-
Aug 10, 2019
|
-
5 years ago
|
-
4.2K views
ប្រាកដណាស់ «មានរូប មានទុក្ខ» ដរាបណានៅមានជីវិត យើងនៅតែត្រូវប្រឈមនឹងបញ្ហា ក៏ដូចជាឧបសគ្គនានា ហើយក្នុងនោះ រឿងរ៉ាវខ្លះក៏បានប៉ះទង្គិចដល់សុខភាពផ្លូវចិត្តរបស់យើង។ ទោះបីបញ្ហាតូច ឬធំប៉ុណ្ណា បើយើងចេះមើលថែសុខភាពផ្លូវចិត្តរបស់ខ្លួនឯងបានរឹងមាំនោះ យើងក៏មិនសូវមានការព្រួយបារម្ភខ្លាំងដែរចំពោះផលប៉ះពាល់មកលើផ្លូវចិត្តរបស់យើង។ ជាមួយនឹងវិធីងាយៗខាងក្រោមនេះ មិត្តអ្នកអានអាចសាកល្បងអនុវត្តនិងជ្រើសរើសយកវិធីណាដែលអ្នកគិតថា ស័ក្តិសមសម្រាប់ខ្លួនអ្នកផ្ទាល់ ហើយធ្វើការអនុវត្តវាឲ្យបានជាប្រចាំ…
សរសេរចេញនូវគំនិត និងអារម្មណ៍របស់អ្នក
ត្រង់នេះមិនសំដៅលើការផុសនៅលើហ្វេសប៊ុក ឬបណ្តាញសង្គមណាមួយឡើយ គឺសំដៅលើការចាប់កាន់ប៊ិច និងក្រដាស ហើយចាប់ផ្តើមសរសេរនូវអារម្មណ៍និងអ្វីដែលអ្នកមាននៅក្នុងចិត្តទាំងអស់ ដោយកុំខ្វល់ពីអ្វីទាំងអស់ គ្រាន់តែឲ្យដៃរបស់អ្នក ភ្ជាប់ទំនាក់ទំនងទៅនឹងបេះដូង និងខួរក្បាលរបស់អ្នកតែម្យ៉ាង ជាពិសេសរឿងរ៉ាវដែលអ្នកគិតថា ពិបាកនឹងនិយាយចេញ ឬនៅពេលដែលមិនមាននរណាម្នាក់ចាំស្តាប់អ្នក។
ឈរលើជំហរ និងការគិតបែបវិជ្ជមាន មិនថាក្នុងកាលៈទេសៈបែបណា
មិនថារឿងមួយអាចនឹងមានភាពអវិជ្ជមានខ្លាំងកម្រិតណា ក៏គង់តែមានចំណុចវិជ្ជមាននៅក្នុងនោះដែរ។ ជាក់ស្តែង បើអ្នកត្រូវសម្រេចកិច្ចការមួយក្នុងពេលដ៏ខ្លី ជំនួសដោយការគិតដែលមានសម្ពាធ និងមានអារម្មណ៍មិនល្អចំពោះវា អ្នកអាចគិតថា រយៈពេលកំណត់ខ្លីនេះ ជាកម្លាំងជំរុញទឹកចិត្តយ៉ាងមានប្រសិទ្ធភាព ក្នុងការធ្វើឲ្យអ្នកបញ្ចប់នូវកិច្ចការមួយនោះបានរហ័ស និងតាមកាលកំណត់។
កំណត់ពេលដើរលម្ហែឲ្យបានជាប្រចាំ
បើសិនជាអាច អ្នកគួរតែសម្រាកការគិត និងដើរលម្ហែចិត្តរៀងរាល់២០នាទីម្តង ឬជាប្រចាំ ជាពិសេសអ្នកដែលធ្វើការដោយប្រើប្រាស់ខួរក្បាលច្រើន។ ការធ្វើបែបនេះ មិនត្រឹមតែធ្វើឲ្យចិត្តរបស់អ្នកបានធូរស្រាលពីសម្ពាធការងារនោះទេ ប្រសិទ្ធភាពការងារក៏អាចនឹងមានការរីកចម្រើនផងដែរនៅពេលដែលអ្នកផ្តល់ពេលសម្រាកដល់ខួរក្បាលអ្នកបានគ្រប់គ្រាន់។
