វគ្គបណ្តុះបណ្តាលអំពី «ការធ្វើឲ្យប្រសើរឡើងនូវវិធីសាស្រ្តនៃការបង្រៀនលើមុខវិជ្ជាលោហិតសាស្រ្ត និងជីវគីមីវិទ្យា ក្នុងវិស័យបច្ចេកទេសមន្ទីរពិសោធន៍»
ផ្នែកឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត(UP) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីអំពី “ ការធ្វើឱ្យប្រសើរឡើងនូវវិធីសាស្រ្តនៃការបង្រៀនលើមុខវិជ្ជាលោហិតសាស្រ្ត និងជីវគីមីវិទ្យា ក្នុងវិស័យបច្ចេកទេសមន្ទីរពិសោធន៍” ដោយសហការជាមួយសមាគមអ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្រ្តកម្ពុជា(CAMT) និងសមាគមអ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្រ្តជប៉ុន(JAMT)។
វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតសំខាន់ទៅលើមុខវិជ្ជាលោហិតសាស្រ្ត និងជីវគីមីវិទ្យា ដោយរួមមានការសិក្សានៅក្នុងថ្នាក់រៀន ការអនុវត្តក្នុងមន្ទីរពិសោធន៍វេជ្ជជីវសាស្រ្តរបស់សាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងការធ្វើទស្សនកិច្ចសិក្សានៅតាមស្ថាប័នមួយចំនួនដូចជាមន្ទីរពិសោធន៍មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពិសោធន៍មន្ទីរពេទ្យព្រះកុសមៈជាដើម។ លើសពីនេះ វគ្គបណ្ដុះបណ្ដាលខាងលើ ត្រូវធ្វើឡើងជា៤លើក ដោយអញ្ជើញគ្រូបង្ហាត់ ជាអ្នកជំនាញមន្ទីរពិសោធន៍វេជ្ជសាស្រ្តមកពីប្រទេសជប៉ុន និងសិក្ខាកាមចូលរួមប្រមាណ១០នាក់ដែលជាសាស្រ្តាចារ្យបង្រៀននៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងសាស្រ្តាចារ្យអញ្ជើញមកពីស្ថាប័ននានា។ ការបណ្ដុះបណ្ដាលមួយលើកៗ មានរយៈពេលបីថ្ងៃ ដែលលើកទីមួយ ត្រូវបានធ្វើរួចមកហើយចាប់ពីថ្ងៃទី២៦ ដល់២៨ ខែកក្កដា ឆ្នាំ២០១៧ លើកទី២ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ លើកទី៣នឹងត្រូវធ្វើអំឡុងខែតុលា ឆ្នាំ២០១៧ នៅក្នុងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ហើយវគ្គបណ្ដុះបណ្ដាលលើកទី៤ នឹងត្រូវធ្វើនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ ដោយអញ្ជើញសិក្ខាកាមពីប្រទេសកម្ពុជាទៅបណ្ដុះបណ្ដាលនៅក្នុងប្រទេសជប៉ុន។
វគ្គបណ្ដុះបណ្ដាលនេះ បានបង្ហាញពីការខិតខំពង្រឹងគុណភាពនៃការបង្រៀនក្នុងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ក៏ដូចជាការពង្រឹងសមត្ថភាពអ្នកបច្ចេកទេសមន្ទីរពិសោធន៍នៅក្នុងប្រទេសកម្ពុជា។
Photo Credit : UN Sovorleak
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