ពេលធ្លាក់ទឹកចិត្តម្តងៗ អាចធ្វើអ្វីខ្លះដើម្បីខ្លួនឯង?
ដោយសារតែឃើញបញ្ហាធ្លាក់ទឹកចិត្តកើតមានជាញឹកញាប់ចំពោះមនុស្សនៅជុំវិញខ្លួនខ្ញុំ មិនថាអ្នកណា ក្នុងឋានៈណា ប្រកបរបរអ្វីនោះទេ…ហើយថ្មីៗនេះ ក៏មានព័ត៌មានសោកសៅមួយសាយភាយពាសពេញបណ្តាញសង្គម ទាក់ទិននឹងមរណភាព ដែលត្រូវបានសន្មតថាជាការធ្វើអត្តឃាតរបស់តារាល្បីជនជាតិកូរ៉េJonghyun ដោយបន្សល់នូវបណ្តាំមរណៈដែលបង្ហាញពីបញ្ហាក្នុងចិត្តរបស់ខ្លួន ដែលត្រូវបានមិត្តៗក្នុងវិស័យសិល្បៈជាច្រើនសារភាពថា ពួកគេយល់អារម្មណ៍មួយហ្នឹងច្បាស់ ជីវិតរបស់ពួកគេ គឺមិនសូវខុសគ្នាប៉ុន្មានឡើយ…
ពេលមានអារម្មណ៍ថានៅលើលោកនេះ ខ្លួនឯងទុកក៏មិនចំណេញ ដកចេញក៏មិនខាត អាចសាកល្បងវិធីទាំងនេះបាន…តែ…ជំហានដំបូង នោះគឺសូមគ្រប់គ្រងខ្លួនឯងឲ្យបានល្អ សូមយកឈ្នះលើខ្លួនអ្នកឲ្យបាន!!! បើមិនដូច្នោះទេ ទោះបីវិធីសាស្រ្តល្អឥតខ្ចោះបែបណា ធ្លាក់ពីលើមេឃមក ឬត្រូវបានណែនាំដោយអ្នកជំនាញខ្លាំងប៉ុណ្ណា បើចិត្តអ្នកមិនព្រមទទួលយកផងនោះ អ្វីៗក៏នឹងមិនបង្កើតផលចំណេញ ហើយក៏គ្មានអ្វីដែលនឹងអាចប្រសើរឡើងដែរ…
ខាងក្រោមនេះ ជាអ្វីដែលមិត្តភក្តិខ្ញុំបានធ្វើការចែករំលែកនៅក្នុងStatusរបស់ខ្ញុំ…ប្រហែលជាមានវិធីខ្លះដែលអាចជួយអ្នកដែលកំពុងតែធ្លាក់ទឹកចិត្ត ឬលែងមានអារម្មណ៍រីករាយនឹងឆាកជីវិតរបស់ខ្លួនបាន…
១ ចូលគេង ហើយគិតថាថ្ងៃថ្មីនឹងល្អប្រសើរជាងនេះ
២ និយាយប្រាប់រឿងរ៉ាវក្នុងចិត្តទៅកាន់នរណាម្នាក់ដែលជិតស្និទ្ធ និងទុកចិត្តជាងគេ
៣ នៅក្បែរមនុស្សដែលអាចជាកម្លាំងចិត្ត
៤ មើលរូបថតចាស់ ដែលបង្ហាញពីអនុស្សាវរីយ៍ល្អៗ និងសប្បាយៗជាមួយមនុស្សល្អៗ
៥ អានសៀវភៅអប់រំផ្លូវចិត្ត
៦ នឹកគិតដល់ពេលវេលាល្អៗកន្លងមកជាមួយមនុស្សជាទីស្រលាញ់ (គ្រួសារ មិត្តភក្តិ មិត្តយល់ចិត្ត…)
៧ រំលឹកអំពីស្នាដៃ និងរឿងអស្ចារ្យដែលបានធ្វើកន្លងមក
៨ លួចមើលProfile របស់មនុស្សដែលអ្នកលួចស្រលាញ់ (សម្រាប់អ្នកមិនមានគូ) ឬមនុស្សដែលអ្នកគោរពស្រលាញ់ (អាយដុល)
៩ មើលរឿងកំប្លែង ឬធ្វើអ្វីដែលសប្បាយៗ
១០ ទុកឲ្យពេលវេលាជាអ្នកស្រាយបញ្ហាផ្លូវចិត្តនេះ
១១ ទៅទីកន្លែងដែលខ្លួនឯងប្រាថា្ន
១២ ធ្វើអ្វីដែលខ្លួនតែងតែប្រាថ្នាចង់ធ្វើ ឬចង់ឲ្យកើតមាន
យ៉ាងណាមិញ ក៏ម្នាក់ៗមានទម្លាប់ និងការយល់ឃើញខុសៗគ្នាដែរ វិធីមួយដែលមានប្រសិទ្ធភាពចំពោះមនុស្សម្នាក់ ក៏មិនប្រាកដថាមានប្រសិទ្ធភាពសម្រាប់មនុស្សម្នាក់ទៀតដែរ…
សូមធ្វើតាមអ្វីដែលអ្នកគិតថាត្រូវ និងមានប្រយោជន៍សម្រាប់អ្នក…សំខាន់ខ្លួនអ្នក យកឈ្នះលើខ្លួនឯង…តស៊ូបន្ត ដើម្បីជីវិតខ្លួនឯង…