អុតស្វាយ ជំងឺឆ្លងខ្លាំងដែលអ្នកមិនគួរមើលរំលង
ជាទូទៅជំងឺអុតស្វាយកើតមិនរើសវ័យនោះទេឲ្យតែអ្នកមានប្រព័ន្ធការពារខ្សោយ មិនមានអង់ទីក័រការពារពីម្តាយ ឬចាក់វ៉ាក់សាំងការពារនោះទេ អ្នកនឹងងាយកើតជំងឺនេះណាស់ ហើយគេច្រើនសង្កេតឃើញមានការកើតឡើងច្រើននៅចន្លោះអាយុចាប់ពី ៦ខែដល់ ១៥ឆ្នាំ។ ចំពោះក្មេងក្រោម ៦ខែ ក៏អាចកើតជំងឺនេះដែរតែដោយកម្រហើយបើកើត ច្រើនតែឆ្លងពីម្តាយឬមិនមានអង់ទីក័រពីម្តាយ និងច្រើនតែធ្ងន់ធ្ងរជាងករណីធម្មតា។
ក្រឡេកមកមើលប្រទេសកម្ពុជាវិញ យើងនៅមិនទាន់មាន ទិន្នន័យពីចំនួននៃអ្នកកើតជំងឺអុតស្វាយនេះនៅឡើយទេ តែគ្រាន់តែដឹងថាពីមួយឆ្នាំទៅ មួយឆ្នាំចំនួនអ្នកជំងឺមានច្រើនគួរឲ្យកត់សំគាល់បើធៀបទៅនឹងប្រទេសជិតខាងយើងដោយសារក្រសួងយើងពុំទាន់មានវ៉ាក់សាំងផ្តល់ជូនដល់ ប្រជាពលរដ្ឋនៅឡើយហើយមានប្រជាជនតិចណាស់ដែលទៅរកសេវាឯកជនដើម្បីបង្ការជំងឺនេះ។ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ ហេលស៍ថាមបានធ្វើ បទសម្ភាសន៍ ជាមួយលោកវេជ្ជបណ្ឌិត ប៉ែន កក្កដា វេជ្ជបណ្ឌិតឯកទេសរោគកុមារ និងសព្វថ្ងៃជាបុគ្គលិកនៃមន្ទីរពេទ្យកុមារជាតិផ្នែកកុមារ ទារកទើបនឹងកើត កុមារមានជំងឺបេះដូង ជំងឺឈាម និងជំងឺក្រពេញ។
និយមន័យ
ជំងឺអុតស្វាយជាភាសាបារាំងហៅថា Varicelle ឬជាភាសាអង់គ្លេសហៅថា Chickenpox។ វាជាជំងឺឆ្លងមួយដែលបណ្តាលមកពីមេរោគមួយឈ្មោះថា Varicella Zoster Virus ដែលបង្កឲ្យមានពងបែកនៅលើស្បែក។ ចំពោះរោគសញ្ញា ជំងឺនេះចែកចេញជាបីដំណាក់កាល៖
១.ដំណាក់កាលសំងំ៖ ជាដំណាក់កាលមិនមានរោគសញ្ញាអ្វីទាំងអស់បន្ទាប់ពីឆ្លងជំងឺនេះមកហើយវាមានរយៈពេល ១០ ទៅ ២១ថ្ងៃ។
២.ដំណាក់កាលឈ្លានពាន៖ មេរោគចាប់ផ្តើមធ្វើការក្នុងខ្លួនយើងដែលមានរយៈពេលខ្លីពី ២៤ទៅ ៤៨ម៉ោងហើយអ្នកជំងឺមានអាការៈក្តៅខ្លួនអស់កម្លាំង ល្ហិតល្ហៃ និងទន់ដៃទន់ជើង។
៣. ដំណាក់កាលចេញពងបែក៖ ជាដំណាក់កាលមួយដែលអ្នកជំងឺមានដុំពកក្រហម ជាស្នាមកន្ទួលលើស្បែកបន្ទាប់មកវិវឌ្ឍជាពងទឹករួចក៏ក្លាយ ជាក្រមរនៅកណ្តាលពងទឹក។ ពងបែកទាំងនេះរមាស់ណាស់ហើយវាចាប់ផ្តើមចេញដំបូងពីក្បាលទ្រូងដៃនិងជើង។ គេក៏សង្កេតឃើញមានផងដែរនៅ ក្រអូមមាត់ភ្នែកនិងប្រដាប់បន្តពូជ ក្រៅពីពងបែកនេះអ្នកជំងឺនៅមានអាការៈក្តៅខ្លួននិងឈឺពេញរាងកាយ ជាពិសេសត្រង់កន្លែងពងទឹក។
ការធ្វើរោគវិនិច្ឆ័យ
ជាការពិតណាស់ អុតស្វាយជាជំងឺឆ្លងខ្លាំងណាស់ វាអាចឆ្លងតាមរយៈ ការប៉ះផ្ទាល់ជាមួយ ពងទឹករបស់អ្នកជំងឺ ឬតាមរយៈការក្អក កណា្តស់ជាដើម។
