Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ប្រុងប្រយ័ត្នចំពោះជំងឺរលាកប្រហោងឆ្អឹងមុខ

ជំងឺរលាកប្រហោងឆ្អឹងមុខ គឺជាជំងឺផ្លូវដង្ហើមមួយប្រភេទដែលកើតមានជាញឹកញាប់ចំពោះប្រជាជនទូទៅគ្រប់វ័យ មិនថាប្រុសឬស្រីឡើយ។ ជំងឺនេះនឹងផ្តល់ផលវិបាកធ្ងន់ធ្ងរជាច្រើនចំពោះអ្នកជំងឺ ប្រសិនជាពួកគេមិនបានយល់ដឹង និងមិនបានធ្វើការព្យាបាលឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលា។ ដោយឡែក ជំងឺនេះមានមូលហេតុកាចសាហាវជាច្រើនទៀតដែលអ្នកមិនបានដឹង។ 

តាមរយៈការផ្តល់បទសម្ភាសន៍របស់លោកវេជ្ជបណ្ឌិត ថុង ម៉េងឡុង វេជ្ជបណ្ឌិតឯកទេសត្រចៀកច្រមុះបំពង់ក និងជាប្រធានអគារត្រចៀកច្រមុះបំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួង បានឲ្យដឹងថាជំងឺរលាកប្រហោងឆ្អឹងមុខកើតមានជាច្រើនករណីនៅកម្ពុជាយើង ក៏ដូចជាបណ្តាប្រទេសដទៃជាច្រើនទៀត។ យោងទៅតាមស្ថិតិនៅអាមេរិក មានរហូតដល់ ៣០ទៅ៣៥លាននាក់ដែលបានរងការប៉ះពាល់ដោយជំងឺនេះ ដែលស្មើប្រហែលនឹង ០,៥ ទៅ១%ក្នុងចំណោមករណីជំងឺផ្លូវដង្ហើមទាំងអស់។ កាន់តែគួរឲ្យចាប់អារម្មណ៍គឺ វាជាជំងឺជាប់លំដាប់ទី៣ដែលត្រូវព្យាបាលដោយអង់ទីប៊ីយូទិក ឬថ្នាំផ្សះច្រើនជាងគេ។

ជាមួយនឹងបទពិសោធន៍ការសិក្សាវគ្គឯកទេសនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលភ្នំពេញ និងទីក្រុងលីយុងប្រទេសបារាំងផ្នែកត្រចៀកច្រមុះ បំពង់កផ្ទាល់ លោកវេជ្ជបណ្ឌិត ថុង ម៉េងឡុង បច្ចុប្បន្នក៏ជាប្រធានសមាគមគ្រូពេទ្យត្រចៀកច្រមុះបំពង់ក និងសល្យសាស្ត្រក្បាលនិងកកម្ពុជា  ព្រមទាំងជាសាស្ត្រាចារ្យមួយរូបផងដែរ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាកលវិទ្យាល័យសុខាភិបាលខេមរភូមិន្ទផ្នែកត្រចៀកច្រមុះបំពង់ក បានរៀបរាប់យ៉ាងច្បាស់ថា «ជំងឺរលាកប្រហោងឆ្អឹងមុខ ឬ rhinosinusitis  គឺជាការរលាកប្រហោងឆ្អឹងមុខមួយឬច្រើន ដោយសារមេរោគ ឬមិនមែនមេរោគ ដែលក្នុងនោះចែកជា២ទម្រង់ធំៗរួមមានទម្រង់ស្រួចស្រាវ (acute rhinosinusitis) និងទម្រង់រ៉ាំរ៉ៃ (chronic rhinosinusitis)។»

គួរបញ្ជាក់ថា ការរលាកនេះអាចកើតមាននៅទីតាំងផ្សេងៗនៃប្រហោងឆ្អឹងមុខដែលក្នុងនោះមានដូចជា ការរលាកនៅត្រង់ឆ្អឹងថ្ពាល់ ឬហៅថា maxillary sinusitis ការរលាកនៅប្រហោងឆ្អឹងថ្ងាស ឬ frontal sinusitis រីឯការរលាកនៅត្រង់ប្រជុំឆ្អឹងហៅថា ethmoid sinusitis និងការរលាកនៅឆ្អឹងខាងក្រោយហៅថា sphenoid sinusitis។

កត្តាប្រឈម
ថ្វីត្បិតតែជំងឺរលាកប្រហោងឆ្អឹងមុខអាចកើតលើមនុស្សគ្រប់វ័យទាំងស្រី និងប្រុស ប៉ុន្តែមនុស្សពេញវ័យ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ឬមានជំងឺរលាកច្រមុះរ៉ាំរ៉ៃ ទាក់ទងនិងអាល្លែកហ្ស៊ី ឬមិនអាល្លែកហ្ស៊ី ជាអ្នកដែលមានកត្តាប្រឈមក្នុងការកើតជំងឺនេះខ្ពស់ នេះបើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ថុង ម៉េងឡុង។

មូលហេតុបង្ក
ចំពោះមូលហេតុបង្កជំងឺមិនត្រូវបានកំណត់ឲ្យច្បាស់លាស់ទេ តែយើងអាចបែងចែកតាមទម្រង់២ធំៗរបស់ជំងឺ  គឺទម្រង់ស្រួចស្រាវ និងរ៉ាំរ៉ៃ៖
• ចំពោះទម្រង់ស្រួចស្រាវ ៖ ដែលមានរោគសញ្ញាកើតឡើងតិចជាងមួយខែ ច្រើនមានមូលហេតុទាក់ទិននឹងការបង្ករោគដោយពពួកវីរុស (viral infection) ដែលមានអាត្រាពី១០ទៅ១៥% ហើយក៏អាចជាការបង្ករោគដោយបាក់តេរីផងដែរ។ មិនតែប៉ុណ្ណោះ អាល្លែកហ្ស៊ី ក៏ជាមូលហេតុមួយនៃការរលាកនេះដែលសង្កេតឃើញជាញឹកញាប់។
• ចំពោះទម្រង់រ៉ាំរ៉ៃ ៖  ដែលជាទូទៅរោគសញ្ញាបន្តអូសបន្លាយលើសពី៣ខែវិញ ភាគច្រើនបណ្តាលមកពីការព្យាបាលជំងឺផ្លូវដង្ហើមពីមុនមិនបានត្រឹមត្រូវ ឬគ្រប់គ្រាន់។ ម្យ៉ាងទៀត ករណីដែលការអាល្លែកហ្ស៊ី មិនត្រូវទទួលបានការព្យាបាលទេនោះ ក៏អាចបណ្តាលឲ្យក្លាយជាទម្រង់រ៉ាំរ៉ៃផងដែរ។ ក្រៅពីនេះ ការបង្ករោគដោយពពួកផ្សិត(fungal rhinosinusitis) ព្រមទាំងបម្រែបម្រួលទ្រង់ទ្រាយនៃប្រហោងឆ្អឹងមុខ (anatomical variation) ឧទាហរណ៍ការវៀចឆ្អឹងច្រមុះ ឬមានបញ្ហាធ្មេញ សុទ្ធតែជាមូលហេតុបង្កនៃការរលាកឆ្អឹងមុខ ដែលមិនអាចព្យាបាលដោយប្រើថ្នាំទេ ពោលគឺទាមទារឲ្យដោះស្រាយបញ្ហាឆ្អឹងវៀចនោះ ឬក៏ព្យាបាលធ្មេញតែម្តង។ ចុងក្រោយជាការខូចមុខងារកោសិការោមនៅនឹងច្រមុះ(mucociliary function) ដែលធ្វើឲ្យមុខងារនៃការបក់ចេញប្រែប្រួល ក៏បណ្តាលឲ្យកើតជំងឺនេះដែរ។

រោគសញ្ញា
រោគសញ្ញានៃជំងឺរលាកប្រហោងឆ្អឹងមុខវិញ គឺបង្ហាញឡើងទៅតាមទម្រង់នីមួយៗនៃជំងឺដូចគ្នា៖
•ទម្រង់ស្រួចស្រាវ ៖ អ្នកជំងឺអាចមានអាការៈឈឺនៅតាមមុខ ឬណែននៅនឹងផ្ទៃមុខ និងពិសេសគឺឈឺកាន់តែខ្លាំងឡើងនៅពេលដែលគាត់អោនទៅមុខ។ រួមជាមួយគ្នាផងនោះ អាចមានអាការៈផ្សេងទៀតដូចជា តឹងច្រមុះ ហៀរសំបោរដែលដំបូងមានសភាពថ្លា រួចក៏ទៅជាខាប់ទៅៗ មានការថយចុះនូវការដឹងក្លិន ឬអាចបាត់បង់ការដឹងក្លិនតែម្តង ក្តៅខ្លួន អស់កម្លាំងល្ហិតល្ហៃ ឈឺក្បាលផ្នែកខាងក្រោយ ឬឈឺកញ្ចឹងក ធុំក្លិនមាត់ ធ្លាក់កំហាកនៅក ក្អក ណែននៅក្នុងបំពង់ក ហឹងត្រចៀកឬរលាកក្នុងត្រចៀកតែម្តង។ 
•ទម្រង់រ៉ាំរ៉ៃ ៖  គេសង្កេតឃើញរោគសញ្ញាដែលមានពីទម្រង់ស្រួចស្រាវហាក់ដូចជាថយចុះវិញ ដោយបន្សល់ត្រឹមតែការឈឺក្បាលតិចតួច ធ្លាក់កំហាកទៅក ក្អក ធុំក្លិនមាត់ ឬតឹងច្រមុះ អស់កម្លាំងតិចតួច ដែលជាទូទៅសឹងតែមិនធ្វើឲ្យអ្នកជំងឺចាប់អារម្មណ៍ឡើយ។ 

ការធ្វើរោគវិនិច្ឆ័យ
មិនខុសពីចំណុចដែលបានរៀបរាប់ខាងលើ ការធ្វើរោគវិនិច្ឆ័យក៏ទាក់ទងនឹងទម្រង់នៃជំងឺដែរ។ ជាក់ស្តែង ចំពោះទម្រង់ស្រួចស្រាវ ជាទូទៅការធ្វើរោគវិនិច្ឆ័យពឹងផ្អែកតែលើសញ្ញាគ្លីនិក ដោយនោះក្នុងការសួរនាំអាការៈ និងសភាពជំងឺរបស់គាត់  រយៈពេលដែលកើតមានជំងឺនេះ ទីតាំងដែលមានការឈឺចាប់ សួរពីសញ្ញានៃការឈឺចាប់ ពិសេសផ្តោតលើសញ្ញានៃការឈឺកាន់តែខ្លាំងនៅពេលអោនទៅមុខ និងភាពមិនធូរស្រាលនៃជំងឺដោយការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់។ 

ករណីនៅមានការសង្ស័យ យើងអាចធ្វើការពិនិត្យមើលក្នុងច្រមុះរបស់គាត់បន្ថែម ដែលបច្ចុប្បន្នគេជ្រើសរើសពិនិត្យតាម endoscopy ដោយសារយើងអាចដឹងពីសភាពនៃសាច់ច្រមុះ ភាពហើម ព្រមទាំងមើលឃើញសំបោរដែលហូរចេញពីប្រហោងឆ្អឹងមុខបានច្បាស់។ ពេលខ្លះទៀត ការធ្វើតេស្តប៉ារ៉ាគ្លីនិកមួយចំនួនដូចជា ការថតវិទ្យុសាស្ត្រ និងការថតស្កេន ឬថតមើលធ្មេញ ក៏ត្រូវបានអនុវត្តបន្ថែមផងដែរ។

ករណីជំងឺវិវឌ្ឍលើសពី៣ខែ ការធ្វើរោគវិនិច្ឆ័យនឹងមានការលំបាកជាង ដោយសារយើងត្រូវធ្វើការពិនិត្យ និងវាយតម្លៃឡើងវិញនូវការព្យាបាលដែលបានអនុវត្តកន្លងមកថាវាត្រឹមត្រូវឬអត់។ ដោយផ្អែកលើការថត endoscopy យើងអាចរកមើលថា តើមានខ្ទុះ ឬមានបម្រែបម្រួលណាមួយដូចជាមានឆ្អឹងវៀចដែលបិទនៅរន្ធឆ្អឹងជាដើម។ ក៏អាចអនុវត្តផងដែរតាមរយៈការថតស្កេន ការធ្វើតេស្តរកសារធាតុដែលធ្វើឲ្យអាល្លែកហ្ស៊ី (អាល្លែកហ្សែន) និងថតធ្មេញដូចនៅក្នុងទម្រង់ស្រួចស្រាវដែរ។ 

ករណីចាំបាច់គេអាចធ្វើការបណ្តុះមេរោគសម្រាប់កំណត់ប្រភេទមេរោគ ឬផ្សិតឲ្យបានច្បាស់ ដើម្បីផ្តល់ការព្យាបាលឲ្យបានត្រឹមត្រូវ។ គួរគួបផ្សំផងដែរនូវការធ្វើការវាយតម្លៃលើកត្តាផ្សេងៗ ដែលទាក់ទងដល់ការព្យាបាលមិនបានជោគជ័យដូចជា អ្នកជំងឺទឹកនោមផ្អែម ប្រព័ន្ធការពារខ្សោយ របេង ការកើតមានដុំសាច់នៅច្រមុះជាដើម។

ការព្យាបាល
•ការព្យាបាលជាចម្បងនៅក្នុងទម្រង់ស្រួចស្រាវ ៖ តម្រូវឲ្យប្រើប្រាស់ថ្នាំ។ គួរបញ្ជាក់ថា ការប្រើថ្នាំក្នុងជំងឺនេះមាន២បែប គឺថ្នាំដែលព្យាបាលតាមរោគសញ្ញាផ្ទាល់ ដោយពពួកប្រឆាំងការរលាកដូចជា corticosteroids និងពពួកប្រឆាំងអាលែ្លកហ្ស៊ី antihistaminic ជាដើម និងមួយទៀត គឺថ្នាំសម្រាប់ព្យាបាលមូលហេតុផ្ទាល់ ឧទាហរណ៍ដូចជាថ្នាំប្រឆាំងបាក់តេរី ក្នុងករណីមូលហេតុពីការបង្ករោគដោយបាក់តេរីផ្ទាល់។ ទន្ទឹមនឹងនោះ ត្រូវពន្យល់អ្នកជំងឺអំពីជំងឺរបស់គាត់ដោយបញ្ជាក់អំពីមូលហេតុបង្ក ការព្យាបាល និងការតាមដាន រួមជាមួយការអប់រំគាត់ឲ្យចៀសវាងនូវមូលហេតុបង្កផ្សេងៗផងដែរ។ 
•ការព្យាបាលទម្រង់រ៉ាំរ៉ៃ ៖ មានការលំបាកជាងបន្តិចដោយសារតែវេជ្ជបណ្ឌិតត្រូវស្វែងយល់   និងវាយតម្លៃនូវការព្យាបាលពីមុនមកថាបានត្រឹមត្រូវឬអត់   ហើយករណីដែលមិនត្រឹមត្រូវ ទាមទារឲ្យធ្វើការព្យាបាលឡើងវិញ។ រួមជាមួយគ្នានោះ តម្រូវឲ្យមានការណែនាំបន្ថែមទៅអ្នកជំងឺឲ្យប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ និងចៀសវាងកត្តាប្រឈមផ្សេងៗដទៃទៀត។ 
ដោយឡែក មានការស្រាវជ្រាវរកនូវមូលហេតុផ្សេងៗផងដែរដូចជា ការបង្ករោគដោយផ្សិត ដែលតម្រូវឲ្យព្យាបាលដោយថ្នាំប្រឆាំងផ្សិត ឬបម្រែបម្រួលរបស់ឆ្អឹងមុខផ្ទាល់ ឬសាច់ច្រមុះកណ្តាលធំពេកបិទលើប្រហោងឆ្អឹង ដែលការវះកាត់ត្រូវបានជ្រើសរើសមកប្រើប្រាស់។ បន្ទាប់ពីវះកាត់ហើយ ការតាមដានការព្យាបាល និងបន្តការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ តមចំណីអាហារ និងចៀសវាងមូលហេតុបង្កផ្សេងៗ ត្រូវតែអនុវត្តដើម្បីបង្ការការកើតឡើងវិញ (recurrent) ចៀសវាងការវះកាត់ម្តងហើយម្តងទៀត។ 

