អាការៈដែលអាចបញ្ជាក់ថាស្រ្តីមានគភ៌

ជាទូទៅ មធ្យោបាយដើម្បីដឹងថាមានផ្ទៃពោះគឺ ប្រាកដណាស់ថាជាការធ្វើតេស្ត។ ទន្ទឹមនឹងនេះ យើងក៏អាចសម្គាល់ទៅលើរោគសញ្ញាដំបូងមួយ ចំនួនរបស់ស្រ្តីដែលកំពុងមានផ្ទៃពោះផងដែរ។ 

ការមានផ្ទៃពោះតែងតែស្តែងចេញនូវរោគសញ្ញាផ្សេងៗគ្នាពីស្រ្តីមា្នក់ទៅស្រ្តីម្នាក់ ហើយពីកូនដំបូងទៅកូនបន្ទាប់។ ដោយរោគសញ្ញាខ្លះវាតែងតែ កើតឡើងរួចទៅហើយក្នុងអំឡុងពេលដែលស្រ្តីមានរដូវ ដែលធ្វើឲ្យមានការពិបាកក្នុងការកត់សម្គាល់។ រោគសញ្ញាមួយចំនួនទៀតសោត ក៏អាច មានលក្ខណៈស្រដៀងទៅនឹងអាការៈជំងឺមួយចំនួនទៀតផង។ វាអាចបណ្តាលអោយច្រឡំគ្នាទៅនឹងការមានផ្ទៃពោះ។ ដូច្នេះ មធ្យោបាយ​ដែលពិត ប្រាកដ នៅតែជាការធ្វើតេស្តដដែល។ ខាងក្រោមនេះគឺជារោគសញ្ញាដែលតែងតែកើតមានចំពោះស្រ្តីមានផ្ទៃពោះ៖

ការធ្លាក់ឈាម និងឈឺចាប់
រយៈពេល ២ ឬ ៣ ថ្ងៃបន្ទាប់ពីការបង្កកំណើត ស៊ុតចាប់ផ្តើមរំកិលខ្លួនទៅក្នុងតួស្បូន និងធ្វើការកាច់សំបុក។ វាក៏បានស្តែងចេញនូវរោគសញ្ញា ដំបូង គឺមានការឈឺចាប់តិចតួច និងការធ្លាក់ឈាមតិចៗ (implantation bleeding)ដែលធ្វើឲ្យមានការច្រឡំទៅនឹងការមករដូវរបស់ ស្រ្តី។  វាកើតឡើងគ្រប់ពេលចន្លោះពីថ្ងៃទី ៦ទៅ ១២ ក្រោយការកាច់សំបុក។ ដោយសារមានការឈឺចាប់តិចៗ និងការធ្លាក់ឈាមមានតិចតួច ដែលធ្វើឲ្យស្រ្តីទូទៅគិតថាជាការមករដូវ។ ក្រៅពីការធ្លាក់ឈាម ស្រ្តីគួរតែសម្គាល់ទៅលើទឹករំអិលពណ៌ ស អន្លាយៗដែលហូរចេញពីទ្វារមាសដែល បញ្ជាក់ពីការរីកក្រាស់របស់ជញ្ជាំងស្បូន។ វាកើតឡើងតាំងពីពេលមានការកាច់សំបុក ហើយការរីកក្រាស់របស់កោសិកាជញ្ជាំងស្បូនបង្កើតឲ្យមាន ជាតិទឹករំអិលពណ៌ ស (ធ្លាក់ស) ។ ទឹករំអិលនេះទៀតសោត កើតមានជានិច្ចក្នុងអំឡុងពេលមានផ្ទៃពោះ និងមិនបង្កឲ្យមានបញ្ហាអ្វីនោះទេ ហើយក៏មិនត្រូវធ្វើការព្យាបាលអ្វីដែរ។ ប៉ុន្តែ ប្រសិនបើទឹករំអិលនេះមានក្លិនមិនល្អ បង្កឲ្យមានអារម្មណ៍រមាស់ និងរលាកត្រូវទៅជួបគ្រូពេទ្យដើម្បី បញ្ជាក់ពីមូលហេតុដែលបង្ក អាចមកពីផ្សិត ឬបាក់តេរី។ 

