អ្នកស្គាល់ឫសដូងច្រមុះច្បាស់ហើយឬនៅ?
អ្នកដែលចាប់អារម្មណ៍ដែរឬទេថាមានមនុស្សមួយចំនួនហាក់បីដូចជាមានអាការៈដូចផ្តាសាយរយៈពេលយូរ និងមិនបានធូរស្បើយបើទោះបីជាបានប្រើប្រាស់ថ្នាំផ្តាសាយហើយក៏ដោយ? បើដូច្នោះ ឫសដូងច្រមុះជាជំងឺមួយដែលគួរតែត្រូវបានគិតដល់។ យ៉ាងណាមិញរោគសញ្ញាផ្សេងៗមួយចំនួនទៀតអាចឲ្យធ្វើរោគវិច្ឆ័យបានទៅលើជំងឺនេះផងដែរ។ ការពិតអ្នកអាចនឹងមានឫសដូងច្រមុះដោយមិនដឹងខ្លួនដោយសារជាញឹកញាប់វាមិនបង្ហាញនូវរោគសញ្ញាណាមួយឡើយ។
តើឫសដូងច្រមុះគឺជាអ្វី? តើវាសម្គាល់បានដោយរោគសញ្ញាអ្វីខ្លះ?
ឫសដូងច្រមុះ (Nasal polyps) គឺជាដុំសាច់ធម្មតាមិនមែនមហារីកដែលដុះនៅក្នុងច្រមុះ ឬប្រហោងឆ្អឹងមុខហើយដូចដែលបានបញ្ជាក់ពីខាងលើជាទូទៅដុំសាច់នេះមិនបង្ហាញជារោគសញ្ញាអ្វីគួរកត់សម្គាល់ឡើយពីព្រោះដុំសាច់នោះមានសភាពទន់ និងមិនបង្កឲ្យមានការឈឺចាប់ទេជាពិសេសនៅពេលសាច់ដុះនោះតូច។ ប៉ុន្តែករណីដែលដុំសាច់នេះធំឬមានចំនួនច្រើនវាអាចបិទទៅលើរន្ធឆ្អឹងមុខ (Sinus) ហើយបង្កឲ្យមានការស្ទះ និងការប្រមូលផ្តុំនៃសារធាតុអន្ធិលរបស់ប្រហោងឆ្អឹងមុខអាចបង្កឲ្យមានការឆ្លងរោគធ្ងន់ធ្ងរដែលសម្គាល់បានដោយការឡើងខាប់នៃសារធាតុអន្ធិល និងការប្តូរពណ៌របស់វា។ ក្នុងខណៈពេលនោះ រោគសញ្ញាមួយចំនួនអាចនឹងសង្កេតឃើញមានដូចជាតឹងច្រមុះ ហៀរសំបោរ កណ្តាស់ ស្លេស្ម៍នៅក្នុងបំពង់ក ឈឺមុខ ឈឺក្បាលការថយចុះឬបាត់បង់តែម្តងនូវសមត្ថភាព ក្នុងការហិតក្លិនបាត់បង់ការដឹងរសជាតិ រមាស់ឆៀបនៅជុំវិញភ្នែក មានអារម្មណ៍ធ្ងន់នៅថ្ងាសឬមុខ គេងស្រមុក បាត់ដង្ហើមពេលគេង ដកដង្ហើមតាមមាត់ជាដើម។ ក្រៅពីនេះអ្នកជំងឺខ្លះអាចនឹងមានការវិវឌ្ឍនូវរោគសញ្ញានៃជំងឺហឺត ដូចជាថប់ដង្ហើម និងខ្លះទៀតក៏អាចមានការកើតឡើងនូវការប្រតិកម្មជាមួយថ្នាំមួយចំនួន ពិសេសគឺអាស្ពីរីនតែម្តង។
មូលហេតុអ្វីបានជាមានឫសដូងច្រមុះ?
ទោះបីជាមូលហេតុនៃការដុះសាច់ច្រមុះនៅមិនទាន់បានកំណត់ឲ្យច្បាស់លាស់នៅឡើយតែការរលាកច្រមុះរ៉ាំរ៉ៃ និងប្រវត្តិគ្រួសារ (តំណពូជ) ហាក់មានទំនោរបង្កឲ្យមានឫសដូងច្រមុះនេះកើតឡើង។ ជាក់ស្តែង មនុស្សមួយចំនួនអាចកើតមានឫសដូងច្រមុះដោយគ្មានមូលហេតុ ប៉ុន្តែកត្តាមួយចំនួនត្រូវបានរកឃើញថាចូលរួមចំណែកបង្កើនហានិភ័យនៃជំងឺដែលក្នុងនោះរួមមានអ្នកជំងឺហឺត ភាពខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំ ការរលាកប្រហោងឆ្អឹងមុខរ៉ាំរ៉ៃឬក៏រើឡើងវិញ និងការអាលែ្លកហ្ស៊ីជាមួយថ្នាំអាស្ពីរីនឬប្រភេទថ្នាំមួយចំនួនទៀតជាដើម។
អ្នកណាខ្លះងាយនិងប្រឈមនឹងជំងឺនេះ?
