ស្រវាំងភ្នែក មើលអ្វីមិនច្បាស់ ដូចជាបែកផ្សែង?
សំណួរ ៖ មួយរយៈនេះ ខ្ញុំសង្កេតឃើញថាខ្លួនឯងស្រវាំងភ្នែក មើលអ្វីមិនច្បាស់ ដូចជាបែកផ្សែង។ ខ្ញុំចង់សួរលោកវេជ្ជបណ្ឌិតថា នេះបណ្តាលមកពីអ្វី? វាអាចមានបញ្ហាដោយសារភ្នែក ឬមកពីបញ្ហាសុខភាពផ្សេងទៀត? ហើយខ្ញុំត្រូវធ្វើដូចម្តេច?
ចម្លើយ ៖ បញ្ហានេះទាមទារឲ្យដឹងពីអាយុរបស់ប្អូន ដើម្បីចូលរួមធ្វើការសន្និដ្ឋាន។ ករណីអ្នកជំងឺអាយុក្រោម ៥០ឆ្នាំ និងមិនដែលមានការប៉ះទង្គិចណាមួយទេ ជាទូទៅអាចទាក់ទងនឹងបញ្ហាភ្នែកខុសកំណុំរូបភាពដូចជា ភ្នែកម៉្ញូប ភ្នែក Hyperopia ឬអាស្ទីម៉ាត និងករណីអាយុលើសពី ៥០ឆ្នាំ អាចទាក់ទងនឹងជំងឺឡើងបាយភ្នែក ទឹកដក់ក្នុងភ្នែក ឬចំពោះអ្នកមានជំងឺទឹកនោមផ្អែមឬលើសឈាម អាចទាក់ទងនឹងជំងឺខូចសរសៃឈាមបាតភ្នែក។
ក្រៅពីនោះ ការចាំងនឹងពន្លឺថ្ងៃខ្លាំងក៏អាចបង្កជាបញ្ហាឡើងបាយភ្នែកផងដែរ។ គួរបញ្ជាក់ថា ជាទូទៅបញ្ហាស្រវាំងភ្នែក តម្រូវឲ្យអ្នកជំងឺមកជួបនឹងវេជ្ជបណ្ឌិតឯកទេសភ្នែក ដើម្បីស្វែងរកមូលហេតុពិតប្រាកដ មិនថាបញ្ហានេះកើតឡើងជាអចិន្ត្រៃយ៍ ឬកើតឡើងម្តងៗក៏ដោយ ពីព្រោះវាមិនត្រឹមអាចពាក់ព័ន្ធនឹងបញ្ហាភ្នែកផ្ទាល់ តែក៏អាចពាក់ព័ន្ធនឹងបញ្ហាសុខភាពទូទៅ។ ប្រសិនមានជំងឺទឹកនោមផ្អែមប្រភេទ២ អ្នកជំងឺត្រូវមកពិនិត្យភ្នែកឲ្យបានទៀងទាត់ និងដូចគ្នាចំពោះអ្នកដែលមានអាយុចាប់ពី ៤០ឆ្នាំ គួរទៅពិនិត្យភ្នែកឲ្យបានយ៉ាងហោចម្តងក្នុងមួយឆ្នាំ។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត អ៊ុក សុខហៀន វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាវេបណ្ឌិតព្យាបាល និងវះកាត់ផ្នែកចក្ខុរោគនៅមន្ទីរពេទ្យព្រះអង្គឌួង
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