាការបាន អ្នកអាចបន្តការសិក្សាផ្នែកវេជ្ជសាស្ត្រជាមួយនឹងព័ត៌មានដ៏ច្រើនលើសលុបជាមួយនឹង App មួយនេះ។
VIDAL សម្រាប់ iOS, Android
App មួយនេះត្រូវបានប្រើជាភាសាបារាំង និងជាApp ដែលស្ទើរតែគ្រប់គ្រូពេទ្យទាំងអស់បាននឹងកំពុងតែប្រើប្រាស់នូវកម្មវិធីមួយនេះ។ គេប្រើ App មួយនេះដើម្បីសិក្សាអំពីថ្នាំ មានដូចជាធាតុផ្សំរបស់វា ការព្យាបាលសម្រាប់ជំងឺណា កម្រិតនៃការប្រើថ្នាំ ផលប៉ះពាល់នៃថ្នាំ បំរាមសម្រាប់អ្នកប្រើប្រាស់ជាដើម។
Medicalcul សម្រាប់ Android
App នេះមានលក្ខណៈពិសេសប្លែកពី App ដែលបានរៀបរាប់ខាងលើ។ និស្សិតពេទ្យយើងច្រើនប្រើកម្មវិធីមួយនេះដើម្បីគណនានូវរូបមន្តផ្សេងៗក្នុងវេជ្ជសាស្ត្រ ព្រោះថាវាមានភាពងាយស្រួលនិងចំណេញពេលវេលា។ ភាពងាយស្រួលនោះគឺអ្នកគ្រាន់តែចុចយករូបមន្តមួយណាដែលអ្នកត្រូវការ ហើយបញ្ចូលទិន្នន័យទៅតាមតារាងដែលបានបង្ហាញក្នុងកម្មវិធីនេះ រួចហើយវានឹងធ្វើការគណនាភ្លាមៗ និងបន្ថែមពីនេះទៅទៀតវាក៏បានបង្ហាញពីរូបមន្តក្នុងការគណនានៅខាងក្រោម ដូច្នេះអ្នកអាចរំលឹកពីរូបមន្តរបស់វាបានទៀតផង។
MedCalc សម្រាប់ iOS
App នេះមានលក្ខណៈដូចគ្នាទៅនឹង App ខាងលើដែរ ហើយអ្វីដែលខុសគ្នានោះគឺApp មួយនេះសម្រាប់អ្នកដែលប្រើ iOS។ គេប្រើកម្មវិធីនេះដើម្បីគណនារូបមន្តផ្សេងៗក្នុងវេជ្ជសាស្ត្រ ហើយវាមានរូបមន្តជាច្រើនដែលអ្នកអាចធ្វើការស្រាវជ្រាវបន្ថែម។
Uptodate សម្រាប់ iOS, Android
នេះគឺជា App ដែលកំពុងតែពេញនិយមខ្លាំងក្នុងចំណោមនិស្សិតពេទ្យក៏ដូចជាគ្រូពេទ្យ។ លក្ខណៈពិសេសនៃ App នេះគឺព័ត៌មានថ្មីៗដែលមិនចេះរីងស្ងួតទាក់ទងនឹងវេជ្ជសាស្ត្រ។ កម្មវិធីនេះត្រូវបានគេបញ្ចូលនូវអត្ថបទពេទ្យទាក់ទងនឹងការព្យាបាលជំងឺ ការប្រើប្រាស់ថ្នាំ ការបង្ការជំងឺ និងមានជាច្រើនទៀត។ រីឯអត្ថបទដែលត្រូវបានបញ្ចូលទៅក្នុងកម្មវិធីមួយនេះគឺសុទ្ធតែជាអត្ថបទពីការសិក្សាថ្មីដែលមានលក្ខណៈត្រឹមត្រូវ ទាន់សម័យ និងអាចយកជាឯកសារយោងបាន។
Healthogo សម្រាប់ iOS, Android
Healthogo មានលក្ខណៈពិសេសរបស់សម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងតែម្តង។ និស្សិតពេទ្យអាចទទួលបន្ថែមនូវចំណេះដឹងផ្សេងៗដែលអាចទុកចិត្តបាននៅក្នុងវិស័យសុខាភិបាលទាំងចំណេះដឹងបច្ចេកទេស ចំណេះដឹងនៃសុខភាពទូទៅ ព័ត៌មានសុខភាព ការសិក្សា ការងារ និងការធ្វើអាជីវកម្ម ព្រមទាំងឱកាសជាច្រើនផ្សេងទៀតផងដែរ។ សម្រាប់វេជ្ជបណ្ឌិតដែលមានគ្លីនិកឯកជនវិញ គឺអាចក្លាយជាសមាជិកមួយរូបនៃហេលស៍ថាម ប្រូ និងធ្វើការបង្ហាញនូវសក្តានុពលនៃស្ថាប័នរបស់ខ្លួនតាមរយៈការបង្កើតទំព័រអាជីវកម្ម ព្រមទាំងចែករំលែកនូវចំណេះដឹង ក៏ដូចជាបទពិសោធន៍របស់ខ្លួនផងដែរ។ ទាំងនិស្សិតពេទ្យ និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលគ្រប់រូប ក៏អាចចូលរួមក្នុង«វេទិកាសុខភាព» ដោយធ្វើការឆ្លើយតបនឹងចម្ងល់ផ្សេងៗអំពីបញ្ហាសុខភាព និងចែករំលែកដំបូន្មានល្អៗដល់សាធារណជនផងដែរ។
ប្រសិនបើមានAppណាដែលធ្លាប់បានប្រើប្រាស់ ហើយគិតថាមានអត្ថប្រយោជន៍ពិសេសសម្រាប់និស្សិតពេទ្យ និងពេទ្យនោះ សូមជួយធ្វើការណែនាំបន្ថែមផង ដើម្បីជាការចែករំលែកដល់អ្នកនៅក្នុងវិជ្ជាជីវៈដូចគ្នា...