វិធីបង្ការ
ការបង្ការជំងឺរលាកប្រហោងឆ្អឹងមុខអាចនឹងមានការពិបាកបន្តិច ទោះយ៉ាងណាការផ្សព្វផ្សាយការណែនាំដល់ប្រជាជនឲ្យបានយល់ច្បាស់ពីជំងឺ និងមូលហេតុបង្កជំងឺ អាចជួយកាត់បន្ថយហានិភ័យក្នុងការប្រឈមមុខនឹងជំងឺបានមួយកម្រិតធំ។ ម្យ៉ាងទៀត ការទៅជួប និងប្រឹក្សាជាមួយគ្រូពេទ្យ ឲ្យបានទៀងទាត់ក៏សំខាន់ ដើម្បីចៀសវាងការវិវត្តឡើងនៃជំងឺផងដែរ។

សរុបមកវិញ ប្រសិនបើមានការសង្ស័យឬអាការៈខុសប្រក្រតីណាមួយកើតឡើង ត្រូវទៅជួបពិនិត្យជាមួយគ្រូពេទ្យឯកទេសឲ្យបានឆាប់រហ័ស ចៀសវាងការអូសបន្លាយពេលមិនព្យាបាលត្រឹមត្រូវ ឬព្យាបាលដោយខ្លួនឯង ដែលអាចបង្កឲ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរ រួចអាចវិវត្តទៅជារ៉ាំរ៉ៃដែលធ្វើឲ្យអ្នកជំងឺប្រឈមនឹងផលវិបាកជាច្រើន រួមទាំងខាតបង់ពេលវេលា និងថវិកាទៀតផង។ លោកវេជ្ជបណ្ឌិតក៏បានសំណូមពរដល់គ្រូពេទ្យ និងប្រព័ន្ធផ្សព្វផ្សាយនានា សូមជួយបង្កើនការផ្សព្វផ្សាយដើម្បីឲ្យប្រជាជនកាន់តែមានការយល់ដឹង ក៏ដូចជាបង្កើនការជឿទុកចិត្តដល់ពួកគាត់ ដើម្បីសុខុមាលភាពរបស់ប្រជាជនយើង និងកាត់បន្ថយលំហូរអ្នកជំងឺទៅបរទេស៕

©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


Related Articles

View All

នាពេលបច្ចុប្បន្នជំងឺសើស្បែកដែលបង្កដោយប៉ារ៉ាស៊ីត អាចចោទជាបញ្ហាមួយចំនួនហើយបញ្ហាទាំងនោះមានច្រើនក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅតំបន់ត្រូពិច (Southern Asia) អាមេរិក និងប្រទេសអាហ្វ្រិកផងដែរ។ ជំងឺ Cutaneous Larva migrans ភាគច្រើនកើតឡើងលើកុមារជាងមនុស្សពេញវ័យពីព្រោះកុមារចូលចិត្តលេងដីខ្សាច់ និងដេកលើដីខ្សាច់ជាដើម។ និយមន័យ ជំងឺសើស្បែកដែលបង្កដោយប៉ារ៉ាស៊ីត ឬពាក្យបច្ចេកទេសហៅថា Cutaneous Larva migrans គឺជាជំងឺមួយដែលបង្កឡើងដោយពពួកប៉ារ៉ាស៊ីតម្យ៉ាងដែលជាពពួកព្រូន Hookworm មានលក្ខណៈជាព្រូនដែលរស់នៅក្រោមស្បែក។ មូលហេតុចម្បង និងកត្តាប្រឈម មានមូលហេតុចម្បងជាច្រើនដែលបង្កឲ្យមានជំងឺសើស្បែកពីពពួកប៉ារ៉ាស៊ីត តែកត្តាសំខាន់ដែលបណ្តាលឲ្យមានជំងឺនេះគឺពពួកប៉ារ៉ាស៊ីតដែលរស់នៅក្នុងពោះវៀនសត្វឆ្កែ ឆ្មា សត្វព្រៃ ហើយពងរបស់វានឹងវិវឌ្ឍទៅជាដង្កូវដែលរស់នៅក្នុងដីក្តៅ ឬដីខ្សាច់សើម។ ដោយឡែកការចម្លងនេះកើតឡើងនៅពេលដែលស្បែកប៉ះផ្ទាល់ទៅនឹងដីខ្សាច់ និងដង្កូវចូលទៅក្នុងស្បែកដែលមិនបានការពារជាធម្មតាមានដូចជាជើងប្រអប់ជើង គូទ ឬខ្នងជាដើម។ ក្រៅពីមូលហេតុចម្បងខាងលើ ក៏មានកត្តាជំរុញ ឬប្រឈមមួយចំនួនទៀតដែលធ្វើឲ្យមានបញ្ហានេះកើតឡើងរួមមាន៖ • ចំណង់ចំណូលចិត្ត និងមុខរបរដែលពាក់ព័ន្ធនឹងការទំនាក់ទំនងជាមួយដីខ្សាច់ក្តៅ ឬដីខ្សាច់សើម • កុមារដែលចូលចិត្តលេងដីខ្សាច់ ឬអ្នកដើរលេងតាមឆ្នេរខ្សាច់ • ការធ្វើដំណើរទៅតំបន់ត្រូពិចជាដើម។ល។ រោគសញ្ញា និងរោគវិនិច្ឆ័យ ជាទូទៅ ជំងឺ Cutaneous Larva migrans នេះអាចលេចចេញជារោគសញ្ញាសម្គាល់ខុសពីធម្មតាដូចជា៖ រមាស់ និងកន្ទួលក្រហមដោយមានរាងដូចពស់។ ដោយឡែកចំពោះជំងឺសើស្បែកបង្កដោយពពួកប៉ារ៉ាស៊ីតនេះអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យទៅលើរោគសញ្ញាគ្លីនិក។ ម៉្យាងវិញទៀតយើងអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យឈាម និងលាមក [Stool examination and Complete blood count (CBC)] ដើម្បីដឹងបន្ថែម និងឲ្យកាន់តែច្បាស់ថាពិតជាបង្កឡើងពីពពួកប៉ារ៉ាស៊ីត។ ការព្យាបាល និងផលវិបាក ជាទូទៅ ប្រសិនបើលោក លោកស្រី ឬអាណាព្យាបាលកុមារដែលមានបញ្ហាដូចបានរៀបរាប់ខាងលើត្រូវប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យឯកទេសសើស្បែក ឬគ្រូពេទ្យជំនាញដើម្បីមកព្យាបាលឲ្យបានចំចំណុច និងត្រឹមត្រូវ។ លើសពីនេះ យើងក៏អាចព្យាបាលបញ្ហានេះបានដោយការប្រើប្រាស់ថ្នាំ Albendazole បានផងដែរ។ ប្រសិនបើមិនបានទទួលការព្យាបាលទាន់ពេលវេលា និងមិនត្រឹមត្រូវនោះទេវានឹងផ្តល់ផលវិបាកអាចឲ្យមានការបង្ករោគនៅលើស្បែក និងរលាកសួតដោយកម្រ (Loeffler’s syndrome)។ វិធីសាស្រ្តការពារ ដោយហេតុថានាពេលបច្ចុប្បន្ន បញ្ហានេះកើតឡើងនៅប្រទេសកម្ពុជាច្រើន អ្នកគួរតែការពារខ្លួន ក៏ដូចជាកុមារដូចពាក្យស្លោកមួយបានពោលថា "ការពារគឺប្រសើរជាងព្យាបាល"។ វិធីល្អបំផុតដើម្បីការពារមិនឲ្យមានបញ្ហាស្បែកដែលបង្កដោយប៉ារ៉ាស៊ីត (ព្រូនក្រោមស្បែក) រួមមាន៖ • ចៀសវាងនៅជិតគ្នាដោយផ្ទាល់រវាងស្បែកទទេនឹងដី នៅកន្លែងដែលមានហានិភ័យនៃការឆ្លង • គេង ឬអង្គុយនៅលើឆ្នេរខ្សាច់ ត្រូវប្រើកន្សែង ឬកម្រាលមកក្រាលជាមុនសិន • ត្រូវពាក់ស្បែកជើងពេលអ្នកដើរលើឆ្នេរខ្សាច់ ឬនៅកន្លែងដែលអ្នកសង្ស័យថាមានលាមកសត្វ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ សេង ឯកទេសសើស្បែក និងកាមរោគនៃ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ការរលាកទងសួត គឺជាប្រភេទជំងឺឆ្លងកើតមានឡើងញឹកញាប់ចំពោះក្មេងតូច និងទារក ដោយសារមានការរលាក និងស្ទះក្នុងទងសួត (Bronchiole) ដែលភាគច្រើនបង្កឡើងពីវីរុស។ ជាធម្មតារយៈពេលនៃជំងឺរលាកទងសួត គឺនៅអំឡុងខែត្រជាក់។ ជំងឺរលាកទងសួត ចាប់ផ្តើមជាមួយនឹងរោគសញ្ញាប្រហាក់ប្រហែលទៅនឹងជំងឺផ្តាសាយ ប៉ុន្តែវាអាចវិវឌ្ឍទៅជាក្អក ឮសំឡេងពេលដកដង្ហើម និងពេលខ្លះពិបាកដកដង្ហើម។  សញ្ញានៃការរលាកទងសួតអាចស្ថិតនៅពីច្រើនថ្ងៃទៅច្រើនសប្តាហ៍ ឬរហូតដល់មួយខែ។ កុមារភាគច្រើនបានធូរស្រាលដោយការសម្រាកព្យាបាលនៅផ្ទះ និងមានភាគរយតិចបំផុតដែលទាមទារឲ្យមានការព្យាបាលនៅមន្ទីរពេទ្យ។ លក្ខណៈនៃជំងឺ ការរលាកដែលប៉ះពាល់ផ្នែកនៃសួតត្រង់ bronchioles ត្រូវបានហៅថាជាជំងឺរលាកទងសួត។ Bronchioles មានលក្ខណៈតូច បំពង់មែកធាងដែលដឹកនាំខ្យល់ចេញចូលពីសួត។ នៅពេលបំពង់នេះ ត្រូវបានឆ្លងមេរោគ វាឡើងហើម និងពេញដោយស្លេស្ម ដែលធ្វើឲ្យពិបាកក្នុងការដកដង្ហើម។ ជំងឺរលាកទងសួតជាធម្មតាប៉ះពាល់ដល់ក្មេងអាយុក្រោម ២ឆ្នាំ ដែលអាចជាដោយខ្លួនឯងចំពោះក្មេងភាគច្រើន ប៉ុន្តែកុមារខ្លះដែលមានជំងឺនេះត្រូវការជួបប្រឹក្សាជាមួយគ្រូពេទ្យជាចាំបាច់។   ការចម្លងរោគ មូលហេតុចម្បងនៃការរលាកទងសួតគឺបណ្ដាលមកពីវីរុសមានឈ្មោះថា respiratory syncytial virus ឬ RSV។ វីរុសប្រភេទនេះរស់នៅក្នុងដំណក់ទឹកល្អិតៗ ដែលមាននៅក្នុងខ្យល់ពេលអ្នកជំងឺក្អក ឬកណ្តាស់ដែលអាចសាយភាយបានយ៉ាងងាយស្រួលពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀត។ រោគសញ្ញា ជាទូទៅ ការរលាកទងសួត ចាប់ផ្តើមដូចជាជំងឺផ្តាសាយដែរ ដែលកុមារតែងលេចឡើងនូវអាការៈដូចខាងក្រោម៖ • តឹងច្រមុះ ឬហៀរសម្បោរ • ក្អកដែលមានលក្ខណៈស្រាល • ក្តៅខ្លួនលើសពី៣៨ អង្សាសេ • ថយចុះចំណង់អាហារ។ នៅពេលការរលាកទងសួតកាន់តែវិវឌ្ឍធ្ងន់ធ្ងរ កុមារអាចលេចឡើងនូវសញ្ញាបន្ថែមរួមមាន៖ • ដកដង្ហើមញាប់ ឬមានបញ្ហាដង្ហើម៖ ចំពោះទារក សញ្ញាដំបូងអាចជាការផ្អាកដង្ហើមក្នុងរយៈពេលពី ១៥វិនាទី ឬ២០វិនាទី • ឮសំឡេងពេលដកដង្ហើម (ជាធម្មតាមានរយៈពេល៧ថ្ងៃ) • ក្អកធ្ងន់ធ្ងរ (រហូតដល់១៤ថ្ងៃ ឬយូរជាងនេះ) • មានបញ្ហាក្នុងការញ៉ាំ និងផឹក (ដោយសារសញ្ញាផ្សេងៗ)។ ការព្យាបាល ការព្យាបាលសំខាន់បំផុតនៃជំងឺរលាកទងសួត គឺត្រូវប្រាកដថាទារក ឬកូនរបស់អ្នកទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ដោយគ្រូពេទ្យ ឬគិលានុបដ្ឋាកត្រូវបឺតស្លេស្មចេញពីច្រមុះកូនអ្នក ឬផ្តល់ខ្យល់មានសំណើម ឬអុកស៊ីសែនសម្រាប់ការដកដង្ហើម។ គួរបញ្ជាក់ថាគ្រូពេទ្យនឹងមិនផ្តល់ថ្នាំអង់ទីប៊ីយ៉ូទិកទេ ព្រោះការរលាកទងសួតបង្កឡើងពីវីរុស ហើយអង់ទីប៊ីយ៉ូទិកមិនមានប្រសិទ្ធភាពសម្លាប់វីរុសបានឡើយ។ ការថែទាំទារក ជាការពិតណាស់ គន្លឹះមួយចំនួនដែលឪពុកម្តាយគួរអនុវត្តដើម្បីជួយដល់កូនៗពីជំងឺរលាកទងសួតនេះរួមមាន៖ • ត្រូវប្រាកដថាកូនអ្នកទទួលបានជាតិទឹកគ្រប់គ្រាន់ • ប្រើប្រាស់ឧបករណ៍ផ្តល់សំណើមក្នុងបន្ទប់គេងរបស់កូនអ្នក • បើកូនអ្នកមិនស្រួលដោយសារក្តៅខ្លួន អ្នកអាចព្យាបាលដោយប្រើប៉ារ៉ាសេតាម៉ុល ឬ Ibuprofen • ចៀសវាងការប្រើ Aspirin ចំពោះក្មេងអាយុតិចជាង ១៨ឆ្នាំ • សម្អាតច្រមុះកូនអ្នកជាមួយសូលុយស្យុងសេរ៉ូមប្រៃ • បើកូនអ្នកមានអាយុលើសពី១ឆ្នាំ អាចផ្តល់អាហារក្តៅឧណ្ហៗ សារធាតុរាវថ្លាដើម្បីសម្រួលបំពង់ក និងជួយកាត់បន្ថយស្លេស្ម • ឲ្យកូនអ្នកគេងកើយខ្នើយបើពួកគេអាយុលើសពីមួយឆ្នាំ (មិនត្រូវប្រើខ្នើយទេបើកូនអ្នកអាយុក្រោម ១ឆ្នាំ) • គួរគេងក្នុងបន្ទប់ជាមួយកូនអ្នក ដូច្នេះ អ្នកនឹងអាចដឹងភ្លាមៗប្រសិនពួកគេពិបាកដកដង្ហើម • មិនអនុញ្ញាតឲ្យមាននរណាម្នាក់ជក់បារីនៅក្បែរកូនអ្នកឡើយ។ ការការពារ អ្នកអាចកាត់បន្ថយឱកាសដែលកូនអ្នកនឹងកើតជំងឺរលាកទងសួតដោយ៖ • លាងសម្អាតដៃអ្នក និងដៃកូនរបស់អ្នកឲ្យបានញឹកញាប់ជាមួយសាប៊ូដុំ និងទឹក ឬប្រើអាល់កុលជូតដៃ • នៅឲ្យឆ្ងាយពីមនុស្សពេញវ័យ ឬក្មេងដែលឈឺ • ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយជាប្រចាំចំពោះអ្នក និងកូនតូចរបស់អ្នក។ ជំងឺរលាកទងសួតអាចលាប់ឡើងវិញ ហើយការបង្ករោគអាចកើតឡើងលើសពីម្តងអំឡុងពេលជាមួយគ្នាក្នុងរដូវកាលនៃជំងឺផ្លូវដង្ហើម ហើយអ្នកជំងឺខ្លះអាចមានការបង្ករោគពីវីរុសពីរផ្សេងគ្នាក្នុងពេលតែមួយ។ បន្ថែមពីនោះ គ្រប់អ្នកជំងឺរលាកទងសួតត្រូវរក្សាគម្លាតឲ្យនៅដាច់ដោយឡែកពីអ្នកជំងឺផ្សេងទៀតដែលមាន និងគ្មានជំងឺរលាកទងសួត។ ប្រសិនបើចាំបាច់ អ្នកជំងឺដែលបង្កពីវីរុសដូចគ្នាអាចនៅបន្ទប់ជាមួយគ្នា ទោះជាយ៉ាងណាក៏ដោយបម្រុងប្រយ័ត្នគួរតែត្រូវបានអនុវត្តជានិច្ច។ ការវិវឌ្ឍ គួរបញ្ជាក់ដែរថា កុមារដែលធ្លាប់មានជំងឺរលាកទងសួតអាចនឹងពិបាកដកដង្ហើម ឬដកដង្ហើមឮម្តងទៀតក្នុងកម្រិតតែ៥០% ប៉ុណ្ណោះ។ ម៉្យាងទៀតគេនៅមិនទាន់ច្បាស់ថា តើវីរុសអាចបង្កឲ្យមានជំងឺហឺតបន្ថែមទៀត ឬកុមារដែលមានជំងឺហឺតអាចប្រឈមខ្ពស់ទៅនឹងជំងឺរលាកទងសួតឬយ៉ាងណា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត វ៉ាន សុខជា ឯកទេសរោគកុមារ សញ្ញាបត្រពីប្រទេសបារំាងនិងអូស្ត្រាលី បម្រើការនៅមន្ទីរពេទ្យកុមារជាតិ និងជាប្រធានមន្ទីរសំរាកព្យាបាលរោគកុមារ ម៉ាក់ស៊ីឃែរ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺខ្សោយក្រលៀន (តម្រងនោម) គឺជាបញ្ហាចោទមួយធ្ងន់ធ្ងរផងដែរ។ ជាក់ស្តែង ប្រទេសកម្ពុជា ជំងឺខ្សោយក្រលៀនជាប្រធានបទក្តៅគគុកមួយដែលប្រជាជនកំពុងតែចាប់អារម្មណ៍ ហើយក៏មានការភ័យខ្លាចថែមទៀតផង។ តើអ្វីជាបញ្ហាខ្សោយតម្រងនោមស្រួចស្រាវ? បញ្ហាខ្សោយតម្រងនោមស្រួចស្រាវគឺជាការថយចុះភ្លាមៗនូវមុខងារនៃការច្រោះទឹកនោម ( La baisse brutale du debit de filtration glomerulaire) បណ្តាលឲ្យមានការចាល់នូវសារធាតុពុលក្នុងរាងកាយ (Hyperuricémie, Hypercréatininémie…)។ អ្វីជាមូលហេតុចម្បង និងកត្តាជំរុញនៃបញ្ហាខ្សោយតម្រងនោមស្រួចស្រាវ? • ការខ្សោយក្រលៀនស្រួចស្រាវដោយការស្ទះផ្លូវបង្ហួរនោម (IRA Obstructive) ក្រួសក្នុងប្រព័ន្ធបង្ហូរទឹកនោម។ ក្នុងនោះក៏មានករណីពិសេសមួយចំនួនផងដែរ ដូចជាក្រួសស្ទះបង្ហូរទឹកនោមនៃបុគ្គលដែលមានតម្រងនោមតែម្ខាងពីកំណើត(Rein Unique)។ មួយវិញទៀតគឺក្រួសស្ទះក្នុងផ្លូវបង្ហូរទឹកនោមទាំងសងខាងតែម្តង (Lithiases Urinaires Obstructives Bilaterales) • ការខ្សោយក្រលៀនស្រួចស្រាវនៃមុខងារ (IRA Fonctionnelle) ការបាត់បង់ជាតិទឹកខាងក្រៅកោសិកាក្នុងករណីនេះមានដូចជា៖ បាត់បង់ជាតិទឹកតាមរយៈការក្អួត រាកខ្លាំង ការរលាកខ្លាំង ការនោមច្រើននៃអ្នកជំងឺទឹកនោមផ្អែម ឬការនោមច្រើនក្រោយពេលវះកាត់ក្រួសក្នុងប្រព័ន្ធផ្លូវបង្ហូរទឹកនោម (Syndrome de leve d’ostacle) ការថយចុះនៃបរិមាណឈាម ទឹកនោមប្រៃធ្ងន់ធ្ងរ ក្រិនថ្លើមធ្ងន់ធ្ងរ ការចុះសម្ពាធឈាម និងការព្យាបាលដោយថ្នាំបញ្ចុះទឹកនោមហួសកម្រិត ឬមិនបានទៅពិនិត្យតាមដានជាមួយវេជ្ជបណ្ឌិត • ការខូចខាតទៅលើសាច់តម្រងនោមតែម្តង (IRA Organique)។ ក្រៅពីមូលហេតុចម្បងខាងលើ ក៏មានកត្តាជំរុញផ្សេងទៀតផងដែររួមមាន៖ ជំងឺដុំសាច់ប្រូស្តាត ដុំសាច់ប្លោកនោម មហារីកមាត់ស្បូន ឬដៃស្បូនដែលមានការរីករាលដាលស៊ីដល់ផ្លូវបង្ហូរទឹកនោម ឬអាចសង្កត់ទៅលើផ្លូវបង្ហូរទឹកនោម ព្រមទាំងមានការរលាកសាច់តម្រងនោមរុំារ៉ៃនិងការចុះខ្សោយក្រពេញលើតម្រងនោម (Insuffisance Surrénale)។ ក្នុងនេះផងដែរ គេសង្កេតឃើញថា បុគ្គលដែលងាយប្រឈមនឹងជំងឺនេះមានដូចជា៖ • ធ្លាប់មានប្រវត្តិកើតក្រួសក្នុងប្រព័ន្ធតម្រងនោម • លើសជាតិអាស៊ីតអ៊ុយរិច (+/- Calcul acideuique) • អ្នកជំងឺក្រិនថ្លើមធ្ងន់ធ្ងរ • តំណពូជជាដើម។ល។ តើបញ្ហាខ្សោយតម្រងនោមស្រួចស្រាវនេះមានសញ្ញាសម្គាល់អ្វីខ្លះ? យើងអាចកត់សម្គាល់នូវរោគសញ្ញាខាងក្រោមដើម្បីជាគន្លឹះដែលអាចសង្ស័យថាជាការខ្សោយតម្រងនោមស្រួចស្រាវ ដែលសញ្ញាទាំងនោះមានដូចជា៖ • ប្រវត្តិធ្លាប់មានក្រួសប្រព័ន្ធតម្រងនោម៖ ឈឺចុកចង្កេះដែលមានការរាលចាក់ទៅអវៈយវៈភេទខាងក្រៅដែលគេហៅថាចុកតម្រងនោម(Colique Néphrétique) • អ្នកជំងឺអាចមានអាការៈលើសសម្ពាធឈាមឈឺក្បាល មិនឃ្លានបាយ ហត់ ក្អួតចង្អោរ ស្រវាំងភ្នែក ប្រកាច់ សន្លប់ ថយចុះនូវបរិមាណទឹកនោម (Oligurie