ការប្រែប្រួលទំហំដើមទ្រូង
ការប្រែប្រួលទំហំដើមទ្រូងជាសញ្ញាមួយផ្សេងទៀតដែលអាចបញ្ជាក់ពីការមានផ្ទៃពោះ។ ការកើនឡើងនូវកម្រិតអ័រម៉ូនរបស់ស្រ្តីយ៉ាងឆាប់រហ័ស បន្ទាប់ពីមានការបង្កកំណើត ធ្វើឲ្យទំហំដើមទ្រូងមានការរីកធំ ឈឺស្រគៀល និងតឹងណែន ហើយមានអារម្មណ៍ធ្ងន់ៗ។ ចំណែកចុងសុដន់ប្តូរពី ពណ៌ត្នោតទៅជាពណ៌ក្រម៉ៅ។ វាតែងតែកើតឡើងនៅសប្តាហ៍ទី១ ឬ២ បន្ទាប់ពីការបង្កកំណើត។ បើការប្រែប្រួលនេះជាសញ្ញាដំបូងនៃការមាន ផ្ទៃពោះ អាការៈត្រូវមានរយៈពេល ២ទៅ ៣សប្តាហ៏ដើម្បីស៊ាំនឹងការកើតឡើងនូវកម្រិតអ័រម៉ូននេះ។ ប៉ុន្តែ បើអាការៈនៅតែបន្ត យើងគួរតែជួប គ្រូពេទ្យ។

ភាពល្ហិតល្ហៃ
ភាពល្ហិតល្ហៃតែងតែកើតមានឡើងចំពោះស្រ្តីមានផ្ទៃពោះ ចាប់តាំងពីសប្តាហ៍ដំបូងនៃការបង្កកំណើត។ វាកើតឡើងដោយសារតែអ័រម៉ូន (progesterone) មានកម្រិតខ្ពស់ហើយក៏អាចបណ្តាលមកពីបញ្ហាផ្សេងទៀតដូចជា ខ្វះជាតិស្ករក្នុងឈាម សម្ពាធឈាមចុះទាប និងការ ផលិតគ្រាប់ឈាមមិនគ្រប់គ្រាន់។ ប្រសិនបើភាពល្ហិតល្ហៃជាសញ្ញានៃការមានផ្ទៃពោះ យើងគប្បីសម្រាកឲ្យបានច្រើន និងញុំាអាហារដែលសម្បូរ ដោយប្រូតេអ៊ីន និងសារធាតុដែក។

ក្អួតចង្អោរ (ពេលព្រឹក)
ការក្អួតចង្អោរគឺជាសញ្ញាញឹកញាប់ដែលកើតមានឡើងចំពោះស្រ្តីនៅអំឡុងពេលមានផ្ទៃពោះ។ ប៉ុន្តែវាមិនបានកើតឡើងគ្រប់ស្រ្តីមានផ្ទៃពោះនោះ ទេ។ មិនមានមូលហេតុច្បាស់លាស់ណាមួយដែលបញ្ជាក់ពីការក្អួតចង្អោរនេះទេ ប៉ុន្តែវាអាចបង្កដោយអ័រម៉ូនអំឡុងពេលមានផ្ទៃពោះតែប៉ុណ្ណោះ។
ការក្អួតចង្អោរតែងតែកើតមានគ្រប់ពេលទាំងអស់ ប៉ុន្តែភាគច្រើនគឺនៅពេលព្រឹក។ ស្រ្តីមួយចំនួនអាចទ្រាំទ្របាន និងមួយចំនួនទៀតមិនអាច ទ្រាំទ្របានទេអាស្រ័យលើរបបអាហារពេលដែលគាត់ញុំាក្នុងអំឡុងពេលមានផ្ទៃពោះ។ អាការៈនេះអាចបាត់ទៅវិញនៅសប្តាហ៍ទី១៣ ឬ១៤ (៣ ខែ ទៅ ៣ខែកន្លះ)។ ក្នុងអំឡុងពេលនេះ ស្រ្តីទាំងអស់គប្បីញុំាអាហារណាដែលល្អចំពោះសុខភាព អាចឲ្យទារកលូតលាស់បានល្អ និងទទួលបាន នូវសារជាតិចិញ្ចឹមគ្រប់គ្រាន់។ ក្នុងករណីនេះ ស្រ្តីគួរទៅជួបគ្រូពេទ្យដើម្បីពិភាក្សាពីរឿងនេះ។

