គ្រោះថ្នាក់អ្នកអាចមិនធ្លាប់ដឹងពី ការឈាមច្រមុះញឹកញាប់
ការឈាមច្រមុះ គឺសំដៅដល់ការហូរឈាមចេញតាមរន្ធច្រមុះពីក្នុងមកក្រៅ ដោយឯងៗ ដោយមានការប៉ះទង្គិច ឬដោយសារជំងឺមួយចំនួន។
មូលហេតុអ្វីខ្លះបង្កឲ្យឈាមច្រមុះ?
មានកត្តាជាច្រើនបង្កឲ្យឈាមច្រមុះដែលត្រូវបានបែងចែកចេញជា២ធំៗ រួមមាន៖
កត្តារន្ធច្រមុះផ្ទាល់
• ការប៉ះទង្គិចដោយដៃ ម្រាមដៃ ការវះកាត់ ឬដោយសារគ្រោះថ្នាក់ផ្សេងៗ
• ការដុះដុំសាច់ក្នុងច្រមុះ អាចមានទាំងដុំសាច់ស្លូត (Fibrome NasopharyngienឬPapilome Inversé) និងដុំសាច់កាច (Adenocarcinome ឬCarcinome Epidermoide Indifferencié ឬMelanome)
• ការរលាកច្រមុះ ដោយសារតែផ្តាសាយញឹកញាប់ ឬមានជំងឺអាល្លែកហ្ស៊ីច្រមុះ
• មានរបស់ពីខាងក្រៅចូលក្នុងច្រមុះ
• ការប្រើប្រាស់ថ្នាំបាញ់ច្រមុះរយៈពេលយូរពេក ដោយហេតុថា ជាទូទៅ ការប្រើប្រាស់ថ្នាំបាញ់ច្រមុះត្រឹមតែ៥ ទៅ១០ថ្ងៃប៉ុណ្ណោះយ៉ាងយូរ។ ប៉ុន្តែ បើប្រើហួសកាលកំណត់ វាអាចបង្កឲ្យប៉ះពាល់លើស្រទាប់កោសិកាច្រមុះ ធ្វើឲ្យខូចដល់សរសៃឈាម។ មួយវិញទៀត ការប្រើប្រាស់សារធាតុគីមីមួយចំនួនក្នុងការព្យាបាលបញ្ហាច្រមុះ ដូចជាអាស៊ីតជាដើម។
កត្តាទូទៅ
• ជំងឺវិបត្តិកំណកឈាម ៖ ជួនកាល គាត់មានជំងឺមហារីកគ្រាប់ឈាម ធ្វើឲ្យគាត់ស្លេកស្លាំង គ្រាប់ឈាមកាន់តែទាបទៅៗ បង្កឲ្យឈាមក្រកក (ឈាមរាវ) នៅពេលផ្តាសាយតិចតួចនាំឲ្យឈាមច្រមុះ
• ជំងឺតពូជ ៖ គេតែងជួបប្រទះលើអ្នកជំងឺម៉្យាងហៅថា Maladie deRendu-Osler ដែលស្តែងចេញជាគ្រាប់តូចៗ នៅលើសាច់ច្រមុះ ពេលមានរលាកតិចតួចនឹងបង្កឲ្យមានឈាមភ្លាមៗ
• ជំងឺលើសសម្ពាធឈាម
• ជំងឺគ្រុនពោះវៀន ដែលបង្កឲ្យឡើងកម្តៅក្នុងខ្លួន
• អាល្លែកហ្ស៊ី។
អ្វីខ្លះដែលអ្នកជំងឺឈាមច្រមុះគួរតាមដាន?
អ្នកជំងឺវ័យចំណាស់គួរតាមដានសម្ពាធឈាម ពិនិត្យគ្រាប់ឈាម និងកំណកឈាម។ ក្រៅពីនោះ អ្នកជំងឺអាចតម្រូវឲ្យពិនិត្យក្នុងរន្ធច្រមុះ ដោយប្រើអង់ដូស្កុប ដើម្បីរកមើលថាមានដុះដុំសាច់ឬអត់ និងមួយទៀត គឺការថតស្កែនចំលើផ្ទៃមុខរបស់អ្នកជំងឺ ដើម្បីមើលដុំដែលមាននៅត្រង់ថ្ពាល់។
ឈាមច្រមុះត្រូវព្យាបាលបែបណាខ្លះ?
