ទីក្រុងឈ្មោះវែងបំផុត លើពិភពលោក
តើអ្នកដឹងទេ? ទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ ជាទីក្រុង ដែលមានឈ្មោះវែងបំផុត លើពិភពលោក។ ឈ្មោះផ្លូវការសព្វថ្ងៃគឺ៖ «ក្រុងទេពមហានគរ អមររ័តនកោសិន្ទ្រ៍ មហិន្ទ្រាយុធ្យា មហាតិលកភព នពរ័តនរាជធានីបូរីរម្យ៍ ឧត្តមរាជនិវេសន៍មហាស្ថាន អមរពិមានអវតារស្ថិត ស័ក្កៈទ័ត្តិយវិស្ណុកម្មប្រៈសិទ្ធិ៍» (กรุงเทพมหานคร อมรรัตนโกสินทร์ มหินทรายุธยา มหาดิลกภพ นพรัตนราชธานีบูรีรมย์ อุดมราชนิเวศน์มหาสถาน อมรพิมานอวตารสถิต สักกะทัตติยวิษณุกรรมประสิทธิ์)។ យោងតាមពង្សាវតារសម័យឰយុធ្យា ក្រុងបាងកក មានឈ្មោះថា «ធនបុរីស្រីមហាសមុទ្រ» (ธนบุรีศรีมหาสมุทร)។ ពេលដែល ព្រះបាទសម្ដេច ព្រះបរមោរុរាជាមហាច័ក្រីបរមនាថ៌ ព្រះពុទ្ធយ៉តហ្វាចុឡាលោក (រាមាទី១ នៃរាជវង្សចក្រី) បានលើករាជធានី មកជ្រោយខាងកើតទន្លេ ទីក្រុងនេះ បានរក្សាឈ្មោះឰយុធ្យា ដោយមានឈ្មោះមួយចំនួន ដូចជា «ក្រុងទេពទ្វារវតីស្រីអយុធ្យា» (กรุงเทพทวารวดีศรีอยุธยา) និង «ក្រុងទេពមហានគរស្រីអយុធ្យា» (กรุงเทพมหานครศรีอยุธยา)។ ចាប់ពីរជ្ជកាល ព្រះបាទសម្ដេចព្រះបរមេន្ទ្រមហាមង្កុដ ព្រះចមក្លៅចៅយូហួ (រាមាទី៤ នៃរាជវង្សចក្រី) ទីក្រុងបាងកក ក៏បានប្ដូរឈ្មោះផ្លូវការ ដូចសព្វថ្ងៃ ដោយសរសេរកាត់ថា «ក្រុងទេពមហានគរ» (អានថា គ្រង់ថេបម៉ៈហាណៈខន) ឬ «ក្រុងទេព។» (กรุงเทพฯ)។ ស្រដៀងគ្នាដែរ តាមព្រះរាជពង្សាវតារប្រទេសកម្ពុជា នៅ គ.ស. ១៤៣៤ ព្រះបាទពញាយ៉ាត (អានថា ព្ញា-យ៉ាត មិនមែន ពញ់-ញា-យ៉ាត នោះទេ) ទ្រង់យាងចេញចាកចោល ព្រះរាជវាំងបាសាណ នៅខែត្រស្រីសន្ធរ មកតាំងព្រះរាជវាំង នៅទិសអាគ្នេយ៍ នៃភ្នំដូនពេញ ដោយទ្រង់បានសន្មត តាំងគោរមនាម ព្រះនគរជាផ្លូវការថា៖ «ក្រុងចតុម្មុខមង្គលសកលកម្ពុជាធិបតីសិរីសោធរ បវរឥន្ទបត្តបុរីរដ្ឋរាជសីមាមហានគរ» រីឯឈ្មោះទន្លេច្រាបឈាម ទ្រង់បានបញ្ញត្តឲ្យហៅថា «ទន្លេចតុម្មុខ» វិញ។ លុះមកដល់ គ.ស. ១៤៣៧ នៅពេលដែល ធ្វើសម្ពោធក្រុងនេះ ព្រមទាំងធ្វើ ព្រះរាជពិធីរាជាភិសេក ថ្វាយព្រះនាមទ្រង់ ជាថ្មីផងនោះ ព្រះអង្គក៏បាន ឲ្យសន្មតនាមក្រុង ជាថ្មីម្ដងទៀត ដោយថែមពាក្យ «ភ្នំដូនពេញ» មកទៀត តែឲ្យខ្លីជាងមុនថា «ក្រុងចតុម្មុខមហានគរភ្នំដូនពេញ» ដូច្នោះវិញ ដើម្បីកុំឲ្យបាត់ឈ្មោះ និង កេរ្តិ៍ដំណែលរបស់ដូនពេញ ដែលក្រោយតមក គេហៅកាត់ខ្លីត្រឹមតែ «ភ្នំពេញ» ដរាបមកដល់សព្វថ្ងៃ៕