ថ្វីត្បិតមនុស្សគ្រប់វ័យអាចវិវត្តនូវឫសដូងច្រមុះនេះក៏ប៉ុន្តែអ្នកដែលស្ថិតក្នុងវ័យកណ្តាល ឬលើសពីអាយុ៤០ឆ្នាំត្រូវបានសង្កេតឃើញថាមានការប្រឈមខ្ពស់ជាងគេហើយក្នុងនោះផងដែរបុរសមានភាគរយកើតខ្ពស់ជាងស្រ្តី។ មានករណីកម្រណាស់ដែលកុមារអាយុក្រោម១០ឆ្នាំមានកើតនូវជំងឺនេះ។
ផលវិបាកអ្វីខ្លះដែលអាច នឹងកើតឡើងដោយសារឫសដូងច្រមុះ?
ផលវិបាកនៃជំងឺគឺការប្រឈមនឹងហានិភ័យខ្ពស់នឹងការរលាកប្រហោងឆ្អឹងមុខរ៉ាំរ៉ៃ និងការកើនឡើងនូវការរើឡើងនៃអាការៈជំងឺហឺតជាដើម។ ក្រៅពីនោះការព្យាបាលដោយការវះកាត់នឹងផ្តល់នូវផលរំខានមួយចំនួនផងដែររួមមានការហូរឈាមច្រមុះការឆ្លងរោគផ្សេងៗ និងអាចឈានទៅដល់ការរលាកស្រោមខួរទៀតផង។ រីឯការប្រើប្រាស់ថ្នាំប្រភេទ Corticosteroid យូរក៏អាចបង្កឲ្យរាងកាយមានការថយចុះនូវភាពធន់ទៅនឹងការឆ្លងរោគផងដែរ។
ឫសដូងច្រមុះត្រូវព្យាបាលដោយរបៀបណា?
គួរបញ្ជាក់ជាមុនថាគោលដៅនៃការព្យាបាលគឺដើម្បីកាត់បន្ថយទំហំ ឬបង្រួញ និងបំបាត់ដុំសាច់ដុះនោះចេញ។ ការប្រើប្រាស់ថ្នាំជាជម្រើសទីមួយក្នុងការព្យាបាលហើយប្រភេទថ្នាំដែលត្រូវយកមកប្រើប្រាស់រួមមាន៖
• ស្ព្រៃយន៍បាញ់ច្រមុះប្រភេទ Corticosteroid អាចជួយកាត់បន្ថយការរលាកនៅក្នុងច្រមុះហើយក៏ត្រូវបានប្រើក្នុងរយៈពេលយូរសម្រាប់ការពារការលាប់ឡើងនូវឫសដូងច្រមុះផងដែរ
• ថ្នាំគ្រាប់និងថ្នាំចាក់ប្រភេទ Corticosteroid នឹងត្រូវបានយកមកប្រើប្រាស់តែឯង ឬរួមផ្សំជាមួយស្ព្រៃយន៍បាញ់ច្រមុះក្នុងករណីដែលការប្រើប្រាស់ស្ព្រៃយន៍បាញ់ច្រមុះតែឯងពុំមានប្រសិទ្ធភាព។ ដោយឡែក ចំពោះប្រភេទថ្នាំចាក់នឹងត្រូវប្រើតែក្នុងករណីដែលរលាកធ្ងន់ធ្ងរប៉ុណ្ណោះ រីឯការប្រើប្រាស់ថ្នាំគ្រាប់ក៏ត្រូវប្រើក្នុងរយៈពេលខ្លីផងដែរដោយសារតែផលរំខានធ្ងន់ធ្ងររបស់វា
• ថ្នាំមួយចំនួនទៀតដែលអាចនឹងត្រូវបានប្រើប្រាស់បន្ទាប់បន្សំដើម្បីព្យាបាលនិងការពារការលាប់ឡើងវិញរួមមានដូចជា ថ្នាំ Antihistamine (ប្រឆាំងអាលែ្លកហ្ស៊ី) ថ្នាំផ្សះ (ប្រឆាំងបាក់តេរី)។
• ថ្នាំសម្រាប់ព្យាបាលអាស្រ័យនឹងរោគសញ្ញាខ្លះត្រូវបានប្រើសម្រាប់សម្រួលអាការៈរបស់អ្នកជំងឺ រួមមាន ថ្នាំបំបាត់ការតឹងច្រមុះ ហៀរសំបោរ និងបំបាត់ការឈឺចាប់ជាដើម។
• ចុងក្រោយគឺការព្យាបាលដោយការដកភាពស៊ាំ (Desensitization) ទៅនឹងថ្នាំអាស្ពីរីន ឬសារធាតុណាមួយក៏ត្រូវបានពិចារណាផងដែរក្នុងករណីដែលមូលហេតុពិតប្រាកដនៃការរលាកទាក់ទងនឹងការឆ្លើយតបយ៉ាងខ្លាំងនៃប្រពន្ធ័ភាពស៊ាំទៅនឹងសារធាតុឬថ្នាំទាំងនោះ។