បើយោងតាមការសិក្សាស្រាវជ្រាវដែលបានចុះផ្សាយក្នុងវេបសាយវិទ្យាស្ថានសុខភាពជាតិអាមេរិក (PubMed) បានបង្ហាញថា ជំងឺឆ្លងនៅប្រព័ន្ធតម្រងនោម (UTIs) នៅតែជាបញ្ហាសុខភាពសារធាណៈដ៏គួរឲ្យព្រួយបារម្ភដោយអត្រានៃការឆ្លងជំងឺនេះប្រចាំឆ្នាំមានប្រមាណជា ១៥០លាននាក់ដែលភាគច្រើននៃការបង្ករោគបណ្តាលមកពីបាក់តេរីកាចសាហាវមួយចំនួនដូចជា Escherichia coli (80%), Klebsiella pneumoniae, Proteus mirabilis, Enterococcus faecalis និងStaphylococcus saprophyticus។ ដូចដែរមិត្តអ្នកអានបានជ្រាបខ្លះៗហើយថា ប្រព័ន្ធតម្រងនោមជាបណ្តុំសរីរាង្គផ្នែកខាងក្រោមនៃរាងកាយដែលមានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចេញជាតិពុល ត្រួតពិនិត្យសម្ពាធឈាមធ្វើឲ្យមានតុល្យភាពអេឡិចត្រូលីត្រ និងជាកត្តារួមចំណែកដ៏សំខាន់ក្នុងការផលិតគ្រាប់ឈាមក្រហមផងដែរ។ ប្រព័ន្ធតម្រងនោមរួមបញ្ចូលនូវសរីរាង្គតម្រងនោម ឬក្រលៀនចំនួន២ បង្ហួរនោមខាងលើ២ ប្លោកនោម១ និងបង្ហួរនោមខាងក្រោម១ សម្រាប់មនុស្សស្រី ដោយឡែកសម្រាប់មនុស្សប្រុស ប្រូស្តាតជាសរីរាង្គសម្គាល់១ បន្ថែមទៀតដែលស្ថិតនៅក្រោមប្លោកនោម។ និយមន័យ ការបង្ករោគលើប្រព័ន្ធតម្រងនោមគឺសំដៅលើការឈ្លានពានរបស់បាក់តេរីចំពោះសរីរាង្គណាមួយនៃប្រព័ន្ធតម្រងនោម ដែលជាទូទៅវាអាចបណ្តាលឲ្យមានការរលាក និងការបង្ករោគចំពោះសរីរាង្គទាំងនោះ។ ការបង្ករោគលើប្រព័ន្ធតម្រងនោមត្រូវបានបែងចែកជា ២ប្រភេទគឺ៖ • Infection Urinaire Haute ឬ Pyélonephrite/Pyelonephritis៖ ជាការបង្ករោគនៅប្រព័ន្ធតម្រងនោមផ្នែកខាងលើដែលមានដូចជាតម្រងនោម ឬក្រលៀន និងបង្ហួរនោមផ្នែកខាងលើ។ ក្នុងនោះដែរ វាត្រូវបានបែងចែកជា ២ប្រភេទបន្ថែមទៀតគឺ Pyélonephrite obstructive ដែលបង្កឲ្យមានការស្ទះទឹកនោម (ជួនកាលអាចបណ្តាលមកពីក្រួស ឬដុំមហារីក) និង Pyélonephrite non obstructive ដែលមូលហេតុចម្បងគឺបណ្តាលមកពីការបង្ករោគតាមឈាម (Hématogène) ជាពិសេសក្នុងករណីអ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយខ្សោយដូចជាអ្នកជំងឺទឹកនោមផ្អែម អ្នកប្រើថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ (Corticoide, Immunodépresseur) ស្រ្ដីមានផ្ទៃពោះ អ្នកជំងឺខ្សោយតម្រងនោម... ជាកត្តាធ្វើឲ្យមេរោគមានឱកាសឈ្លានពានបាន។ Infection Urinaire Haute តែងបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត។ • Infection Urinaire Basse៖ ជាការបង្ករោគនៅតម្រងនោមផ្នែកខាងក្រោម ដែលរាប់ចាប់ពីប្លោកនោម ប្រូស្តាត (សម្រាប់បុរស) និងបង្ហួរនោមខាងក្រោម។ ជាទូទៅ វាមិនបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតភ្លាមៗដូច InfectionUrinaire Haute ឡើយ។ គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ អត្រានៃការបង្ករោគលើប្រព័ន្ធតម្រងនោមនៅតែមានចំនួនច្រើនគួរឲ្យកត់សម្គាល់ដដែល ហើយអ្វីដែលជាកង្វល់បន្ថែមទៀតនោះគឺភាពស៊ាំនៃមេរោគបង្កទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក ឬថ្នាំផ្សះកាន់តែមានចំនួនច្រើនឡើងៗ។ មូលហេតុ និងបុគ្គលប្រឈម បាក់តេរីជាមូលហេតុចម្បងដែលតែងបង្កឲ្យមានការរលាកតម្រងនោម និងបង្ករោគនៅសរីរាង្គទាំងឡាយនៃប្រព័ន្ធតម្រងនោម។ ក្នុងនោះដែរគេសង្កេតឃើញថា បុគ្គលដែលងាយប្រឈមនឹងជំងឺនេះមានដូចជា៖ • បុគ្គលដែលមានការរួមភេទញឹកញាប់ • វ័យចាស់ដែលអាចចាប់ពីអាយុ ៦០ឆ្នាំឡើង • អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយទ្រុឌទ្រោមដែលអាចជាអ្នកជំងឺHIV ឬអ្នកកំពុងប្រើប្រាស់ថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ • អ្នកជំងឺខ្សោយតម្រងនោម • ស្រ្ដីមានផ្ទៃពោះ • បុគ្គលដែលមានបញ្ហាស្ទះទឹកនោម ដែលអាចបណ្តាលមកពីក្រួសក្នុងតម្រងនោម ដុំមហារីក ឬការរីកនៃក្រពេញប្រូស្តាតជាដើម។  គួរកត់សម្គាល់ដែរថា ស្ត្រីមានឱកាសប្រឈមនឹងការកើតជំងឺឆ្លងនៅប្រព័ន្ធតម្រងនោមជាងបុរស ដោយហេតុថា ជាលក្ខណៈធម្មជាតិស្ត្រីមានប្រវែងបង្ហួរនោមផ្នែកខាងក្រោមខ្លីជាងបុរស ដែលលក្ខខណ្ឌបែបនេះពិតជាអាចបង្កភាពងាយស្រួលដល់ការជ្រៀតចូលរបស់មេរោគ។ រោគសញ្ញា អ្នកអាចកត់សម្គាល់នូវសញ្ញាងាយៗខាងក្រោមដើម្បីជាគន្លឹះដែលអាចសង្ស័យថា ជាការបង្ករោគនៅប្រព័ន្ធតម្រងនោម ដែលសញ្ញាទាំងនោះមានដូចជា៖ • ចំនួនដងនៃការបត់ជើងតូចខុសប្រក្រតី (អាចញឹកញាប់ជាងមុន ឬមិនបត់ជើងសោះ) • ក្រហាយ ពិបាកបត់ជើងតូច ឬអាចឈឺបត់ជើងភ្លាម ទឹកនោមបញ្ចេញមកភ្លាមៗ  • ទឹកនោមមានក្លិនអាក្រក់ សភាពល្អក់ ខ្ទុះ ឬមានឈាមមកលាយឡំជាមួយ។ ករណីមានឈាមបែបនេះគឺជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភដែលអាចទាក់ទងនឹងការរលាកធ្ងន់ធ្ងរ ក្រួសតម្រងនោម ឬមហារីកជាដើម • បន្ថែមពីនេះ អ្នកជំងឺអាចស្តែងចេញជាអាការៈក្តៅខ្លួន ស្រៀវស្រាញ ដែលជាសញ្ញាសម្គាល់នៃការបង្ករោគនៅប្រព័ន្ធតម្រងនោមផ្នែកខាងលើ (Infection Urinaire Haute)។ យន្តការនៃការបង្ករោគ ករណីដែលតែងកើតមានឡើងជាញឹកញាប់ចំពោះការបង្ករោគនៅតម្រងនោមនោះគឺការជ្រៀតចូលរបស់បាក់តេរីទៅក្នុងរាងកាយតាមរយៈបង្ហួរនោមផ្នែកខាងក្រោម។ បន្ទាប់មកបាក់តេរីចាប់ផ្តើមធ្វើការបែងចែកខ្លួនដើម្បីបង្កើនចំនួន ព្រមទាំងធ្វើដំណើរទៅកាន់តម្រងនោម ក្រលៀនដែលជាទីកន្លែងរស់នៅ និងបង្ករោគដ៏ល្អបំផុត។ រាល់ពេលមានបាក់តេរីចូលក្នុងរាងកាយខ្លួនរបស់យើងតែងធ្វើសកម្មភាពប្រឆាំងតបតដែលមានស្តែងជាអាការៈ និងសញ្ញាផ្សេងៗ។ ម៉្យាងក្រៅពីការចម្លងរោគតាមផ្លូវខាងក្រោមបាក់តេរីដែលស្ថិតនៅទីតាំងផ្សេងទៀតនៃរាងកាយក៏អាចបន្លាស់ទីតាមចរន្តឈាម ហើយមានសមត្ថភាពឈ្លានពាន និងបង្ករោគនៅតម្រងនោមបានដែរ។ ប៉ុន្តែករណីបែបនេះជាករណីដែលកម្រនឹងអាចកើតមានឡើងណាស់។ ការធ្វើរោគវិនិច្ឆ័យ ដើម្បីបញ្ជាក់ច្បាស់អំពីមូលហេតុពិតប្រាកដដែលបណ្តាលឲ្យមានការបង្ករោគនៅតម្រងនោម ក្រុមគ្រូពេទ្យឯកទេសនឹងធ្វើការ៖ • ប្រមូលទឹកនោម និងវិភាគទឹកនោមរបស់អ្នកជំងឺតាមរយៈតេស្តម៉្យាងដែលមានឈ្មោះថា ECBU (Examine Cytobacteriologique des Urines)៖ ជាប្រភេទតេស្តដែលអាចពិនិត្យបានទាំងលក្ខណៈខាងក្រៅនៃទឹកនោមដោយផ្ទាល់ព្រមទាំងការបណ្តុះមេរោគជាមួយការធ្វើតេស្តថ្នាំផ្សះដែលអាចសម្លាប់មេរោគបានទៀតផង។ វិធីសាស្រ្តវិភាគទឹកនោមគឺជាវិធីសាស្ត្រដ៏ចាំបាច់ និងមិនអាចខានបាន ក្នុងការកំណត់រកអត្តសញ្ញាណពិតប្រាកដនៃមេរោគបង្កព្រមទាំងជាជំនួយក្នុងការព្យាបាលផងដែរ។ ក្រៅពីនេះ ក្រុមគ្រូពេទ្យក៏អាចពិនិត្យបន្ថែមតាមរយៈការធ្វើអេកូសាស្ត្រ ថតវិទ្យុសាស្ត្រ (ASP) ឬ Scanner ក្នុងករណីការធ្វើអេកូសាស្ត្រ និងថតវិទ្យុសាស្ត្រ(ASP) រករោគវិនិច្ឆ័យមិនឃើញ។ វិធីសាស្រ្តព្យាបាល ជាទូទៅ ការព្យាបាលត្រូវបានចែកចេញជា ២៖ ១ ការរលាកតម្រងនោមផ្នែកខាងក្រោម៖ • ពិនិត្យទឹកនោម(ECBU)  មុនឲ្យប្រើថ្នាំផ្សះ។ • ការជ្រើសរើសថ្នាំផ្សះ ដែលមានសមត្ថភាពប្រឆាំងនឹងបាក់តេរីបានច្រើនប្រភេទ (Antibiotique Larges Spectres) បន្ទាប់ពីយកទឹកនោមរួច។លទ្ធផល ECBU អាចបាននៅថ្ងៃទី ៣ ទៅ៥។ ក្រោយចេញលទ្ធផលបណ្តុះមេរោគ និងតេស្តភាពស៊ាំនៃថ្នាំផ្សះ អ្នកជំងឺប្រហែលជាអាចតម្រូវឲ្យមានការផ្លាស់ប្តូរប្រភេទថ្នាំផ្សះ ឬរក្សានូវការប្រើប្រភេទថ្នាំដដែល ទៅតាមលទ្ធផលបណ្តុះមេរោគ (Antibiogramme) បូករួមជាមួយការណែនាំអំពីការប្រើប្រាស់ថ្នាំផ្សះឲ្យបានត្រឹមត្រូវ និងគ្រប់ចំនួន។ • រុករក និងព្យាបាលមូលហេតុ៖ ប្រូស្តាតរីកប៉ោងក្រួសស្ទះបង្ហួរខាងក្រោមត្បៀតបង្ហួរខាងក្រោមមានដុំសាច់បង្ហួរខាងក្រោម….