ក្លាយជាឱសថការីដោយសុវត្ថិភាព
"Official pharmacist! ជយោ! ក្លាយជាឱសថការីជាផ្លូវការហើយ" មិត្តខ្ញុំជាច្រើន ក្នុងនោះក៏មានខ្ញុំម្នាក់ដែរដែលផុស status បែបនេះនៅថ្ងៃចេញលទ្ធផលប្រលងថ្នាក់ជាតិ។ និយាយពីថាពេលកំពុងរៀនមានអារម្មណ៍ថាយូរណាស់បន់ឲ្យតែចប់ឆាប់ៗ ប៉ុន្តែដល់ពេលរៀនចប់ហើយបែរជាមានអារម្មណ៍ថា ប្រាំឆ្នាំហាក់ដូចជាលឿនដល់ហើយ ទើបតែចូលរៀនម្ងៃនោះសោះ។ អរក៏អរ សប្បាយក៏សប្បាយ តែក្នុងពេលជាមួយគ្នាក៏ភ័យបុកពោះតិចៗដែរ ពីព្រោះថារៀនចប់ហើយ ប្រលងចេញក៏ចប់ដែរ ពួកម៉ាករួមជំនាន់មួយភាគធំក៏មានការងារធ្វើអស់ហើយ អ្នកខ្លះក៏មានគ្រួសារ នៅឡើយតែខ្ញុំ អត់ដឹងកោះត្រើយនៅទីណាទេ។ ហ៊ើយ! T.T
និយាយតាមត្រង់ ការបញ្ចប់ការសិក្សានេះចំពោះខ្ញុំ គឺជាការបញ្ចប់នូវជំពូកមួយក្នុងជីវិតហើយក៏ជាពេលដែលត្រូវចាប់ផ្ដើមជំពូកថ្មីមួយទៀត និងត្រូវបន្តដំណើរទៅមុខមួយជំហានទៀតដែរ។ បទពិសោធន៍របស់ខ្ញុំដែលកន្លងទៅថ្មីៗក្នុងនាមជានិសិត្សឱសថសាស្រ្តនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលអាចចាត់ទុកបានថាជាផ្នែកមួយនៃជីវិតរបស់ខ្ញុំដែលមិនអាចបំភ្លេចបាន។ ទោះបីជារយៈពេល៥ឆ្នាំកន្លងមកនេះ មាននូវការលំបាកនិងឧបសគ្គជាច្រើនក្តី ជួនកាលពេលខ្លះសឹងតែយកសៀវភៅទៅស្ងោរដាំទឹកផឹក ពេលខ្លះវិញឃើញតែមេរៀនត្រូវមើលពេលប្រលងចង់ដាច់ផ្ងារ ថ្ងៃខ្លះដាច់យប់ផងក៏មាន លេបថ្មលេបគ្រោះ ក៏ខ្ញុំនៅតែខំប្រឹងប្រែងតស៊ូទាំងត្រដាបត្រដួស រហូតទទួលបានជោគជ័យនិងលទ្ធផលល្អ។ ម៉្យាងទៀតគិតសព្វៗទៅ ខ្ញុំពិតជាមានសំណាងណាស់ដែលបានជួបមនុស្សល្អជាច្រើននៅក្នុងដំណើរជីវិតនេះ។ ការរៀននៅសាលាបានផ្ដល់នូវចំណេះដឹង និងជំនាញដែលអាចឲ្យខ្ញុំប្រកបរបរចិញ្ចឹមជីវិតបាន ប៉ុន្តែបើគិតឲ្យដល់ទៅ របស់សំខាន់ដែលខ្ញុំបានពាំនាំមកជាមួយបន្ទាប់ពីបញ្ចប់កាសិក្សានោះគឺមិត្តភាព។ ថ្ងៃក្រោយខ្ញុំសង្ឃឹមថាមិត្តភាពមួយនេះនឹងនៅស្ថិតស្ថេរយូរអង្វែងជារៀងរហូត។
មកដល់ថ្ងៃនេះមានមនុស្សជាច្រើនដែលខ្ញុំចង់និយាយប្រាប់ថាអរគុណ។ ជាដំបូងសូមអរគុណម៉ាក់ នឹងប៉ា បងស្រី បងប្រុសជាទីស្រលាញ់របស់ខ្ញុំដែលបានចិញ្ចឹមបីបាច់នឹងតែងតែលើកទឹកចិត្ត។ ជាពិសេសគុណបំណាច់ដែលមិនអាចបំភ្លេចបានគឺ សូមអរគុណទៅកាន់លោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងផ្តល់ជាដំបូន្មានទាក់ទងទៅនឹងវិជ្ជាជីវៈ ក៏ដូចជាបទពិសោធន៍ជីវិតផ្សេងៗ។ មួយវិញទៀតសូមអរគុណដល់សិស្សច្បង និងអ្នកដែលស្គាល់ទាំងអស់ដែលបានជួយប្រឹក្សាយោបល់និងផ្តល់ដំបូន្មានល្អៗ។ ក្នុងនោះដែរក៏សូមអរគុណទៅកាន់ពួកម៉ាកមហាមិត្តទាំងអស់ដែលតែងតែចែករំលែក ផ្តល់អនុស្សាវរីយ៍ ការចងចាំល្អៗ ញាុំត្រាវ និងរួមសុខទុក្ខជាមួយគ្នាកន្លងមក។ ជាចុងក្រោយចង់និយាយថាស្រលាញ់មិត្តភក្តិទាំងអស់គ្នា។
I did it, i repeat I DID it!