ការបាត់រដូវ
ការបាត់រដូវគឺជាសញ្ញាទី ១ ដែលជាក់លាក់របស់ស្រ្តីអាចបញ្ជក់ថាមានផ្ទៃពោះយ៉ាងពិតប្រាកដ។ ប៉ុន្តែមិនមានន័យថាការបាត់រដូវ ឬរដូវមកយឺត ទាំងអស់សុទ្ធតែជាមូលហេតុនៃការមានផ្ទៃពោះនោះទេ។ ស្រ្តីមួយចំនួនក៏អាចជួបប្រទះនឹងការធ្លាក់ឈាមក្នុងអំឡុងពេលមានផ្ទៃពោះនេះដែរ។ ប្រសិនក្នុងករណីនេះ ស្រ្តីគួរតែទៅជួបគ្រូពេទ្យដើម្បីយល់ដឹងពីមូលហេតុនៃការធ្លាក់ឈាមនេះ ថាតើវាជាការធ្លាក់ឈាមធម្មតាឬក៏ជាសញ្ញា អាសន្ន។ ចំពោះការបាត់រដូវនេះក៏មានមូលហេតុផ្សេងទៀតផងដែរក្រៅពីការមានផ្ទៃពោះ ដូចជាការឡើងគីឡូ ឬស្រកគីឡូពេក បញ្ហា បម្រែបម្រួលអ័រម៉ូន ភាពល្ហិតល្ហៃ ស្រេ្តសជាដើម។ ការបាត់រដូវនេះក៏អាចបណ្តាលមកពីស្រ្តីដែលធ្លាប់លេបថ្នាំពន្យារកំណើត ប៉ុន្តែបានផ្អាកការ លេបថ្នាំវិញ។

សញ្ញាដំបូងផ្សេងៗទៀត៖
-ការនោមញឹក ៖ ស្រ្តីតែងតែមានអាការៈនេះនៅចន្លោះសប្តាហ៍ទី ៦-៨ បន្ទាប់ពីមានការបង្កកំណើត ដោយសារការកើនឡើងនូវកម្រិតអ័រម៉ូន។ ប៉ុន្តែវាក៏អាចបណ្តាលមកពីបញ្ហាផ្សេងទៀតផងដែរដូចជា ការរលាកផ្លូវនោម ជំងឺទឹកនោមផ្អែម ការប្រើប្រាស់ថ្នាំបញ្ចុះទឹកនោមហួសកំណត់។

-ការទល់លាមក ៖ អំឡុងពេលមានផ្ទៃពោះ កម្រិតអ័រម៉ូន (progesterone) កើនឡើងខ្ពស់ អាចបណ្តាលឲ្យមានការទល់លាមក។ ដូចនេះ ដើម្បីបន្ធូរបន្ថយរោគសញ្ញានេះ ត្រូវញុំាទឹកឲ្យបានច្រើន ញុំាអាហារដែលសំបូរជាតិសរសៃ (fiber) និងការធ្វើហាត់ប្រាណ។

-ការផ្លាស់ប្តូរអារម្មណ៏ ៖ វាតែងតែកើតឡើងក្នុងអំឡុងពេលត្រីមាសទី១ (៣ខែដំបូង) នៃការមានផ្ទៃពោះដោយសារមានការកើនឡើងនូវ កម្រិតអរម៉ូន។

-ឈឺក្បាល និងឈឺខ្នង ៖ ស្រ្តីមានផ្ទៃពោះមួយចំនួនតែងតែមានអាការៈឈឺក្បាល និងមួយចំនួនទៀតមានអាការៈឈឺខ្នងចង្កេះ។

-វិលមុខ និងសន្លប់ ៖ អាការៈនេះតែងកើតឡើងដោយសារបញ្ហាសម្ពាធឈាមទាប ការបញ្ជូនឈាមទៅចិញ្ចឹមកោសិកាយឺត កម្រិតជាតិស្ករ ក្នុងឈាមទាប។

ចំពោះស្រ្តីដែលគ្រប់អាយុរៀបការដែលមានការបាត់រដូវ ឬក៏សញ្ញាទាំងឡាយណាដែលសង្ស័យថាមានផ្ទៃពោះ គប្បីត្រូវទៅជួបគ្រូពេទ្យជំនាញ ដើម្បីធ្វើតេស្តពិនិត្យឲ្យបានជាក់លាក់  ចៀសវាងការប៉ាន់ស្មានដោយគ្មានអំណៈអំណាង។


©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Related Word


Comment

profile.png
Sreylin 9 ខែ មុន

ខ្ញុំមានបញ្ហាមករដូវតិចៗហើយមានព៍ណខ្មៅ តើវាជាបញ្ហាអីទៅបង