ឱសថអាំងស៊ុយលីន(Insulin) ចំពោះអ្នកជំងឺទឹកនោមផ្អែម
លោកអ្នកកំពុងអនុវត្តជំហានដ៏សំខាន់ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមដោយប្រើឱសថអាំងស៊ុយលីនតាមរយៈការចាក់ ឬផាប់។ អាំងស៊ុយលីនអាចជួយលោកអ្នកក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អប្រសើរឡើង និងរក្សាសុខភាពរយៈពេលវែង។ អ្នកជំងឺទឹកនោមផ្អែមប្រភេទ 1 ត្រូវតែប្រើអាំងស៊ុយលីនដាច់ខាត ព្រោះកោសិកាបេតានៃលំពែងរបស់គាត់ត្រូវបានបំផ្លាញអស់។ ចំណែកអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ2 អាចគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់ពួកគេជាមួយនឹងថ្នាំគ្រាប់ប៉ុន្តែក៏ត្រូវការប្រើអាំងស៊ុយលីនផងដែរ។
ចំណុចយល់ដឹងអំពីអាំងស៊ុយលីន
- ចូរយកអាំងស៊ុយលីនតាមខ្លួនឱ្យជាប់លាប់
- ប្រសិនបើលោកអ្នកប្រើអាំងស៊ុយលីន លាយបញ្ចូលគ្នាដូចជា NPH ឬ ព្រីម៉ិចអាំងស៊ុយលីន(Premixed 30/70, 70/30, 50/50 ដូចជាប្រភេទ Mixtard) ដំបូងត្រូវរមៀលវាលើបាតដៃថ្នមៗអោយសព្វមុនពេលប្រើ
- ពិនិត្យមើលរូបរាងអាំងស៊ុយលីនមុនពេលប្រើវា។ កុំប្រើវាប្រសិនបើមើលទៅខុសប្រក្រតី (បើមានដុំនៅក្នុងវា ឬ មើលទៅប្រែពណ៍កករនៅពេលវារងថ្លា)
- រក្សាអាំងស៊ុយលីនឱ្យនៅកន្លែងត្រជាក់ស្ងួត (នៅសីតុណ្ហភាពបន្ទប់ កុំអោយត្រូវពន្លឺថ្ងៃដោយផ្ទាល់ ឬក្នុងទូទឹកកក មិនមែនកន្លែងកករឹង)
- បោះចោលអាំងស៊ុយលីនបន្ទាប់ពីបើកប្រើបានមួយខែ បើទោះបីជាអាំងស៊ុយលីននៅសល់ក្នុងដបក៏ដោយ
- នៅពេលធ្វើដំណើរសូមរក្សាអាំងស៊ុយលីនអោយជាប់លាប់ជាមួយ ដោយទុកក្នុងធុងទឹកក
- ចាក់អាំងស៊ុយលីនក្នុងកន្លែងផ្សេងៗគ្នា (យ៉ាងហោចណាស់៥សង់ទីម៉ែតពីកន្លែងមួយទៅកន្លែងមួយចុងក្រោយគេ)
- ប្រសិនបើលោកអ្នកមានសំណួរ ឬការព្រួយបារម្ភអំពីអាំងស៊ុយលីនសូមទូរស័ព្ទទៅគ្រូពេទ្យរបស់លោកអ្នក ឬអ្នកផ្តល់សេវាសុខភាព
- កុំរំលងការចាក់អាំងស៊ុយលីនលុះត្រាតែមានការណែនាំរបស់គ្រូពេទ្យ ឬអ្នកផ្តល់សេវាសុខភាព។
តារាងពេលវេលាអាំងស៊ុយលីន
-អាំងស៊ុយលីនបាសាល(Basal insulin): អាំងស៊ុយលីនទាំងនេះធ្វើការរយៈពេលពី 8 ទៅ 24 ម៉ោង ហើយអាចមិនត្រូវប្រើជាមួយអាហារនោះទេ។
-អាំងស៊ុយលីនបូលីស(Bolus insulin): អាំងស៊ុយលីនទាំងនេះចាប់ផ្តើមធ្វើការយ៉ាងលឿន និងមានសកម្មភាពខ្លី ហើយជាធម្មតាត្រូវបានគេប្រើជាមួយអាហារ(ចាក់ហើយហូប)ដើម្បីការពារការកើនឡើងខ្ពស់នៃជាតិស្ករនៅក្នុងឈាម។
