អាថ៌កំបាំងនៃពេលសាកល្បងសមត្ថភាព(Probation) ពី CamHR
បន្ទាប់ពីឆ្លងកាត់នូវការធ្វើបទសម្ភាសន៍ដោយជោគជ័យមក បេក្ខភាពនឹងឈានដល់ដំណាក់កាលនៃការសាកល្បងសមត្ថភាព (Probation) ដែលជាដំណាក់កាល មួយដែលក្រុមហ៊ុននឹងធ្វើការពិចារណា និងវាយតម្លៃសមត្ថភាពការងាររបស់បេក្ខភាព បន្ថែមពីលើអ្វីដែលគេបានបង្ហាញនៅក្នុង CV និងរៀបរាប់ក្នុងពេលសម្ភាសន៍។
ចង់ដឹងទេថា «តើគួរធ្វើបែបណាខ្លះ ដើម្បីធានាបាននូវការពេញចិត្តពីថ្នាក់លើ ហើយអាចក្លាយខ្លួនជាបុគ្គលិកពេញសិទ្ធិ?» ដើម្បីដោះស្រាយនូវចម្ងល់ទាំងនេះ ហេលស៍ថាម ក៏បានអញ្ជើញតំណាងកិត្តិយសពីក្រុមហ៊ុន ខេម អេច អ (CAMHR) គឺលោក វ៉ែន ប៊ុនលី ដែលជានាយកពាណិជ្ជកម្ម មានបទពិសោធន៍ ជាង ១០ឆ្នាំមកហើយក្នុងផ្នែកធនធានមនុស្ស។
រយៈពេលនៃការសាកល្បងការងារ
សម្រាប់ក្រុមហ៊ុនយើងខ្ញុំក៏មិនខុសគ្នាជាមួយក្រុមហ៊ុនដទៃទៀតដែរ គឺជាទូទៅរយៈពេលសាកល្បងការងារ(Probation)មានរយៈពេល៣ខែ ដែលមានលក្ខណៈដូចនឹងក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកជាច្រើនផងដែរ។ ចំពោះបុគ្គលិកដែលត្រូវបានផ្តល់ឱកាសឲ្យឆ្លងកាត់រយៈពេលសាកល្បងការងារ គឺមើលទៅលើ៥ចំណុចធំៗដែលបេក្ខភាពត្រូវមានជាចាំបាច់ដែលមានដូចជា៖
-ត្រូវមានភាពស្មោះត្រង់ជាមួយក្រុមហ៊ុន
-ត្រូវមានលក្ខណៈសម្បត្តិដែលសមស្របជាមួយលក្ខខណ្ឌការងារ និងបរិស្ថានការងារ
-ត្រូវមានអាកប្បកិរិយាល្អគួបផ្សំនឹងបទពិសោធន៍ការងារខ្លះៗពីមុនមក
-ឧស្សាហ៍ព្យាយាមក្នុងការងារដែលប្រធានបានប្រគល់ឲ្យធ្វើ និងអាចធ្វើការងារជាក្រុមបាន
-មានចំណង់ចំណូលចិត្ត ឬចូលចិត្តការងារ ព្រមទាំងមានភាពអត់ធ្មត់នឹងការងារ ដែលជាតួនាទីដែលមេប្រគល់ជូន។
គួរបញ្ជាក់ផងដែរថា ចំណុចខាងលើនេះនឹងត្រូវបានបន្តធ្វើការវាយតម្លៃដោយប្រធានផ្នែកនីមួយៗរបស់គេ បន្ទាប់ពីបេក្ខភាពជាប់ចូលទៅក្នុងដំណាក់កាលសាកល្បងការងារ។
ទង្វើដែលគួរធ្វើ និងមិនគួរធ្វើ
ជាការពិតណាស់ យើងឃើញបុគ្គលិកមួយចំនួនព្យាយាមបង្ហាញសមត្ថភាពរបស់គាត់លើសព្រំដែន នៅពេលចាប់ផ្ដើមការងារដំបូង ដើម្បីបង្ហាញឲ្យនិយោជកឃើញ ប៉ុន្តែទង្វើនេះធ្វើឲ្យគាត់ពិបាកធ្វើការងារជាក្រុមជាមួយបុគ្គលិកដែលចូលមុនៗ ដូច្នេះ បុគ្គលិកដែលជាប់ក្នុងរយៈពេលសាកល្បងការងារគួរយល់ដឹងពីចំណុចមួយចំនួនដូចខាងក្រោមនេះ ៖
ទង្វើគួរប្រតិបត្តិ
-គួរសម្របខ្លួនធ្វើការងារជាក្រុម
-រៀនយល់ពីអត្តចរិតរបស់មិត្តរួមការងារ
-ស្វែងយល់ពីច្បាប់ការងារ និងគោរពច្បាប់ការងារដែលក្រុមហ៊ុនចែង
-ព្យាយាមបង្ហើយរាល់ការងារដែលប្រធានក្រុម និងក្រុមហ៊ុនដាក់ឲ្យធ្វើដោយមិនរអ៊ូរទាំឡើយ
ទង្វើមិនគួរប្រតិបត្តិ
-ធ្វើហួសសិទ្ធិដែលខ្លួនមាន ដោយព្យាយាមបង្ហាញនូវភាពអស្ចារ្យរបស់ខ្លួន
-មានអំនួតជ្រុលលើខ្លួនឯង និងចាត់ទុកអ្នកដទៃអន់ជាងខ្លួន
-រិះគន់ទៅលើច្បាប់ការងារ ឬបរិស្ថានការងាររបស់ក្រុមហ៊ុន ដោយមិននាំមកនៅការស្ថាបនា។
តើការប្រឹងប្រែងអួតជារឿងល្អដែរឬទេ?
