គ្រោះថ្នាក់នៃជំងឺលើសឈាម!
និយមន័យ
ជំងឺលើសឈាម ជាជំងឺមួយប្រភេទ ដែលភាពធន់នៃភ្នាសសរសៃឈាមមានលក្ខណៈខុសពីធម្មតា ជាហេតុធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់លើសពី ១៤០/៩០មីលីម៉ែត្របារ៉ត (140/90mmHg)។
ជំងឺលើសសម្ពាធឈាមត្រូវបានបែងចែកជា៣កម្រិត៖
•កម្រិត១ (ស្រាល) សម្ពាធឈាមស្ថិតនៅចន្លោះ ១៤០-១៥៩/៩០-៩៩ មីលីម៉ែត្របារត
•កម្រិត២ (មធ្យម) សម្ពាធឈាមស្ថិតនៅចន្លោះ ១៦០-១៧៩/១០០-១០៩ មីលីម៉ែត្របារត
•កម្រិត៣ (ធ្ងន់) សម្ពាធឈាមលើសឬស្មើនឹង ១៨០/១១០ មីលីម៉ែត្របារត។
រោគសញ្ញា
ជាទូទៅអ្នកជំងឺនឹងលេចចេញរោគសញ្ញា៣គួរឲ្យកត់សម្គាល់៖
•វិលមុខ
•តឹងកញ្ចឹងក
•មានបញ្ហាភ្នែក (ពិបាកក្នុងការមើល)។
មូលហេតុ និងកត្តាហានិភ័យ
លើសឈាមអាចត្រូវបានបង្កឡើងដោយកត្តាជាច្រើនរួមមាន៖
•លើសទម្ងន់
•អ្នកដែលគិតច្រើន
•ការទម្លាប់ញ៉ាំអាហារប្រៃ
•អ្នកដែលចូលចិត្តញ៉ាំគ្រឿងស្រវឹង និងកាហ្វេ
•ការប្រើថ្នាំមួយចំនួន៖ ប្រភេទថ្នាំប្រឆាំងនឹងការរលាក (Corticoid)
ក្រៅពីមូលហេតុខាងលើ លើសឈាមក៏អាចមានកត្តាហានិភ័យជាច្រើនទៀត រួមមាន៖
•ជំងឺដែលប៉ះពាល់លើសាច់តម្រងនោម ឬស្ទះសរសៃឈាមតម្រងនោម
•មានបញ្ហាទាក់ទងនឹងអ័រម៉ូនអង់ដូគ្រីន
•Coarctation aortic (affections du SNC)
•ការមានបញ្ហារលាកប្រព័ន្ធប្រសាទ
•មានបញ្ហាលើប្រឹសបេះដូង
•ស្ត្រីមានផ្ទៃពោះក្នុងករណីមួយចំនួន។
ការធ្វើរោគវិនិច្ឆ័យ
ជំហានដំបូងនៃការធ្វើរោគវិនិច្ឆ័យថា គាត់ពិតជាមានជំងឺលើសឈាមនេះប្រាកដមែន គឺត្រូវផ្អែកលើរោគសញ្ញាសំខាន់ទាំង៣ដែលបានរៀបរាប់ខាងលើ។ ករណីរកឃើញថា អ្នកជំងឺមានរោគសញ្ញា ស្រវាំងភ្នែក តឹងកញ្ចឹងក ឬវិលមុខ ធេងធោងនោះ គ្រូពេទ្យនឹងធ្វើការវាស់សម្ពាធឈាមបន្ទាប់ពីឲ្យអ្នកជំងឺសម្រាក១០នាទី។ ជាលទ្ធផល ប្រសិនបើឃើញសម្ពាធឈាមលើសពីធម្មតា គឺលើសពី១៤០/៩០ មីលីម៉ែត្របារត (140/90mmHg) នោះអាចសន្និដ្ឋានបានថាជាជំងឺលើសឈាម។
ការព្យាបាល
