វិធីសាស្រ្តថែទាំទារកទើបនឹងកើតសម្រាប់អ្នកជំនាញ
ទារកនៅក្នុងផ្ទៃត្រូវការការថែទាំមួយផ្នែកសម្រាប់ធានាការលូតលាស់ឲ្យបានពេញលេញ និងរង់ចាំដល់ពេលវេលាក្នុងការសម្រាល ដោយឡែកអំឡុងពេលសម្រាល និងក្រោយពេលសម្រាល ទារកក៏ត្រូវការការថែរក្សាមួយផ្នែកផ្សេងទៀតដើម្បីឲ្យទារកទទួលបានសុខភាពល្អចាប់តាំងពីថ្ងៃដំបូងនៃពេលកើត។
ជាក់ស្ដែងការរៀបចំទុកជាមុនជាកាតព្វកិច្ចចម្បងសម្រាប់អ្នកជំនាញក្នុងការសម្រាល ដោយអ្នកអាចស្វែងយល់បានតាមរយៈអត្ថបទខាងក្រោម៖
ការរៀបចំមុនសម្រាល និងអំឡុងពេលសម្រាល
តាមពិតការរៀបចំសម្ភារៈមុនសម្រាលគឺមានអត្ថប្រយោជន៍ខ្លាំងរហូតដល់មានសុភាសិតមួយឃ្លាបានពោលថា “ការថែទាំទារកបានល្អចាប់ផ្តើមពីការរៀបចំល្អ”។ សម្ភារៈដែលត្រូវរៀបចំមានដូចជា៖
• ស្រោមដៃស្តេរីល ២គូ
• ក្រណាត់ស្អាត ២ ឬ ៣
• បាឡុងសប់ និងម៉ាស់
• ប្រដាប់បូមស្លេស្ម
• ដង្គៀបគាបផ្ចិតស្តេរីល
• រមូលក្រណាត់ទុកកល់កទារក
• ខោអាវ មួក ស្រោមដៃ និងស្រោមជើង។
ការលាងដៃគឺ មានសារៈសំខាន់បំផុតមុនពេល និងក្រោយពេលចាប់កាន់ទារក ព្រោះវាអាចកាត់បន្ថយហានិភ័យក្នុងការចម្លងរោគបាន។ ពេលទារកកើតភ្លាម ត្រូវដាក់ទារកផ្កាប់លើពោះម្តាយ និងបែរមុខចេញ ហើយកត់ពីពេលវេលាកំណើត។
ក្នុងអំឡុងពេល ៣០វិនាទីដំបូងត្រូវ៖
• ជូតសម្ងួតទារកឲ្យស្ងួតចាប់ពីមុខ ត្រចៀក ភ្នែក និងក្បាល បន្ទាប់មកដងខ្លួន ដៃ និងជើង
• ពិនិត្យពីការដកដង្ហើមរបស់ទារកក្នុងអំឡុងពេលជូតសម្ងួត
• យកចេញនូវខោអាវសើម។ ត្រូវចាំថាមិនមានការបូមស្លេស្មទេ បើទារកមិនមានស្លេស្ម និងមិនត្រូវសប់បញ្ចូលខ្យល់ទេ បើទារកនៅដកដង្ហើម និងមិនទន់អវយវៈ
• បើក្រោយពេលសម្ងួត ៣០វិនាទីហើយ ទារកមានដង្ហើម និងស្រែកយំត្រូវ៖
+ ដាក់ទារកគេងផ្កាប់លើពោះម្តាយ ឬទ្រូង សាច់ប៉ះសាច់ (Skin-to-skin) គ្របខ្លួនទារកជាមួយភួយ និងក្បាលទារកជាមួយមួក
+ ដាក់កាតសម្គាល់ឈ្មោះលើដៃ ឬកជើងទារក។
+ រៀបចំធ្វើ APGAR SCORE
+ ចាក់វីតាមីន K ឲ្យទារក ១មិលី្លក្រាមតាមសាច់ដុំ
+ ទុកឲ្យទងផ្ចិតស្ងួត និងស្អាត
+ ឲ្យថ្នាំអង់ទីប៊ីយូទិកប្រភេទតំណក់ ឬពោម៉ាត (Tetracycline Eye Ointment) បន្តក់ភ្នែកទារកទាំងសងខាងយោងតាមពិធីការថ្នាក់ជាតិ។
ក្នុងពេល ១ទៅ៣នាទីក្រោយ ទាក់ទងនឹងការគាបទងផ្ចិត៖
• ដោះស្រោមដៃមួយគូចេញ
• គាបទងផ្ចិតក្រោយពេលដែលបាត់ជីបចរលោត លើផ្ចិត និងទងផ្ចិតរួមតូចហើយពណ៌សស្លេក
• ការគាបគឺ ទុកចន្លោះប្រហែល ២ ទៅ៥សង់ទីម៉ែត្រពីពោះទារក
• ពេលកាត់ហើយមិនត្រូវយកអ្វីមកបិទទេ ទុកឲ្យទងផ្ចិតចំហរ។
ការតាមដាន និងថែទាំក្រោយពេលសម្រាល
ចៀសវាងងូតទឹកឲ្យទារករយៈពេល ២៤ម៉ោងបន្ទាប់ពីសម្រាល ពីព្រោះ៖
• ការងូតទឹកអាចឲ្យទារកចុះកម្តៅរាងកាយ (Hypothermia)
• សារធាតុសស្អិតៗលើទារក (Vernix) មានតួនាទីការពារទារកពីបាក់តេរី និងការចុះថយកម្តៅរាងកាយ។
ក្រោយសម្រាល ១ម៉ោងត្រូវតាមដានម្តាយ និងទារក៖
• មិនត្រូវទុកឲ្យម្តាយនិងទារកនៅតែឯងទេ
• ទុកឲ្យម្ដាយ និងទារកនៅក្នុងបន្ទប់សម្រាល
• កត់ត្រាពី ថ្នាំ ការព្យាបាល និងវិធីនៃការសម្រាល
• ពិនិត្យទារករាល់ ១៥នាទីម្តងពីការដកដង្ហើម និងកម្តៅ
• ធ្វើការពិនិត្យរាងកាយទារកជាប្រចាំពី៖
+ ទម្ងន់ទារក (Weight)
+ ប្រវែងទារក (Length)
+ ទំហំក្បាលទារក (Occipitofrontal Circumference)។
• ការប៉ះផ្ទាល់ស្បែក និងស្បែក (Skin to skin contact) និងការបំបៅដោះដំបូង (Initiation of breastfeeding)៖
+ ចាប់ផ្តើមដំបូងទារកនឹងចង់សម្រាក
+ ការសម្រាកអាច ៣០ទៅ៤០នាទីមុនពេលទារកបញ្ចេញសញ្ញាចង់បៅ (Feeding Cues) ដែលសញ្ញានោះមានដូចជា៖ បើកមាត់ លៀនអណ្តាត លិឍបបូរមាត់ បែរក្បាលងាកទៅរកដោះម្តាយ។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