សញ្ញាណនៃកូនក្រៅស្បូន អ្នកអាចមិនធ្លាប់ដឹង!
និយមន័យ
កូនក្រៅស្បូន គឺជាការតាំងទី និងការលូតលាស់របស់គភ៌ ដែលនៅខាងក្រៅស្បូន ដូចជានៅដៃស្បូន នៅលើកន្សោមកូននៅក្នុងប្រហោងពោះ នៅមាត់ស្បូន និងនៅចំណុចតំណរវាងតួស្បូន និងដៃស្បូន ដែលជាទូទៅត្រូវបានបង្ហាញឡើងនៅត្រីមាសទី១នៃគភ៌។
មូលហេតុ និងកត្តាជំរុញ
ការបង្កឲ្យមានកូនក្រៅស្បូននេះ មានមូលហេតុចម្បង ៨ចំណុចសំខាន់ៗខាងក្រោម៖
• ជំងឺរលាកនៅតំបន់អាងត្រគាក (Pelvic inflammation disease)៖ ជំងឺនេះ ភាគច្រើនបង្ករោគដោយមេរោគម៉្យាងហៅថា Chlamydia trachomatis ពិសេសនោះវាអាចធ្វើឲ្យរលាកនៅមាត់ស្បូន និងដៃស្បូន។
• ស្ត្រីដែលធ្លាប់មានប្រវត្តិមានកូនក្រៅស្បូនម្តងរួចមកហើយ៖ ពួកគាត់អាចប្រឈមខ្ពស់ជាមួយនឹងការកើតជំងឺកូនក្រៅស្បូនជាលើកទី២ ក្នុង ចន្លោះពី ១០% ទៅ ១៥%។
• ស្ត្រីដែលធ្លាប់វះកាត់លើដៃស្បូនពីមុន៖ មានដូចជាការកាត់លើដៃស្បូន ការតដៃស្បូនឡើងវិញមួយទៀតគឺបញ្ហាដែលស្អិតលើកន្សោមពង។ ក្រៅពីនេះ ក៏មានទាក់ទងនឹងការចងដៃស្បូនផងដែរ។
• ការប្រើថ្នាំជំនួយឲ្យមានកូន៖ ករណីស្ត្រីគាត់ពុំមានមេជីវិត ដូច្នេះគាត់ត្រូវប្រើថ្នាំមួយប្រភេទដែលមានឈ្មោះថា Clomiphene citrate ដែលជំរុញឲ្យមានការបញ្ចេញមេជីវិតជារៀងរាល់ខែចំពោះស្ត្រី។ ស្ត្រីមួយចំនួនទៀតដែលគ្មានលទ្ធ-ភាពក្នុងការមានកូនជាលក្ខណៈធម្មជាតិត្រូវធ្វើ ការផ្សាំមេជីវិតនៅខាងក្រៅ រួចដាក់ចូលទៅខាងក្នុងស្បូនឬហៅថាជាការប្រើបច្ចេកទេសបង្កាត់កូន (In vitro fertility)។
• ការប្រើថ្នាំពន្យារកំណើត៖ ជាទូទៅការប្រើថ្នាំពន្យារកំណើតច្រើន បណ្តាលឲ្យដៃស្បូនធ្វើចលនាមិនបានត្រឹមត្រូវដែលធ្វើឲ្យគភ៌បង្កកំណើតនៅ ១/៣ នៃដៃស្បូន ធ្វើដំណើរមកក្នុងស្បូនយឺតពេលដូច្នេះហើយវាក៏តាំងទីនៅខាងក្រៅស្បូន។
• ស្ត្រីមានផ្ទៃពោះនៅវ័យចំណាស់ (ពី ៣៥ឆ្នាំទៅ ៤៤ឆ្នាំ)៖ ដោយហេតុថាស្ត្រីវ័យកាន់តែចាស់ កម្លាំងនៃចលនា (Myoelectrical activity) របស់ ដៃស្បូនមានការថយចុះនូវឥទ្ធិពលរបស់វា ដែលជំរុញឲ្យដៃស្បូនដំណើរការខុសប្រក្រតី។
