ញ៉ាំថ្នាំយ៉ាងណាទើបមានសុវត្ថិភាពដល់កូនក្នុងផ្ទៃ?
ស្ត្រីទូទៅនៅតែត្រូវការទទួលទានថ្នាំយ៉ាងហោចណាស់មួយគ្រាប់ បើទោះបីគាត់កំពុងមានទម្ងន់ក៏ដោយ (គ្រាប់ថ្នាំជាតិដែក ឬអាស៊ីតហ្វូលិច)។ ស្ត្រីខ្លះប្រើប្រាស់ថ្នាំសម្រាប់បញ្ហាសុខភាពដូចជា ជំងឺទឹកនោមផ្អែម ឬជំងឺលើសឈាមដែលពួកគាត់បានប្រើថ្នាំទាំងនេះមុនពេលដឹងថាមានផ្ទៃពោះទៀតផង។ ថ្នាំប្រភេទខាងលើ អាចធ្វើឲ្យមានផលអាក្រក់ដល់កូនក្នុងផ្ទៃរបស់គាត់ផងដែរ។
ការមានផ្ទៃពោះអាចជាពេលវេលាដ៏រំភើបមួយសម្រាប់ស្ត្រីទូទៅក្រោយរៀបការ។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលានេះក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលផងដែរ ប្រសិនបើអ្នកមិនប្រាកដថាថ្នាំដែលអ្នកទទួលទានរាល់ថ្ងៃនឹងប៉ះពាល់ដល់ទារករបស់អ្នកឬយ៉ាងណា។ មិនមែនថ្នាំទាំងអស់សុទ្ធតែមានសុវត្ថិភាពក្នុងការទទួលទាននៅពេលអ្នកមានផ្ទៃពោះនោះទេ សូម្បីតែថ្នាំឈឺក្បាល ឬការឈឺចាប់មួយចំនួន ក៏មិនមានសុវត្ថិភាពដែរក្នុងអំឡុងក្នុងពេលមានផ្ទៃពោះ។ នេះជាគន្លឹះទាំង៣ ដែលអ្នកគួរពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញ ឬឱសថការីក្នុងការបន្តការប្រើប្រាស់ថ្នាំអំឡុងពេលមានផ្ទៃពោះ៖
១. សាកសួរឲ្យបានលម្អិត
•ប្រសិនបើអ្នកមានគម្រោងក្នុងការមានកូន អ្នកគួរធ្វើការពិគ្រោះយោបល់អំពីថ្នាំដែលអ្នកប្រើប្រាស់ជាប្រចាំជាមួយវេជ្ជបណ្ឌិតជំនាញ ឬឱសថការី។ នេះជាកិច្ចការមួយដែលអាចឲ្យទារករបស់អ្នកមានសុវត្ថិភាពបាន។
•អ្នកគួរសាកសួរអំពីអត្ថប្រយោជន៍ និងផលប៉ះពាល់របស់ថ្នាំកំពុងប្រើប្រាស់បន្ថែមទៀត ថាតើវាមានសុវត្ថិភាពកម្រិតណាសម្រាប់កូនក្នុងផ្ទៃ។
•ថ្នាំមួយចំនួនមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ ហើយក៏អាស្រ័យលើដំណាក់កាលនីមួយៗនៃគភ៌ផងដែរ។ ជាហេតុនេះ វេជ្ជបណ្ឌិតជំនាញអាចមានយោបល់ផ្សេងៗទៀតក្នុងការប្រើប្រាស់ ឬក៏ត្រូវផ្លាស់ប្តូរ។
•ពេលអ្នកមានផ្ទៃពោះ មុខងាររបស់បេះដូង និងតម្រងនោមចាប់ផ្តើមមានសកម្មភាពច្រើនជាងមុន ដូច្នេះហើយអ្នកអាចនឹងមានការកាត់បន្ថយ ឬក៏បង្កើនតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតជំនាញ។
•ប្រសិនអ្នកបំបៅកូនដោយទឹកដោះរបស់អ្នក នោះអ្នកគួរមានការពិគ្រោះជាវេជ្ជបណ្ឌិតឱ្យបានដិតដល់ ព្រោះថារាល់សារធាតុនៅក្នុងថ្នាំបានជ្រាបចូលផ្ទាល់ទៅកូនតាមរយៈទឹកដោះ ហើយហានិភ័យនានាក៏អាចកើតមានយ៉ាងងាយ។
•ប្រភេទថ្នាំវីតាមីនផ្សេងៗវិញ ស្ត្រីគួរតែទទួលយក ប៉ុន្តែក៏ត្រូវមានការណែនាំច្បាស់លាស់ពីវេជ្ជបណ្ឌិតផងដែរ។
២. សូមអានក្រដាសពត៌មានផ្សេងៗដែលភ្ជាប់ក្នុងប្រអប់ថ្នាំ
ក្រដាសពត៌មានរបស់ថ្នាំនីមួយៗ សុទ្ធតែបង្ហាញពីរូបមន្តផ្សំ របៀបប្រើប្រាស់ កម្រិតប្រើប្រាស់ ក៏ដូចជាផលប៉ះពាល់នានាលើទារកក្នុងផ្ទៃ និងពត៌មានផ្សេងទៀត។ អ្នកគួរតែអានវាមុនជ្រើសរើសមកប្រើប្រាស់ ស្របពេលជាមួយគ្នាផងដែរ វេជ្ជបណ្ឌិត ឬឱសថការីក៏អាចផ្តល់ជាយោបល់ផ្សេងទៀតក្នុងការសម្រេចចិត្តរបស់អ្នក។
៣. ធ្វើជាម្តាយសម័យថ្មី ដែលឆ្លាតវៃ
ដោយសារសម័យនេះមានការជឿនលឿនលើវិស័យបច្ចេកវិទ្យាទំនើប ស្ត្រីមួយចំនួនអាចធ្វើការស្វែងយល់ពត៌មានលំអិតបន្ថែមដោយខ្លួនឯងតាមរយៈគេហទំព័រផ្សេងៗ (websites)។ ប៉ុន្តែអ្នកមិនគួរគេចវេសពីការសាកសួរវេជ្ជបណ្ឌិត ឬឱសថការីអំពីថ្នាំទាំងនោះទេ ដោយសារតែ៖
•ស្ថានភាពរបស់ទារកក្នុងផ្ទៃ មិនមែនសុទ្ធតែដូចគ្នានោះទេ
•ត្រឹមតែពាក្យថា “ធម្មជាតិ” មិនអាចកំណត់ពីសុវត្ថិភាពនៃការប្រើប្រាស់ដែលអ្នកឃើញលើស្លាកផលិតផលនោះទេ។
សរុបមកវិញ ថ្នាំជាអាវុធមុខពីរ ហើយវាជាភារកិច្ចចាំបាច់របស់អ្នកម្តាយ ក៏ដូចជាក្រុមគ្រួសារគួរមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ក្នុងការសម្រេចចិត្តជ្រើសរើសថ្នាំប្រភេទនោះមកប្រើប្រាស់។ ថ្នាំដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នកម្តាយគ្រប់រូប គឺថ្នាំដែលចេញពីវេជ្ជបញ្ជាត្រឹមត្រូវ និងច្បាស់លាស់ក្នុងការប្រើប្រាស់៕
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