ស្រមោលខ្មៅមួយនោះ!!! ទម្រាំច្រានវាចោលបាន..
ធ្លាប់ទេ? មានអារម្មណ៍ថាខ្លួនឯងត្រូវបានគ្របដណ្តប់ដោយស្រមោលខ្មៅមួយ ក្នុងរយៈពេលមួយមិនខ្លី ហើយឲ្យតែនឹកឃើញដល់វាម្តងៗ ក៏សឹងតែនិយាយថា«បើសិនជាអាច គួរកុំស្គាល់គ្នាអី!!!»
ធ្លាប់ទេ? មានអារម្មណ៍ថាអស់កម្លាំងណាស់ កាយក៏ទន់ខ្សោយ ចិត្តក៏លែងមានស្មារតីនឹងនរ អត្ថន័យជីវិតមិនដឹងថានៅទីណា? មានន័យយ៉ាងណា?
ធ្លាប់ទេ? រស់មួយថ្ងៃដើម្បីតែមួយថ្ងៃ រហូតដល់ពេលខ្លះលែងចង់ឲ្យមានថ្ងៃស្អែក ក៏ព្រោះតែមិនចង់ឲ្យខ្លួនឯងជួបនឹងរឿងរ៉ាវផ្សេងទៀត…
កាលនោះ…បើកុំតែរឹងមាំបន្តិច ប្រហែលជាមិនមានថ្ងៃបានមកសរសេររឿងរ៉ាវនេះសម្រាប់គ្រប់គ្នាអានឡើយ…
ចាំបានថា…អារម្មណ៍ដែលស្រលាញ់ការងារជាងអ្វីទាំងអស់ ដោយចាត់ទុកថាជាចំណែកសំខាន់មួយនៃជីវិត ប្រែក្លាយជាអារម្មណ៍ដែលបំពេញការងារព្រោះវាជាកាតព្វកិច្ច…មានTo-do list ប៉ុណ្ណា ក៏ធ្វើតែប៉ុណ្ណឹង…
ទម្លាប់ដែលចូលចិត្តនិយាយលេងសើចច្រើន នាំស្នាមញញឹមដល់អ្នកគ្រប់គ្នា នាំភាពវិជ្ជមានចូលក្នុងជីវិតអ្នកដទៃ ក៏ក្លាយជាអារម្មណ៍លែងចង់និយាយស្តី ត្អូញត្អែរតែរឿងអវិជ្ជមាន និងភាពស្មុគស្មាញដែលមាននៅក្នុងចិត្តប្រាប់គេឯង(សូមទោសពិតមែន ដល់អ្នកដែលត្រូវទ្រាំស្តាប់កាលហ្នឹង ប្រហែលជាធុញទ្រាន់ខ្លាំងហើយ)
ដល់ម៉ោងញ៉ាំបាយ ក៏ញ៉ាំបានតែបន្តិច គេងក៏មិនលក់ មិនស្កប់ស្កល់ ជួនកាល ក៏មិនអាចបែងចែកបានរវាងការពិត និងរឿងដែលកើតឡើងក្នុងពេលយល់សប្តិ…
ក្បាលវិញ…ឈឺប្រកាំងស្ទើររាល់ថ្ងៃ ជាពិសេសពេលយប់…ចូលគេង បើមិនបានយកដៃគោះ និងអង្អែលត្រង់កន្លែងដែលឈឺទេ គឺមិនបានគេងឡើយ…
ក្នុងចិត្តវិញ? មិនដឹងគិតអ្វីខ្លះ ដឹងត្រឹមតែគ្រប់យ៉ាងជារឿងខ្មៅងងឹតនៃជីវិតនៅគ្រប់ផ្នែកទាំងអស់…ការងារ? ចាប់ផ្តើមគិតថា ខ្លួនឯងមិនបានការណ៍…ធ្វើអ្វីក៏នាំទុក្ខដល់គេ…ចង់ឈប់ខ្លាំងណាស់ ដើម្បីសម្រាលសម្ពាធពីមិត្តរួមការងារ…គ្រួសារ? មានរឿងរ៉ាវជាច្រើនដែលមានតែខ្ញុំដែលដឹង…ការសម្រេចចិត្តមួយនោះ មិនប្រាកដថាខុស ឬត្រូវនោះទេ ដឹងត្រឹមថា ពេលនោះ ចង់ត្រឡប់ក្រោយណាស់…មិត្តភាព? ពិបាកនិយាយណាស់…រាល់លើក តែងតែលើកទឹកចិត្តគេគ្រប់គ្នាដែលផុសអ្វីមិនសប្បាយចិត្ត តែដល់ពេលខ្លួនឯងវិញ មិនហ៊ានផុសទេ…សុខចិត្តយំម្នាក់ឯង ហើយក៏មិនសូវហ៊ានរំខានគេដែរ ព្រោះអារម្មណ៍មួយហ្នឹងកើតមានស្ទើររាល់ថ្ងៃទៅហើយ…នរណាទៅមានអារម្មណ៍លួងលោមយើងរាល់ថ្ងៃនោះ? គេក៏ចេះហត់ដែរ…
