Valentine ខ្ញុំ
ឲ្យតែចូលដល់ខែកុម្ភៈ ម្នាក់ៗតាំងចាប់ផ្តើមនឹកគិតដល់ពាក្យបួនម៉ាត់ហើយ…គឺថា…ពាក្យអីដែលតំណាងឲ្យថ្ងៃ១៤ ខែកុម្ភៈហោ៎!!! ប្រាកដជាគិតឃើញហើយ…គឺ Valentine’s Day នុះអី!!! ទាំងអ្នកមានលិឍ និងអ្នកអត់លិឍ ឬអ្នកសីងហ្គលអាជីពដូចខ្ញុំ ចេះតែជ្រួលជ្រើមតាមគ្នា។
មិនចង់និយាយទេ៎…តែវាជារឿងពិតដែលថា មិនដែលស្គាល់ជាតិគេសារភាពស្នេហ៍ដាក់ (#sadbuttrue) នេះមិនមែនមានន័យថាអត់អ្នកស្រលាញ់ទេណា៎…គ្រាន់តែមិនទាន់ជួបអ្នកមានភាពក្លាហានមកសារភាព…ហើយឲ្យតែថាមើលរឿងកុន ឬរឿងភាគស្នេហាលើកណា ក៏បានត្រឹមតែប្រកាច់ប្រកិនតែម្នាក់ឯងរហូតហ្នឹង…គឺ បានត្រឹមស្រមៃរហូតមក
១៤កុម្ភៈឆ្នាំនេះ…ដូចរាល់ឆ្នាំដែរ…ខ្ញុំបានចំណាយពេលមួយព្រឹកទៅមជ្ឈមណ្ឌលកុមារកំព្រា ដើម្បីចែករំលែកក្តីស្រឡាញ់ជាមួយពួកគេ…តែអ្វីដែលប្លែក គឺថាមិនមែនទៅម្នាក់ឯងទេឆ្នាំនេះ…(កុំគិតដល់ណាណីហា៎)
គឺ…ទៅលើកនេះ ទៅលក្ខណៈជាថ្នាក់តែម្តង។ ដោយហេតុថា ទើបតែចំណេញលុយពីលក់អីអីក្នុងកម្មវិធីសប្បុរសធម៌នៅសាលា ហើយពេលដែលប្រាប់គំនិតនេះដល់មិត្តរួមថ្នាក់ ក៏គេទារមកដែរ…
ក៏ម្យ៉ាងដែរ…កុំឲ្យតែឯងដូចរាល់ដងពេក…សំខាន់ គឺថាមានcrushនៅក្នុងចំណោមហ្នឹងដែរ…ម្នាក់ហ្នឹង គេសង្ហា!!! រៀនមិនសូវពូកែ តែមានដុងខាងសិល្បៈកប់ស៊េរី…ម៉ាសាលា នរណាក៏ស្គាល់ថាគេជាអ្នកលេងហ្គីតាដៃឯក(ដូចអួតពេកហើយ!!! តែមែនតើ…) ដែរ។ និយាយរួមទៅ បើមើលពីសម្បកក្រៅទៅ គឺអ៊ែមហ្មង…លើកលែងតែរឿងមួយគត់ គឺថា…មាត់ឆៅ ចិត្តក្តៅ មិនចេះទុកមុខទុកមាត់ឲ្យគេ…តែចរិតហ្នឹង ធ្វើដាក់តែនរណាដែលអាក្រក់ដាក់គេមុននោះទេ។ ចំពោះមនុស្សល្អដូចខ្ញុំនេះ គេឡើងសុភាពហើយគួរឲ្យស្រលាញ់ណាស់
ក្រោយពីចែកសម្ភារៈសិក្សាដល់សិស្សគ្រប់គ្នាហើយ ក៏ដល់វេលាកំសាន្តម្តង…អ្នកខ្លះប្រញាប់ប្រញាល់រៀបចំហ្គេមលេង ហើយអ្នកខ្លះទៀតត្រៀមសម្តែងមានទាំងអ្នកច្រៀង អ្នករាំ និងលេងកំប្លែង (ស្តាប់ទៅ ដូចធំដុំណាស់…តែក៏មិនតូចតាចម៉ានដែរ)។ មនុស្សសំឡេងបានដូចខ្ញុំ ក៏បានត្រឹមតែធ្វើជាអ្នកចម្រៀងហ្នឹងឯង…និយាយពីថា រឿងអីមិនដឹង តែបើរឿងច្រើនហ្នឹង កុំឲ្យមេក្រូកាន់ឲ្យសោះ ធានាថាបេះមិនចេញវិញនោះទេ។