ការធ្វើរោគវិនិច្ឆ័យអាការៈជំងឺអុតស្វាយ អាចធ្វើតាមរយៈសញ្ញាគ្លីនិកគឺគ្រប់គ្រាន់ហើយ ប៉ុន្តែដើម្បីបញ្ជាក់ច្បាស់ថាជាជំងឺនេះគេត្រូវយកពងទឹក ទៅពិនិត្យរកមេរោគនេះ។ លើសពីនេះ ក្នុងករណីសង្ស័យថាវារាលដាលដល់ខួរក្បាល យើងនឹងធ្វើការបូមទឹកខួរឆ្អឹងខ្នង ចំណែកឯការពិនិត្យឈាម គឺដើម្បីបញ្ជាក់ថាមានការឆ្លងរោគដទៃទៀតប៉ុណ្ណោះ។ ចំពោះការព្យាបាលគ្រូពេទ្យគាត់ព្យាបាលតាមរោគសញ្ញាគ្លីនិកប៉ុណ្ណោះ មិនមានថ្នាំជាក់លាក់ ទៅប្រឆាំងវីរុសនេះទេ ហើយអ្នកជំងឺនេះត្រូវដាក់នៅឲ្យដាច់តែឯង ចៀសវាងការឆ្លងដល់អ្នកដទៃទៀត។
ការព្យាបាល
ការព្យាបាលទៅតាមរោគសញ្ញាមានដូចជា៖
• ការលាងសម្អាតរបួសដោយឱសថអង់ទីសិបទីកពីរដងក្នុងមួយថ្ងៃ។ ចៀសវាងការយកស្លឹកឈើងាប់ត្រាំទឹកដូចជាស្លឹកស្វាយជាដើមព្រោះថាទឹក មិនស្អាតអាចមានបាក់តេរីដទៃទៀតជ្រៀតចូល និងធ្វើឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរលើសដើម។
• ការបំបាត់កម្តៅ ឬការឈឺចាប់ដោយថ្នាំប៉ារ៉ាសេតាមុលបួនដងក្នុងមួយថ្ងៃ។ គួរចៀសវាងការប្រើប្រាស់ថ្នាំ Aspirine ឬ Ibuprofene ដែលអាចឲ្យ ជំងឺនេះកាន់តែធ្ងន់ធ្ងរ។
• ការឲ្យថ្នាំបំបាត់រមាស់ ដូចជាពួក Phénothiazineជាដើម។
• មិនមានការប្រើថ្នាំផ្សះនោះទេ លើកលែងតែករណីដែលមានការឆ្លងបាក់តេរីបន្ថែមពីលើវា។
• ចំពោះទារកទើបនឹងកើតដែលឆ្លងរោគនេះគេអាចប្រើពពួក Acyclovir10-20mg/kg/dose បីដងក្នុងមួយថ្ងៃ។
ផលវិបាកនៃជំងឺ
ជំងឺនេះកម្រនឹងលាប់ឡើងវិញណាស់ ចំពោះអ្នកកើតហើយនឹងមានអង់ទីក័រប្រឆាំងមួយជីវិត រីឯអ្នកចាក់វ៉ាក់សាំងរួចក៏ដូចគ្នា តែវាអាចលេចចេញ ម្តងទៀត ហើយមិនមានលក្ខណៈខ្លាំងក្លាដូចមុននោះទេ។ ប្រសិនបើអ្នកជំងឺមិនបានទទួលបានការព្យាបាលត្រឹមត្រូវ ឬយឺតយ៉ាវ នោះនឹងកើតមាន ផលវិបាកច្រើនដូចជា ដំបៅស្បែកក្លាយជាធ្ងន់ធ្ងរប្រសិនបើមានឆ្លងមេរោគពីខាក្រៅមកបន្ថែមពីលើ។ ក្រៅពីនេះ វាក៏អាចបណ្តាលឲ្យមានផលវិបាក ផ្សេងទៀត ដូចជា រលាកសួត រលាកខួរក្បាលឆ្លងទៅទារកក្នុងពោះ ឬទើបនឹងកើត និងអុតស្វាយធ្ងន់ធ្ងរចំពោះអ្នកមានប្រព័ន្ធការពារខ្សោយ ឬប្រើថ្នាំ Corticoïde យូរអាចឲ្យក្តៅខ្លួនខ្លាំង ចេញពងបែកច្រើន និងមានការហូរឈាមតាមពងបែករហូតដល់ប៉ះពាល់សរីរាង្គសំខាន់ៗដទៃទៀតដូចជា រលាកថ្លើម ខួរក្បាល កកឈាមក្នុងសសៃឈាមជាដើម។
ក្នុងករណីម្តាយមានជំងឺនេះពេលកំពុងពពោះកូន នោះនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃ ដូចជាទារកអាចនឹងរលូត អាចមានភាពមិនប្រក្រតី អាចស្លាប់ក្នុងពោះ ឬកើតមកមានជំងឺអុតស្វាយនេះតែម្តង។
ដើម្បីបង្ការជំងឺអុតស្វាយនេះ យើងត្រូវរស់នៅស្អាត មានអនាម័យល្អ និងចាំបាច់ ត្រូវចាក់់វ៉ាក់សាំងការពារនៅពេលកុមារមានអាយុចាប់ពី ១២ខែឡើង។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។