។ ២ ការរលាកតម្រងនោមផ្នែកខាងលើ (អ្នកជំងឺត្រូវសម្រាកពេទ្យ) • Pyélonephrite aigue obstructive៖ បង្ហូរទឹកនោមដែលស្ទះជាបន្ទាន់ Drainage en urgence (Sonde JJ ឬ Néphrostomie) បញ្ចៀសការប្រមូលផ្តុំនៃមេរោគ (Choc septique) ពិនិត្យទឹកនោម(ECBU) មុនឲ្យប្រើថ្នាំផ្សះ (Antibiotique larges Spectres) បន្ទាប់មកទៀតរុករកនិងព្យាបាលមូលហេតុ ក្រួសស្ទះបង្ហួរខាងលើ មហារីកសរីរាង្គនៅក្បែរដូចជាមហារីកមាត់ស្បូន ពោះវៀនធំ… ដែលសង្កត់លើបង្ហួរនោម • Pyélonephrite aigue non obstructive៖ ពិនិត្យទឹកនោម(ECBU) បណ្តុះមេរោគក្នុងឈាម (Culture du sang)  មុនឲ្យប្រើថ្នាំផ្សះ(Antibiotique Larges Spectres) រុករក និងព្យាបាល មូលហេតុអ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយទ្រុឌទ្រោម ដែលអាចជាអ្នកជំងឺ HIV ឬអ្នកកំពុងប្រើប្រាស់ថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ។ ផលវិបាក ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលត្រឹមត្រូវទេនោះ អ្នកជំងឺអាចប្រឈមនឹងគ្រោះថ្នាក់ចំពោះសុខភាពដ៏គួរឲ្យព្រួយបារម្ភ៖ • ជាក់ស្តែង អ្នកជំងឺអាចនឹងបាត់បង់អាយុជីវិតដោយសារការឆ្លងមេរោគចូលក្នុងចរន្តឈាម (Septicémie) ដែលបង្កឲ្យមាន Choc Septique (ធ្លាក់សម្ពាធឈាមធ្ងន់ធ្ងរ) ក្នុងករណី Pyélonéphrite។ • ក្រៅពីនេះ មេរោគអាចនឹងមានភាពស៊ាំថ្នាំ (Résistances des antibiotiques) ចំពោះការមិនបានយកចិត្តទុកដាក់ទៅលើការព្យាបាលឲ្យបានត្រឹមត្រូវ។ ម៉្យាង កត្តានេះ ក៏អាចបណ្តាលឲ្យការព្យាបាលបន្ទាប់ជួបឧបសគ្គ ដោយហេតុថាការវិភាគ និងបណ្តុះមេរោគមិនអាចប្រព្រឹត្តទៅបាន (មេរោគបណ្តុះមិនដុះ)។ • ទាក់ទងនឹងការបង្ករោគនៅផ្នែកតម្រងនោមខាងក្រោម អ្នកជំងឺនឹងទទួលរងនូវការឈឺចាប់ ផលរំខានចំពោះសកម្មភាពប្រចាំថ្ងៃ ព្រមទាំងអាចវិវឌ្ឍជាការហូរឈាម (Cystite hémorragique) ជាពិសេសបន្តការឆ្លងរាលដាលទៅផ្នែកខាងលើដែលហៅថា Pyélonephrite។ វិធីសាស្រ្តការពារ តាមពិត ទម្លាប់ងាយៗប្រចាំថ្ងៃបានចូលរួមចំណែកកាត់បន្ថយអត្រានៃការឆ្លងរោគនៅប្រព័ន្ធតម្រងនោមយ៉ាងច្រើន។ សកម្មភាពទាំងនោះមានដូចជា៖ • ទម្លាប់ពិសាទឹកឲ្យបានច្រើន(៣លីត្រ ក្នុង២៤ម៉ោង) • ហាមទប់នោម ក្នុងរយៈពេលយូរ • រាល់ពេលបន្ទោបង់រួច ត្រូវលាងសម្អាតពីមុខទៅក្រោយ ដោយហេតុថា ទ្វារធំសម្បូរទៅដោយបាក់តេរីគ្រោះថ្នាក់ចំពោះតម្រងនោម • ត្រូវទៅបត់ជើងតូច រាល់ក្រោយពេលរួមភេទ (ទាំងប្រុស ទាំងស្រី) • រក្សាអនាម័យប្រដាប់ភេទឲ្យបានត្រឹមត្រូវ • ថែរក្សាសុខភាពឲ្យបានល្អ និងរឹងមាំ ចំពោះអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ (HIV, Immunosuppresseur) អ្នកជំងឺទឹកនោមផ្អែម...។ រាល់ពេលមានសញ្ញាណណាមួយទាក់ទងភាពមិនប្រក្រតីនៃសុខភាពតម្រងនោមដូចដែលបានរៀបរាប់ខាងលើសូមប្រញាប់អញ្ជើញទៅពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញដោយចៀសវាងការប្រើប្រាស់ថ្នាំផ្សះដោយខ្លួនឯងមិនត្រឹមត្រូវ និងមិនគ្រប់កម្រិតដែលផ្តល់ជាផលលំបាកធ្ងន់ធ្ងរទៅនឹងការស៊ាំថ្នាំផ្សះ នាំឲ្យមានការចំណាយថវិកា ពេលវេលាកាន់តែច្រើន ហើយអាចបណ្តាលឲ្យបាត់បង់ជីវិតទៀតផង។ បន្ថែមពីនេះ អនាម័យប្រដាប់ភេទ និងការថែរក្សាសុខភាពប្រចាំថ្ងៃនៅតែជាកត្តាសំខាន់ដែលមិនគួរមើលរំលង។  បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឈុន សុខា ឯកទេសតម្រងនោម និងជាអនុប្រធានផ្នែកតម្រងនោមនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ការរលាកនៃក្រពេញភេទបុរស ឬក្រពេញប្រូស្តាត (Prostatitis) គឺជាជំងឺស្រួចស្រាវទាមទារនូវការព្យាបាលឲ្យបានទាន់ពេលវេលា។ បច្ចុប្បន្នជំងឺនេះហាក់មានការកើនឡើងច្រើននៅប្រទេសកម្ពុជា និងត្រូវបានរកឃើញជាញឹកញាប់ក្នុងចំណោមយុវវ័យពិសេសអ្នកមានដៃគូរួមភេទតែវាមិនត្រូវបានចាត់ចូលជាជំងឺតពូជឡើយ។ អ្វីជាមូលហេតុនៃការរលាកក្រពេញប្រូស្តាត? ជាទូទៅ ជំងឺរលាកក្រពេញប្រូស្តាតបង្កដោយមេរោគប្រភេទបាក់តេរី ដែលភាគច្រើនគឺ E.coli និងចំនួនតិចតួចផ្សេងទៀតរួមមាន Chlamydia ជាដើម។ បាក់តេរីបង្កទាំងនេះអាចឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតតាមរយៈការរួមភេទដោយមិនបានការពារសម្រាប់អ្នកមានដៃគូរួមភេទច្រើន។ ចំណែកកត្តារួមផ្សំផ្សេងទៀតធ្វើឲ្យងាយកើតជំងឺនេះគឺដោយសារអ្នកជំងឺមានការរលាកពងស្វាស។ តើការរលាកនេះមានសញ្ញាសម្គាល់អ្វីខ្លះ? ក្នុងរយៈពេលពី ១សប្តាហ៍ ទៅ១០ថ្ងៃក្រោយបន្ទាប់ពីការឆ្លងមេរោគ ឬបន្ទាប់ពីរួមភេទដោយមិនបានការពារជាមួយអ្នកមានដៃគូរួមភេទច្រើន នោះអ្នកជំងឺអាចមានសញ្ញាក្តៅខ្លួន រងាញាក់ នោមញឹក-ក្តៅ-ក្រហាយ ទឹកនោមមានក្លិនស្អុយ ពណ៌ល្អក់ ពេលខ្លះ មានហូរខ្ទុះនៅចុងប្រដាប់ភេទ និងខ្លះទៀតមានឈាមនៅក្នុងទឹកកាម (ទឹកមេជីវិត) ដែលអ្នកជំងឺអាចសម្គាល់ឃើញនៅពេលរួមភេទ។ តើត្រូវធ្វើរោគវិនិច្ឆ័យរបៀបណា? បន្ទាប់ពីលេចចេញនូវរោគសញ្ញាមិនប្រក្រតីអ្នកជំងឺត្រូវធ្វើការណាត់ជួបជាមួយគ្រូពេទ្យជាបន្ទាន់។ ករណីនេះដែរអ្នកជំងឺនឹងតម្រូវឲ្យធ្វើការត្រួតពិនិត្យតាម ២របៀបរួមមាន៖ • ការពិនិត្យគ្លីនិក៖ គ្រូពេទ្យនឹងធ្វើការសិក្សាលើរោគសញ្ញារបស់អ្នកជំងឺដូចបានរៀបរាប់ខាងលើ និងពិនិត្យបន្ថែមដោយលូកស្ទាបក្រពេញប្រូស្តាតតាមទ្វារលាមកដើម្បីរកសញ្ញាណនៃការក្តៅ រីក និងឈឺចាប់។ • ការពិនិត្យអមគ្លីនិក៖ គ្រូពេទ្យនឹងយកទឹកនោមរបស់អ្នកជំងឺទៅពិនិត្យ ដើម្បីរកឲ្យឃើញថាមានមេរោគអ្វីខ្លះ បន្ទាប់មកយកទឹកនោមទៅបណ្តុះរកប្រភេទមេរោគបង្កជាក់លាក់ដើម្បីអាចប្រើប្រាស់ថ្នាំផ្សះឲ្យត្រូវនឹងប្រភេទមេរោគនោះ។ ម៉្យាងវិញទៀតអ្នកជំងឺអាចនឹងតម្រូវឲ្យថតអេកូសាស្ត្រករណីអ្នកជំងឺមានការបង្ករោគរហូតអាប់សែ ឬការកកខ្ទុះរួចទៅហើយ។ រលាកក្រពេញប្រូស្តាតត្រូវព្យាបាលដូចម្តេច? នៅពេលអ្នកជំងឺបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានការរលាកក្រពេញប្រូស្តាត ឬក្រពេញភេទនេះ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយផ្អែកលើស្ថានភាពដោយឡែកៗនៃអ្នកជំងឺនៅពេលជួបពេទ្យ៖ • ករណីគ្មានអាប់សែ៖ អ្នកជំងឺនឹងត្រូវព្យាបាលដោយប្រើថ្នាំចាក់ ៤៨ទៅ៧២ម៉ោង រួចបន្តប្រើថ្នាំផ្សះដោយលេបពី ២ទៅ៣សប្តាហ៍ ដោយមិនតម្រូវឲ្យសម្រាកពេទ្យនោះទេ។ • ករណីមានអាប់សែ៖ អ្នកជំងឺអាចនឹងត្រូវវះកាត់បង្ហូរខ្ទុះចេញ និងលាងសម្អាតឲ្យស្អាត រួមជាមួយការប្រើថ្នាំផ្សះក្នុងរយៈពេល ២ទៅ៣សប្តាហ៍ដោយឲ្យអ្នកជំងឺសម្រាកពេទ្យ។ គួរបញ្ជាក់ថា ការព្យាបាលនេះអាចនឹងតម្រូវឲ្យព្យាបាលទាំងអ្នកជំងឺ និងដៃគូរួមភេទរបស់អ្នកជំងឺផងដែរ ដើម្បីធានានូវការព្យាបាលឲ្យបានជាសះស្បើយ។ ករណីមិនបានព្យាបាលឲ្យទាន់ពេលវេលា អ្នកជំងឺនឹងបង្កជាការមានមេរោគក្នុងឈាមដែលបង្កើនការប្រឈមនឹងការរលាកខ្លាំងពេញខ្លួន និងប៉ះពាល់ដល់អាយុជីវិត។ តើអាចការពារពីការរលាកក្រពេញប្រូស្តាតបានដែរទេ? ជាការពិតណាស់ ដោយសារការរលាកក្រពេញប្រូស្តាតឆ្លងដោយសារការរួមភេទ ដូច្នេះអ្នកក៏អាចការពារខ្លួនបាន ដោយត្រូវការពារពីមូលហេតុនៃការឆ្លង៖ • ការពារបើមានដៃគូរួមភេទច្រើន ឬគួរមានដៃគូរួមភេទតែមួយ • ចៀសវាងការរួមភេទប្រសិនស្ត្រីធ្លាក់ស ឬមានបញ្ហារោគស្ត្រីផ្សេងទៀត។ ប្រសិនអ្នកមាននូវអាការៈមិនស្រួលលើបញ្ហាប្រព័ន្ធទឹកនោម ដូចជានោមញឹក ឈឺ ក្រហាយ មានខ្ទុះ ឬសញ្ញាសង្ស័យណាមួយ អ្នកត្រូវប្រឹក្សា និងពិនិត្យជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលមួយត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងជាសះស្បើយ។ ចំពោះគ្រូពេទ្យ ឬអ្នកប្រកបវិជ្ជាជីវសុខាភិបាលគួរធ្វើការព្យាបាលស្របតាមបច្ចេកទេស និងការប្រើថ្នាំឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ ប៊ុនថា ឯកទេសផ្នែកវះកាត់ប្រព័ន្ធទឹកមូត្រ នៃមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមន្ទីរសម្រាកព្យាបាលអុិនដ្រា អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Urinary Incontinence គឺជារោគសញ្ញានៃការចេញទឹកនោមដោយមិនដឹងខ្លួន ឬមិនអាចគ្រប់គ្រងការបត់ជើងតូចបាន។ យោងតាមទិន្នន័យនៅប្រទេសអភិវឌ្ឍមួយចំនួនបានបង្ហាញថា បញ្ហានេះតែងកើតលើស្ត្ រី២ដងច្រើនជាងបុរស។ ក្នុងស្ថិតិនោះ ២៥%-៣០%ជាស្ត្រីអាយុចន្លោះពី ៥០ឆ្នាំ-៦៥ឆ្នាំ ១០%ជាស្ត្រីមិនធ្លាប់បានសម្រាលកូន ឬមិនធ្លាប់មានផ្ទៃពោះ ១៥-២០%ជាស្ត្រីសម្រាលដោយការវះកាត់ និង២០-៣០%ជាស្ត្រីធ្លាប់ឆ្លងទន្លេ ឬមានកូនច្រើន។ មូលហេតុ និងកត្តាជំរុញ អាស្រ័យដោយទម្រង់រូបរាងនៃប្រព័ន្ធតម្រងនោមរបស់បុរស និងស្ត្រីមានលក្ខណៈខុសគ្នា ដូច្នេះវាអាចមានមូលហេតុផ្សេងគ្នា៖ • ស្ត្រី៖ ភាគច្រើនបណ្តាលមកពីការថយចុះនៃមុខងារ ឬដំណើរការសាច់ដុំបាតផ្នែកខាងក្រោមដែលភ្ជាប់ពីឆ្អឹងខាងលើមកឆ្អឹងកញ្ចូញគូទមានតួនាទីទប់ទឹកនោម-លាមក មិនឲ្យហូរចេញផ្តេសផ្តាស និងបញ្ហាប្លោកនោមលៀនចេញមកក្រៅ • បុរស៖ កើតមានជាពិសេសចំពោះអ្នកដែលទើបតែវះកាត់ ឬកោសក្រពេញប្រូស្តាត។  ក្រៅពីនេះ លក្ខខណ្ឌខ្លះអាចជាកត្តាជំរុញផងដែរដូចជាអ្នកជំងឺទឹកនោមផ្អែម ស្លាប់មួយចំហៀងខ្លួន ឬពិការជើងទាំងពីរកម្រើកមិនរួច អ្នកជំងឺរលាកខួរឆ្អឹងខ្នង អ្នកជំងឺធ្លាក់ទឹកចិត្ត ស្ត្រីអស់រដូវ ស្ត្រីមានកូនច្រើន អ្នកមានកម្រិតអ័រម៉ូនអឺស្ត្រូហ្សែនថយចុះ អ្នកលើសទម្ងន់ ក្អករ៉ាំរ៉ៃ ករណីជនពិការដែលពិបាកក្នុងការដើរអ្នកឧស្សាហ៍ទល់លាមក អ្នកញៀនស្រា ឬញៀនបារី អ្នកប្រើថ្នាំមួយចំនួន (ថ្នាំបំបាត់ការធ្លាក់ទឹកចិត្ត ថ្នាំបន្ថយការកន្ត្រាក់សាច់ដុំ ថ្នាំសរសៃប្រសាទ)។ សញ្ញាសម្គាល់ អ្នកជំងឺអាចដឹងដោយខ្លួនឯងថាមិនអាចគ្រប់គ្រងការបត់ជើងតូចបាន ឬទឹកនោមចេញមកដោយឯងៗអាស្រ័យនឹងប្រភេទនៃ Urinary Incontinence ខាងក្រោម៖ • Stress Incontinence៖ ការចេញទឹកនោមដោយឯងៗនៅពេលមានចលនាដូចជាសើច ក្អក កណ្តាស់ ហាត់កីឡា ឬធ្វើការងារធ្ងន់ៗដោយសារមានការកើនឡើងនូវសម្ពាធក្នុងពោះ សង្កត់ និងរុញទឹកនោមឲ្យចេញមកដោយខ្លួនឯង • Urge Incontinence៖ ការចេញទឹកនោមបន្ទាន់ដោយមិនដឹងខ្លួន ដែលតែងកើតមានឡើងនៅពេលយប់ • Mixed Incontinence៖ ការចេញទឹកនោមទាំង ២ប្រភេទខាងលើកើតរួមគ្នាដោយអ្នកជំងឺស្រាប់តែឈឺបត់ជើងតូចភ្លាមៗ ហើយគាត់ក្អក ឬកណ្តាស់ក្នុងពេលនោះ ធ្វើឲ្យទឹកនោមចេញមកភ្លាមៗ។ ការវិនិច្ឆ័យបញ្ជាក់ ដំបូងគ្រូពេទ្យនឹងធ្វើការសាកសួរយ៉ាងលម្អិត និងក្បោះក្បាយអំពីប្រវត្តិរបស់អ្នកជំងឺ លើការមានផ្ទៃពោះការអស់រដូវ។ បើជាបុរសគ្រូពេទ្យនឹងសួរអំពីប្រវត្តិនៃការវះកាត់ក្រពេញប្រូស្តាត ឬការធ្លាប់មានរងរបួសផ្សេងៗ។ ក្រៅពីនេះ អ្នកជំងឺអាចនឹងត្រូវពិនិត្យគ្លីនិកបន្ថែមទៀតតាមរយៈ៖ • ការពិនិត្យដោយឈរ៖ អ្នកជំងឺតម្រូវឲ្យញ៉ាំទឹកដើម្បីមានទឹកនោមច្រើនបន្ទាប់មកឲ្យគាត់ប្រឹងក្អក ពេលនោះអ្នកជំងឺនឹងលេចចេញទឹកនោមមកជាមួយដែរ។ • ការពិនិត្យដោយគេង៖ ដំបូងគ្រូពេទ្យនឹងបាញ់ទឹកចូលក្នុងប្លោកនោមពី២៥០ ទៅ៣០០សេសេ រួចដកចេញមកវិញដោយឲ្យអ្នកជំងឺប្រឹងទប់ ឬប្រឹងខ្ជឹប។ តេស្តពិសេសចំពោះស្ត្រីមួយគឺ ប្រើម្រាមដៃ ២លើកបង្ហួរនោម (បន្ទាប់ពីបាញ់ទឹកចូល ៣០០សេសេ)។ ករណីខ្លះអ្នកជំងឺអាចនឹងតម្រូវឲ្យធ្វើតេស្តបន្ថែមទៀតដោយយកសំឡីត្បារត្រចៀករុកចូលក្នុងបង្ហួរនោម និងតេស្តបញ្ជាក់ពីភាពខ្សោយ ដោយដាក់ម្រាមដៃ ២ចូលក្នុងទ្វារមាសហើយឲ្យអ្នកជំងឺខ្ជឹប។ លើសពីនេះអ្នកជំងឺនឹងតម្រូវឲ្យធ្វើតេស្តរកមើលការបង្ករោគនៅក្នុងទឹកនោម ការពិនិត្យអេកូសាស្ត្រដើម្បីរកសញ្ញាណមិនប្រក្រតីផ្សេងទៀតនិងការធ្វើរោគវិនិច្ឆ័យពិសេសមួយទៀតហៅថា Balance urodynamics។ ម៉្យាងទៀត អ្នកជំងឺនឹងត្រូវបានណែនាំឲ្យកត់ត្រាបន្ថែមនូវពេលវេលា បរិមាណ ចំនួនដងក្នុងមួយថ្ងៃ និងលក្ខខណ្ឌណាមួយនៃការចេញទឹកនោមឯងៗរបស់គាត់ ដើម្បីអាចវាយតម្លៃការព្យាបាលនៅពេលអនាគត។ ការព្យាបាលសមស្រប ភាគច្រើននៃអ្នកជំងឺអាចទទួលបានការព្យាបាលជាសះស្បើយរហូតដល់ ៧០-៨០% ដែលការព្យាបាលត្រូវបានបែងចែកតាមកម្រិតរួមមាន៖ • ការព្យាបាលដោយមិនប្រើថ្នាំ ឬមិនវះ៖ អ្នកជំងឺនឹងត្រូវបានណែនាំឲ្យទទួលទានទឹកឲ្យបានច្រើន ២-៣លីត្រក្នុងមួយថ្ងៃ នៅពេលព្រឹក និងពេលថ្ងៃ ចៀសវាងការទទួលទានស្រា ឬគ្រឿងស្រវឹង និងហាមជក់បារី។ ករណីអ្នកជំងឺមាននូវកត្តាហានិភ័យរួមផ្សំណាមួយដូចខាងលើ គាត់ត្រូវធ្វើការព្យាបាល ឬកាត់បន្ថយកត្តាទាំងនោះដាច់ខាត។ • ការព្យាបាលដោយធ្វើឲ្យសាច់ដុំកម្រើកឡើងវិញ៖ អ្នកជំងឺត្រូវធ្វើលំហាត់ប្រាណ ឬយោគៈ និងអនុវត្តតិកនិក Rééducation vésicale រាល់ថ្ងៃ ដោយត្រូវគេងសន្ធឹងលើគ្រែ ដកដង្ហើមធម្មតាហើយប្រឹងខ្ជឹបសាច់ដុំដូចទប់បត់ជើងតូច និងបត់ជើងធំក្នុងរយៈពេល១០វិនាទី រួចរលាវិញ ១០វិនាទីទើបចាប់ផ្តើមខ្ជឹបម្តងទៀត រហូតបាន ១៥ដងក្នុង ១វគ្គ (១ថ្ងៃ៣វគ្គ ព្រឹក ថ្ងៃ និងល្ងាច)។ • ការព្យាបាលដោយប្រើថ្នាំ៖ ធ្វើឡើងក្នុងករណីវិធីសាស្ត្រខាងលើបរាជ័យដើម្បីកុំឲ្យប្លោកនោមកន្ត្រាក់ខ្លាំង ដោយប្រើថ្នាំប្រភេទ Anticholinergics តាមការណែនាំរបស់គ្រូពេទ្យអាស្រ័យលើស្ថានភាពជាក់ស្តែងរបស់អ្នកជំងឺ។ តិកនិកទំនើបមួយទៀតក្នុងប្រទេសជឿនលឿន គឺការចាក់ឆ្អឹងខ្នងដើម្បីឲ្យសាច់ដុំកន្ត្រាក់ឡើងវិញ។ • ដំណាក់កាលចុងក្រោយអ្នកជំងឺនឹងត្រូវធ្វើការវះកាត់ ប្រសិនបើការព្យាបាលខាងលើមិនទទួលបានជោគជ័យ ឬបរាជ័យ ដោយប្រើតិកនិក TVT (Tension-free Vaginal Tape), TOT (Transobturator Tape) និងSphincter artificial។ ផលវិបាក និងការការពារ ករណីអ្នកជំងឺមិនធ្វើការព្យាបាលទេនោះ ផលវិបាកដែលអាចកើតមានដូចជា រំខានរហូតទៅជាស្ត្រេស មិនហ៊ានចេញក្រៅ ឬចូលរួមក្នុងសង្គម ប៉ះពាល់ដល់ការងារ និងសកម្មភាពផ្លូវភេទរបស់គាត់។ បន្ថែមពីនេះ អ្នកជំងឺអាចមានការរលាក ឡើងក្រហម ដំបៅ រហូតមានការបង្ករោគពីបាក់តេរី និងអាចវិវឌ្ឍរហូតមានមេរោគក្នុងឈាមដែលប៉ះពាល់ដល់អាយុជីវិតទៀតផង។ ទោះជាយ៉ាងណាក៏ដោយ Urinary Incontinence អាចចៀសវាងដោយលុបបំបាត់កត្តាហានិភ័យទាំងឡាយដូចជា លើសទម្ងន់ ទល់លាមក ធ្វើការងារ ឬហាត់កីឡាធ្ងន់ៗ ពិសាបារី ទទួលទានកាហ្វេ ស្ត្រេស និងហាត់តិកនិក Rééducation vesical ករណីសង្ស័យ។ រោគសញ្ញានៃការមិនអាចគ្រប់គ្រងការបត់ជើងតូចផ្តល់នូវរំខានខ្លាំង ដូច្នេះអ្នកជំងឺគួរជួបប្រឹក្សាជាមួយគ្រូពេទ្យឯកទេសផ្នែកតម្រងនោមដើម្បីការពារនូវផលវិបាកនាពេលអនាគតដែលអាចនឹងកើតមាន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ទូច រ៉ាណូ ឯកទេសផ្នែកមូត្រសាស្រ្តនៅមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរសម្រាកព្យាបាលតម្រងនោមភ្នំពេញ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺបម្រែបម្រួលសម្ពាធក្នុងត្រចៀក ពាក្យបច្ចេកទេសហៅថា Ear barotrauma គឺជាការបម្រែបម្រួលរវាងសម្ពាធមជ្ឈដ្ឋានខាងក្រៅត្រចៀកជាមួយសម្ពាធមជ្ឈដ្ឋានខាងក្នុងត្រចៀក។ ជាក់ស្តែង នាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ជំងឺនេះមានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់ចំពោះអ្នកដែលនាំភ្ញៀវទេសចរ កីឡាករហែលទឹក និងអ្នកធ្វើការនៅលើយន្តហោះពិសេសអ្នកដែលធ្វើការនៅកន្លែងខ្ពស់។ មូលហេតុបង្ក និងកត្តាប្រឈម មូលហេតុចម្បងភាគច្រើននៃការឈឺត្រចៀក (Ear barotrauma) គឺបង្កពីការរលាក ឬស្ទះ និងមានបញ្ហាទៅលើបំពង់ Eustachian tube ដែលវាស្ថិតនៅផ្នែកខាងក្រោយក្រអូមមាត់ ពេលណាដែលវារលាកនោះទើបបង្កឲ្យមានជំងឺ Ear barotrauma កើតឡើង។ ដោយឡែក បុគ្គលដែលងាយប្រឈមនឹងបញ្ហាគឺអ្នកជ្រមុជទឹក ឬលិបទឹកដែលមានជម្រៅជ្រៅលើសពី ២ម៉ែត្រ អ្នកជំងឺអាល្លែកហ្ស៊ីច្រមុះ អ្នកជំងឺរីកសាច់ច្រមុះ អ្នកជំងឺដុះសាច់បំពង់ក ឬរលាកបំពង់កផ្នែកខាងក្រោយញឹកញាប់ អ្នកឧស្សាហ៍ផ្តាសាយ និងបុគ្គលដែលធ្វើការនៅកន្លែងខ្ពស់ដូចជាអ្នកបម្រើការលើយន្តហោះជាដើម។ ជំងឺនេះត្រូវបានបែងចែកជា ៥កម្រិតរួមមាន៖ • កម្រិត ១៖ ជុំវិញក្រដាសត្រចៀកចាប់ផ្តើមរលាក និងមានលក្ខណៈក្រហម • កម្រិត ២៖ ក្រដាសត្រចៀកទាំងមូលចាប់ផ្តើមរលាក និងក្រហម • កម្រិត ៣៖ ក្រដាសត្រចៀកចាប់ផ្តើមប៉ោង ឬផតចូលក្នុង • កម្រិត ៤៖ ផ្នែកខាងក្រោយក្រដាសត្រចៀកមានឈាម និងមានការឈឺចាប់ខ្លាំង • កម្រិត ៥៖ ក្រដាសត្រចៀករហែក ឬធ្លាយ  ពិសេសមានការឈឺចាប់ខ្លាំង។ រោគសញ្ញា ជំងឺនេះអាចមានអាការៈឈឺចាប់ខ្លាំងក្នុងត្រចៀកហើយបណ្តាលឲ្យធ្ងន់ត្រចៀក ហ៊ឹងត្រចៀក ហូរឈាមតាមត្រចៀក  និងវិលមុខតែម្តង។ ការធ្វើរោគវិនិច្ឆ័យ ជាដំបូងគ្រូពេទ្យនឹងធ្វើការពិនិត្យលើសញ្ញាគ្លីនិកដោយធ្វើការសាកសួរលម្អិតពីប្រវត្តិការងារ ឬប្រវត្តិជំងឺបន្ទាប់មកអ្នកជំងឺនឹងតម្រូវឲ្យធ្វើរោគវិនិច្ឆ័យដោយប្រើ Otoscope ឆ្លុះចូលក្នុងរន្ធត្រចៀកដើម្បីឲ្យដឹងពីកម្រិតនៃជំងឺ Ear barotrauma និងសភាពក្រដាសត្រចៀក។ វិធីសាស្រ្តព្យាបាល ការព្យាបាលធ្វើឡើងបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ ពិសេសការព្យាបាលទៅតាមកម្រិតនៃការប៉ះពាល់នីមួយៗ។ ប្រសិនបើជំងឺនេះស្ថិតនៅកម្រិតទី៥ ក្រដាសត្រចៀកធ្លាយ នោះការព្យាបាលគឺធ្វើដោយផ្ទាល់នៅក្នុងត្រចៀក ករណីនេះផងដែរ អ្នកជំងឺនឹងត្រូវព្យាបាលដោយការប្រើប្រាស់ថ្នាំ រួមផ្សំជាមួយការប្រើថ្នាំបន្តក់អង់ទីប៊ីយ៉ូទិកដើម្បីការពារកុំឲ្យឆ្លងមេរោគ។ ប្រសិនបើអ្នកជំងឺពុំទទួលបានការព្យាបាលទាន់ពេលវេលា ឬព្យាបាលមិនបានត្រឹមត្រូវនោះ ផលប៉ះពាល់ធ្ងន់អាចនឹងកើតមានឡើងដូចជា ធ្លាយក្រដាសត្រចៀក  ការស្តាប់មានការថយចុះ និងហ៊ឹងត្រចៀក។ វិធីសាស្រ្តការពារ • ចំពោះអ្នកធ្វើដំណើរ ឬអ្នកធ្វើការនៅលើយន្តហោះត្រូវចេះរបៀបការពារខ្លួន៖ នៅពេលដែលយន្តហោះកំពុងហោះឡើងត្រូវទំពារស្ករកៅស៊ូ ឬយកម្រាមដៃបិទច្រមុះ រួចលេបទឹកមាត់ និងជាពិសេសនៅពេលយន្តហោះចុះត្រូវប្រើ Valsalva maneuver គឺយកម្រាមដៃបិទច្រមុះឲ្យជិត ហើយបិទមាត់និងផ្លុំខ្យល់ម្តងបន្តិចៗរហូតទាល់តែមានខ្យល់រត់ដល់ត្រចៀក។ អនុវត្តបែបនេះឲ្យបានច្រើនដងពេលយន្តហោះចុះ គឺអាចការពារពីជំងឺ Ear barotrauma បាន។ • ចំពោះអ្នកដែលនាំភ្ញៀវទេសចរងូតទឹក ឬអ្នកកីឡាហែលទឹកត្រូវការពារខ្លួនកុំឲ្យត្រចៀកប៉ះផ្ទាល់ជាមួយទឹក ដោយប្រើឧបករណ៍បិទត្រចៀក ឬយកដៃខ្ទប់ច្រមុះ ហើយលោតបែរខ្នងទៅមុន ឬអ្នកដែលលិបទឹកក្នុងជម្រៅជ្រៅគឺត្រូវប្រើ Valsalva maneuver  ដូចគ្នាដែរ តែធ្វើនៅពេលកំពុងលិបចូលទៅទីជ្រៅ។ ប្រសិនបើអ្នកមាននូវអាការៈដូចដែលបានរៀបរាប់ខាងលើ អ្នកត្រូវមកប្រឹក្សា និងពិនិត្យសុខភាពឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យជំនាញ ត្រចៀក ច្រមុះ និងបំពង់កដើម្បីទទួលបានការព្យាបាលមួយត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព ចំណាយថវិកាតិច និងជាសះស្បើយ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត សុខ ដាលី ឯកទេសត្រចៀក ច្រមុះ និងបំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួង អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ទម្រង់នៃការរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃម៉្យាងត្រូវបានហៅថា Cholesteatoma ត្រចៀក បង្កឡើងពីកោសិកាស្បែកប្រភេទ épithélium pavimenteux ឬ simple squamous epithelium ដែលជ្រៀតចូលទៅក្នុងត្រចៀកកណ្តាល មានដំណើរវិវឌ្ឍយ៉ាងស្ងៀមស្ងាត់ឈានដល់កូនឆ្អឹងតូចៗ (Auditory Ossicle) នៃត្រចៀកកណ្តាល។ Cholesteatoma ត្រចៀកជាបញ្ហាចោទធ្ងន់ធ្ងរបំផុតមួយដែលពិបាកព្យាបាល បើប្រៀបធៀបជាមួយជំងឺកើតលើត្រចៀកផ្សេងទៀត។ បច្ចុប្បន្ន ប្រជាជនកម្ពុជាហាក់មានការប្រឈមច្រើនគួរឲ្យកត់សម្គាល់ ដោយសារពុំមានទម្លាប់ថែរក្សា និងត្រួតពិនិត្យត្រចៀកជាប្រចាំ រហូតទាល់តែមានសញ្ញា ឬឈឺទើបសម្រេចចិត្តមកជួបប្រឹក្សាជាមួយគ្រូពេទ្យ។ ជាក់ស្តែង Cholesteatoma កើតមានជាពិសេសចំពោះបុគ្គលមានបញ្ហារលាកត្រចៀករ៉ាំរ៉ៃ ដែលភាគច្រើននៅចន្លោះអាយុពី៥ឆ្នាំ ទៅ១៥ឆ្នាំ។ មូលហេតុ ការរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃដែលជា Cholesteatoma កើតមានឡើងដោយសារមូលហេតុសំខាន់ៗរួមមាន៖ • ជំងឺដក់ទឹកក្នុងត្រចៀកកណ្តាលរ៉ាំរ៉ៃរយៈពេលយូរដែលបង្កឲ្យក្រដាសត្រចៀកកាន់តែស្តើង ប៉ះពាល់ដល់ភាពស្វិតនៃក្រដាសត្រចៀកធ្វើឲ្យក្រដាសត្រចៀកផតចូលក្នុង បន្ទាប់មកស្បែកនៅត្រចៀកខាងក្រៅលូនចូលទៅក្នុងតាមការផតនៃក្រដាសត្រចៀក ប៉ះពាល់ដល់ត្រចៀកកណ្តាល។ • អ្នកជំងឺធ្លាយក្រដាសត្រចៀក មានន័យថាគ្មានរនាំងការពាររយៈពេលយូរ ធ្វើឲ្យស្បែកនៅខាងក្រៅដុះលូនចូលទៅក្នុងត្រចៀកបង្កជា Cholesteatoma។ • មូលហេតុពីកំណើត គឺក្នុងពេលបង្កកំណើតទារកមានដុះនូវកោសិកាស្បែកមួយតូចនៅក្នុងត្រចៀកកណ្តាលតែម្តង ដែលកោសិកានេះលូតលាស់កាន់តែធំតាមវ័យ។ • អ្នកជំងឺមានបញ្ហាហូរសម្បោររ៉ាំរ៉ៃ មានខ្ទុះក្នុងច្រមុះ ឬមានដុះសាច់បំពង់កនៅផ្នែកខាងក្រោយ បង្កឲ្យស្ទះ និងរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃ ដោយសារការស្ទះខ្យល់ក្នុងត្រចៀកដែលរ៉ាប់រងដោយ eustachain tube (សរីរាង្គដង្ហើមត្រចៀកមកបំពង់ក)។ • ការធ្លាយក្រដាសត្រចៀក ដោយសារការសម្អាតត្រចៀកខ្លួនឯង និងមិនបានប្រឹក្សាជាមួយគ្រូពេទ្យជំនាញ។ រោគសញ្ញា និងផលវិបាក Cholesteatoma មានដំណើរវិវឌ្ឍយ៉ាងស្ងប់ស្ងាត់ដោយដំបូងពុំធ្វើឲ្យអ្នកជំងឺមានសញ្ញាណាមួយឡើយ ឬមានត្រឹមអាការៈតិចតួចដែលមិនគួរឲ្យចាប់អារម្មណ៍ឬកត់សម្គាល់ឡើយ។ ភាគច្រើន អ្នកជំងឺអាចលេចចេញនូវសញ្ញាសម្គាល់ច្បាស់នៅពេលមានភាពធ្ងន់ធ្ងរទៅហើយរួមមានការឈឺចាប់ក្នុងត្រចៀកមួយចំហៀង ហូរខ្ទុះតាមត្រចៀក ឬហៅថាអំបៅអំបែកដែលមានក្លិនមិនល្អ ថយចុះសមត្ថភាពក្នុងការស្តាប់ឬរហូតបាត់បង់ការស្តាប់ និងវិលមុខ ដែលជាអាការៈបន្ទាប់បន្សំតែងជួបប្រទះ។ បន្ទាប់ពីរោគសញ្ញាកើតមានឡើងយូរខែ ឬយូរឆ្នាំដោយពុំបានទទួលការព្យាបាលត្រឹមត្រូវ នោះអ្នកជំងឺអាចនឹងប្រឈមជាមួយផលវិបាក នៅពេលប៉ះពាល់ដល់សរសៃប្រសាទទី៧ ដែលនាំឲ្យអ្នកជំងឺវៀចមាត់។ ម៉្យាងទៀត បញ្ហានេះអាចបង្កឲ្យរលាកឆ្អឹង mastoid ផ្នែកខាងក្រោយ ដែលបន្តរហូតរលាកត្រចៀកផ្នែកខាងក្នុង ហើយធ្វើឲ្យអ្នកជំងឺថ្លង់។ ប្រសិនបើមានការបង្ករោគដល់ Vestibular អ្នកជំងឺនឹងលេចចេញនូវអាការៈវិលមុខញឹកញាប់។ នៅទីបំផុតមេរោគអាចបង្កឲ្យមានរលាកស្រោមខួរក្បាល ឬរហូត មានខ្យល់ក្នុងខួរក្បាល និងអាប់សែខួរក្បាល ដែលធ្វើឲ្យអ្នកជំងឺស្លាប់បាន។ ការធ្វើរោគវិនិច្ឆ័យ ករណីសង្ស័យ អ្នកជំងឺនឹងតម្រូវឲ្យពិនិត្យដោយឆ្លុះត្រចៀក (Autoscope) ដែលអាចរកឃើញនូវដំបៅនៅផ្នែកខាងលើនៃក្រដាសត្រចៀក និងនៅគែមក្រដាសត្រចៀក ករណីធ្លាយ រួមជាមួយការសម្គាល់ឃើញដុំសៗច្រើន។ បើការពិនិត្យដោយឆ្លុះពុំអាចញែកបានឬរកមិនឃើញនោះអ្នកជំងឺនឹងតម្រូវឲ្យពិនិត្យដោយស៊ីធីស្គែន មើលលើឆ្អឹងត្រចៀក ឬរកមើលទីតាំង Cholesteatoma។ បន្ថែមពីការពិនិត្យទាំង ២ខាងលើ អ្នកជំងឺអាចនឹងត្រូវវាស់កម្រិតនៃការស្តាប់ដោយaudiogram ឬ PTA (Pure Tone audiometry) ព្រោះថាមានតែអ្នកជំងឺ cholesteatoma ប៉ុណ្ណោះដែលប៉ះពាល់ដល់ឆ្អឹងតូចៗនៅត្រចៀកកណ្តាលប្រសិនការស្តាប់ធ្លាក់ចុះខ្លាំង នោះមានន័យថា មានការខូចខាតកូនឆ្អឹង ឬការបញ្ជូនសំឡេងដាច់នៅផ្នែកណាមួយ។ វិធីសាស្ត្រព្យាបាល គួរបញ្ជាក់ថា គ្មានប្រភេទថ្នាំណាមួយដែលអាចព្យាបាល Cholesteatoma បានឡើយក្រៅពីការវះកាត់។ ជាទូទៅ ការវះកាត់នេះ ធ្វើឡើងនៅផ្នែកខាងក្រោយនៃត្រចៀកដើម្បីសម្អាតផ្នែករលាក ឬផ្នែកបង្ករោគ និងឆ្អឹងដែលខូចខាតចេញឲ្យអស់។ ការវះកាត់ Cholesteatoma ត្រចៀក ជាប្រភេទនៃការវះកាត់ពិបាកមួយ ដោយសារសរីរាង្គត្រចៀកមានទំហំតូចដែលមិនអាចមើលឃើញច្បាស់ដោយភ្នែកទទេនិងតម្រូវឲ្យប្រើមីក្រូទស្សន៍ពង្រីកក្នុងការវះកាត់។ ម៉្យាង សរីរាង្គត្រចៀកមានសរសៃច្រើនពិសេសសរសៃប្រសាទទី៧នៅផ្នែកខាងក្រោមបាតត្រចៀកដែលងាយនឹងប៉ះពេលវះកាត់ ក្នុងករណី Cholesteatoma ប៉ះដល់ឆ្អឹងការពារជុំវិញសរសៃប្រសាទនេះ។ វិធីសាស្រ្តការពារ • សម្អាតច្រមុះកុមារជានិច្ច ប្រសិនពួកគេតែងមានអាការៈតឹងច្រមុះ ឬហៀរសម្បោរជាប្រចាំ • ស្វែងរកការប្រឹក្សា និងព្យាបាលប្រសិនមានជំងឺដុះសាច់បំពង់កផ្នែកខាងក្រោយដែលតែងបង្ហាញចេញជាការស្រមុកខ្លាំង។ គួរចៀសវាងការសម្អាតត្រចៀកដោយខ្លួនឯង ដោយហេតុថាវាអាចចម្លងមេរោគផ្សិត ឬបង្កឲ្យធ្លាយក្រដាសត្រចៀក និងត្រូវជួបប្រឹក្សាជាមួយគ្រូពេទ្យឯកទេសឲ្យបានឆាប់បំផុតបើមានសញ្ញានៃបញ្ហាត្រចៀកណាមួយកើតឡើង។ បកស្រាយដោយ៖ សាស្រ្តាចារ្យ សុខ គួង អនុប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺអំបៅអំបែកត្រចៀក ជាការរលាករ៉ាំរ៉ៃនៃត្រចៀកកណ្តាល បង្កឡើងដោយសារមេរោគ។ តាមការប៉ាន់ប្រមាណប្រជាជនកម្ពុជាភាគច្រើនបាននិងកំពុងប្រឈមជាមួយបញ្ហានេះ ដែលស្តែងឡើងតាមសណ្ឋាននៃអំបៅអំបែកធម្មតា និងអំបៅអំបែកកម្រិតធ្ងន់ហើយបង្កឲ្យមានគ្រោះថ្នាក់ដោយមិនដឹងខ្លួន។ បុគ្គលប្រឈមខ្ពស់ ភាគច្រើនជំងឺអំបៅអំបែកត្រចៀកកើតមានលើក្មេងតូចៗអាយុក្រោម ៧ឆ្នាំ ដោយសាររន្ធមួយដែលឆ្លងពីត្រចៀកកណ្តាលមកច្រមុះមានប្រវែងខ្លី ធំហើយផ្តេកដែលជាលក្ខខណ្ឌមួយងាយឲ្យមេរោគឆ្លងចូល។ មួយវិញទៀតអំបៅអំបែកនេះ កើតមានក្នុងកម្រិតគួរឲ្យកត់សម្គាល់ចំពោះកុមារដែលរស់នៅក្នុងតំបន់កង្វះអនាម័យ និងកង្វះអាហារូបត្ថម្ភផងដែរ។ មូលហេតុ ការកកើតនៃជំងឺអំបៅអំបែក ទាក់ទងជាពិសេសទៅនឹងការចម្លងរោគនៅសរីរាង្គផ្លូវដង្ហើមផ្នែកខាងលើ។ មានកត្តារួមផ្សំផ្សេងៗទៀតផងដែរដូចជាការកើតជំងឺផ្តាសាយញឹកញាប់ ជំងឺឆ្លងនៃផ្លូវដង្ហើមខាងលើកញ្ជ្រឹល ក្អកមាន់ ការដុះសាច់បំពង់ក សាច់ដុះពីច្រមុះមកក ការរលាកប្រអប់ឆ្អឹងស៊ីនីសសងខាងច្រមុះ អាល្លែកហ្ស៊ីច្រមុះ ការមានដុំសាច់នៅចន្លោះច្រមុះ និងបំពង់ក ការដាក់ ឬប្រើឧបករណ៍ឃាត់ឈាមនៅច្រមុះណែនពេកនាំឲ្យស្ទះរន្ធដល់ត្រចៀកកណ្តាល និងភាពមិនធម្មតានៃច្រមុះ ឬឆែបមាត់។ រោគសញ្ញា សញ្ញាណដំបូង អ្នកជំងឺអំបៅអំបែកអាចមានការឈឺចាប់ ថយចុះសមត្ថភាពក្នុងការស្តាប់ ឬស្តាប់មិនឮតែម្តង ហ៊ឹងត្រចៀក ក្តៅខ្លួន ក្រដាសត្រចៀកឡើងក្រហម ប៉ោងចេញក្រៅ នៅពេលបែក ឬធ្លាយក្រដាសត្រចៀកនោះនឹងមានហូរទឹកចេញពីត្រចៀកមកក្រៅ។ ការធ្វើរោគវិនិច្ឆ័យ អ្នកជំងឺនឹងតម្រូវឲ្យធ្វើការពិនិត្យត្រចៀក សម្អាតត្រចៀកប្រសិនមានហូរទឹកចេញមកក្រៅ បន្ទាប់មកពិនិត្យដោយអង់ដូស្កុប ឬអូតូស្កុប ដាក់ចូលក្នុងត្រចៀក ហើយវានឹងបង្ហាញនូវរូបភាពដូចជាការរហែកក្រដាសត្រចៀករួមជាមួយខ្ទុះនៅជាប់នឹងក្រដាសត្រចៀកដែលរហែកនោះ មានហូរទឹកចេញពីត្រចៀក ហើម ក្រហម និងអាចមើលឃើញដល់ត្រចៀកកណ្តាល។ ការព្យាបាល ជាទូទៅ អ្នកជំងឺនឹងត្រូវព្យាបាលទៅតាមសណ្ឋាននៃអំបៅអំបែក រួមមាន៖ • អំបៅអំបែកធម្មតា ដែលគ្រាន់តែមានការហូរទឹក ការរហែកក្រដាសត្រចៀកដែលមិនប៉ះពាល់ដល់អាយុជីវិត អ្នកជំងឺនឹងត្រូវព្យាបាលដោយការប្រើថ្នាំសម្ងួតទឹកដែលហូរចេញពីត្រចៀក