• ស្ត្រីចូលចិត្តជក់បារី៖ សារធាតុក្នុងបារីធ្វើឲ្យការបញ្ចេញមេជីវិតយឺតពេល ហើយធ្វើឲ្យមានការខូចខាតទៅលើដៃស្បូនទៅលើកម្លាំងនៃស្បូន មួយវិញទៀតធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ ដែលទាំងអស់នេះជាមូលហេតុបង្កឲ្យមានកូនក្រៅស្បូន។
• ដៃស្បូនមានការបង្កើតជាក្រឡុកដោយឯកឯង៖នៅពេលគាត់បង្កកំណើតហើយកូនធ្វើដំណើរតាមដៃស្បូនក៏ធ្លាក់ចូលក្នុងក្រឡុកនៃដៃស្បូននោះ រួចក៏តាំងទីនៅទីនោះបង្កើតបានជាកូនក្រៅស្បូន។
រោគសញ្ញា
សញ្ញាសំខាន់ៗដែលបង្ហាញថាអ្នកកំពុងប្រឈមមុខជាមួយនឹងកូនក្រៅស្បូននេះមាន៖
• អវត្តមាននូវរដូវ
• ការធ្លាក់ឈាមពីស្បូនតាមប្រហោងស្បូន
• ឈឺត្រង់តំបន់អាងត្រគាក
• ពោះឡើងរឹងពេលស្ទាបក្នុងករណីមានការធ្លាក់ឈាមទៅក្នុងប្រហោងពោះ។
ការធ្វើរោគវិនិច្ឆ័យ
ក្នុងករណីអ្នកជំងឺជួបប្រទះនឹងសញ្ញាសង្ស័យនានាខាងលើគាត់ត្រូវបានធ្វើរោគវិនិច្ឆ័យដើម្បីបញ្ជាក់បន្ថែម៖
• ពិនិត្យរកសារធាតុβHCG ជាសារជាតិម៉្យាងបញ្ជាក់ថានៅក្នុងខ្លួនស្ត្រីមានផ្ទុកដោយគភ៌។ ការរក βHCG នេះអាចធ្វើតាមរយៈតេស្តទឹកនោម និងតេស្តឈាម។
• ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា តើកូននៅខាងក្រៅស្បូនពិតប្រាកដមែន ហើយវាបែក ឬមិនបែក យើងមើលតាមរយៈអេកូសាស្ត្រ។ ជួនកាល ការពិនិត្យនេះអាចឲ្យយើងបែងចែកជា២៖ ទី១គឺយើងមើលមិនឃើញវត្តមានកូននោះទេ ប៉ុន្តែយើងឃើញមានវត្តមានឈាមដែលដក់នៅក្នុងពោះ ទី២ គឺជួនកាលមើលទៅឃើញមានឈាមផងនិងឃើញមានវត្តមានកូននៅនឹងដៃស្បូនតែម្តង។ ការធ្វើរោគវិនិច្ឆ័យទាំង២ខាងលើ រួមជាមួយនឹងអវត្តមាន ឈាមរដូវ នោះយើងអាចសន្និដ្ឋានបានថាជាកូនក្រៅស្បូន។
ការព្យាបាល
ស្ត្រីដែលមានបញ្ហាកូនក្រៅស្បូននេះ ត្រូវបានព្យាបាលតាមវិធីសាស្ត្រ២បែប យោងទៅតាមស្ថានភាព៖
• ការព្យាបាលដោយប្រើថ្នាំដែលតម្រូវឲ្យអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ៖ វិធីសាស្ត្រនេះធ្វើឡើងក្នុងលក្ខខណ្ឌដែលអ្នកជំងឺមានទំហំកូនក្រៅស្បូនតូចជាង ៣,៥សង់ទីម៉ែត្រ កូននៅដៃស្បូនមិនទាន់បែក គ្មានការធ្លាក់ឈាម គ្មានឈាមពេញពោះនិងគ្មានការធ្លាក់ចុះនូវសម្ពាធឈាមរបស់ម្តាយ។ ពេលនោះ គ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំ Methotrexate ប្រភេទចាក់(1mg/Kg) រួមជាមួយការតាមដានសារធាតុβHCG។ ប្រសិនបើក្រោយរយៈពេល ២៤ម៉ោងទៅ ៤៨ម៉ោងនៃការព្យាបាល បរិមាណនៃ βHCG មានការធ្លាក់ចុះ នោះមានន័យថាការព្យាបាលមានប្រសិទ្ធភាព។
• ការព្យាបាលដោយវះកាត់៖ ករណីនេះធ្វើឡើងចំពោះកូនក្រៅស្បូនដែលមានការបែកហូរឈាម ហើយសម្ពាធឈាមរបស់ម្តាយមានការប្រែប្រួល ឬធ្លាក់ចុះ។ ដូចនេះ អ្នកជំងឺនឹងតម្រូវឲ្យមានការវះកាត់ ដែលការវះកាត់នេះចែកចេញជា ២ទៀត គឺវះកាត់ដោយបើកពោះតែម្តង ឬវះកាត់ ដោយការចោះតាមរយៈមាស៊ីនទំនើបហៅថាEndoscopy។
ផលវិបាកចំពោះម្តាយ
បញ្ហាកូនក្រៅស្បូនអាចនឹងមានហានិភ័យចំពោះសុខភាពស្ត្រីជាម្តាយដូចជា៖
• ករណីមានការព្យាបាលយឺតយ៉ាវ ធ្វើឲ្យស្ត្រីបាត់បង់ឈាមច្រើន រហូតដល់ជួនកាលគាត់ត្រូវទាមទារឲ្យមានការព្យាបាលដោយការបញ្ចូលឈាម។
• ស្ត្រីអាចប្រឈមមុខជាមួយនឹងការកើតកូនក្រៅស្បូនលើកក្រោយទៀត។
• ស្ត្រីអាចប្រឈមជាមួយនឹងការគ្មានកូនតែម្តង។
វិធីសាស្ត្របង្ការ
ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានវិធីសាស្រ្តខ្លះៗដែលស្ត្រីគួរដឹង ដើម្បីបង្ការការមានកូនក្រៅស្បូននេះ ដោយយោងតាមមូលហេតុបង្ក ដូចបាន រៀបរាប់ខាងលើដូចជា៖
• បង្ការកុំឲ្យឆ្លងមេរោគពពួក Chlamydia trachomatis ចូលក្នុងប្រដាប់បន្តពូជស្ត្រី
• ចៀសវាងការវះកាត់តំបន់ដៃស្បូន
• ចៀសវាងប្រើថ្នាំជំរុញឲ្យមានកូន ឬបច្ចេកទេសផ្សាំកូនក្រៅស្បូន
• ចៀសវាងការប្រើថ្នាំពន្យារកំណើត
• កុំឲ្យមានកូននៅវ័យចំណាស់ពេក
• កុំជក់បារី។
ដើម្បីសុវត្ថិភាព ស្ត្រីគ្រប់រូបដែលស្ថិតក្នុងវ័យបន្តពូជ ដែលមានដៃគូទាំងអស់ ត្រូវប្រញាប់មកពិនិត្យអេកូសាស្ត្រ ក្រោយពេលបាត់រដូវភ្លាមៗ ដើម្បីអាច ដឹងទាន់ពេលវេលាថាកូននៅក្នុងស្បូន ឬក្រៅស្បូន។
បកស្រាយដោយសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ឌុក កុសល ឯកទេសរោគស្ត្រី និងសម្ភពនៃមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។