អ្នកខ្លះហាក់ដូចជាខំអួតបង្ហាញនូវសមត្ថភាពឲ្យនិយោជកឃើញនៅក្នុងរយៈពេល Probation ដើម្បីងាយនឹងបានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិ សកម្មភាពនេះបើចំពោះក្រុមហ៊ុនតូច គេអាចនឹងបែងចែកការងាររបស់គាត់ទៅទំនាក់ទំនងនៅខាងក្រៅ វាប្រហែលជាគ្មានបញ្ហាទេ តែប្រសិនបើធ្វើការងារជាក្រុម វាអាចប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នកផ្សេងដែលនៅជុំវិញខ្លួន។ ទោះបីជាអាចបំពេញនូវពាក្យអំនួតរបស់ខ្លួនបានក៏ដោយ តែវាធ្វើឲ្យមានការបាក់ទឹកចិត្តទៅលើបុគ្គលិកចាស់ដែលគេមិនអាចធ្វើបាន។
ចំណុចដែលត្រូវធ្វើការវាយតម្លៃ
ក្នុងរយៈពេលProbationនេះផងដែរ ផ្នែកធនធានមនុស្សនឹងធ្វើការវាយតម្លៃលើចំណុចខ្លះចំពោះការបំពេញការងាររបស់បុគ្គលិកដែលមានដូចជា៖
-ការងារដែលដាក់ឲ្យ អាចធ្វើបានប៉ុណ្ណា? ទោះបីជាបានត្រឹមតែ៣០-៤០%ក៏មិនមានបញ្ហាដែរ ព្រោះវាអាចជាការងារដែលមានលក្ខណៈថ្មី សម្រាប់បុគ្គលិកដែលទើបតែចូលដំណាក់កាលសាកល្បង
-មើលទៅលើវប្បធម៌ទូទៅ ដែលយើងមើលទៅលើសមត្ថភាពរបស់គាត់អាចទទួលយកនូវការងារដែលយើងដាក់ទៅ ឬក៏អត់
-មើលទៅលើចំណង់ក្នុងការធ្វើការងារនៅពេលដែលដាក់ការងារឲ្យធ្វើ ថាតើមានសកម្មភាពតបតមកវិញយ៉ាងណា។
លក្ខណៈសម្បត្តិ ដើម្បីក្លាយជាបុគ្គលិកពេញសិទ្ធិ
ចំពោះឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិវិញ លុះត្រាតែបុគ្គលិកមានលក្ខណៈសម្បត្តិ៥យ៉ាងដូចខាងក្រោម ៖
-ភាពស្មោះត្រង់ជាមួយក្រុមហ៊ុន
-មានឥរិយាបថល្អ
-មានចំណេះដឹង និងព្យាយាមរៀនពីការងារដែលដាក់ឲ្យធ្វើ
-មានបុគ្គលិកលក្ខណៈល្អ ដែលអាចធ្វើការងារជាក្រុមបាន និងចង់បានការលើកស្ទួយពីក្រុមហ៊ុននៅថ្ងៃក្រោយ
-មានបទពិសោធន៍ការងារខ្លះ និងចង់រៀនបន្ថែមពីក្រុមហ៊ុន។
ចំណុចខុសគ្នារវាងបុគ្គលិក Probation និងបុគ្គលិកពេញសិទ្ធិ
-បុគ្គលិកពេញសិទ្ធ៖ មានកិច្ចសន្យាការងារច្បាស់លាស់ ទទួលបានការអនុញ្ញាតមួយចំនួន និងមានច្បាប់ឈប់សម្រាកប្រចាំឆ្នាំ។
-បុគ្គលិក Probation ៖ ជាបុគ្គលិកបណ្ដោះអាសន្ន គ្មានច្បាប់ឈប់សម្រាកប្រចាំឆ្នាំ មានការចរចារលើប្រាក់ខែបន្ទាប់ពីចប់Probation និងមិនអាចចូលរួមធ្វើការងារមួយចំនួន ព្រោះខាងក្រុមហ៊ុនមិនទាន់អាចទុកចិត្តបាន។
អនុសាសន៍
ជាចុងក្រោយ លោកក៏សូមផ្ដាំផ្ញើដល់អ្នកដែលទើបតែចូលធ្វើការ ឬអ្នកដែលទើបតែជាប់ការងារថ្មី អ្នកគួរតែសម្របខ្លួនជាមួយបរិយាកាសការងារ ក៏ដូចជាមិត្តរួមការងារ ហើយចៀសវាងការព្យាយាមផ្តល់ជាដំបូន្មាន ឬបង្គាប់បញ្ជាទៅដល់បុគ្គលិកចាស់ ដែលវានាំឲ្យមានភាពលំបាក ឬទើសទាល់ក្នុងដំណាក់កាលសាកល្បងការងារ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