និងបិតក្រដាសត្រចៀករហែកដែលជួយដល់ការស្តាប់ឲ្យបានប្រហែលនឹងត្រចៀកធម្មជាតិរបស់អ្នកជំងឺហើយលែងមានហូរទឹកតទៅទៀត។ • អំបៅអំបែកកម្រិតធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិត ឬអំបៅអំបែកដែលមាន cholesteatoma អ្នកជំងឺនឹងតម្រូវឲ្យធ្វើការព្យាបាលដោយការវះកាត់ធំ ដើម្បីធ្វើការសម្អាតក្នុងប្រអប់ត្រចៀកកណ្តាល ដោយយកចេញនៃ cholesteatoma ធ្វើការកោសនូវឆ្អឹងពុកៗចេញ និងជួយឲ្យអ្នកជំងឺស្តាប់បានវិញតាមកម្រិតសមស្របមួយ។ ផលវិបាក ការពុំទទួលបានការព្យាបាលត្រឹមត្រូវ ឬយឺតយ៉ាវជំងឺអំបៅអំបែកអាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពនៃការស្តាប់ ទៅជាស្តាប់មិនឮ មានហៀរទឹកពីក្នុងរន្ធត្រចៀក និងប៉ះពាល់ដល់ទំនាក់ទំនងក្នុងសង្គម។ លក្ខណៈធ្ងន់ធ្ងរផ្សេងទៀត អាចឲ្យអ្នកជំងឺមានការវិវឌ្ឍទៅជា វៀចមាត់ដោយសារមានការបំផ្លាញសរសៃប្រសាទទី៧ ងាយវិលមុខពេលងាកចុះឡើងបន្តិចបន្តួច មេរោគឆ្លងដល់ខួរក្បាល បង្កឲ្យរលាកស្រោមខួរ អាប់សែក្នុងខួរក្បាល  និងអាចឲ្យអ្នកជំងឺស្លាប់បាន។ វិធីសាស្ត្របង្ការ ការពារពីមូលហេតុ ដោយត្រូវស្វែងរកការព្យាបាលឲ្យបានទាន់ពេលវេលាប្រសិនមានជំងឺឆ្លងនៅប្រព័ន្ធដង្ហើមផ្នែកខាងលើ ករណីមានដុះសាច់បំពង់កអាចនឹងតម្រូវឲ្យកាត់ចេញ បើមានដុះសាច់នៅតំបន់ចន្លោះច្រមុះ-កចំពោះក្មេង ត្រូវកោសចេញ និងកាត់បន្ថយ ឬទប់ស្កាត់បញ្ហាអាល្លែកហ្ស៊ី។ សម្រាប់អ្នកប្រកបវិជ្ជាជីវសុខាភិបាល ប្រសិនជួបអ្នកជំងឺអំបៅអំបែកសូមប្រញាប់បញ្ជូនមកកាន់ផ្នែកត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រក្បាល និងកឲ្យបានទាន់ពេលវេលា ព្រោះមួយផ្នែកតូចនៃបញ្ហានេះអាចប៉ះពាល់ដល់ទំនាក់ទំនងក្នុងសង្គម និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ ចំពោះប្រជាជនគ្រប់រូបបើមានសញ្ញាសង្ស័យណាមួយដូចខាងលើសូមប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់ដើម្បីទទួលបានការព្យាបាលសមស្រប និងទាន់ពេលវេលា។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្តី ហេលស៍ថាម ប្រូ លេខ​ ៨៣ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ូ រដ្ឋា ឯកទេសត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រក្បាល និងក មានតួនាទីជាប្រធានបច្ចេកទេសនៃមន្ទីរពេទ្យព្រះអង្គឌួង និងជាអនុប្រធានមន្ទីរសំរាកព្យាបាលលុច្ស 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Mastoiditis ជាពាក្យបច្ចេកទេសសំដៅដល់ការរលាកនៃឆ្អឹង Mastoid ដែលស្ថិតនៅផ្នែកខាងក្រោយនៃត្រចៀក។ ជាក់ស្តែងសម្រាប់ពិភពលោកគេរកឃើញជំងឺនេះកើតមានក្នុងកម្រិត ១/២៥០០០ រីឯនៅកម្ពុជាហាក់មានការកើតឡើងច្រើនជាងនេះ។ Mastoiditis ជាជំងឺប្រឈមខ្ពស់ចំពោះកុមារអាយុតិចជាង ២ឆ្នាំ ដែលគេហៅថាជាការរលាកឆ្អឹង Mastoid ស្រួចស្រាវ និងជាប្រភេទធ្ងន់ធ្ងរអាចប៉ះពាល់ដល់អាយុជីវិតរបស់កុមារ ឯចំពោះមនុស្សចាស់ ច្រើនជាការរលាករ៉ាំរ៉ៃ។ ការរលាកឆ្អឹង Mastoid នេះអាចនឹងវិវឌ្ឍកាន់តែមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលទាមទារឲ្យអ្នកស្វែងយល់នូវសញ្ញាសំខាន់ៗ ដូចខាងក្រោម៖ មូលហេតុ និងកត្តាជំរុញនៃ Mastoiditis ភាគច្រើននៃការរលាកឆ្អឹង Mastoid បង្កពីបាក់តេរី Pneumococcus ដែលរស់នៅនឹងត្រចៀក-ច្រមុះ-បំពង់ក និងបាក់តេរី Pseudomonas aeruginosa Hemophilus influenzae។ ការរលាកនេះ កើតឡើងបន្ទាប់ពីមានការរលាកត្រចៀកកណ្តាលស្រួចស្រាវចំពោះកុមារដែលមិនបានទទួលការព្យាបាលទាន់ពេល ឬមិនត្រឹមត្រូវ។ សម្រាប់មនុស្សចាស់ ឬអ្នកដែលវ័យចាប់ពី ៣០ឆ្នាំឡើងទៅ Mastoiditis កើតពីការរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃ ឬហៅថាអំបៅអំបែក។ គួរបញ្ជាក់ថា អ្នកដែលងាយនឹងរងការរលាកត្រចៀកកណ្តាលរួមមាន៖ • អ្នកជំងឺរលាកសាច់បំពង់កផ្នែកខាងក្រោយ ធ្វើឲ្យរលាកត្រចៀកកណ្តាល និងអាចឆ្លងបន្តទៅ Mastoid • អ្នកជំងឺរលាកច្រមុះរ៉ាំរ៉ៃ ងាយធ្វើឲ្យខ្ទុះ ឬសម្បោរហូរធ្លាក់ទៅក្នុងបំពង់ក និងឡើងដល់ត្រចៀក។ សញ្ញាបញ្ជាក់ពី Mastoiditis អ្នកជំងឺអាចមានអាការៈឈឺក្នុងរន្ធត្រចៀក បន្ទាប់មកឈឺផ្នែកខាងក្រោយត្រចៀកអ្នកខ្លះមានហៀរខ្ទុះពីក្នុងត្រចៀក ហើយមានពណ៌ក្រហមនៅតំបន់ Mastoid ខាងក្រោយត្រចៀក ប៉ោងរលោង និងទន់ពេលប៉ះ។ ករណីខ្លះវាឡើងប៉ោងរហូតដល់អាចរុញស្លឹកត្រចៀកមកខាងមុខ និងឲ្យរន្ធត្រចៀករួមតូចផងដែរ។ សញ្ញាធ្ងន់ធ្ងរអាចរហូតហៀរខ្ទុះចេញពីផ្នែកខាងក្រោយត្រចៀកដែលអាចឲ្យអ្នកជំងឺច្រឡំថាជាការកើតបូស។ ក្រៅអំពីសញ្ញាពិសេសៗខាងលើ អ្នកជំងឺក៏អាចមានអាការៈរួមផ្សំផ្សេងទៀតដូចជា ក្តៅខ្លួនញាក់ចំពោះកុមារ ឬក្ដៅស្ទេញៗ ឈឺក្បាលចំពោះមនុស្សចាស់ និងមានការថយចុះនូវកម្រិតនៃការស្តាប់។ ការធ្វើរោគវិនិច្ឆ័យ ជាដំបូងគ្រូពេទ្យនឹងធ្វើការពិនិត្យលើសញ្ញាគ្លីនិកដោយធ្វើការសាកសួរលម្អិតពីប្រវតិ្តជំងឺ បន្ទាប់មកអ្នកជំងឺនឹងតម្រូវឲ្យធ្វើរោគវិនិច្ឆ័យដោយប្រើ Otoscope ឆ្លុះចូលក្នុងរន្ធត្រចៀកដើម្បីរកវត្តមានខ្ទុះក្នុងត្រចៀក និងសភាពក្រដាសត្រចៀក។ ប្រសិនមានខ្ទុះ គ្រូពេទ្យនឹងយកខ្ទុះនោះទៅបណ្ដុះបន្ថែមរកមេរោគបង្ក។ ករណីមិនអាចញែកដាច់ថាជាការរលាក Mastoid អ្នកជំងឺអាចនឹងត្រូវស្នើសុំឲ្យស្កែនមើលឆ្អឹង Mastoid បន្ថែមទៀត។ របៀបព្យាបាល Mastoiditis ការព្យាបាលត្រូវធ្វើឡើងបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងខុសៗគ្នាអាស្រ័យតាមដំណាក់កាលរបស់អ្នកជំងឺ។ សម្រាប់ដំណាក់កាលទី១ ដែលជាការរលាក Mastoid ស្រួចស្រាវ ឬនៅថ្មីៗ និងគ្មាននូវផលវិបាកធ្ងន់ធ្ងរ នោះអ្នកជំងឺនឹងត្រូវព្យាបាលដោយការប្រើថ្នាំ រួមផ្សំជាមួយអង់ទីប៊ីយ៉ូទិកទំនើបសមស្របតាមប្រភេទមេរោគដែលបានរកឃើញ។ អំឡុងពេលនៃការព្យាបាលគ្រូពេទ្យនឹងវាយតម្លៃនៃការព្យាបាលនោះ ប្រសិនអ្នកជំងឺហាក់មិនធូរស្រាលដោយការព្យាបាលដោយថ្នាំទេនោះ ការវះកាត់ជាវិធីសាស្ត្របន្ទាប់។ គួរបញ្ជាក់ផងដែរថា ការវះកាត់នេះធ្វើឡើងនៅតំបន់ Mastoid ខាងក្រោយដើម្បីយកចេញនូវផ្នែកដែលរលាក រួចប្រើប្រាស់ថ្នាំបន្តទើបអាចទទួលបានការជាសះស្បើយ។ ផលវិបាកនៃការព្យាបាលយឺតយ៉ាវ Mastoiditis ត្រូវបានចាត់ទុកជាជំងឺធ្ងន់ធ្ងរដោយផ្អែកលើផលវិបាកដែលធ្វើឲ្យពិបាកក្នុងការព្យាបាលនិងអាចបង្កឱ្យស្លាប់ក្នុងកម្រិតខ្ពស់ដូចខាងក្រោម៖ • ការស្តាប់ត្រូវបានថយចុះខ្លាំង រហូតដល់ខូចប្រព័ន្ធបញ្ជូនសំឡេង និងអាចប៉ះពាល់រហូតដល់ត្រចៀកខាងក្នុងបង្កឲ្យបាត់បង់ការស្តាប់ទាំងស្រុង • មេរោគចេញពី Mastoid ចូលដល់ក្នុងឈាមដែលអាចឲ្យអ្នកជំងឺស្លាប់បានបើសង្គ្រោះមិនទាន់ពេល • មេរោគអាចជ្រៀតចូលទៅភ្នាសខួរក្បាល ធ្វើឲ្យរលាកភ្នាសខួរក្បាល (Meningitis) • មេរោគចូលដល់ក្នុងខួរក្បាលអាចបង្កឲ្យមានអាប់សែខួរក្បាល (Brain abscess) • មេរោគអាចធ្វើឲ្យមានផលប៉ះពាល់ដល់សរសៃឈាមវ៉ែនដែលមាននាទីនាំឈាមពីខួរក្បាលទៅបេះដូងបង្កជាការរលាក (Thrombophlebitis Sinus Sigmoidei) ដែលពិបាកក្នុងការព្យាបាល • បង្កជាការរលាកសរសៃប្រសាទទី៧ ធ្វើឲ្យអ្នកជំងឺវៀចមាត់ (Facial paralysis)។ ការការពារពី Mastoiditis ចៀសវាងនូវមូលហេតុបង្កដូចរៀបរាប់ខាងលើអាចកាត់បន្ថយហានិភ័យនៃការរលាក Mastoid ដោយប្រសិទ្ធភាព ដែលរួមមាន៖ • ចាក់វ៉ាក់សាំងបង្ការមេរោគភ្នឺម៉ូកុក (Pneumocoque) ចំពោះក្មេងតូចៗ ដែលជាមេរោគសម្បូរបំផុតនៅផ្លូវដង្ហើម • ប្រុងប្រយ័ត្នការពារកុំឲ្យក្មេងមានការរលាកត្រចៀកកណ្តាលស្រួចស្រាវដោយកុំឲ្យពួកគេមានអាការៈហូរសម្បោររ៉ាំរ៉ៃ • ចៀសវាងឲ្យក្មេងទទួលទានអាហារដែលអាចប៉ះពាល់ ឬរលាកដល់បំពង់ក ដូចជាទឹកកក ការ៉េម ទឹកក្រូច ឬស្ករគ្រាប់។ សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះកុមារអាយុក្រោម២ឆ្នាំ ធ្វើយ៉ាងណាកុំឲ្យពួកគេមានជំងឺផ្តាសាយញឹកញាប់ ពិសេសអំឡុងពេលនៃការផ្លាស់ប្តូរអាកាសធាតុពីក្តៅមកត្រជាក់ ឬនៅរដូវវស្សា ទាំងអាហាររបៀបរស់នៅ និងគួរចេះប្រើប្រាស់សេរ៉ូមប្រៃលាងច្រមុះ។ ករណីក្មេងតូចៗដែលមិនអាចប្រាប់ពីសញ្ញានៃការឈឺត្រចៀករបស់ពួកគេបាន ឪពុកម្តាយត្រូវចំណាំនៅពេលក្មេងយំអំឡុងម៉ោង១២យប់ និងយកដៃខ្ទប់ត្រចៀក ឬមានសញ្ញាមិនប្រក្រតីណាមួយគួរជួបប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់។ ដូចគ្នាផងដែរ ករណីមនុស្សចាស់មានជំងឺអំបៅអំបែក ឬរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃ គួរជួបគ្រូពេទ្យដើម្បីធ្វើការព្យាបាលសមស្របឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ៖ សាស្រ្តាចារ្យ សុខ គួង អនុប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

