មហារីក បង្កមកពីអ្វី? ហើយអាចការពារបានដោយរបៀបណាខ្លះ?
ក្នុងចំណោមសំណួរជាច្រើនដែលអ្នកគួរតែស្វែងយល់ឲ្យបានដិតដល់អំពីជំងឺមហារីក នោះគឺទាក់ទងនឹងមូលហេតុបង្ក និងការការពារនៃជំងឺ ដោយសារវាជាចំណេះដឹងដ៏សំខាន់សម្រាប់ឲ្យយើងទាំងអស់គ្នាអាចរៀបចំវិធានការកាត់បន្ថយការប្រឈមនឹងហានិភ័យនៃជំងឺនេះបាន។
សំណួរ៖ ខ្ញុំអាយុ ៣២ឆ្នាំ ភេទស្រី និងជាស្ត្រីមេផ្ទះ។ នាងខ្ញុំចង់សួរទៅកាន់វេជ្ជបណ្ឌិតថា តើមូលហេតុអ្វីខ្លះ ដែលអាចបង្កឲ្យកើតមានជំងឺមហារីក? និងតើយើងគួរការពារពីជំងឺនេះបានយ៉ាងដូចម្តេច?
ចម្លើយ៖ មានមូលហេតុ រួមជាមួយនឹងកត្តាជាច្រើនដែលអាចបង្កការប្រឈមជាមួយនឹងជំងឺមហារីក ដោយយើងនឹងលើកយកកត្តាដែលបង្កឲ្យមានបញ្ហានេះញឹកញាប់ជាងគេខ្លះៗមកបកស្រាយ៖
១ សារធាតុគីមី ៖
- ការជក់បារី ជាកត្តាប្រឈមនៃជំងឺមហារីកជាច្រើនប្រភេទ ពិសេសមហារីកសួត មហារីកក និងក្បាល មហារីកបំពង់អាហារ មហារីកក្រពះមហារីកសុដន់ ។ល។
- ការប៉ះពាល់ជាមួយនឹងថ្នាំសម្លាប់សត្វល្អិតថ្នាំសម្លាប់ស្មៅ សារធាតុបង់ហ្សែន ប្រេងរ៉ែជាដើមក្នុងរយៈពេលយូរ អាចបង្កការប្រឈមនឹងជំងឺមហារីកស្បែក មហារីកឈាម មហារីកប្រព័ន្ធទឹករងៃ។ល។
២ របបអាហារដែលប៉ះពាល់ដល់សុខភាព ៖
- អាហារខ្លាញ់ពីសត្វ សាច់កែច្នៃ អាចបង្កជាមហារីកចុងពោះវៀនធំ ក្រពះ សុដន់។ល។
- ការសេពគ្រឿងស្រវឹងច្រើន អាចបង្កមហារីកចុងពោះវៀនធំ បំពង់អាហារ ក្រពះ និងសុដន់។ល។
- បរិភោគអង្ករ ឬធញ្ញជាតិមួយចំនួនដែលត្រូវបានតោងដោយផ្សិតដែលអាចផលិតជាសារធាតុAflatoxin អាចបង្កមហារីកថ្លើម។
៣ កត្តាសរីរាង្គកាយ ៖
- ការប៉ះពាល់ជាមួយនឹងកាំរស្មី អាចបង្កមហារីកប្រព័ន្ធទឹករងៃ មហារីកឈាម និងមហារីកសុដន់។ល។
- ឧស្ម័ន Radon អាចបង្កជាមហារីកប្រព័ន្ធទឹករងៃ មហារីកស្បែក
- កាំរស្មីអុលត្រាវីយូឡេ អាចបង្កមហារីកស្បែកនិងមហារីកកោសិកាដែលមានផ្ទុកជាតិពណ៌
- ខ្យល់ដែលមានជាតិពុល អាចបង្កមហារីកសួត។
៤ អាយុ ៖ ជាកត្តាហានិភ័យនៃជំងឺមហារីកសុដន់មហារីកចុងពោះវៀនធំ និងមហារីកសួត។ល។
៥ កត្តាខ្លួនឯងផ្ទាល់ ៖ ការធាត់លើសទម្ងន់ និង អ័រម៉ូនរបស់រាងកាយ អាចបង្កហានិភ័យនៃជំងឺមហារីកសុដន់ មហារីកចុងពោះវៀនធំ មហារីកស្រទាប់ស្បូន និងមហារីកអូវែ។ល។
៦ មេរោគ ៖
- មេរោគថ្លើមប្រភេទ បេ និង សេ អាចបង្កហានិភ័យនៃមហារីកថ្លើម
- មេរោគ HPV អាចបង្កមហារីកមាត់ស្បូនមហារីកកនិងក្បាល មហារីកស្បែក។ល។
- វីរុស Epstein-Barr អាចបង្កការប្រឈមនឹងមហារីកក្រពេញទឹករងៃ
- វីរុសអេដស៍ ឬ HIV អាចបង្កការប្រឈមនឹងមហារីក Kaposi sarcoma
- មេរោគក្រពះ Helicobacter pylori អាចបង្កមហារីកក្រពះ។
៧ កត្តាបម្រែបម្រួលហ្សែន ៖ ដែលជាកត្តាតំណពូជអាចធ្វើឲ្យប្រឈមនឹងមហារីកសុដន់ មហារីកក្រពេញអូវែ មហារីកចុងពោះវៀនធំ។ល។
៨ របៀបរបបរស់នៅ ៖
- ភាពមិនសូវសកម្ម អាចបង្កមហារីកចុងពោះវៀនធំ មហារីកសុដន់។ល។
- ការមិនមានផ្ទៃពោះ ឬការបញ្ឈប់ការបំបៅដោះសម្រាប់ស្ត្រី អាចបង្កជាមហារីកសុដន់។
ការការពារចម្បងៗចំពោះជំងឺមហារីក រួមមាន៖
១. ការពិនិត្យមើលជាទៀងទាត់នៃមហារីក សម្រាប់ការពារមហារីកសុដន់ ថ្លើម មាត់ស្បូន សួត និងក្រពេញប្រូស្តាត។
២. ការចាក់វ៉ាក់សាំង (វ៉ាក់សាំងប្រឆាំងនឹង HPV និងវ៉ាក់សាំងប្រឆាំងនឹងមេរោគថ្លើមបេ)។
៣. ការគ្រប់គ្រងការប្រើប្រាស់សារធាតុ Tobacco និងចៀសវាងការជក់បារី។
៤. ការបរិភោគអាហារសុខភាព ចៀសវាង អាល់កុល និងសាច់កែច្នៃ។
៥. ការរស់នៅប្រកបដោយសុខភាព ដោយរួមបញ្ចូលទាំងការធ្វើសកម្មភាពរាងកាយ និងការគ្រប់គ្រងទម្ងន់ឲ្យបានសមស្រប។
៦. កំណត់ការប៉ះផ្ទាល់ជាមួយនឹងកម្តៅថ្ងៃ ឬការពារការប៉ះនឹងកាំរស្មីដោយប្រើប្រាស់ឡេការពារកម្តៅ ដើម្បីកាត់បន្ថយការប្រឈមនឹងមហារីកលើកោសិកាជាតិពណ៌។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកជំងឺមហារីកនៅ មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