រលាកទងសួត៖ បញ្ហាផ្លូវដង្ហើមដែលកើតឡើងញឹកញាប់បំផុត!
សង្ខេបពីកាយវិភាគវិទ្យារបស់សួត
សួត ជាសរីរាង្គស្ថិតនៅក្នុងប្រអប់ទ្រូង ត្រូវបានរុំព័ទ្ធដោយឆ្អឹងជំនី ហើយមាន ២គឺ សួតស្តាំ និងសួតឆ្វេង ដែលសួតខាងឆ្វេងមាន២ក្លែប រីឯសួតខាងស្តាំមាន៣ក្លែប។ សួតនីមួយៗមានបែងចែកចេញជា ១០អង្កត់បន្តទៀត។ សួតមានតួនាទីសម្រាប់ផ្លាស់ប្តូរខ្យល់អុកស៊ីសែនពីមជ្ឈដ្ឋានខាងក្រៅមកក្នុងខ្លួន ហើយបញ្ចេញជាតិពុលពីក្នុងខ្លួនមកក្រៅវិញដូចជា ឧស្ម័នកាបូនិក ឬសារធាតុមួយចំនួនតាមរយៈការដកដង្ហើមចេញ។
និយមន័យជំងឺរលាកទងសួត
ទងសួត ជាសរីរាង្គតភ្ជាប់ពីផ្លូវដង្ហើមផ្នែកខាងលើ ចូលទៅក្នុងសាច់សួតដើម្បីដោះដូរខ្យល់ ហើយទងសួតមាននាទីដឹកនាំឧស្ម័នចេញចូលសួត។ ដូចនេះ ការរលាកទងសួត គឺជាការរលាកនៅនឹងទងសួត ដែលអាចធ្វើឲ្យបាត់បង់មុខងាររបស់ទងសួត។
រោគសញ្ញា
កាលណាទងសួតរលាក វាអាចឡើងហើម រួមជាមួយស្លេស្មកើនឡើង ដែលនឹងធ្វើឲ្យបំពង់ខ្យល់ឆ្លងកាត់ កាន់តែរួមតូចជាងធម្មតាបណ្តាលឲ្យពិបាកក្នុងការដកដង្ហើម រហូតដល់ថប់ដង្ហើមក្នុងករណីខ្លះ។ សញ្ញាខុសប្រក្រតីនៃជំងឺរលាកទងសួតមានដូចជា ឈឺទ្រូងហត់ ក្តៅខ្លួន ក្អក ហៀរសំបោរ។
មូលហេតុ និងកត្តាប្រឈម
មូលហេតុនៃជំងឺរលាកទងសួតដែលគេជួបញឹកញាប់មានដូចជា៖
• បរិយាកាស៖ ដោយសារបម្រែបម្រួលអាកាសធាតុ ឬអាល្លែកហ្ស៊ីជាមួយសារធាតុក្នុងបរិយាកាស
• ពួកវីរុស
• ពពួកបាក់តេរី។
កត្តាដែលធ្វើឲ្យប្រឈមនឹងជំងឺរលាកទងសួតមានដូចជា៖
• កត្តាអាយុ៖ ក្មេង និងមនុស្សចាស់
• កត្តាជំងឺផ្សេងៗ ដូចជា ជំងឺខ្សោយផ្លូវដង្ហើម ជំងឺបេះដូង ជំងឺទឹកនោមផ្អែម។
រោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យនៃជំងឺរលាកទងសួត ត្រូវពឹងផ្អែកលើរោគសញ្ញាគ្លីនិករបស់អ្នកជំងឺដូចជា៖
• ហត់ភ្លាមៗដោយសារទងសួតហើម និងរួមតូច
• ករណីរលាកដោយសារមេរោគ មានសញ្ញា ក្តៅខ្លួន ហៀរសំបោរ ក្អក ហើយចំពោះកុមារពេលដកដង្ហើមអាចមានសំឡេងដែលអាចស្តាប់បានដោយត្រចៀកផ្ទាល់ ឬត្រូវប្រើឧបករណ៍Stethoscope។ ចំពោះអ្នកដែលមានបញ្ហាហឺត អ្នកជក់បារី ហើយក្រិនទងសួត ត្រូវពិនិត្យមុខងាររបស់សួត ហៅថា spirometry ដើម្បីរកមើលទំហំទងសួត និងកម្រិតនៃការត្បៀតរបស់វា។ ករណីសង្ស័យថាបង្កដោយមេរោគ តេស្ត Bronchoscopy ត្រូវបានធ្វើតាមរយៈការស៊កទុយយោចូលក្នុងទងសួត ដើម្បីមើលសភាពជញ្ជាំងរបស់ទងសួត និងយកសំណាកក្នុងនោះមកពិនិត្យ។
ការព្យាបាល និងដំបូន្មាន
គោលបំណងក្នុងការព្យាបាលមាន ២សំខាន់៖
• ព្យាបាលរោគសញ្ញា គឺកាត់បន្ថយអាការៈហត់។
• ព្យាបាលមូលហេតុ ៖ ករណីរលាកទងសួត ដោយអាល្លែកហ្ស៊ី គេប្រើថ្នាំបំបាត់អាល្លែកហ្ស៊ី ឯករណីរលាកទងសួតដោយមេរោគ គេប្រើថ្នាំសម្លាប់មេរោគ។
ករណីរលាកទងសួតដោយសារអាល្លែកហ្ស៊ី អ្នកជំងឺត្រូវបានណែនាំ៖
• ទម្លាប់ពាក់ម៉ាសពេលចេញក្រៅ
• ចៀសវាងទៅកន្លែងដែលមានបរិយាកាសមិនល្អ
• ចៀសវាងផឹកទឹកកក ទឹកត្រជាក់
• ចៀសវាងបរិភោគអាហារហិរ
• ត្រូវត្រឡប់មកជួបគ្រូពេទ្យវិញក្រោយព្យាបាលជា ១ទៅ៣ខែ។
ករណីរលាកដោយសារមេរោគ អ្នកជំងឺត្រូវបានណែនាំឲ្យ៖
• ពាក់ម៉ាស់ ដើម្បីការពារការឆ្លងមេរោគទៅអ្នកដទៃ រីឯសមាជិកគ្រួសារ ឫអ្នកថែរក្សាអ្នកជំងឺគួរពាក់ម៉ាស់ដើម្បីការពារការឆ្លង។
• ចៀសវាងពីអ្នកដែលមានជំងឺនេះ ដើម្បីការពារការឆ្លងមេរោគឡើងវិញ។
ផលវិបាក
ករណីមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវ ទងសួតអាចវិវឌ្ឍទៅរកភាពក្រិននៅពេលចាស់។
ការការពារ
ដើម្បីការពារជំងឺរលាកទងសួត គួរមានវិធានការដូចខាងក្រោម៖
1 គួរពាក់ម៉ាស់នៅរាល់ពេលដែលប្រឈមជាមួយបរិយាកាសមិនល្អ ឬការដូរអាកាសធាតុ
2 ពាក់ម៉ាស់នៅរាល់ពេលជួបប្រាស្រ័យជាមួយអ្នកជំងឺរលាកផ្លូវដង្ហើម។
3 បញ្ឈប់ការជក់បារី។
បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត នី ចន្ទី ប្រធានផ្នែកជំងឺសួតនៃមន្ទីរពេទ្យព្រះកុសុមៈ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