ភ័យអរភ័យអរ…ឌឹបឌឹប!!!ឌឹបឌឹប!!! បេះដូងស្ទើរលោតចេញក្រៅ ដោយសារតែត្រូវច្រៀងជាមួយនឹងអាប៉ិដែលខំក្រាស់តាំងពីឆ្នាំទីមួយម៉ោហ្នឹង…ភ្លេចប្រាប់ទៅថា ខ្ញុំឈ្មោះ«ណាវីន» ហើយគេគ្រប់គ្នាហៅម្នាក់ហ្នឹងថា«ឌែន»។ ហ៊ើយ!!! មិនបានត្រៀមចិត្ត ព្រោះតួឯកពិតមិនស្រួលខ្លួន (មករាកអីចំពេលល្អម្ល៉េះទេ!!! មកធ្វើឲ្យបេះដូងឯងលោតឡើងញាប់យ៉ាងហ្នឹងហា៎) ទើបត្រូវជំនួស…
ដឹងថាបទអីទេ? «យើងពីរនាក់ស្រលាញ់គ្នាបានទេ៎?» ព្រះអើយ!!! គេឡើងធម្មតា ហើយខ្ញុំឡើងញ័រអស់ហើយដៃហ្នឹង…តែត្រូវប្រឹងទប់ មិនចឹងទេ បែកធ្លាយពេញហ្នឹងឡូវហើយ…មិនដឹងហេតុអី…មុខគេឡើងខ្យូត ជាពិសេសភ្នែកឡើងទាក់ទាញយ៉ាងហ្នឹង (អា៎!!! មិនមែនក្នុងន័យអីទេ គឺថាទាក់ទាញបែប…បែបស្រទន់ ប្រកបដោយមន្តស្នេហ៍)
ច្រៀងបណ្តើរ បន្លំសំឡឹងភ្នែកបណ្តើរ…ទោះមិនមែនជាតួឯកពិតដូចក្នុងបទចម្រៀង តែប៉ុន្មាននាទីដែលបានច្រៀងហ្នឹង ក៏គ្រប់គ្រាន់ហើយ…ក្តីសុខតូចតាច តែមានន័យ…ងាយណា៎ បានច្រៀងបទឆ្លើយឆ្លងចឹងចឹងជាមួយក្រាស់ហូ៎…(ច្រណែនទេ៎???)
ក្រោយពីចប់កម្មវិធី ក៏បំបែកគ្នាទៅផ្ទះរៀងខ្លួន ជាពិសេស អ្នកមានគូ តែ…នៅសល់ប៉ុន្មាននាក់ដែរ ដែលមិនចង់ចូលផ្ទះ (គឺស៊េរីអ្នកអត់លិឍហ្នឹងឯង)។ ខ្ញុំលឺតែឌែនក៏ចង់ចេញក្រៅដែរ ក៏នឹកដល់អត្ថបទ«លេសបបួលcrushចេញក្រៅ» (នៅក្នុងគេហទំព័រនេះដែរ ត្រង់ផ្នែកកំសាន្ត) ភ្លាម ហើយក៏សាកល្បងប្រើស្នៀតទៅញ៉ាំអីមុនគេ…
បានសម្រេច!!! ក៏ព្រោះតែដល់ម៉ោងឃ្លានល្មមហ្នឹងឯង…គេ និងខ្ញុំសុទ្ធតែពូកែញ៉ាំដូចគ្នា (ជានិស្ស័យឲ្យច្បាស់ក្រឡែតនៀក៎…) ក្រោយមកក៏ទៅដល់វគ្គទៅច្រៀងខារ៉ាអូខេ…ក្រុមកូរឥតល្ហែ!!! ២ម៉ោង ឡើងស្អកក ហើយចុកអស់ដៃ និងជើង…តែសប្បាយខ្លាំង (ព្រោះវត្តមានគេច្រើនជាង)
គិតថានឹងបបួលគេមើលកុនដែរ តែថ្ងៃពិសេសបែបនេះ មិនបានកក់មុន ដឹងតែមិនបាច់ចូលទេ…ណាមួយ ទៅកន្លែងបែបហ្នឹង នាំតែឈឺចាប់ទេ ក៏ព្រោះថា ដឹងតែឃើញគេបណ្តើរគ្នាមួយគូៗមិនខានទេ…ក៏រាងព្រលប់ដែរហើយ យើងក៏ស្រុះស្រួលគ្នាទៅអង្គុយញ៉ាំអីផឹកអីនៅPubវិញ។ កុម្ម៉ង់បានដូចចិត្ត ត្រង់ថាទៅកន្លែងដែលមានគេច្រៀងផ្ទាល់ (ស្រួលបានឡើងច្រៀងពេលស្រវឹងស្រឿងៗ)
Blue Margarita ទើបតែអស់ប៉ុន្មានកែវ…ក៏មានអារម្មណ៍ថាក្តៅៗមុខបាត់ហើយ…ហើយតាប៉ិឌែននោះ ឡើងខ្សោយ។ មុខក្រហម ហើយឡើងសឺៗមុនគេបាត់…ដល់ថ្នាក់និយាយស្តាប់គ្នាមិនសូវបានហើយ គេក៏ងើបឡើងទៅសុំគេច្រៀងមួយបទ «Will you be my girl?»។ ពូកែរើសបទណាស់ ប៉ិហ្នឹង!!!ស្រីៗស្រែកហ៊ោពេញហ្នឹង ម្នាក់ៗជ្រួលជ្រើមណាស់…