ខ្ញុំជាខ្ញុំធម្មតា ចាប់ពីពេលភ្ញាក់ពីគេង រហូតដល់មុនចូលបន្ទប់គេង…គ្រាន់តែចូលក្នុងបន្ទប់ភ្លាម ស្រោមមុខនៃការញញឹមក៏ត្រូវបានដោះចេញ…អ្វីដែលមាន គឺទឹកភ្នែក និងការគិតដ៏ស្មុគស្មាញ ហើយទម្លាក់កំហុសលើខ្លួនឯងលើរឿងគ្រប់យ៉ាង…ធ្លាប់បានលឺច្រើនហើយរឿង«ធ្លាក់ទឹកចិត្ត»ហ្នឹង ក៏ធ្លាប់បានអានច្រើនដែរ ក៏ព្យាយាមអនុវត្តតាមវិធីខ្លះៗ…តែ…ហាក់ដូចជាមិនមានប្រសិទ្ធភាពសោះ ដោយសារតែខ្ញុំមិនទាន់ឈានបានជំហានទីមួយ…
និយាយពាក្យក្នុងចិត្ត? ក៏បាននិយាយប្រាប់សឹងតែទាំងអស់ទៅកាន់មិត្តជិតស្និទ្ធមួយចំនួន តែក៏បានត្រឹមតែធូរមួយរយៈ...ថ្ងៃបន្ទាប់ ក៏ប្រែជាដូចដើមវិញ…
ធ្វើអ្វីដែលខ្លួនឯងចូលចិត្ត? ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់…ខ្ញុំស្រលាញ់ការសរសេរបំផុតហើយ រាល់លើក ឲ្យតែកាន់ប៊ិចសរសេរនូវសាច់រឿងដែលនឹកឃើញ គឺញញឹមឯង…តែកាលហ្នឹង អត់ទេ!!! មិនសូម្បីតែបន្តិច…
ដើរលេង? ក៏បានដើរដែរ…ដើរកន្លែងមិនធ្លាប់ទៅទៀត តែសប្បាយបានតែពេលដើរហ្នឹង មកដល់ផ្ទះវិញ នៅដដែល…
ស្តាប់ការអប់រំសុខភាពផ្លូវចិត្ត? បានព្យាយាមស្តាប់មុនពេលចូលគេងដែរ ទទួលស្គាល់ថាចិត្តបានស្ងប់ច្រើន ប៉ុន្តែការគិតនៅតែច្របូកច្របល់…
នៅមានវិធីខ្លះទៀត ដែលបានសាកល្បងដែរ…តែជួយបានតែមួយភ្លែត…
ក្រោយមក…ទើបដឹងថាមកពីអ្វី? ព្រោះតែខ្ញុំរំលងជំហានទីមួយ!!! គឺ…«ការយកឈ្នះលើចិត្តខ្លួនឯង» បើមិនឈ្នះខ្លួនឯងផង ធ្វើម៉េចឈ្នះស្រមោលខ្មៅនោះបាន?
ចាំទេ? ដឹងហើយមែនទេ? ថា…ដរាបណា អ្នកអាចយកឈ្នះលើខ្លួនឯងបាន ទើបអាចយកឈ្នះលើអ្វីផ្សេងទៀតបាន…
មិនមានអ្វីច្រើនទេ…គឺត្រឹមតែ…ដំបូង គ្រាន់តែទទួលស្គាល់ការពិតថា ខ្លួនឯងកំពុងតែស្ថិតក្នុងស្ថានភាពមួយដែលមិនអាចមាននរណាមកជួយសង្គ្រោះអ្នកបានឡើយ បើយើងមិនព្រមជួយខ្លួនឯងជាមុនសិន…ប្រាប់ខ្លួនឯងថា បើមិនងើបឈរឡើងទេ ភាពប្រសើរនឹងមិនមានឡើយ គឺមានតែស្ថានភាពអាក្រក់ជាងនេះ…និយាយទាល់តែខ្លួនឯងយល់ព្រមថា មិនថាវិធីដែលខ្លួនឯង ឬអ្នកដទៃជួយនោះទេ គឺត្រូវតែបើកចិត្តទទួលយក និងប្រឹងប្រែងជាមួយគ្នា…ស្ម័គ្រចិត្តជួយខ្លួនឯង រួមជាមួយនឹងការបើកចិត្តទទួលជំនួយពីអ្នកដទៃ ហើយក្រោកឈរឡើង បន្តដំណើរទៅមុខទៀត…
ស្ថានភាពក៏ប្រសើរឡើងបន្តិចម្តងៗ…រឿងវិជ្ជមានក៏ចាប់ផ្តើមលុបលើភាពអវិជ្ជមានទាំងឡាយ…រហូតអាចក្លាយជាមនុស្សម្នាក់ដូចពីមុនវិញ…អរគុណមែនទែន!!! សម្រាប់អ្នកដែលទ្រាំស្តាប់រឿងខ្ញុំ និងមិនបោះបង់ខ្ញុំចោល ពេលនោះ…
ហើយគ្រាន់ចង់ប្រាប់អ្នកដែលបានបន្តអានដល់ត្រង់នេះ ថា«សូមយកឈ្នះលើចិត្តខ្លួនឯងជាមុនសិន» ហើយកុំភ្លេចផងដែរថា«ជីវិតមិនមែនមានតែភាពស្រស់បំព្រងរហូតឯណា…» តែកុំស្រពោនយូរពេក…ធ្វើឲ្យជីវិតដែលមានតែមួយនេះ ពោរពេញដោយការចងចាំល្អៗ ទើបពេលយើងចាស់ទៅ មានអ្វីល្អៗច្រើនចែករំលែកដល់កូនចៅយើង