ក្រពះ-ពោះវៀនមិនល្អ ត្រូវចៀសអាហារទាំងនេះ…
ភាគច្រើនបញ្ហាក្រពះពោះវៀន មិនមែនកើតតែចំពោះមនុស្សចាស់នោះទេ យុវវ័យមួយចំនួនធំក៏កំពុងប្រឈមនឹងបញ្ហានេះដូចគ្នាដែរ។ ព្រោះតែញ៉ាំអ្វីប្លែកបន្តិចបន្តួចក៏មិនស្រួលពោះ ឬពេលខ្លះនៅសុខៗដូចចេញទឹកក្រពះឈឺមួយរំពេច ដែលហោចណាស់ក៏ត្រូវញ៉ាំថ្នាំទើបបាត់។ អំឡុងពេលនេះ ក៏មានប្រភេទអាហារខ្លះទាមទារឲ្យអ្នកត្រូវតមដោយហេតុផលផ្សេងៗផងដែរ៖
អាល់កុល
អាល់កុល ជាអាស៊ីតរាវ ដែលផ្ទុកនូវវត្តមាន អេតាណុល និងអាចចូលរួមបង្កើនការបញ្ចេញអាស៊ីតថែមមួយកម្រិតទៀត។ ម៉្យាងទៀត វាក៏ធ្វើឲ្យរាងកាយបាត់បង់ជាតិទឹកធ្ងន់ធ្ងរ បន្ថយការរំលាយអាហារ និងបង្កើនការក្អែអាស៊ីត។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនអ្នកមានអារម្មណ៍ថាចង់ ចង្អោរ ក្អួត រឿងមួយដែលអ្នកត្រូវដឹង និងចៀសឲ្យផុតគឺ ភេសជ្ជៈដែលមានជាតិអាល់កុល ព្រោះវានឹងធ្វើឲ្យអាការៈដែលអ្នកកំពុងមាន វិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរដោយសារអាល់កុល អាចឲ្យ ពុលដល់ក្រពះ និងអាចផ្លាស់ប្តូរការធ្វើមេតាប៉ូលីសថ្លើមបាន។ គួរបញ្ជាក់ថា ប្រជាជនដែលមានបញ្ហាថ្លើមស្រាប់ មិនគួរទទួលទានជាតិអាល់កុលច្រើននោះទេ ហើយបើនរណាម្នាក់ដែល មានបញ្ហាក្រពះ ក៏ត្រូវផ្តល់ដំបូន្មានឲ្យចៀសពីសារធាតុនេះដែរ។
អាហារហឹរ
ការទទួលទានអាហារហឹរ គឺមានការប្រែប្រួលទៅតាមបុគ្គលម្នាក់ៗ អ្នកខ្លះគ្មានផលប៉ះពាល់អ្វីនោះទេ ស្របពេលដែលវាអាចជាមូលហេតុនៃការពិបាករំលាយអាហារម្រាប់បុគ្គលផ្សេងទៀត។ ប្រសិនបើអ្នកមានសញ្ញាដូចជា ចង្អោរ ក្អួត និងរាក អ្នកគួរតែចៀសវាងនូវអាហារមួយចំនួន ដែលមានលទ្ធភាពអាចភ្ញោចប្រព័ន្ធរំលាយអាហារក្នុងនោះអាហារមានរសជាតិហឹរជាមួយក្នុងចំណោមអាហារទាំងនោះ។ ជាពិសេស អ្នកគួរជ្រើសរើសអាហារមានរសជាតិសាបបន្តិចនៅពេលអ្នកមានបញ្ហារំលាយអាហារ ហើយត្រូវប្រាកដថាអ្នក មិនបានញ៉ាំអាហារហឹរ បើអ្នកមានប្រតិកម្មជាមួយវា។ សូមប្រយ័ត្ន ប្រភេទអាហារហឹរដែលចម្អិនជាមួយប្រេង ឬខ្លាញ់ អាចចាត់ចូលជាប្រភេទអាហារដែលមិនល្អដល់អ្នកខ្សោយក្រពះពោះវៀនទ្វេដង។
ផលិតផលទឹកដោះគោ
តាមរយៈការស្រាវជ្រាវកន្លងមក គេបានរកឃើញថា ប្រជាជនជាងពាក់កណ្តាលពិភពលោក គឺមានប្រតិកម្មជាមួយនឹងឡាក់តូសក្នុងទឹកដោះគោមានន័យថា ពួកគេគ្មាននូវអង់ស៊ីមចាំបាច់ក្នុងការរំលាយផលិតផលទឹកដោះគោនោះ។ ប៉ុន្តែទោះបីអ្នកមិនមានប្រតិកម្មនឹងឡាក់តូសក៏ដោយ តែការបង្ករោគពីវីរុស ឬបាក់តេរី អាចប៉ះពាល់ដល់ឡាក់តាស ដែលជាអង់ស៊ីមសំខាន់សម្រាប់រំលាយឡាក់តូស និងអាចជាមូលហេតុចម្បងធ្វើឲ្យបាត់បង់សមត្ថភាពក្នុងការរំលាយឡាក់តូសផងដែរ។ ការទទួលទានផលិតផលទឹកដោះគោដូចជាទឹកដោះគោឆៅ និងឈីស ត្រូវបានបង្ហាញថាធ្វើឲ្យមនុស្សមួយចំនួនឆាប់ឈឺក្រពះ។
អាហារចៀន-កែច្នៃ
មានផលិតផលខ្លាញ់ដូចជាប្រេងអូលីវ ប័រ និងអាហារប្រភេទចៀនខ្លះមានផ្ទុកនូវប្រភេទខ្លាញ់Trans ក្នុងកម្រិតខ្ពស់ ជាមូលហេតុធ្វើឲ្យពិបាក ដល់ប្រព័ន្ធរំលាយអាហារ ព្រោះវាពិបាកបំបែក។ខ្លាញ់ទាំងនេះអាចរក្សាឲ្យអាស៊ីតកើនឡើង ដែលជាមូលហេតុនៅពីក្រោយការក្អែរអាស៊ីត។ សម្រាប់ប្រភេទអាហារកែច្នៃដែលមានអាយុកាល ឬកាលបរិច្ឆេទផុតកំណត់រយៈពេលយូរ ជាទូទៅ គឺមាន ជាតិគីមីច្រើរួមទាំងសារធាតុសម្រាប់ថែរក្សាដែលរំខានដល់សរីរាង្គផ្នែកពោះរបស់អ្នកជាទូទៅ។
កាហ្វេអ៊ីន
កាហ្វេអ៊ីនភ្ញោចការកន្ត្រាក់នៃស្រទាប់ពោះវៀនធ្វើឲ្យចលនាក្រពះ ពោះវៀន កើនឡើងឆាប់រហ័សងាយនឹងបង្កជារាក ស្ទើរគ្រប់គ្នា។ ដូច្នេះ ប្រសិនអ្នកមានបញ្ហារាកស្រាប់ នោះកាហ្វេអ៊ីននឹង ធ្វើឲ្យអ្នកកាន់តែរាកធ្ងន់ធ្ងរ។ ត្រូវចាំថាមិនត្រឹម តែកាហ្វេទេ សូដា និងសូកូឡា ជាប្រភពផ្សេងទៀតនៃកាហ្វេអ៊ីន និងដែលអាចបង្កជាការឈឺក្រពះកាន់តែខ្លាំង។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