ហេតុអ្វីបាត់បង់ចំណង់អាហារ អំឡុងពេលព្យាបាលជំងឺមហារីក?
សំណួរ ៖ ខ្ញុំបាទអាយុ ៤៨ ឆ្នាំ មកពីខេត្តកណ្តាល។ ខ្ញុំមានជំងឺមហារីកពោះវៀន និងបានទទួលការវះកាត់រួចមកហើយខ្ញុំកំពុងទទួលការព្យាបាលដោយសារធាតុគីមី (ឱសថ)។ ខ្ញុំមានការថយចុះចំណង់ក្នុងការហូបអាហារ។ តើធ្វើយ៉ាងណា ដើម្បីបង្កើនការហូបអាហាររបស់ខ្ញុំឡើងវិញ?
ចម្លើយ ៖ នៅអំឡុងពេលព្យាបាលដោយប្រើប្រាស់ឱសថ ឬសារធាតុគីមី វាពិតជាមានសារសំខាន់ក្នុងការបរិភោគអាហារឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានកម្លាំងសម្រាប់ទប់ទល់ និងប្រឆាំងនឹងកោសិកាមហារីក។ ក្រៅពីនោះ ការណែនាំខាងក្រោមក៏អាចជួយអ្នកបានផងដែរ៖
• ព្យាយាមបរិភោគអាហារឲ្យបានញឹកញាប់ ដោយញ៉ាំត្រឹមតែប៉ុន្មានម៉ាត់ពេញៗ ទោះបីអ្នកមិនឃ្លានក៏ដោយ។ ព្យាយាមបរិភោគតិចៗបែបនេះ រៀងរាល់ ២ម៉ោងម្តង
• បរិភោគអាហារដែលអ្នកចូលចិត្ត ទោះជាអ្នកនឹងញ៉ាំវាដដែលៗក៏ដោយ
• ទុកអាហារនៅជាប់ខ្លួនអ្នកជានិច្ច នៅពេលដែលអ្នកចេញក្រៅ (ទៅទទួលការព្យាបាល ឬទៅធ្វើការ)
• បរិភោគអាហារចម្បង នៅពេលណាដែលអ្នកមានចំណង់ញ៉ាំបំផុត ដែលវាអាចជាអាហារពេលព្រឹកជាជាងអាហារពេលល្ងាច
• កុំភ្លេចឆ្លៀតពេលដើរបន្តិចនៅចន្លោះអាហារនីមួយៗ
• អាចអញ្ជើញមិត្តភក្តិ និងគ្រួសារឲ្យបរិភោគជាមួយអ្នក
• បង្កើតអាហារដែលមើលទៅគួរឲ្យចង់បរិភោគ
• បរិភោគអាហារ និងភេសជ្ជៈដែលមានកាឡូរី និងប្រូតេអុីនខ្ពស់៖
ឧទាហរណ៍រួមមាន៖
* ត្រីធូណា ឬត្រីសាលម៉ុន ជាមួយនឹងបាយ
* ស៊ុប (សាច់ត្រី សាច់មាន់ ជាមួយនឹងគុយទាវ ឬមី)
* ដំឡូងបារាំង គុយទាវ ឬមី និងសាឡាត់ធ្វើពីសណ្តែក
* ត្រីដុត មាន់ដុត សណ្តែក ឬ សាច់ផ្សេងៗទៀត
* បាប៊ីឃ្យូសាច់មាន់
* គុយទាវ ឬផាស្តាជាមួយឈីស
* ស៊ុតស្ងោរ ស៊ុតចៀនជាមួយឈីស និងបន្លែ
* បង្អែមចាហួយធ្វើពីអង្ករ គ្រាប់សារគូ ទឹកដោះគោ ឬសណ្តែកសៀង
* ទឹកដោះគោ ឬយ៉ាអ៊ួរក្តៅឧណ្ហៗជាមួយគ្រាប់ធញ្ញជាតិ ផ្លែឈើ និង ស្ករក្រហម
* នំដុត ជាមួយក្រែមឈីស ប័រ ទឹកស៊ីរ៉ូ ឬតំណាប់លាបនំបុ័ង
* ការ៉េម យ៉ាអួរ
* គ្រាប់រុក្ខជាតិ និងតំណាប់ផ្លែឈើក្រៀម
* ទឹកដោះគោក្រឡុកធ្វើឡើងពីទឹកដោះគោ ឬទឹកសណ្តែកជាមួយទឹកឃ្មុំ (ប្រសិនបើអ្នកមិនមាន
ការហើមពោះក្រោយពីបរិភោគទឹកដោះគោ)
* ទឹកផ្លែឈើក្រឡុក
* ភេសជ្ជៈសូកូឡាក្តៅៗ ឬជាមួយទឹកកក។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកមហារីកនៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