ការសម្រេចចិត្ត
គ្រប់វិនាទី សុទ្ធសឹងតម្រូវឲ្យយើងធ្វើការសម្រេចចិត្ត! គ្រាន់តែការសម្រេចចិត្តនេាះធំឬក៏តូច...
ការសម្រេចចិត្តមានតាំងពីរឿងសាមញ្ញដូចជា ព្រឹកឡើងនាឡិការោទិ៍ភ្លាម យើងត្រូវធ្វើការសម្រេចចិត្តថាគួរងើបភ្លាម ឬចុចបិទនាឡិកាហើយគេងបន្ត។ ងើបមកឃើញមេឃខ្មៅងងឺត យើងត្រូវសម្រេចចិត្តថាគួរទៅហាត់ប្រាណឬក៏អត់ ... ហើយមានការសម្រេចចិត្តបន្តបន្ទាប់ដូចជាគួររៀនបន្ត ឬបេាះបង់ការសិក្សាហើយរកការងារធ្វើ គួរវិនិយោគឬមិនគួរ រហូតដល់ការសម្រេចចិត្តដែលប៉ះពាល់ដល់អាយុជីវិតដូចជាពេលមានបញ្ហាសុខភាពធ្ងន់ធ្ងរអ្វីមួយគួរទៅមន្ទីរពេទ្យណា គួរវះឬមិនគួរ ជាដើម។ ហេតុដូច្នេះហើយ ក្នុងឆាកជីវិតនេះមិនអាចចៀសផុតពីការសម្រេចចិត្តឡើយ ដែលការសម្រេចចិត្តនីមួយៗបានផ្តល់ជាលទ្ធផលមួយវិជ្ជមាន ឬអវិជ្ជមាន ហើយជានិច្ចជាកាលនៅពេលដែលយើងធ្វើការសម្រេចចិត្តខុស យើងនឹងមានវិប្បដិសារី។ ជួនកាល យើងរវល់នឹងការងារ ឬសប្បាយនឹងមិត្តភក្តិ ហើយភ្លេចឪពុកម្តាយនៅផ្ទះ រហូតដល់គាត់ធ្លាក់ខ្លួនឈឺ ហើយលាចាកលោក ទើបយើងមានវិប្បដិសារី ទាំងនេះសុទ្ធតែកើតចេញពីការសម្រេចរបស់យើងម្នាក់ៗ។
តែទេាះជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់អាចសម្រេចចិត្តត្រូវជានិច្ចនេាះទេ ជានិច្ចជាកាលយើងតែមានស្នាមខ្មៅដិតជាប់អារម្មណ៍របស់យើងដោយសារយើងគិតថា យើងបានសម្រេចចិត្តខុស ដូចជាប្រសិនបើខ្ញំុនៅផ្ទះ គាត់ប្រហែលជាមិនមានបញ្ហាទេ។ ប៉ុន្តែពេលខ្លះវាក៏អាចជាព្រហ្មលិខិតដែរ សង្ខារមនុស្សមិនទៀង រឿងខ្លះវាបានកើតឡើងរួចទៅហើយ ទេាះអង្គុយសោកស្តាយក៏បានត្រឹមតែបំបាក់ទឹកចិត្តខ្លួនឯងតែប៉ុណ្ណេាះ! តែអ្វីដែលសំខាន់គឺបច្ចុប្បន្ន និងអនាគត តើយើងកំពុងធ្វើអ្វី? តើអ្វីដែលយើងធ្វើ នឹងធ្វើឲ្យយើងមានវិប្បដិសារីដែរឬទេ? គេថាកំហុសចាស់ចាត់ទុកជាមេរៀន ហើយភាពឈឺចាប់ឲ្យវារសាត់តាមខ្យល់ទៅចុះ តែសំខាន់យើងត្រូវព្យាយាមឲ្យអស់ពីសមត្ថភាពចំពេាះអ្វីដែលយើងកំពុងធ្វើ។
ដូច្នេះហើយ ក្រឡេកមើលមនុស្សជំុវិញខ្លួនយើង អ្វីទាំងអស់ជំុវិញខ្លួនយើង គោលដៅដែលយើងចង់សម្រេចបាន ហើយដើរឆ្ពេាះទៅមុខដោយភាពរីករាយជាមួយមនុស្សដែលយើងស្រឡាញ់ និងមនុស្សដែលស្រឡាញ់យើង។ ឆាកជីវិតមិនដឹងថ្ងៃណាយើងត្រូវស្លាប់បាត់នេាះទេ ដូច្នេះហើយអ្វីដែលគួរធ្វើគឺមិនត្រូវរង់ចាំទេ! ធ្លាប់លឺគេថា ពេលខ្ញំុរមានលុយ ខ្ញំុនឹងនាំប៉ាម៉ាក់ខ្ញំុដើរលេង ខ្ញំុនឹងធ្វើនេះធ្វើនេាះ តែអ្នកត្រូវចាំថា ពេលដែលអ្នកដើរដល់គោលដៅណាមួយ មិនប្រាកដថាអ្នកដែលអ្នកចង់ឲ្យឃើញ នឹងឃើញនេាះទេ ប្រហែលជាពួកគាត់លែងមានឱកាសឃើញទៀតទេ។ ជីវិតជាដំណើរ មិនមែនជាគោលដៅនេាះទេ ហើយដំណើរត្រូវតែមានអ្វីពួកគាត់ មានតិចធ្វើតិច មានច្រើនធ្វើច្រើន គាត់នឹងសប្បាយចិត្ត ហើយយើងក៏សប្បាយចិត្ត។ នេះគ្រាន់តែជា ឧទាហរណ៍មួយតែប៉ុណ្ណេាះ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងមិនអង្គុយពិបាកចិត្តចំពេាះអ្វីដែលកន្លងផុតហើយ និងដើរសម្លឹងទៅមុខដោយភាពរីករាយ មឺុងម៉ាត់ និងធ្វើការសម្រេចចិត្តដែលមិនធ្វើឲ្យអ្នកមានវិប្បដិសារីនាពេលអនាគត!
ពេលអ្នកមានវិប្បដិសារី ចំពេាះអ្វីដែលធ្លាប់សម្រេចចិត្តខុស តើអ្នកធ្វើដូចម្តេចដើម្បីលើកទឹកចិត្តខ្លួនឯង?