គ្រូពេទ្យនឹងប្រាប់លោកអ្នកថា គួរប្រើអាំងស៊ុយលីនប្រភេទអ្វីខ្លះ ចំនួនប៉ុន្មាន ប្រើពេលណានិងប៉ុន្មានដងក្នុងមួយថ្ងៃ។
ពិនិត្យមើលប្រសិទ្ធភាពរបស់អាំងស៊ុយលីន
លោកអ្នកមិនអាចគ្រប់គ្រងជាតិស្ករដោយមិនបានត្រួតពិនិត្យមើលថា តើអាំងស៊ុយលីនកំពុងធ្វើការ និងថាតើរាងកាយរបស់លោកអ្នកឆ្លើយតបទៅនឹងសកម្មភាពប្រចាំថ្ងៃដែរឬទេ។ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នក អំពីពេលណាដែលគួរពិនិត្យមើលជាតិស្ករក្នុងឈាម និងគោលដៅចង់បានចំនួនប៉ុន្មាន ហើយបន្ទាប់មកកត់ត្រាទុកក្នុងតារាងជាតិស្ករ ដែលមានកាលបរិច្ឆេទ និងពេលវេលា មានចំនួនប៉ុន្មានដងក្នុងមួយសប្តាហ៍ មុនអាហារ ឬ២ម៉ោងក្រោយអាហារ អាចពេលព្រឹក ថ្ងៃ ល្ងាច ឬយប់មុនចូលគេង។
គោលដៅជាតិស្ករចង់បាន
ព្រឹកមុនអាហារ ៖
-គោលដៅជាតិស្ករជាស្តង់ដា 80-130 mg/dl
-គោលដៅជាតិស្កររបស់លោកអ្នក (ចូរសរសេរទីនេះ) ____________________
២ម៉ោងក្រោយចាប់ផ្ដើមអាហារ
-គោលដៅជាតិស្ករជាស្តង់ដា <180 mg/dl
-គោលដៅជាតិស្កររបស់លោកអ្នក (ចូរសរសេរទីនេះ) ____________________
ពេលយប់មុនចូលគេង
-គោលដៅជាតិស្ករជាស្តង់ដា 110-150 mg/dl
-គោលដៅជាតិស្កររបស់លោកអ្នក (ចូរសរសេរទីនេះ)____________________
សូមទូរស័ព្ទទៅកាន់គ្រូពេទ្យ ឬអ្នកផ្តល់សេវាថែទាំសុខភាពទឹកនោមផ្អែមរបស់លោកអ្នក ប្រសិនបើ
- ជាតិស្ករក្នុងឈាមកាន់តែចុះទាបដោយគ្មានមូលហេតុដូចជាការរំលងអាហារ ឬធ្វើសកម្មភាពច្រើនជាងធម្មតា។
- កម្រិតជាតិស្ករក្នុងឈាមតែងតែឡើងខ្ពស់ជាងកម្រិតគោលដៅចង់បានក្នុងរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា។
កំណត់ចំណាំ ៖ ចំពោះពាក្យចចាមអារ៉ាមមួយចំនួនដែលអ្នកជំងឺបានយល់ខុសថាឱសថអាំងស៊ុយលីន គឺប្រើនៅដំណាក់កាលចុងក្រោយនៃជំងឺ ឬប្រើមិនបានយូរទេអ្នកជំងឺនឹងស្លាប់។ តាមធាតុពិត នាបច្ចុប្បន្ននេះ អាំងស៊ុយលីនត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងពិភពលោក ដើម្បីជួយគ្រប់គ្រងជាតិស្ករក្នុងឈាមអោយបានល្អប្រសើរ។ វេជ្ជបណ្ឌិតរបស់លោកអ្នកនឹងពន្យល់ប្រាប់ ថាតើនៅពេលណាដែលលោកអ្នកត្រូវការចាក់អាំងស៊ុយលីន ហើយវាអាស្រ័យទៅលើស្ថានភាពជំងឺ និងផលវិបាកទឹកនោមផ្អែមដែលបានកើតឡើង។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ
ស្វែងយល់លម្អិតពីជំងឺទឹកនោមផ្អែម នៅទីនេះ
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