មានវិធីសាស្ត្រជាច្រើន ដើម្បីធ្វើការព្យាបាលឈាមច្រមុះ ឬធ្វើការឃាត់ឈាមច្រមុះ៖
• ករណីឈាមច្រមុះតិចតួច អ្នកជំងឺត្រូវយកមេដៃ និងចង្អុលដៃ ច្របាច់រន្ធច្រមុះឲ្យជាប់រយៈពេល១០នាទី រួចសឹមប្រលែងមកវិញ នោះវានឹងបាត់បើជាការឈាមច្រមុះធម្មតា។
• ប្រសិនបើឈាមហូរមិនបាត់ អ្នកជំងឺត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ឯកទេស គ្រូពេទ្យអាចដាក់មេស ឬជែលចូលក្នុងច្រមុះពីខាងមុខ ឬពីខាងក្រោយមកវិញតាមស្ថានភាពអ្នកជំងឺ។
• បើអ្នកជំងឺត្រូវបានរកឃើញថាមានហូរឈាមតិចៗរឹមៗ គ្រូពេទ្យអាចធ្វើការព្យាបាលដោយដុតនៅត្រង់ចំណុចនោះ។
• ករណីធ្ងន់ធ្ងរ ដូចជាមានដុះដុំសាច់ នោះអ្នកជំងឺនឹងត្រូវធ្វើការវះកាត់យកដុំសាច់ចេញហើយបើរឹតតែធ្ងន់ធ្ងរថែមទៀត គឺអាចឈានដល់ការចងសរសៃឈាមដែលមកចិញ្ចឹមច្រមុះ ដើម្បីទប់ទល់កុំឲ្យមានការហូរឈាមកាន់តែខ្លាំង។
ទោះជាយ៉ាងណាក៏ដោយ ការព្យាបាលខាងលើអាចនឹងមានផលរំខានដល់អ្នកជំងឺខ្លះៗ ដូចជាការដាក់មែសឃាត់ឈាម អាចធ្វើឲ្យអ្នកជំងឺពិបាក ក្នុងការដកដង្ហើម ព្រោះគាត់ដកដង្ហើមតាមច្រមុះមិនបាន តម្រូវឲ្យគាត់ដកដង្ហើមតាមមាត់ ដែលធ្វើឲ្យការស្រូបយកអុកស៊ីសែនចូលមិនបានគ្រប់គ្រាន់ ធ្វើឲ្យមានអាការៈឈឺក្បាល វិលមុខ ជាដើម។
ធ្វើដូចម្តេច ដើម្បីការពារការឈាមច្រមុះ?
• ត្រូវចៀសវាងកុំឲ្យមានការប៉ះទង្គិចទៅលើច្រមុះ ឬការប្រើដៃរុកចូលច្រមុះ ដែលការរុកចូលនេះប្រៀបដូចជាឲ្យគាត់ទៅកោសកកិតក្នុងសាច់ច្រមុះ នាំឲ្យដាច់សរសៃឈាមតូចៗនៅច្រមុះនោះ។
• កាត់បន្ថយកុំឲ្យមានការរលាកច្រមុះរ៉ាំរ៉ៃ ព្រោះវាអាចបង្កឲ្យស្រទាប់របស់ច្រមុះកាន់តែស្តើងទៅៗ ប៉ះពាល់ដល់សរសៃឈាម ពិសេសគឺអាល្លែកហ្ស៊ី។
• សម្អាតបរិស្ថានជុំវិញខ្លួនឲ្យស្អាត បរិភោគអាហារឲ្យសមស្រប និងប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា។
បើអ្នកជំងឺមិនបានទទួលការព្យាបាល ឬព្យាបាលមិនទាន់ពេលវេលាគាត់អាចមានហានិភ័យដល់អាយុជីវិត ដោយសារការបាត់បង់គ្រាប់ឈាមចំពោះការហូរឈាមរយៈពេលយូរ។
ប្រសិនបើជួបប្រទះជាមួយនឹងការហូរឈាមច្រមុះ ទោះតិច ឬច្រើន ឬញឹកញាប់ អ្នកជំងឺគួរធ្វើការណាត់ជួប ប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរកមូលហេតុច្បាស់លាស់ និងទទួលបានការព្យាបាលទាន់ពេលវេលា។
បកស្រោយដោយ ៖ វេជ្ជបណ្ឌិត កែវ សុវណ្ណ ឯកទេសត្រចៀក ច្រមុះ បំពង់ក និងជាប្រធានផ្នែកពិគ្រោះជំងឺក្រៅ ត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