បន្ទាប់មក ការវះកាត់ជាជម្រើសមួយទៀតក្នុងការព្យាបាលនៅដំណាក់កាលដែលឫសដូងច្រមុះរីកធំ ឬបង្កការស្ទះដល់ការជ្រាបទៅដល់របស់ថ្នាំ នាំឲ្យការប្រើប្រាស់ថ្នាំមិនមានប្រសិទ្ធភាព។ ការវះកាត់ធ្វើឡើងដើម្បីកាត់ដុំសាច់ចេញ ឬកែតម្រូវបញ្ហាដែលមានមូលហេតុទាក់ទង នឹងប្រហោងឆ្អឹងមុខជាដើម។
អ្វីដែលអ្នកគួរកត់សម្គាល់បំផុតនោះគឺការងាយនឹងកើតឡើងវិញបន្ទាប់ពីការព្យាបាលដោយជោគជ័យទៅលើឫសដូងច្រមុះដូចនេះអ្នកជំងឺជាទូទៅត្រូវបន្តប្រើស្ព្រៃយន៍បាញ់ច្រមុះប្រភេទ Corticosteroid ដើម្បីប្រឆាំងនឹងការរលាកឬការលាប់ឡើងវិញ។ ក្រៅពីនោះការលាងច្រមុះដោយទឹកសាលីន(ស៊ីរ៉ូមប្រៃ) ក៏ត្រូវបានណែនាំផងដែរដើម្បីឲ្យរបួសពីការវះកាត់ឆាប់បានជាសះស្បើយ។ លើសពីនេះអ្នកជំងឺក៏គួរធ្វើការត្រួតពិនិត្យ ឬថតឆ្លុះសាច់ច្រមុះឲ្យបានទៀតទាត់ដើម្បីតាមដាននិងការពារការកកើតឡើងវិញ។ ជាមួយគ្នាផងដែរការគ្រប់គ្រងជំងឺហឺត ឬអាលែ្លកហ្ស៊ីដែលមានស្រាប់របស់អ្នកជំងឺក៏អាចកាត់បន្ថយហានិភ័យនេះមួយភាគធំ។
ពេលណាអ្នកជំងឺគួរទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់?
សញ្ញាគ្រោះថ្នាក់ដែលអាចឲ្យប្រឈមមុខនឹងគ្រោះថ្នាក់មានដូចជា៖
• ការពិបាកដកដង្ហើមខ្លាំង
• ភាពវិវត្តទៅជាធ្ងន់ធ្ងរយ៉ាងឆាប់រហ័សនៃអាការៈជំងឺ
• ការមើលឃើញពីការថយចុះសមត្ថភាពក្នុងការមើល ឬការរេចុះឡើងនៃភ្នែក
• ការហើមធ្ងន់ធ្ងរនៅជុំវិញភ្នែក
• ការឈឺក្បាលខ្លាំងក្លារួមជាមួយនឹងកម្តៅក្នុងខ្លួនកើនឡើងឬពិបាកក្នុងការឱនក្បាលទៅមុខ។
មានវិធីសាស្ត្រ អ្វីខ្លះក្នុងការបង្ការឫសដូងច្រមុះ?
• គ្រប់គ្រងជំងឺហឺត និងអាការៈអាលែ្លកហ្ស៊ីឲ្យបានត្រឹមត្រូវ
• ចៀសវាងនូវសារធាតុដែលធ្វើឲ្យរលាកដល់ច្រមុះ ដូចជាផ្សែង បារី ថ្នាំជក់ ធូលីដី លម្អងផ្កាជាដើម
• ត្រូវអនុវត្តអនាម័យស្អាត និងត្រឹមត្រូវដើម្បីចៀសវាងនូវការឆ្លងរោគផ្សេងៗ
• ផ្តល់សំណើមដល់បរិយាកាសក្នុងផ្ទះដើម្បីសម្រួលដល់ចរន្តចេញចូលនៃសារធាតុអន្ធិលរបស់ប្រហោងឆ្អឹងមុខនិងការពារការកកស្ទះរបស់វា
• ប្រើប្រាស់ទឹកលាងច្រមុះ(ស៊ីរ៉ូមប្រៃ)សម្រាប់ឲ្យមានចរន្តចេញចូលស្រួលនៃសារធាតុអន្ធិលរបស់ប្រហោងឆ្អឹងមុខព្រមទាំងលាងសម្អាតចេញនូវសារធាតុដែលបង្កឲ្យរលាកផ្សេងៗចេញផងដែរ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។