មិនថាតិច ឬច្រើន ស្ត្រីមានផ្ទៃពោះមិនគួរញ៉ាំសារធាតុស្រវឹងឡើយ!!!
ចំពោះស្ត្រីមានផ្ទៃពោះទាំងអស់ ជាពិសេសស្ត្រីមានផ្ទៃពោះដំបូង តែងតែចង់ឲ្យកូនក្នុងផ្ទៃមានសុខភាពល្អ និងប្រាជ្ញាឆ្លាតវៃ ក៏ដូចជាសម្រស់ផងដែរ។ ដូចនេះហើយ បានជាពួកគាត់ព្យាយាមស្វែងរកវិធីសាស្ត្រនានាតាមរយៈ ការទទួលទានចំណីអាហារ ឱសថបំប៉នសុខភាពម្តាយនិងទារក លំហាត់ប្រាណបែបស្រាលៗជាដើម។ ស្របពេលជាមួយគ្នានោះដែរ សារធាតុអាល់កុលដែលមាននៅក្នុងស្រា ឬអាហារមួយចំនួន ពិតជាមិនទទួលបានផលល្អឡើយចំពោះគភ៌និងម្តាយ ទោះបីក្នុងកម្រិតតិចតួចក៏ដោយ។
គ្រឿងស្រវឹងកម្រិតណាទើបមានសុវត្ថិភាព?
ការស្រាវជ្រាវពីអ្នកជំនាញបានបង្ហាញថា ទោះបីក្នុងកម្រិតតិចតួចក្តី ឬជាម្តងម្កាលក្តី ជាតិអាល់កុលសុទ្ធតែអាចបង្កហានិភ័យដល់ទារកក្នុងផ្ទៃ សូម្បីតែភេសជ្ជៈមានជាតិអាល់កុលកម្រិតទាបក៏ដោយ។ ប្រសិនបើអ្នកមានគម្រោងយកកូន កំពុងមានផ្ទៃពោះ ឬស្ត្រីបំបៅកូនដោយទឹកដោះម្តាយសុទ្ធ ស្ត្រីគួរចៀសវាងសារធាតុអាល់កុលដែលមាននៅក្នុងស្រា ភេសជ្ជៈកំប៉ុង ឬក្នុងអាហារ។
ហានិភ័យនៃគ្រឿងស្រវឹងចំពោះគភ៌
ទារកក្នុងផ្ទៃបានបឺតស្រូបសារធាតុចិញ្ចឹមផ្សេងៗ ក៏ដូចជាសារធាតុអាល់កុលពីឈាមតាមរយៈសុក និងទងសុក។ សារធាតុអាល់កុលនៅក្នុងគ្រឿងស្រវឹងទាំងនោះបានជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍនៃខួរក្បាល ខួរឆ្អឹងខ្នង និងសរីរាង្គផ្សេងៗរបស់ទារក។ សរីរាង្គទារកមានការវិវឌ្ឍយ៉ាងឆាប់រហ័សអំឡុងត្រីមាសដំបូងនៃគភ៌ ហើយក៏ជារយៈពេលមួយដែលសុខភាពទារកងាយនឹងរងផលប៉ះពាល់នានាផងដែរ។
ប្រសិនបើទារកក្នុងផ្ទៃរងផលប៉ះពាល់ពីសារធាតុអាល់កុលហួសកម្រិត ទារកអាចប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរដូចជា៖
•ការរលូតកូនអំឡុង20សប្តាហ៍
•កូនកើតរួចស្លាប់ក្រោយ24សប្តាហ៍
•សម្រាលមុនកំណត់។ល។
ការទទួលទានគ្រឿងស្រវឹង អំឡុងពេលមិនទាន់ដឹងមានផ្ទៃពោះ
ប្រសិនបើអ្នកមិនបានដឹងខ្លួនថាមានទម្ងន់ ហើយបានទទួលទានជាតិអាល់កុល វាអាចមានការប្រឈមមុខផលវិបាកបន្តិចបន្តួចអាស្រ័យលើកម្រិតជាតិអាល់កុល អំឡុងពីរបីសប្តាហ៍ដំបូងនៃគភ៌។
ការបដិសេធចំពោះជាតិអាល់កុល គឺជាមានសារៈសំខាន់ណាស់សម្រាប់អ្នកមានផ្ទៃពោះ និងស្រ្តីបំបៅកូនដោយទឹកដោះម្តាយ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមានទម្លាប់ជាមួយជាតិអាល់កុលរួចហើយ និងពិបាកក្នុងការបញ្ឈប់វាអំឡុងពេលអ្នកមានផ្ទៃពោះ អ្នកគួរគប្បីជួបពិគ្រោះពិភាក្សាបញ្ហានេះ ជាមួយវេជ្ជបណ្ឌិតជំនាញក្នុងការអន្តរាគមឲ្យបានឆាប់រហ័ស ឬអាចពិភាក្សាជាមួយក្រុមគ្រួសារ មិត្តជិតស្និទ្ធក៏ជាការល្អមួយផងដែរ៕
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