ច្រៀងហើយ ឡើងស្វាងហ្មង ហើយក៏ដើរមកវិញដូចគ្មានរឿងអីកើតឡើង…តែអ្វីដែលសំខាន់ អង្គុយឡើងកៀហើយខ្សឹបថា«ពិរោះអត់? ហើយណាកាដូគេ?» ខ្ញុំបើកភ្នែកធំៗ ហើយក៏ប្រឹងស្រវាទាញកាបូបតែក៏យឺតពេល ព្រោះឌែនទាញទៅបាត់ហើយ។ អូយយយយ៎!!! លេងចឹងហ្មង…មិនដឹងថាឃើញកាដូហ្នឹងតាំងពីពេលណា…គឺ សូកូឡាដែលបានរៀនធ្វើប៉ុន្មានខែមុនហ្នឹងណា៎!!! ខំលួចផ្ញើទូទឹកកកគេគ្រប់កន្លែង ក៏ព្រោះតែខ្លាចរលាយ។
គេបើកប្រអប់កាដូទាំងមុខញញឹមបែបច្រឡឺម ហើយក៏ដកប្រអប់សូកូឡាចែកមិត្តផ្សេងទៀតញ៉ាំដែរ(ឡើងចិតត្តបានណាស់ មិនគិតដល់ទឹកចិត្តអ្នកធ្វើសោះ)។ តែ…គេដកយកសំបុត្រនោះទុកក្នុងកាតាប ហើយខ្សឹបម្តងទៀតថា«ចាំទុកអាននៅផ្ទះម្នាក់ឯងវិញ!!! ខ្លាចអ្នកខ្លះអៀន…» ខ្ញុំវាយគេមួយដៃ ហើយក៏ត្រូវគេញីសក់លេងដោយទឹកមុខញញឹមស្រស់ (ទើបតែមើលភ្នែកគេជិតបែបនេះលើកទីមួយ ហើយក៏មានអារម្មណ៍កក់ក្តៅណាស់) ពិតជាមិនចង់ឲ្យស្រីផ្សេងមើលឃើញស្នាមញញឹមបែបនេះឡើយ។
មួយសន្ទុះក្រោយមក…ភ្លើងក៏ដាច់…ភ្លឹប!!! អៀវ៎….
ខ្ញុំក៏ភ្ញាក់ខ្លួនព្រើត…ពេលឌែនចាប់ទាញសក់មកដាក់ច្រមុះ។ What??? មុនហ្នឹងគេងយល់សប្តិទេ៎??? ហ៊ើយ!!! ទេវតាលេងសើចណាស់…តាមពិត ពេលនេះគឺខ្ញុំស្ថិតក្នុងសភាពស្រវឹងរកកន្លែងដេកហើយ…ខ្ញុំខំប្រឹងរកមើលប្រអប់សូកូឡា តែក៏បែរជាឃើញនៅលើតុ ហើយឌែនក៏ប្រាប់ថាអ្នករត់តុយកមកឲ្យ។ ដោយសារតែឃើញគេង ក៏ខ្ជិលដាស់ ហើយម្នាក់ៗក៏ភ្លក្សម្នាក់មួយទៅ…ក៏មិនដឹងនិយាយអីទៀត បានត្រឹមនិយាយថា«មិនអីទេ»
ចប់តង់ចុងក្រោយហើយ យើងក៏បំបែកគ្នាទៅផ្ទះ…ហើយឌែនក៏ជិះបណ្តើរមកផ្ទះ ព្រោះផ្ទះមិនឆ្ងាយពីគ្នាប៉ុន្មានដែរ…មុននឹងលាគ្នា គេអេះអុញ ធ្វើដូចមានរឿងអីចង់និយាយ ហើយខ្ញុំនេះ ក៏ទ្រាំមិនបានហើយសួរថា
«មានអីនិយាយមែន៎?»
«អឺម!!! មិនទេ៎…តែចង់សួរមួយ»
«សួរឡូវ ឬចង់សួរពេលក្រោយ?»
«ចង់សួរថា..នឹងគិតឲ្យសំបុត្រនោះមកអត់ហ្នឹង? ប្រុងទុកដល់ពេលណា៎?»
(ស្លាប់ហើយ!!!ឡើងមើលឃើញមែន៎??? មកសួរត្រង់ៗចឹងទៀត…ខ្លាំងណាស់យើងហ្នឹង!!!)
មិនបាច់រ៉ាយរ៉ាប់ទៀតទេ៎…ដឹងត្រឹមថា ពេលដល់ផ្ទះ ម្នាក់ហ្នឹងsend relationship requestមក…ហើយចម្លើយខ្ញុំមិនបាច់ប្រាប់ ក៏អ្នកដឹងដែរ…
មានតែប៉ុណ្ណឹងឯង…Valentineខ្ញុំនោះ…ចុះអ្នកវិញ???
បានទៅណាខ្លះ? មានអ្វីពិសេសចង់ចែករំលែកអត់?