អ្នកជំងឺលើសឈាមត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីត្រួតពិនិត្យ តាមដានឲ្យបានច្បាស់លាស់ និងជ្រើសរើសប្រភេទថ្នាំបញ្ចុះសម្ពាធឈាមដែលស័ក្តិសម។ ប្រភេទថ្នាំទាំងនោះ អាចរួមមានដូចជា៖
•ឱសថបញ្ចុះទឹកនោម (Thiazide Diuretics)
•β blocker
•ឱសថរារាំងដោយផ្ទាល់លើការបញ្ចេញរ៉េនីន (Renin Inhibitors)
•ឱសថរារាំងការចូលរបស់កាលស្យូម (Anticalcium)
•ពង្រីកសរសៃឈាមអាកទែដោយផ្ទាល់ (Vasodilator direct)
•conversion enzyme inhibitor
•Angiotensin II receptor blockers (ARBs)
•Central-Acting agents។
បន្ថែមពីលើការប្រើប្រាស់ថ្នាំអ្នកជំងឺត្រូវ៖
•ធ្វើលំហាត់ប្រាណដែលអាចបន្ធូរភាពតានតឹង យ៉ាងហោចណាស់៣ដង ក្នុង១សប្តាហ៍
•កំណត់របបអាហារត្រឹមត្រូវ៖ អាហារដែលមានជាតិប្រៃត្រូវឲ្យតិចជាង២ក្រាម បរិភោគបន្លែដែលសម្បូរជាតិ ម៉ាញ៉េស្យូម ប៉ូតាស្យូម វីតាមីនC និងវីតាមីនE។
ផលវិបាក
ប្រសិនបើអ្នកជំងឺពុំបានទទួលការព្យាបាលត្រឹមត្រូវ គាត់អាចប្រឈមនឹងបញ្ហាមួយចំនួន ដូចខាងក្រោម៖
•ខ្វាក់ភ្នែក
•ខ្សោយតម្រងនោម
•ពិការ ឬស្លាប់មួយចំហៀងខ្លួន
•មានគ្រោះថ្នាក់ដល់ខួរក្បាល
•មានគ្រោះថ្នាក់ដល់បេះដូង (ខ្សោយបេះដូង)
•ជួនកាល អាចរហូតដល់បាត់បង់ជីវិត។
ការការពារ
ដើម្បីអាចការពារជំងឺនេះលោកអ្នកគួរ៖
•ហាត់ប្រាណ ៣០នាទីក្នុងមួយថ្ងៃ និង៣ដងក្នុងមួយសប្តាហ៍ ដោយជ្រើសរើសទីតាំងឲ្យបានសមស្រប និងពន្លឺគ្រប់គ្រាន់
•របបអាហារត្រឹមត្រូវ ដោយចៀសវាងអាហារប្រៃ គ្រឿងស្រវឹង បន្ថែមការញ៉ាំបន្លែស្រស់ ដែលសម្បូរជីវជាតិម៉ាញ៉េស្យូម ប៉ូតាស្យូម វីតាមីនC និងEឲ្យបានច្រើន។
យ៉ាងណាមិញ ក៏មានកត្តាផ្សេងទៀតដែលអ្នកគួរយល់ដឹងអំពីវិធីការពារខ្លួនពីជំងឺនេះផងដែរ ដែលមាននៅក្នុងអត្ថបទ វិធី ៦យ៉ាងការពារអ្នកពីជំងឺលើសសម្ពាធឈាម
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ហែន វណ្ណា ឯកទេសសង្រ្គោះបន្ទាន់ សណ្តំជំងឺបេះដូង និងសរសៃឈាម និងជាប្រធានផ្នែកសង្រ្គោះបន្ទាន់ និងសណ្តំជំងឺបេះដូងនៅមន្ទីរពេទ្យព្រះកេតុមាលា អាគារបេះដូង
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។