មានមនុស្សដែលអ្នកអាចទុកចិត្ត និងចែករំលែករឿងរ៉ាវក្នុងចិត្តបាន
មិនថាមានតិច ឬច្រើននោះទេ អ្នកគួរតែមាននរណាម្នាក់ដែលអ្នកជឿជាក់និងអាចចែករំលែកអ្វីគ្រប់យ៉ាងបាន ជាពិសេសពេលដែលមានទុក្ខសោក ឬបញ្ហាក្នុងចិត្ត ដើម្បីអាចឲ្យអ្នកមានអារម្មណ៍ថា«អ្នកមិនឯកាឡើយ»។
រំលឹករឿងវិជ្ជមានឲ្យបាន ៣ ពេលកំពុងមានអារម្មណ៍អវិជ្ជមាន
ឲ្យតែជារឿងវិជ្ជមានដែលងាយនឹងរកនឹកឃើញ ទោះបីជាសាមញ្ញយ៉ាងណាក៏ដោយ អាចជារឿងដែលធ្វើឲ្យអ្នកសប្បាយចិត្ត ស្នាដៃដែលធ្វើឲ្យអ្នកមានមោទនភាព និងនរណាម្នាក់ដែលអ្នកស្រលាញ់ចូលចិត្ត ។ល។ ឆ្លើយតបនឹងសំឡេងក្នុងចិត្តរបស់អ្នកដោយឆ្លាតវៃបើសិនជាសំឡេងនោះកំពុងគិតអវិជ្ជមាន អ្នកគួរសាកល្បងគិតថា អ្នកជាមិត្តភក្តិម្នាក់របស់ខ្លួនអ្នកហើយសួរខ្លួនឯងថា «តើអ្នកនឹងផ្តល់យោបល់ ឬឆ្លើយតបបែបណា ចំពោះស្ថានភាពបែបនេះ?» ហើយធ្វើការថ្លឹងថ្លែងអំពីគំនិត ឬដំណោះស្រាយដែលល្អសម្រាប់ខ្លួនអ្នក។
សួរខ្លួនឯងថា «បន្ទាប់ពីនេះ តើនឹងអាចមានអ្វីខ្លះកើតឡើង?»
ក្នុងករណីកំពុងមានបញ្ហាប្រឈមណាមួយដែលមិនមានអ្វីអាចកែប្រែ ឬធ្វើឲ្យប្រសើរបាន អ្នកត្រូវតែទទួលស្គាល់ការពិត ហើយជំនួសដោយការសម្ងំនៅសោកសៅចំពោះបញ្ហានោះ អ្នកអាចគិតបន្តទៅលើអ្វី ដែលនឹងកើតឡើងបន្ទាប់ពីបញ្ហានេះកើតមានឡើងដើម្បីអាចគិតគូរអំពីអ្វីដែលអ្នកអាចធ្វើបាន។
បណ្តុះទម្លាប់ល្អ មុនពេលចូលគេង
បញ្ឈប់ការគិត និងព្រួយបារម្ភពីបញ្ហានានា (អ្នកអាចកត់ចំណំានូវបញ្ហាទាំងនោះដើម្បីបន្តការគិតនៅថ្ងៃស្អែកហើយប្រសិនបើនឹកឃើញអំពីគំនិតអ្វីមួយនោះអ្នកអាចសរសេរចេញមកឲ្យអស់ រហូតដល់ខួរក្បាលរបស់អ្នកលែងគិតអំពីរឿងរ៉ាវទាំងនោះទៀត)។ ទន្ទឹមនឹងគ្នានេះដែរ ការចៀសវាងការសម្លឹងមើលអេក្រង់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចផ្សេងៗក៏ជាទង្វើដែលអ្នកគួរតែធ្វើ មុនពេលបិទភ្នែកចូលគេងផងដែរ។
ព្រោះថា…សុខភាពផ្លូវចិត្ត ក៏សំខាន់ដូចជាសុខភាពផ្លូវកាយផងដែរ…
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