សរីរាង្គត្រចៀកត្រូវបានបែងចែកជាបីរួមមានផ្នែកខាងក្រៅ កណ្តាល និងផ្នែកខាងក្នុងដែលមានតួនាទីដោយឡែកៗពីគ្នា។ ជាក់ស្តែង ផ្នែកខាងក្រៅសម្រាប់ស្តាប់ ផ្នែកកណ្តាលសម្រាប់បញ្ជូន និងផ្នែកខាងក្នុងសម្រាប់បញ្ជូនបន្តទៅកាន់ខួរក្បាល។ ចំពោះបញ្ហាមួយនៃត្រចៀកផ្នែកខាងក្រៅ ដែលហាក់ត្រូវបានសម្គាល់ឃើញថាកើតមានច្រើនស្ថិតនៅលំដាប់លេខ ២ ចំពោះប្រជាជនកម្ពុជាបច្ចុប្បន្ន នោះគឺជាការបង្ករោគដោយពពួកផ្សិត ឬភាសាបច្ចេកទេសហៅថា Otomycosis ។ កត្តាបង្កឲ្យមានផ្សិតក្នុងត្រចៀក យោងតាមការសិក្សាទាំងក្នុង និងក្រៅប្រទេសបានបង្ហាញថាបុគ្គលដែលងាយឆ្លងមេរោគផ្សិតនៅត្រចៀករួមមាន៖ • អ្នកស្តាប់មិនឮដែលប្រើប្រាស់ឧបករណ៍ជំនួយការស្តាប់នៅត្រចៀកជាប្រចាំ • អ្នកនិយមពាក់កាសនៅត្រចៀកស្តាប់ចម្រៀង ឬអ្វីផ្សេងៗ • ការហែលទឹក ដូចជាកីឡាករហែលទឹក ឬអ្នកនិយមចូលចិត្តហែលទឹកក្នុងអាងហែលទឹកញឹកញាប់ ឬអ្នកហែលទឹកមិនស្អាតនៅជនបទ តាមស្រះត្រពាំងនិងប្រឡាយ • ការសម្អាតត្រចៀក ដែលប្រើប្រាស់សម្ភារៈសម្អាតបន្តគ្នាពីម្នាក់ទៅម្នាក់ដោយមិនបានសម្លាប់មេរោគផ្សិតត្រឹមត្រូវ ឬគ្រាន់តែជូតនឹងអាល់កុលដែលមិនអាចសម្លាប់ពពួកផ្សិតបាន។ ក្រៅអំពីមូលហេតុខាងលើ ជំងឺផ្សិតនៅត្រចៀកអាចនឹងកើតមានឡើង ឬមានការវិវឌ្ឍលឿនចំពោះអ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺឆ្លងមួយចំនួនដូចជាអ្នកជំងឺអេដស៍ជាដើម។ ដំណាក់កាលនៃរោគសញ្ញាផ្សិតត្រចៀក បន្ទាប់ពីបានឆ្លងចូលនូវពពួកផ្សិតទៅក្នុងត្រចៀកអ្នកជំងឺអាចមានលេចចេញនូវរោគសញ្ញាដូចជា រមាស់ត្រចៀក ឈឺត្រចៀក ហូរទឹករងៃ ឬហូរខ្ទុះពណ៌ប្រផេះឬខ្មៅ ពីក្នុងត្រចៀក បន្ទាប់មកអ្នកជំងឺអាចនឹងមានអាការៈហ៊ឹងត្រចៀក និងស្តាប់មិនសូវឮ។ ការធ្វើរោគវិនិច្ឆ័យបញ្ជាក់ពីវត្តមានផ្សិតត្រចៀក ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់អំពីការបង្ករោគដោយពពួកផ្សិតនៅក្នុងត្រចៀក ឬផ្សិតត្រចៀក គ្រូពេទ្យត្រូវយកអ្នកជំងឺទៅពិនិត្យដោយម៉ាស៊ីន Endoscope ឬ Otoscope លើសពីនេះយើងអាចកៀរ ឬផ្ដិតយកទៅពិនិត្យមើលដោយឧបករណ៍មីក្រូទស្សន៍នៃមន្ទីរពិសោធន៍ (ឧបករណ៍ដែលគេយកទៅកៀរ ឬផ្ដិតនោះគឺឈើ ១ដើម នៅខាងចុងមានសំឡីដាក់ក្នុងទីបមួយបិតជិត ដែលភាសាអង់គ្លេសហៅថា Cotton swabs) ក្នុងគោលបំណងញែកឲ្យដឹងថាជាពពួកផ្សិត ឬបាក់តេរី។ ការព្យាបាលផ្សិតត្រចៀក ក្រោយពីធ្វើរោគវិនិច្ឆ័យបញ្ជាក់ថាជាការបង្ករោគដោយពពួកផ្សិតហើយគ្រូពេទ្យនឹងធ្វើការសម្អាតត្រចៀករបស់អ្នកជំងឺឲ្យស្អាតទើបឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំ។ ប្រភេទថ្នាំទាំងនោះអាចខុសៗគ្នាតាមកម្រិតភាពធ្ងន់ ឬស្រាលរបស់អ្នកជំងឺ ដូចជា ថ្នាំតំណក់សម្រាប់បន្តក់ក្នុងត្រចៀកឈ្មោះ Clotrimazol ១% បន្តក់ម្ដង ២-៣តំណក់ ១ថ្ងៃ ២-៣ដង រយៈពេល ១៤ថ្ងៃ ឬជាថ្នាំ Fluconazol, Econazol ថ្នាំលេប Itraconazol ១០០មិល្លីក្រាម លេប ១គ្រាប់ ១ដង រយៈពេល ២សប្តាហ៍។ ប្រសិនអ្នកជំងឺពុំទទួលបានការព្យាបាលទាន់ពេលវេលា ឬព្យាបាលមិនត្រឹមត្រូវនោះផលប៉ះពាល់ធ្ងន់ធ្ងរអាចនឹងកើតមានឡើងដូចជារលាកត្រចៀក និងរហែកក្រដាសត្រចៀកប៉ះពាល់ដល់ការស្តាប់ជាដើម។ យុទ្ធសាស្ត្រការពារពីផ្សិតនៅត្រចៀក • សម្រាប់អ្នកប្រើឧបករណ៍ជំនួយក្នុងការស្តាប់ត្រូវសម្អាតដៃ និងយកសំឡីអាល់កុលជូតឧបករណ៍មុនពេលពាក់ • ចៀសវាងការពាក់កាស ឬបើពាក់ត្រូវលាងសម្អាតដៃមុនពេលពាក់ • ចៀសវាងការប្រើសម្ភារៈមិនស្អាតលូកចូល ឬត្បារក្នុងត្រចៀក • កាត់បន្ថយ ឬចៀសវាងការកាត់សក់ ហើយសម្អាតត្រចៀកនៅតាមហាងដែលប្រើសម្ភារៈបន្តគ្នា • ចំពោះកីឡាករ ឬអ្នកចូលចិត្តហែលទឹក ត្រូវការពារកុំឲ្យត្រចៀកប៉ះផ្ទាល់ជាមួយទឹក ដោយប្រើឧបករណ៍ពាក់ត្រចៀកពេលហែល ឬពាក់មួកបិតដល់ត្រចៀកជាដើម។ សម្រាប់អ្នកប្រកបវិជ្ជាជីវសុខាភិបាល សូមត្រួតពិនិត្យឲ្យបានម៉ត់ចត់ ឬបញ្ជូនអ្នកជំងឺមកកាន់ផ្នែកឯកទេសត្រចៀក ច្រមុះ បំពង់កដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ ថាបង្កពីផ្សិតឬបាក់តេរី មុនពេលផ្តល់វេជ្ជបញ្ជាដល់អ្នកជំងឺ។ ចំពោះប្រជាជន សូមកុំព្យាយាមយកសម្ភារៈ ឬឧបករណ៍ណាមួយមកត្បារ ឬកេះក្នុងត្រចៀកដាច់ខាត ហើយសូមមកប្រឹក្សាជាមួយគ្រូពេទ្យឯកទេសត្រចៀកច្រមុះ បំពង់ក។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត កៅ សែ នាយផ្នែកត្រចៀក ច្រមុះ បំពង់កនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ឈឺក្បាលយូរ គួរគិតដល់បញ្ហាអ្វីខ្លះទៅ? ឬឲ្យតែឈឺក្បាលយូរ សុទ្ធតែជាជាជំងឺប្រកាំងមែនទេ? ដើម្បីស្រាយចង្ងល់នូវសំណួរទាំងនេះអត្ថបទខាងក្រោម អាចជាចម្លើយសម្រាប់មិត្តអ្នកអានទាំងឡាយបាន… សំណួរ៖ ខ្ញុំបាទអាយុ២៣ឆ្នាំ ភេទប្រុស កម្ពស់១ម៉ែត្រ៦២ ទម្ងន់៥៥គីឡូក្រាម មុខរបរជា និស្សិត។ រយៈពេល២ឆ្នាំកន្លងមកនេះ ខ្ញុំមានអាការៈឈឺក្បាល គេងមិនសូវលក់ និងហេវហត់ ជាខ្លាំង ហើយភាគច្រើនខ្ញុំតែងតែស្វែងរកការ ព្យាបាលដោយការប្រើថ្នាំឈឺក្បាល ឬផ្តាសាយ ប៉ុណ្ណោះ។ ខ្ញុំបាទចង់សួរទៅកាន់លោកវេជ្ជបណ្ឌិតថា ការឈឺក្បាលរយៈពេលយូរបែបនេះនឹងប៉ះពាល់ដល់ខួរក្បាលខ្ញុំដូចម្តេចខ្លះ? តើគួរតែព្យាបាលបែបណា ទើបមានប្រសិទ្ធភាព? តើនេះជា ជំងឺប្រកាំង ឬយ៉ាងណា? ចម្លើយ៖ ទាក់ទងនឹងកត្តាឈឺក្បាល និងការហេវហត់ត្រូវពិនិត្យមើលលើសុខភាពទូទៅ ថាមានខ្វះគ្រាប់ឈាមក្រហម គ្រាប់ឈាមមិនមានមេរោគ បានចាក់ថ្នាំបង្ការគ្រប់ចំនួន។ ទោះជាយ៉ាង ណាក៏ដោយ ប្រសិនបើមិនមានអាការៈជំងឺផ្សេង ទៀតទេ ព្រមទាំងធ្វើតាមបទដ្ឋានត្រឹមត្រូវហើយ នៅតែឈឺក្បាលទៀត ដូចនេះត្រូវចោទសួរថាតើការឈឺក្បាលបណ្តាលមកពីមូលហេតុអ្វី? ការឈឺក្បាលរយៈពេលយូរ មានលក្ខណៈឈឺបាត់ៗ តែមិនមានភាពធ្ងន់ធ្ងរអ្វីទេ ការឈឺនេះអាចទាក់ ទងនឹងអារម្មណ៍ច្រើនជាង។ បើមានជាដុំសាច់ផ្សេងៗក្នុងខួរក្បាល ឬការប៉ះពាល់ដល់ប្រព័ន្ធ ប្រសាទ វាមិនប្រាកដថាមានតែឈឺក្បាលមួយមុខទេ អាចមានលេចចេញជាសញ្ញាផ្សេងៗទៀត ដូចជាមិនអាចកម្រើកដៃ ឬជើងបាន រឹងក ឡើងកម្តៅ ស្ពឹក ប៉ះពាល់លើភ្នែក ឬត្រចៀកជាដើម។ បើសិនជាប្រកាំង ការឈឺត្រូវមានលក្ខណៈពិសេសដូចជាឈឺមួយចំហៀង ឆ្វេង ឬស្តាំ រយៈពេលឈឺតិចជាង ៧២ ម៉ោង ហើយការឈឺមាន ពេលវេលាច្បាស់លាស់ និងមានអាការៈក្អួតចង្អោរ ស្រវាំងភ្នែកជាដើម។ ប៉ុន្តែការជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត ផ្នែកប្រព័ន្ធសរសៃប្រសាទ ខួរក្បាល និងសរសៃប្រសាទ ដើម្បីធ្វើរោគវិនិច្ឆ័យ ឲ្យបានត្រឹមត្រូវទើបជាការប្រសើរ។ បកស្រាយដោយ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល នាយផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Top